មន្ត្រី​សហជីព​ចាត់​ទុក​វិធានការ​ដាក់​កម្មករ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ គឺ​ជា​ទណ្ឌកម្ម

ដោយ ខែ សុណង
2020.04.17
អាត់ ធន់ ៦២០ តំណាង​សហជីព​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

មន្ត្រី​សហជីព​ចាត់​ទុក​វិធានការ​ដាក់​កម្មករ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ១៤ថ្ងៃ បន្ទាប់​ពី​ពួកគេ​បាន​វិល​ត្រឡប់​មក​ពី​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​វិញ គឺ​ជា​ការ​ទណ្ឌកម្ម។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឲ្យ​កម្មករ កម្មការិនី​ដែល​បាន​ត្រឡប់​មក​ពី​ស្រុក​កំណើត អនុវត្ត​វិធានការ​ចត្តាឡីស័ក​នេះ គឺ​ជា​សម្ពាធ​មួយ​សម្រាប់​ពួកគេ ដោយ​លោក​បារម្ភ​ពី​កន្លែង​ស្នាក់នៅ​និង​ការ​ហូបចុក​ព្រោះ​កម្មករ​មាន​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ លោក​ថា ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយ​គឺ​ហាក់​ជ្រុល​ពេល​ទៅ​ហើយ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​កូវីដ១៩ នេះ ព្រោះ​កម្មករ​ខ្លះ​ក៏​បាន​ត្រឡប់​ចូល​មក​ភ្នំពេញ​វិញ​តាំង​តែ​ពី​ថ្ងៃ​ទី១៦ ខែ​មេសា​មក​ម្ល៉េះ៖ «វា​ពិបាក​ដែរ​សម្រាប់​ពួកគាត់​ដោយសារ​តែ​ពួកគាត់​ខ្លះ​ការ​ចេញ​ដំណើរ​របស់​គាត់​អំឡុង​ពេល​ហ្នុង​គឺ​ក្រុមហ៊ុន​បាន​បិទ​ទ្វារ ហើយ​ក្រុមហ៊ុន​ឈប់​ជា​ដើម​វា​មាន​បញ្ហា​ដែរ អ្នក​ខ្លះ​វិល​មក​ទាន់​ខ្លះ​វិល​មក​មិន​ទាន់។ វិធានការ​រដ្ឋាភិបាល​វា​កៀក​ចូលឆ្នាំ​ពេក។ ចំបោះ​អ្នក​ខ្លះ​គាត់​សម្រេច​ចិត្ត​មក​គឺ​ជា​ការ​មួយ​ដែល​លំបាក​ហើយ​ដែល​គាត់​មក​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​ក្រុមហ៊ុន​ឬ​រដ្ឋាភិបាល។ កម្មករ​យើង​បើ​ថា​នៅ​កន្លែង​មណ្ឌល​គេ​ដាក់​ទុក​ឲ្យ​នៅ​មាន​ម្ហូប​អាហារ មុង​ភួយ មាន​កន្លែង​សមរម្យ​គឺ​មិន​អី​ទេ តែ​បើ​ថា​អត់​សមរម្យ​គឺ​ថា​វា​ជា​ទណ្ឌកម្ម​សម្រាប់​គាត់​ដែរ។ វិធានការ​ដាក់​នោះ​គឺ​ថា​វា​តឹងតែង​ខ្លាំង​មែនទែន»

ប្រតិកម្ម​របស់​សហជីព​នេះ ក្រោយ​ពេល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ស្នើ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ចាត់វិធានការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ សម្រាប់​កម្មករ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ពេល​បុណ្យ​ចូលឆ្នាំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចម្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍។

សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា អាជ្ញាធរ​បាន​ត្រៀម​សាលារៀន​ចំនួន​៣៧ ដែល​មាន ៦៩៩បន្ទប់ សម្រាប់​អនុវត្ត​វិធានការ​លើ​កម្មករ-កម្មការិនី​ជាង ១ម៉ឺន ៥ពាន់​នាក់ (១៥.៧២៦) មក​ពី​រោងចក្រ​ចំនួន ៦៧២ នៅ​ភ្នំពេញ ដែល​បាន​ទៅ​ស្រុក​ក្នុង​ពេល​ចូល​ឆ្នាំ។

មន្ត្រី​សហជីព​រិះគន់​ថា ខណៈ​គោលការណ៍​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៧០ដុល្លារ​ពី​រដ្ឋាភិបាល និង​ពី​រោងចក្រ​ដែល​ត្រូវ​ព្យួរ​នោះ​មិនទាន់​បាន​អនុវត្ត​ល្អ​ផង ដោយ​កម្មករ​ទទួល​បាន​តែ​ពី​ភាគី​រោងចក្រ​នោះ ឥឡូវ​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ថ្មី​មួយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។