ក្រុមសហជីព និងរដ្ឋាភិបាល បានប្រារព្ធទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំនេះ ក្នុងស្ថានភាពស្ងប់ស្ងាត់រៀងៗខ្លួន ដោយសារវិបត្តិការរាតត្បាតនៃជំងឺកូវីដ១៩ (Covid-19)។ ទោះជាយ៉ាងណា ក្រុមសហជីព បានចេញសេចក្ដីថ្លែងការណ៍ និងដាក់ញត្តិទាមទារឱ្យមានប្រសើរឡើងវិញ នៃវិស័យការងារ។ ឯបក្សប្រឆាំងទាមទារឱ្យរបបក្រុងភ្នំពេញ លើកស្ទួយសិទ្ធិមូលដ្ឋានរបស់កម្មករ។
ទិវាពលកម្មអន្តជាតិ១ ឧសភាឆ្នាំនេះ ក្រុមកម្មករមិនបានប្រមូលផ្ដុំគ្នា សម្ដែងមតិតវ៉ា និងទាមទារលក្ខខណ្ឌការងារនៅទីសាធារណៈ ដូចរាល់ឆ្នាំទេ។ ក្រុមសហជីពបានប្រមូលគ្នាជាក្រុមតូចៗធ្វើសន្និសីទសារព័ត៌មាន ចេញសេចក្ដីថ្លែងការណ៍ និងដាក់ញត្តិទៅរដ្ឋាភិបាល។
សហភាពការងារកម្ពុជា ដែលមានសហព័ន្ធសហជីពជាសមាជិកចំនួន៨វិស័យធំៗ បានដាក់ញត្តិទៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារលក្ខខណ្ឌការងារ១៨ចំណុច ក្រោយធ្វើសន្និសីទសារព័ត៌មាន តាមអនឡាញ (Online) នៅព្រឹកថ្ងៃទី០១ ឧសភា។
ប្រធានសហភាពការងារ លោក អាត់ ធន់ បញ្ជាក់ថា ញត្តិស្នើសុំលក្ខខណ្ឌការងារល្អប្រសើរ ១៨ចំណុចមិនបានដាក់ទៅរដ្ឋសភាទេ គឺសំដៅទៅតែប្រមុខរដ្ឋាភិបាលប៉ុណ្ណោះ ព្រោះវិបត្តិការងារនៅពេលនេះ ទាមទារឱ្យរដ្ឋាភិបាលបញ្ចេញយន្តការជួយកម្មករ ច្រើនជាងរដ្ឋសភា។ លោកបន្តថា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅម្ដុំដើមពោធិ៍មុខវត្តបទុមវតី បានចេញមកទទួលញត្តិ និងសន្យាដាក់ជូនថ្នាក់លើត្រួតពិនិត្យ៖ «ឆ្នាំហ្នឹង គឺយើងឃើញថា វាមានការវិវត្តន៍ច្រើនដែរ ទាក់ទងទៅនឹងការផ្ដល់ប្រយោជន៍ឱ្យស្ត្រី អ្វីអ៊ីចឹង។ យើងឃើញ នៅទន្ទឹមនឹងការវិវត្តន៍ ផ្នែកខ្លះក៏មិនមានការវិវត្តន៍អ្វីដែរ ហើយយើងឃើញថា ជាទូទៅមានការប្រសើរដែរ វាតាមផ្នែក។ និយាយឱ្យរួមវាពាក់ព័ន្ធទៅនឹងសុខភាព ពាក់ព័ន្ធទៅនឹងស្ត្រី ពាក់ព័ន្ធអ្វីហ្នឹងមានការរីកចម្រើនច្រើនដែរ។ ប៉ុន្តែពាក់ព័ន្ធសិទ្ធិការងារពាក់ព័ន្ធទៅនឹងអាចនិយាយថា តំណាងអ្វីផ្សេងៗ អាហ្នឹងដូចជាមិនសូវទៅមុខទេ។ វាដូចជា ជួបបញ្ហាច្រើន មិនសូវបានទៅមុខទេ»។
ចំណែកសហភាពការងារមួយក្រុមទៀត ដែលមាន លោក រ៉ុង ឈុន ជាប្រធានវិញ បានចេញសេចក្ដីថ្លែងការណ៍ស្នើសុំរដ្ឋាភិបាល ដំឡើងប្រាក់ឧបត្ថម្ភពី ៧០ដុល្លារ ទៅ១២០ដុល្លារក្នុងមួយខែ ដល់កម្មករនិយោជិតវិស័យកាត់ដេរ និងស្នើសុំឱ្យផ្ដល់ប្រាក់ឧបត្ថម្ភ ១២០ដុល្លារ ឱ្យកម្មករគ្រប់វិស័យផ្សេងទៀត។ សហភាពនេះស្នើឱ្យរដ្ឋាភិបាលត្រូវចាត់វិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពន្យារពេលឱ្យកម្មករ និងពលរដ្ឋ សងបំណុលទាំងដើម ទាំងការរយៈពេល៦ខែ។
ក្រៅពីនេះ សហភាពសហជីពកម្ពុជាស្នើសុំឱ្យរដ្ឋាភិបាលបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋ ឱ្យកម្មករជិះ ដើម្បីកាត់បន្ថយកម្មករជិះប្រជ្រៀតគ្នា មានវិធានការឱ្យថៅកែ ឬនិយោជក គោរពច្បាប់ និងទទួលខុសត្រូវចំពោះកម្មករ ក្នុងពេលព្យួរការងារ ឬបិទរោងចក្រ និងទាមទារឱ្យដោះលែងសមាជិករបស់ខ្លួនគឺ លោក រ៉ាត់ រ័ត្នមុនី លោកគ្រូ កែវ ថៃ និងលោកគ្រូ ជុំ ចាន់ ឱ្យមានសេរីភាពវិញ។
ក្រុមសហភាពសហជីពរបស់លោក រ៉ុង ឈុន ក៏បានលើកឡើងពីកង្វល់ករណីសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០ភាគរយ ពីកម្ពុជា ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យការងាររបស់កម្មករ និងពលរដ្ឋដែរ។ ជាងនេះទៅទៀត សហភាពសហជីពដដែលស្នើសុំឱ្យរដ្ឋាភិបាលផ្ដល់ក្របខ័ណ្ឌដល់គ្រូបង្រៀន ១៣នាក់ ដែលក្រសួងអប់រំបានលុបឈ្មោះចេញពីក្របខ័ណ្ឌនោះផងដែរ។
ចំណែករដ្ឋាភិបាលវិញ ក៏បានប្រារព្ធទិវាពលកម្មអន្តរជាតិ០១ ឧសភា ដែរ តែមានសភាពកាន់តែស្ងប់ស្ងាត់ជាងសហជីពទៅទៀត។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនបានជួបជុំកម្មករតាមរោងចក្រទេ ដោយគ្រាន់តែបង្ហោះសារអបអរសាទរទិវានេះ និងលើកប្រធានបទ សន្តិភាព និងការងារសមរម្យតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ុន សែន ថ្លែងក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិថា លោកព្យាយាមជួយកម្មករច្រើនណាស់ បើទោះវិស័យការងាររងការគំរាមកំហែងពីវិបត្តិជំងឺកូវីដ១៩ក៏ដោយ។ ការជួយនោះ មានដូចជាការលើកលែងពន្ធប្រថាប់ត្រា ចំពោះការទិញផ្ទះក្រោមតម្លៃប្រាំពីរម៉ឺន (៧០.០០០)ដុល្លារអាមេរិក ការស្នើសុំក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានពន្យារពេលបង់រំលស់ ការអនុញ្ញាតឱ្យកម្មករដែលរងការព្យួរការងារអាចជំពាក់ថ្លៃទឹក ថ្លៃភ្លើងអគ្គិសនី និងការសម្របសម្រួលឱ្យធនាគារ មីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយការប្រាក់ និងពន្យារពេលសងប្រាប់ដើមជាដើម។
ផ្ទុយពីការអះអាងរបស់រដ្ឋាភិបាល គណបក្សសង្គ្រោះជាតិវិញ បានចេញសេចក្ដីថ្លែងការណ៍ស្ដីបន្ទោសរដ្ឋាភិបាល ថា មិនបានយកចិត្តទុកដាក់ការពារ លើកស្ទួយ និងគោរពសិទ្ធិជាមូលដ្ឋានរបស់កម្មករ គ្មានសមត្ថភាពបង្កើតការងារសមរម្យក្នុងស្រុកឱ្យកម្មករបណ្ដាលឱ្យពលរដ្ឋបង្ខំចិត្តចំណាកស្រុកទៅធ្វើពលករនៅក្រៅប្រទេស និងធ្វើឱ្យជីវភាពកម្មករកាន់តែលំបាក តាមរយៈ ការជម្នះឱ្យសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០ភាគរយ។
គណបក្សប្រឆាំង អំពាវនាវឱ្យរបបក្រុងភ្នំពេញអនុវត្តកាតព្វកិច្ចរបស់ខ្លួន ឱ្យបានពេញលេញ ក្នុងនាមជាម្ចាស់ហត្ថលេខីអនុសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធវិស័យការងារ ដើម្បីការពារនិងលើកស្ទួយសិទ្ធិជាមូលដ្ឋាន និងលក្ខខណ្ឌការងាររបស់កម្មករគ្រប់វិស័យ។ ពិសេសក្នុងកាលៈទេសៈ កម្ពុជាប្រឈមការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ និងការរីករាលដាល នៃជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។