មន្ត្រី​សហជីព​ថា ការបញ្ឈប់​ការងារ​ស្ត្រី​មាន​ផ្ទៃពោះ​៣​នាក់​នៅ​រោងចក្រ​សាន ហ្វេង ក្រុង​បាវិត ជា​ការ​រំលោភ​សិទ្ធិ​ការងារ

0:00 / 0:00

មន្ត្រី​សហជីព​ថា ការ​បញ្ឈប់​ការងារ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​រោងចក្រ សាន ហ្វេង (SAN FENG CAMBODIA) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជា​ការ​រំលោភសិទ្ធិ​ការងារ​។ មន្ត្រី​សហជីព​រូប​នោះ អំពាវនាវ​ដល់​ក្រសួង​ការងារ​ឱ្យ​ត្រួតពិនិត្យ​បទបញ្ជាផ្ទៃក្នុង​តាម​រោងចក្រ​នីមួយៗ ដើម្បី​ការពារ​សិទ្ធិ​កម្មករ។ ប្រតិកម្ម​នេះ គឺ​បន្ទាប់​ពី​ថៅកែ​រោងចក្រ​សាន ហ្វេង បាន​បញ្ឈប់​កម្មការិនី​៣​នាក់ ដែល​កំពុង​មាន​ផ្ទៃពោះ​ក្រោម​ហេតុផល​មិន​ច្បាស់​លាស់។

មន្ត្រី​សហជីព រក​ឃើញ​ថា ថៅកែ​តាម​រោងចក្រ​មួយចំនួន រួម​ទាំង​រោងចក្រ សាន ហ្វេង បាន​បង្កើត​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន​ខុស​អំពី​គោលការណ៍​ច្បាប់​ស្ដីពី​ការងារ ដើម្បី​ប្រើ​ជា​លេស​ក្នុង​ការ​បញ្ឈប់​កម្មករ ឬ​សហជីព។

ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ កក្កដា ថា ការ​បញ្ឈប់​ការងារ​ស្ត្រី​មាន​ផ្ទៃពោះ​នៅតែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​មិន​សមរម្យ គឺជា​ការ​រំលោភច្បាប់​ស្ដីពី​ការងារ​។ លោក​បន្ត​ថា ការបញ្ឈប់​ការងារ​ស្ត្រី​មាន​ផ្ទៃពោះ​នេះ ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ការងារ និង​មិនអាច​ស្វែងរក​កន្លែង​ការងារ​ផ្សេងទៀត​បាន​ដោយ​ងាយ​នោះ​ទេ ហើយ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ​។

លោក ប៉ាវ ស៊ីណា៖ «ជាទូទៅ​នៅ​ពេល​ដែល​គេ​បញ្ឈប់​គាត់ គេ​តែងតែ​យក​កំហុសឆ្គង​មក​ប្រើ ដើម្បី​ជា​លេស ក្នុង​ការ​មិន​ផ្ដល់​សំណង មិន​ផ្ដល់​ការ​ទូទាត់​ណាមួយ​ទេ អានេះ​អ្វី​ដែល​យើង​មើលឃើញ បាទ ប៉ុន្តែ​ធាតុ​ពិត គាត់​អត់​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាំងអស់ អ្វី​ដែល​សំខាន់​គឺ​និយោជក​ហ្នឹង​គាត់ ជា​អ្នក​ប្រព្រឹត្ត​កំហុស​ដោយ​ខ្លួនឯង ជាពិសេស​និយោជក​កំពុងតែ​ប្រើប្រាស់​បទបញ្ជាផ្ទៃក្នុង​ដែល​ខុសច្បាប់ ឬក៏​ការបង្កើត​បទបញ្ជាផ្ទៃក្នុង ដែល​ខុស​ច្បាស់​ដើម្បី​យក​បទបញ្ញត្តិ​ទាំងអស់​ហ្នឹង​មក​ប្រើ​ទៅលើ​បងប្អូន​កម្មករ ។ នៅ​ពេល​ដែល​គេ​បញ្ឈប់ គេ​យល់ថា​កម្មករ​ខុស ហើយ​គេ​មិន​ចាំបាច់​បង់​សំណង ប៉ុន្តែ​អ្វី​ដែល​យើង​រក​ឃើញ​ទង្វើ​ទាំងអស់​ដែល​និយោជក បញ្ឈប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​សុទ្ធសឹងតែ​បាន គឺ​បាន​កំពុងតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ឬក៏​ប្រើប្រាស់​បទបញ្ជាផ្ទៃក្នុង​ដែល​ខុសពី​ច្បាប់»។

លោក ប៉ាវ ស៊ីណា បន្ថែម​ទៀត​ថា តាមច្បាប់​ស្ដីពី​ការងារ នៅពេល​កម្មករ​ឈប់​ចាប់ពី​៦​ថ្ងៃ​ជាប់ៗ​ដោយ​គ្មាន​មូលហេតុ​ក្នុង​មួយ​សប្ដាហ៍ ទើប​ចាត់ទុកថា​ជា​កំហុស​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​ការបញ្ឈប់​កម្មករ​នោះ​ក៏ប៉ុន្តែ​ប្រសិនបើ​ការ​ឈប់​នោះ ដោយសារ​មានធុរៈ​បន្ទាន់ ឬ​មាន​ហេតុផល​សមរម្យ ភាគី​ក្រុមហ៊ុន​ក៏​ត្រូវ​តែ​ពិនិត្យ និង​ពិចារណា​ឬក៏​គ្រាន់តែ​ណែនាំ​ដល់​ពួកគេ​។ ប្រធាន​សហជីព​រូប​នេះ ស្នើ​ដល់​ក្រសួង​ការងារ ត្រួតពិនិត្យ​បទបញ្ជាផ្ទៃក្នុង​តាម​រោងចក្រ​នីមួយៗ ដើម្បី​ការពារ​សិទ្ធិ​កម្មករ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​ចាត់វិធានការ​ច្បាប់​លើ​រោងចក្រ ដែល​មាន​បទបញ្ជាផ្ទៃក្នុង​ផ្ទុយ​ពី​ច្បាប់​ការងារ។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​ភាគី​រោងចក្រ សាន ហ្វេង និង អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១២ កក្កដា។

កម្មការិនី​មាន​ផ្ទៃពោះ ៣​ខែ​ត្រូវ​បាន​ថៅកែ រោងចក្រ សាន ហ្វេង បញ្ឈប់​ពី​ការងារ គឺ​លោកស្រី លម រ៉ានីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បទបញ្ជាផ្ទៃក្នុង​នៅក្នុង​រោងចក្រ​អនុញ្ញាត​ឲ្យ​ឈប់ ៤​ថ្ងៃ ក្នុង​១​ខែ ហើយ​ប្រសិនបើ​ឈប់​លើស​កំណត់​ចំនួន ៣​ថ្ងៃ រោងចក្រ​នឹង​បញ្ឈប់​ពី​ការងារ​។ លោកស្រី​បន្ត​ថា លោកស្រី​ទើបតែ​ឈប់​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ ថែមទាំង​បាន​ជូនដំណឹង​ទៅ​ផ្នែក​រដ្ឋបាល​រោងចក្រ និង​ទទួល​បាន​ការ​អនុញ្ញាត​ផង​ដែរ។ លោកស្រី​បន្ត​ទៀត​ថា នៅ​ថ្ងៃទី​១០ កក្កដា ប្រធាន​ផ្នែក​គ្រប់គ្រង​នៅក្នុង​រោងចក្រ បាន​ប្រាប់​លោកស្រី​ថា ថៅកែ​បាន​បញ្ឈប់​លោកស្រី​ពី​ការងារ និង​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ។

លោកស្រី លម រ៉ានីន៖ «ខល​ទៅ​គេ ហើយ​ហ្អា​ថ្ងៃ​ចុងក្រោយ​ខ្ញុំ​ទៅ​ដល់​កន្លែង​ធ្វើការ​ហើយ​បង ហើយក៏​សុំ​គេ​ចេញ ក៏​គេ​ឱ្យ​ចេញ​ដែរ។ ហើយ​គេ​ក៏​ប្រាប់​យើង​ដែរ ក្នុង​១​ខែ​ហ្នឹង​ដល់​អ៊ីន(Nអវត្តមាន)បី​ទើប​គេ​បញ្ឈប់​ណា​បង​!តែ​យើង​ទើប​បានតែ​ពីរ​ទេ​ត្រូវ​បាន​គេ​បញ្ឈប់​ចោល​ពី​ការងារ» ។

លោកស្រី លម រ៉ានីន និង​សហជីព​នៅតែ​ស្នើ​យ៉ាង​ទទូច​ដល់​ក្រសួង​ការងារ ឲ្យ​ពង្រឹង​វិធានការ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​នៅ​កន្លែង​ការងារ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។