អគ្គ​នាយដ្ឋាន​អន្តោប្រវេសន៍​ចាត់​វិធានការ​បំបាត់​ភាព​អសកម្ម​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​

0:00 / 0:00

អគ្គ​នាយដ្ឋាន​អន្តោប្រវេសន៍​អះអាង​ថា ​គ្មាន​ភាព​អសកម្ម​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទេ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ ដែល​ឃ្លាំមើល​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រតិកម្ម​ថា​ ការ​បញ្ជាក់​នេះ​មិន​ពិត​នោះ​ទេ​ព្រោះ​មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​នេះ​តែង​យក​លុយ​ពី​ពលរដ្ឋ​ និង​អ្នក​ដំណើរ​ឆ្លង​កាត់​ច្រក​នេះ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យ​ដឹង​ថា ​ទោះ​មាន​ការ​ចោទ​ប្រកាន់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​សារព័ត៌មាន​មួយ​ចំនួន​ បាន​និយាយ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ កាល​ពី​ពេល​ថ្មីៗ នេះ​ក្តី ក៏​ក្រុម​ប្រឹក្សាវិន័យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អះអាង​ថា ​មិន​មាន​ការ​បង្ហាញ​ភស្តុ​តា​ជាក់លាក់​នោះ​ទេ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយដ្ឋាន​អន្តោប្រវេសន៍​ចុះ​ផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឱ្យ​ដឹង​ថា ដោយ​មាន​ការ​អះអាង​បែប​នេះ​ ក្រុម​ប្រឹក្សា​វិន័យ​បាន​កោះ​ហៅ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​មួយ​ចំនួន​នៃ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឱ្យ​ចូល​ស្រាយ​បំភ្លឺ និង​បាន​ចាត់​វិធានការ ដើម្បី​បំបាត់​ភាព​អសកម្ម​ទាំង​ឡាយ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ចាន់គា ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​តែង​ឃើញ​ថ្នាក់​លើ​ចេញ​លិខិត​អះអាង​ថា ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គ្មាន​ភាព​អសកម្ម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​តែង​ឃើញ​មន្ត្រី​នៅ​ច្រក​ទ្វារ​មួយ​នេះ​យក​លុយ​ពី​អ្នក​ដំណើរ​ជា​រៀងរាល់​ថ្ងៃ ក្រោម​រូប​ភាព​ផ្សេងៗ គ្នា និង​ការ​បង់​ថ្លៃ​សេវា​ក្រៅ​ផ្លូវការ​ទៀត​ផង។ លោក​បន្ត​ថា​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស ដែល​ឆ្លង​កាត់​ច្រក​នេះ​សុទ្ធតែ​ដឹង​ពី​ទង្វើ​របស់​មន្ត្រី​នៅ​ច្រក​ទ្វារ​នេះ​ទាំង​អស់៖ «»

លោក ស៊ុំ​ ចាន់គា ឱ្យ​ដឹង​ទៀត​ថា​ ទោះ​កន្លែង​ខ្លះ​មន្ត្រី​ច្រក​ទ្វារ​មិន​ចេញ​មុខ​មក​យក​លុយ ប៉ុន្តែ​មាន​អ្នក​រត់​ការ​ប្រចាំ​កន្លែង​នោះ ដែល​ជា​អ្នក​សរសេរ អ្នក​រត់​ការ​លិខិត​ស្នាម និង​អ្នក​រត់​ការ​យក​លិខិត​ឆ្លង​ដែន​ដោយ​មិន​ចាំបាច់​ទៅ​តម្រង់​ជួរ៖ «»

ទោះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជាក់​ថា គ្មាន​ភាព​អសកម្ម​ក្ដី ក៏​បាន​ចាត់​វិធានការ​បំបាត់​ភាព​អសកម្ម​នៅ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ដូច​ជា ត្រូវ​ដាក់​ស្លាក​អក្សរ​សម្គាល់​បញ្ជាក់​ថា ការ​បម្រើ​សេវា​នេះ មិន​តម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់។ រៀបចំ​កែ​លម្អ​បញ្ជរ​បំពេញ​បែបបទ​ចេញ-ចូល​ឱ្យ​បាន​សម​ស្រប​និង​រៀបចំ​លំហូរ​អ្នក​ដំណើរ​ឱ្យ​មាន​ការ​តម្រង់​ជួរ​ត្រឹមត្រូវ​តាម​លំដាប់​មុន​ក្រោយ។

មន្ត្រី​នគរបាល​គ្រប់​ច្រក​ទ្វារ​ព្រំដែន​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​និង​បរទេស ​ដែល​ធ្វើដំណើរ​ឆ្លង​កាត់​ព្រំដែន ជា​ពិសេស ពលករ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​ឆាប់ៗ នេះ ដោយ​មិន​ត្រូវ​ទទួល​ប្រាក់​កាស​ឡើយ។ ជាង​នេះ​ទៀត ត្រូវ​ពង្រឹង​ការ​គោរព​បទ​បញ្ជា​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ អប់រំ​សីលធម៌ ឥរិយាបថ និង​អាកប្បកិរិយា​បំពេញ​ការងារ​របស់​មន្ត្រី យក​ចិត្ត​ទុក​ដាក់​លើ​មុខ​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន និង​ដាក់​វិន័យ​យ៉ាង​តឹង​រឹង​បំផុត ចំពោះ​មន្ត្រី​ណា ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។