ខេត្តសៀមរាប ដែលជាតំបន់សម្បូរដោយប្រាសាទបុរាណរបស់ប្រទេសកម្ពុជា មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរជាតិជាច្រើននាក់ប៉ុណ្ណោះទេ វាថែមទាំងទាក់ទាញភ្ញៀវទេសចរចិន ជាច្រើននាក់ឲ្យមកកម្សាន្តនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលកំពុងតែប្រព្រឹត្តទៅនេះដែរ។
វត្តមានរបស់អ្នកទេសចរបរទេសដែលសម្រុកមកខេត្តសៀមរាប នៅក្នុងពេលចូលឆ្នាំចិន នេះ បានធ្វើឲ្យកើតមានបញ្ហាខ្លះៗ ដូចជាខ្វះកន្លែងស្នាក់នៅ និងម្ហូបអាហារ ផ្លែឈើឡើងថ្លៃខ្ពស់ខុសពីពេលធម្មតា ជាដើម។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ឲ្យដឹងថា ចាប់តាំងពីថ្ងៃទីមួយនៃថ្ងៃបុណ្យចូលឆ្នាំចិន សណ្ឋាគារធំៗជាច្រើននៅក្នុងខេត្តនេះ កំពុងតែខ្វះបន្ទប់ជួលទៅឲ្យភ្ញៀវក្នុងស្រុក និងបរទេសខ្លះទៀតស្នាក់នៅ។
ការខ្វះបន្ទប់ប្រណីតជួលនេះ ដោយសារកំណើនភ្ញៀវទេសចរជនជាតិចិន បានសម្រុកមកខ្លាំងនៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៨ ខែកុម្ភៈ រហូតដល់ពេលបុណ្យចូលឆ្នាំរួចរាល់។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺលោក ង៉ូវ សេងកាក់។ លោកមានប្រសាសន៍ថា ចាប់ពីថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំចិន នៅខេត្តសៀមរាប ដែលមានសណ្ឋាគារទាំងតូចទាំងធំចំនួនជាង ១០០ កំពុងតែខ្វះបន្ទប់ល្អឲ្យភ្ញៀវស្នាក់នៅ។ លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ការខ្វះបន្ទប់សណ្ឋាគារទទួលភ្ញៀវនេះ ដោយសារភ្ញៀវទេសចរចិន សម្រុកមកច្រើន។ ក៏ប៉ុន្តែទោះយ៉ាងណា លោកមិនទាន់ដឹងអំពីតួលេខអ្នកទេសចរចិន ដែលមកក្នុងពេលបុណ្យចូលឆ្នាំចំនួនប៉ុន្មាននាក់ឲ្យច្បាស់លាស់នៅឡើយទេ៖ «ភ្ញៀវទេសចរចិន ឥឡូវហ្នឹងគឺសណ្ឋាគារធំៗប្រហែល ៦០សណ្ឋាគារពេញអស់ហើយ។ យើងនៅសល់តែតូចៗ យើងនៅសល់តែសណ្ឋាគារតូចៗមួយចំនួន និងផ្ទះសំណាក់។ ភ្ញៀវខ្មែរគាត់មកលេងគាត់អត់មានបន្ទប់ដេកដែរ»។
កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ បើទោះបីជាថ្ងៃនោះ គឺជាថ្ងៃដែលជនជាតិចិន ចាប់ផ្ដើមសែនកុងម៉ាក៏ដោយ ក៏នៅមុខប្រាសាទអង្គរវត្ត គឺនៅតែមានអ្នកទេសចរជនជាតិចិន រាប់រយនាក់នាំគ្នាចូលទៅទស្សនាប្រាសាទបុរាណ។ ក្រុមអ្នកទេសចរជនជាតិចិន ទាំងនោះ បានបង្ហាញពីអារម្មណ៍ស្និទ្ធស្នាល និងរីករាយ នៅពេលដែលគេឃើញប្រជាពលរដ្ឋកម្ពុជា ជាច្រើន នាំគ្នាចូលឆ្នាំចិន និងសែនព្រេនកុងម៉ាដូចពួកគេដែរ។
បុរសជនជាតិចិន ម្នាក់ ដែលនាំក្រុមគ្រួសាររបស់គាត់ជាច្រើននាក់ មានទាំងកុមារា កុមារី មកទស្សនាអង្គរវត្តផង បានមានប្រសាសន៍ថា គាត់មានអារម្មណ៍ហាក់ដូចជាស្និទ្ធស្នាល នៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ គាត់ជឿថា ថ្វីត្បិតតែជនជាតិខ្មែរខ្លះដែលមិនទាំងចេះនិយាយ និងស្ដាប់ភាសាចិន ផង ប៉ុន្តែបែរជាប្រារព្ធពិធីបុណ្យចូលឆ្នាំចិន គឺប្រាកដជាពួកគេនៅមានជាប់ពូជពង្ស និងសែស្រឡាយចិន៖ «ថ្វីត្បិតតែបុណ្យចូលឆ្នាំចិន នៅស្រុកខ្មែរមិនសូវធំដុំដូចនៅប្រទេសចិន ដោយមានការដុតផាវទ្រហឹងអឺងកង ក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ហាក់ដូចជាស្និទ្ធស្នាលណាស់»។
ការដែលប្រជាពលរដ្ឋខ្មែរជាច្រើននាំគ្នាគោរពតាមប្រពៃណីចិន នេះ កំពុងធ្វើឲ្យទំនិញសព្វសារពើត្រូវឡើងថ្លៃភ្លាម ទាំងផ្កាភ្ញី ទាំងបន្លែ សាច់មាន់ ទា សាច់ជ្រូក និងផ្លែឈើ ជាដើម។
ស្ត្រីឈ្មោះ ស្រី ទូច ដែលជាអ្នកលក់ផ្លែឈើម្នាក់នៅមុខផ្សារលើធំថ្មី នៃទីរួមខេត្តសៀមរាប បានមានប្រសាសន៍បណ្ដើរ ថ្លឹងផ្លែឈើលក់បណ្ដើរថា នៅក្នុងពិធីបុណ្យចូលឆ្នាំចិន នេះ គឺគាត់លក់ផ្លែឈើដាច់ណាស់។ ស្ត្រីដដែលបញ្ជាក់ថា អ្នកដែលទិញផ្លែឈើទាំងនោះមិនមែនសុទ្ធតែជនជាតិវៀតណាម និងចិន ទេ គឺជនជាតិខ្មែរក៏សម្រុកមកទិញយកទៅសែនដែរ៖ «ដាច់សព្វមុខ ផ្លែមៀន ប៉ម ក្រូច។ ផ្លែមៀន ដាច់ច្រើន គេទិញយកទៅសែន ខ្មែរយើង ហើយវាចំថ្ងៃសីលផង ខ្មែរផង ចិនផង ទិញបានវាដាច់ខ្លាំង»។
អ្នកវិភាគបញ្ហាសង្គម កំពុងយល់ថា កំណើនជនជាតិចិន ដែលមកកម្សាន្តនៅកម្ពុជា គឺជាកម្លាំងនៃការសាបព្រោះប្រពៃណីចិន កាន់តែខ្លាំងបន្ថែមទៀតពីលើការសាបព្រោះរបស់ជនជាតិចិន ដែលមានរស់នៅក្នុងកម្ពុជា ជាប្រវត្តិសាស្ត្រច្រើនជំនាន់មកហើយនោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ គឺលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា លោកបានមើលឃើញថា ប្រពៃណីចិន កំពុងជះឥទ្ធិពលគ្របដណ្ដប់លើសង្គមខ្មែរ ដោយសារបញ្ហា ៥ចំណុច គឺទី១ ប្រវត្តិសាស្ត្រយូរលង់មកហើយមានជនជាតិចិន រស់នៅស្រុកខ្មែរ។ ទី២ សក្ដានុពលនៃការរស់នៅ គឺចិន ជាអ្នកពូកែរកស៊ីជាងខ្មែរ។ ទី៣ ទាក់ទងការវិយោគធំៗ។ ទី៤ ទាក់ទងនឹងចំនួនប្រជាជន និងទី៥ ទាក់ទងទៅនឹងសម្ភារៈនិយម ជាដើម។ លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា បច្ចុប្បន្នប្រពៃណីចិន កំពុងគ្របដណ្ដប់លើសង្គមខ្មែរឲ្យផ្លាស់ប្ដូរប្រពៃណីជាបន្តបន្ទាប់ ដូចជាខ្មែរធ្លាប់ហូបបាយ ឬក៏អ្វីផ្សេងៗដោយដៃផ្ទាល់ ទៅជាការប្រើចង្កឹះ។ ខ្មែរធ្លាប់តែហូបនំបញ្ចុក បែរជាដូរទៅហូបគុយទាវ ឬក៏ខ្មែរធ្លាប់ហូបនំអន្សម បែរជាដូរទៅហូបនំប៉ាវ ជាដើម៖ «ដោយសារអី សម្ភារៈនិយម ដោយសារតែជនជាតិចិន គាត់ពូកែរកស៊ី គាត់មានបានអ៊ីចឹងទៅ។ ចំណុចមួយទៀត ទាក់ទងទៅនឹងវិនិយោគដ៏ធំមួយសម្រាប់ការរីកចម្រើន ហើយចិន បានដាក់វិនិយោគទុនច្រើន»។
អ្នកវិភាគបញ្ហាសង្គម លោក សុខ ទូច យល់ថា ថ្វីត្បិតតែសម័យនេះ គឺជាសម័យសកលភាវូបនីយកម្ម ហើយច្បាប់បានចែងទូលំទូលាយថា ពលរដ្ឋខ្មែរគ្រប់រូបមានសេរីភាពក្នុងការជឿលើសាសនា និងប្រពៃណីដែលខ្លួនចូលចិត្តក៏ដោយ ក៏បញ្ហាទាំងនេះ គឺជាក្ដីព្រួយបារម្ភចំពោះការបាត់បង់អត្តសញ្ញាណខ្មែរបន្តិចម្ដងៗនៅលើទឹកដីកំណើតរបស់ខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
