អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ចំនួនភ្ញៀវទេសចរណ៍ ទៅលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តជាប់មាត់សមុទ្រមួយនេះ កើនឡើងជាង ២០ភាគរយ បើធៀបនឹងចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០១៨។ តែអាជីវករលក់ម្ហូបនៅមាត់ឆ្នេរអូឈើទាល និងសង្គមស៊ីវិល សង្កេតឃើញថា ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវបរទេស មិនកើនឡើងទេ តែសម្បូរជនជាតិចិន។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថា គិតត្រឹមថ្ងៃទី១៧ មេសា ចំនួនភ្ញៀវទេសចរណ៍មកលេងកម្សាន្ត បុណ្យចូលឆ្នាំថ្មី សរុបមានចំនួនជិត ២សែន (១៩១.៤៨៦) នាក់។ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ ចំនួនជាង ១សែន ៦ម៉ឺន (១៦៤.៩០២)នាក់។ ឯភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ មានចំនួន ជាង២ម៉ឺន (២២ ៥០០)នាក់ ហើយជនជាតិចិនច្រើនជាងគេ។ លោក ឃាង ភារម្យ អះអាងថា ភ្ញៀវទេសចរណ៍ជនជាតិចិន គឺ ជាអ្នកទេសចរណ៍ និងវិនិយោគិន។ ឯភ្ញៀវជាតិភាគច្រើន មកលេងកម្សាន្តនៅខេត្តព្រះសីហនុ បានស្នាក់នៅ២យប់ ខណៈតម្លៃផ្ទះសំណាក់ និងបន្ទប់សណ្ឋាគារ បានឡើងថ្លៃបន្តិចបន្តួច តែពលរដ្ឋអាចទទួលយកបាន។
ទោះយ៉ាងណា លោកថា អាជ្ញាធរខេត្តមិនទាន់ធ្វើរបាយការណ៍ ប្រៀបធៀប នឹងភ្ញៀវទេសចរ មកលេងកម្សាន្តចូលឆ្នាំថ្មី២០១៩ និងកាលពីចូលឆ្នាំ២០១៨ ទេ ដោយសារ មិនទាន់ផុតកំឡុងបុណ្យចូលឆ្នាំ ហើយភ្ញៀវទេសចរណ៍ខ្លះ នៅតែបន្តមកលេងកម្សាន្ត ខេត្តព្រះសីហនុ៖ «អត់ទាន់មានជាតួលេខ ពាក់ព័ន្ធជាមួយនឹងទេសចរណ៍បរទេសទេ។ យើងគ្រាន់តែមានតួលេខដុលហ្នឹងគេ គឺចម្រុះបាន។ វាមាន២ម៉ឺន ៥ពាន់ ភ្ញៀវអន្តរជាតិ»។
អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ប្រាប់អាស៊ីសេរី ថា ចំនួនភ្ញៀវទេសចរណ៍នៅខេត្តព្រះសីហនុ កើនឡើង ២៦ភាគរយ ដោយសារ អាជ្ញាធរខេត្តបានរៀបចំកម្មវិធីកម្សាន្តទាក់ទាញភ្ញៀវទេសចរណ៍ និងកត្តាជីវភាពពលរដ្ឋរីកចម្រើនជាងមុន៖ «ដោយសារជីវភាពបងប្អូនប្រជាពលរដ្ឋ ធូរធារជាងមុន តាមមើលទៅទី១ យើងប្រកូកប្រកាសឱ្យទូលំទូលាយ។ ទី២ ជីវភាពបងប្អូន គាត់ធូរធារជាងមុន ហើយគួបផ្សំនឹងស្រុកយើងមានសន្តិភាព»។
ប៉ុន្តែអាជីវករ និងសង្គមស៊ីវិល នៅខេត្តព្រះសីហនុ កត់សម្គាល់ថា មិនកើនឡើងទេ គឺកើនឡើងតែជនជាតិចិនប៉ុណ្ណោះ។
អាជីវករលក់ម្ហូបអាហារ នៅហាងយីហោ ៨៨៨ មាត់ឆ្នេរអូរឈើទាល លោក គឹម សុខ ប្រាប់ថា ភ្ញៀវទេសចរណ៍ជនជាតិខ្មែរ ថយចុះជាងថ្ងៃធម្មតាទៅទៀត សម្បូរតែជនជាតិចិន។ លោកថា ភ្ញៀវខ្មែរ ដែលទៅកម្សាន្តចូលឆ្នាំ ប្រាប់ថា ពួកគេនៅតែពិបាករកផ្ទះសំណាក់ស្នាក់នៅ ដោយសារមានតម្លៃថ្លៃ ដូច្នេះគេបង្វែរទិសដៅ កន្លែងផ្សេងវិញ៖ «ភ្ញៀវខ្មែរមិនសូវមានទេ ចូលឆ្នាំ តិចមែនតែម្ដង គឺបាត់បង់ច្រើនមែនទែន ចាញ់ថ្ងៃធម្មតាទេ។ ភ្ញៀវចិន ជាពិសេស វាកើន ទោះបីជាភ្ញៀវខ្មែរអត់មក គឺមានជនជាតិចិនច្រើន។ គឺការលក់អ្វី គឺបានច្រើនជាងភ្ញៀវខ្មែរ»។
កាលពីពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក សេង មុន្នី អះអាងថា តួលេខនៃចំនួនអ្នកទេសចរ នៅខេត្តព្រះសីហនុកើនជាងចូលឆ្នាំខ្មែរ កាលឆ្នាំ២០១៧ ៥ ភាគរយ។ តែ ក្រុមយុវជន និងអាជីវករនៅខេត្តព្រះសីហនុ អះអាងថា មិនកើនជាងឆ្នាំ២០១៧ទេ មានតែថយចុះជាងមុនយ៉ាងគំហុក ដោយសារកំណើនជនជាតិចិន ធ្វើឱ្យពលរដ្ឋខ្មែរធុញទ្រាន់ ទៅកម្សាន្តខេត្តនេះ និងតម្លៃផ្ទះសំណាក់ឡើងថ្លៃយ៉ាងគំហុក។ អាជ្ញាធរខេត្ត និងមន្ត្រីជាន់ខ្ពស់របបឯកបក្ស ពន្យល់ថា កំណើនទេសចរណ៍ខេត្តព្រះសីហនុធ្លាក់ចុះ កាលណោះ ដោយសារខេត្តដទៃទាក់ទាញយក ហើយពលរដ្ឋ មានជម្រើសច្រើន ទៅកម្សាន្តចូលឆ្នាំ ពិសេស ខេត្តសៀមរាប ព្រៃវែង និង ខេត្តកំពត ជាដើម។
នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីដើមខែមេសា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តព្រះសីហនុ និង មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសចូលឆ្នាំខ្មែរឱ្យច្រើន ខណៈអាជ្ញាធររៀបចំព្រឹត្តិការណ៍ សង្ក្រាន្តសមុទ្រ និងការប្រគំតន្ត្រី ល្បែងកម្សាន្តជាច្រើនដើម្បីទាក់ទាញ។
ក្រៅពីការរំខានរបស់ជនជាតិចិន និងតម្លៃផ្ទះសំណាក់ សណ្ឋាគារឡើងថ្លៃ សារព័ត៌មានក្នុងស្រុក (កាសែតកោះសន្តិភាព) ចុះផ្សាយថា នៅថ្ងៃចូលឆ្នាំទី២ ភ្ញៀវទេសចរណ៍ខេត្តព្រះសីហនុខកចិត្ត ដោយសារពេលទៅដល់ឆ្នេរអូរឈើទាល សណ្ឋានភាពទឹកសមុទ្រ ល្អក់ឡើងពណ៌ខ្មៅ និងធុំក្លិនស្អុយ ធ្វើឱ្យខកការរំពឹងទុក ដូចនេះពលរដ្ឋនាំគ្នាវិលត្រឡប់ទៅវិញ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា អាជ្ញាធរខេត្តបានទទួលព័ត៌មាន និងបានបញ្ជាឱ្យខាងជំនាញចុះទៅត្រួតពិនិត្យមើលហើយ តែមិនទាន់ប្រាកដថា ស្ថានភាពទឹកសមុទ្រខ្មៅ ឬយ៉ាងណាទេ ព្រោះអ្នកជំនាញខ្លះ ទៅលេងស្រុកកំណើតអស់ហើយ ត្រូវរង់ចាំដល់ពួកគាត់ត្រលប់មកវិញសិន។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេតឃើញថា ស្ថានភាពពលរដ្ឋទៅកម្សាន្តនៅខេត្តព្រះសីហនុ មិនកើនឡើងទេ បើធៀបនឹងពេលចូលឆ្នាំកាលពី២០១៨ ព្រោះ តាមដងផ្លូវ ស្រលះល្អ មិនស្ទះចរាចរណ៍ ដូចពេលមិនទាន់សម្បូរជនជាតិចិនទេ។ អ្នកស្រីថា អ្នកទៅកម្សាន្តចូលឆ្នាំ ជាអ្នកមានផ្ទះខ្លួនឯង ឬ មានបងប្អូន សាច់ញាតិនៅខេត្តព្រះសីហនុ តែបើអ្នកទេសចរណ៍ ទៅពីចម្ងាយមិនសូវមានទេ ព្រោះពួកគេ នៅតែរអ៊ូ ថា ពិបាករកផ្ទះសំណាក់ ឬសណ្ឋាគារស្នាក់នៅ៖ «ចូលឆ្នាំគឺអត់សូវមានភ្ញៀវទេ។ ដូចរៀងស្ងាត់ដែរ។ ថាដូចខ្ញុំ និយាយអ៊ីចឹង ស្ងាត់ ខេត្តព្រះសីហនុ ខែបុណ្យទាន មិនស្ទះផ្លូវទេ។ មានតែអ្នកមានផ្ទះ ឬមានបងប្អូននៅខេត្តព្រះសីហនុទើបមកលេង»។
របាយការណ៍ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១៧ មេសា បង្ហាញចំនួនភ្ញៀវទេសចរក្នុង និងក្រៅប្រទេស ដែលចូលរួមលេងកម្សាន្តក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា មានចំនួន ជាង ៤លាន (៤.៧២៦.៦០២) នាក់ កើនឡើងជាងឆ្នាំមុន ជាង ៦៧ (៦៧.០២%) ភាគរយ ដោយរាប់តាមគោលដៅទេសចរណ៍សំខាន់ៗ និងកន្លែងប្រារព្ធពិធីសង្ក្រាន្តតាមខេត្តទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
