ម្ចាស់ក្លឹបកម្សាន្តរ៉ក (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ បន្តរស់នៅក្រៅពន្ធនាគារអស់រយៈពេលជិត ៨ខែហើយ។ ការរស់នៅក្រៅពន្ធនាគារនេះ ក្រោមហេតុផលថាសម្រាកព្យាបាលជំងឺ។ មន្ត្រីសិទ្ធិមនុស្សដាក់ការសង្ស័យថា ករណីនេះ មានអំពើពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុករយៈពេលយូរបែបនេះទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចមិនទាន់នាំឧកញ៉ា គិត ធាង ទៅឃុំខ្លួននៅពន្ធនាគារភ្នំពេញ (PJ) នៅឡើយទេ ដោយសារតែជនជាប់ចោទរូបនេះ បន្តសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី។ លោកឱ្យដឹងថា កន្លងមក លោក គិត ធាង មានជំងឺថប់ដង្ហើម ហើយមិនដឹងថា ពេលនេះស្ថានភាពជំងឺរបស់លោកយ៉ាងណាទេ គ្រាន់តែមើលពីខាងក្រៅ គឺលោក គិត ធាង មានសាច់ឈាមស្រស់ថ្លាធម្មតា។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះបញ្ជាក់ថា ខាងពន្ធនាគារ គ្មានជម្រើសនាំខ្លួនលោក គិត ធាង ទៅពន្ធនាគារវិញបានទេ ប្រសិនបើខាងមន្ទីរពេទ្យមិនព្រមចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺ និងអនុញ្ញាតឱ្យនាំខ្លួនលោកទៅឃុំនៅក្នុងពន្ធនាគារវិញ។ លោក នុត សាវនា បន្តថា ប្រសិនបើនរណាសង្ស័យថា លោក គិត ធាង ធ្វើពុតជាឈឺ និងប្រើទឹកលុយ ដើម្បីបានរស់នៅក្រៅពន្ធនាគារនោះ អាចជួលពេទ្យពីរបទេសពិនិត្យ ឬធ្វើរោគវិនិច្ឆ័យបាន ប៉ុន្តែខាងពន្ធនាគារ គ្មានកាតព្វកិច្ចធ្វើរឿងនេះទេ។ លោកបញ្ជាក់ថា ខាងពន្ធនាគារមានតែកាតព្វកិច្ចដាក់កម្លាំងអនុរក្សឃ្លាំមើលកុំឱ្យលោក គិត ធាង រត់គេចខ្លួន និងមើលថែកុំឱ្យលោកបាត់បង់ជីវិតប៉ុណ្ណោះ៖ «ចំពោះការឃុបឃិតយ៉ាងណានោះ ទាល់តែមានខាងកោសល្យវិច្ច័យ មានអ្នកមកពិនិត្យវាយតម្លៃដោយឯករាជ្យ។ ឧទាហរណ៍ថា ឥឡូវជួលពេទ្យពីសាំងហ្កាពូរមកពិនិត្យ ទៅហើយចេញលទ្ធផលពិនិត្យនោះទៅ។ រឿងថាឃុបឃិតអីយ៉ាងណានោះ ខ្ញុំអត់ហ៊ានថាម៉េចទេ ព្រោះខាងបច្ចេកទេសខាងពេទ្យពិនិត្យមើលឃើញថា សុខភាពអ្នកជំងឺមិនអាចទៅណារួចត្រូវពិនិត្យ ព្យាបាលនៅទីនេះ។ អ៊ីចឹងបានថា បើសង្ស័យលើរឿងនេះ ខាងអាស៊ីសេរីអាចជួលពេទ្យពីសាំងហ្កាពូរមក ដើម្បីវាយតម្លៃមកទើបជឿទុកចិត្ត»។
នាយករងមន្ទីរពេទ្យរុស្ស៊ី លោក ចាន់ វិចិត្រ ប្រាប់អាស៊ីសេរីដោយខ្លីថា លោកមិនទទួលបន្ទុក ករណីឧកញ៉ា គិត ធាង នោះទេ រួចក៏ចុចផ្ដាច់ទូរស័ព្ទទៅវិញ៖ «ខ្ញុំអត់កាន់ខាងនឹងផង អត់ទទួលបន្ទុកខាងហ្នឹងផងបាទ»។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅនាយកមន្ទីរពេទ្យរុស្ស៊ី លោក ងី ម៉េង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជាច្រើនលើក ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទ។
បងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង លោកឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី តាំងពីថ្ងៃទី១ ខែមេសា ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ ប៉េហ្ស៊ី (PJ) រយៈពេលប្រមាណកន្លះខែ។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា គឺជាអ្នកអនុញ្ញាតឱ្យលោក គិត ធាង ចេញ ទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារតាមការស្នើសុំរបស់មេធាវីការពារក្តីឱ្យលោក គិត ធាង។ អាស៊ីសេរីមិនអាចសុំការពន្យល់រឿងនេះពី លោក កែវ សុធា បានទេនៅថ្ងៃទី២០ វិច្ឆិកា ដោយលោកមិនលើកទូរស័ព្ទ។
កន្លងមក សារព័ត៌មានក្នុងស្រុកចុះផ្សាយដោយស្រង់សម្ដីបុគ្គលិកពេទ្យរុស្ស៊ីថា លោក គិត ធាង គ្មានជំងឺអ្វីធ្ងន់ធ្ងរដល់ថ្នាក់ចាក់ថ្នាំ ឬឱ្យថ្នាំលេបនោះទេ ប៉ុន្តែលោក គិត ធាង មិនព្រមត្រឡប់ទៅវិញ។ កាសែតក្នុងស្រុកចុះផ្សាយទៀតថា លោក គិត ធាង ដេកព្យាបាលនៅបន្ទប់ពិសេស ដោយមានម៉ាស៊ីនត្រជាក់ ទូទឹកកក មានម៉ាស៊ីន ហាត់ប្រាណ ម៉ាស៊ីន ចម្អិនអាហារ ម៉ាស៊ីន ក្រឡុកផ្លែឈើ ទូរទស្សន៍ និងប្រើទូរស័ព្ទមានអ៊ីនធឺណិតថែមទៀតផង។ជាពិសេស បន្ទប់នោះ គឺមិនអនុញ្ញាតឱ្យអ្នកណាចេញចូលឡើយ ក្រៅតែពីគ្រួសារ ឬប្រពន្ធរបស់លោក សូម្បីតែអនុរក្សពន្ធនាគារក៏ដោយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះ គួរតែមានគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីចាត់វិធានការច្បាប់ កុំឱ្យមានការរិះគន់ និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ លោកបន្តថា កន្លងមកអ្នកជាប់ពន្ធនាគារ មិនទទួលបានសេវាថែទាំសុខភាពស្មើគ្នានោះទេ ដោយអ្នកទោសក្រីក្រ និងអ្នកទោសនយោបាយ ខាងពន្ធនាគារកម្របញ្ជូនចេញទៅព្យាបាលនៅខាងក្រៅណាស់ គឺទាល់តែជំងឺនោះធ្ងន់ធ្ងរមិនអាចជៀសបាន ទើបបញ្ជូនទៅពិនិត្យ រួចឱ្យថ្នាំ ហើយបញ្ជូនត្រឡប់ទៅពន្ធនាគារវិញ។ ដោយឡែក អ្នកមានលុយមានអំណាចវិញ លោកកត់សម្គាល់ថា ច្រើនតែទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅក្រៅពន្ធនាគាររយៈពេលយូរ ដោយមិនកំណត់ពេលជាក់លាក់ឡើយ៖ «ជារឿងមួយអយុត្តិធម៌សម្រាប់អ្នកជាប់ពន្ធនាគារដទៃទៀត ដែលមានជំងឺហើយអ្នកខ្លះឈឺធ្ងន់ធ្ងរមែនទែន ទើបអាចបញ្ជូនទៅមន្ទីរពេទ្យ ហើយស្លាប់នៅមន្ទីរពេទ្យអីជាដើម។ ក្នុងករណីនេះ ប្រសិនបើក្រសួងពាក់ព័ន្ធ ក៏ដូចជាខាងពន្ធនាគារ មិនមានការពន្យល់បកស្រាយបង្ហាញការពិតណាមួយទេ អ៊ីចឹងការរិះគន់ចំពោះអ្នកដែល មានលុយមានកាក់ ដូចជា ឧកញ៉ា តែងតែយកមន្ទីរពេទ្យធ្វើជាពន្ធនាគារ ដើម្បីគេចពីការរស់នៅក្នុងពន្ធនាគារនេះ គឺដូចជាឧកញ៉ា ថោង សារ៉ាត់ រហូតដល់រួចខ្លួន គឺយើងឃើញថា វាទៅជាប្រព័ន្ធ តែសម្រាប់អ្នក មានលុយមានអំណាច»។
ករណីអ្នកមានលុយ និងអ្នកមានអំណាចជួលបន្ទប់ទំនើបៗ របស់មន្ទីរពេទ្យធំៗ របស់រដ្ឋសម្រាប់ស្នាក់នៅនេះ មានច្រើនករណី គឺមិនមែនតែលោក គិត ធាង នោះទេ។ ជាឧទាហរណ៍ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារ កាលពីខែមេសា ឆ្នាំ២០១៥ នោះ ត្រូវបានគេរាយការណ៍ថា ដេកក្នុងពន្ធនាគារមិនបានមួយសប្ដាហ៍ផង ស្រាប់តែត្រូវបានបញ្ជូនទៅរស់នៅបន្ទប់វីអាយភី (VIP) នៅមន្ទីរពេទ្យរុស្ស៊ីរហូតទាល់តែសាលាឧទ្ធរណ៍សម្រេចឱ្យលោកនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីដើមខែវិច្ឆិកាថ្មីៗ នេះ។ ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាល ពីចុងឆ្នាំ២០១៤។ ក្រៅពីនេះអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបាញ់រះលើក្រុមកម្មករ ឧកញ៉ា សុខ ប៊ុន ដែលប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ និងឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាពិសេស គឺក្រុមក្មួយៗ របស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសរឿងបាញ់បោះសេរីនាពេលកន្លងមកនោះ សុទ្ធតែបានរស់នៅក្រៅពន្ធនាគារ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ។
ក្រុមអង្គការសង្គមស៊ីវិលរិះគន់ថា នេះជាការអនុវត្តច្បាប់ដែលមានស្តង់ដារពីរ។ អង្គការសង្គមស៊ីវិលស្នើក្រសួងពាក់ព័ន្ធ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងស្មើភាព ដើម្បីបញ្ចៀសការរិះគន់ដែលថា អ្នកមានលុយ និងមានអំណាច តែងតែអាចរួចផុតពីទោសទណ្ឌ និងដើម្បីធ្វើឱ្យអ្នកទាំងនេះរាងចាល លែងហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
