គ្រោះថ្នាក់ចរាចរណ៍នៅបន្តគំរាមកំហែងអាយុជីវិតមនុស្សដែលមាន៥នាក់ស្លាប់រាល់ថ្ងៃ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តគំរាមកំហែងដល់អាយុជីវិតមនុស្ស ដោយសារតែ ក្នុងមួយថ្ងៃមនុស្សប្រាំនាក់ស្លាប់ និងជាង ១០នាក់របួស។ អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាមទារសមត្ថកិច្ច អនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាព និងត្រូវអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹងបន្ថែមទៀតពីការអនុវត្តច្បាប់ ឬការបើកបរដោយគោរពច្បាប់។
លោក ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ជាង ១០ឆ្នាំមកនេះ នៅតែបន្តកើតក្នុងរូបភាពរន្ធត់ និងសោកសង្រេងដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនយ៉ាងច្រើន។ លោកថា គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សក្នុងមួយថ្ងៃច្រើនជាង កាលកម្ពុជាមានសង្គ្រាមស៊ីវិលទៀត៖ «សម័យសង្គ្រាមជួនអីមួយខែមិនទាន់មានមនុស្សស្លាប់មួយទេ ដោយសារអត់វៃ ឬវៃដែរអត់មានស្លាប់ដោយសារក្បួនយុទ្ធសាស្ត្រយើងរៀន ប៉ុន្តែចរាចរណ៍វ៉ៃរាល់ថ្ងៃអត់មានស្រាកស្រាន្តទេ ទាំងយប់ទាំងថ្ងៃធ្វើដំណើរអ៊ីចឹងហើយហានិភ័យមានជាប់ជាប្រចាំ»។
ទីប្រឹក្សាសុវត្តិភាពចរាចរណ៍នៃគម្រោងអាស៊ាន និងសហភាពអឺរ៉ុប កញ្ញាបណ្ឌិត សាន់ សុជាតា និយាយថា បញ្ហាគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជាក្លាយជាចំណុចគួរឲ្យព្រួយបារម្ភ។ អ្នកជំនាញដែលធ្វើការងារទាក់ទងសុវត្ថិភាពចរាចរណ៍ជាង១០ឆ្នាំរូបនេះ សង្កេតឃើញថា បញ្ហានេះកើតឡើងដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍ និងការអនុវត្តច្បាប់របស់សមត្ថកិច្ចនៅមានភាពធូររលុងនៅឡើយ៖ «ដាច់ខាតត្រូវបន្ថែមវិធានបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់បើសិនគ្មានវិធានការពង្រឹងទេចំនួនគ្រោះថ្នាក់បន្តកើនឡើង»។
លោក ស ខេង បង្ហាញថា កាលពីឆ្នាំ២០១៧ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ជាង៦.០០០នាក់ ក្នុងនោះមានមនុស្សជិតស្លាប់ ២.០០០នាក់ របួសជិត៤.៥០០នាក់៕