សង្គម​ស៊ីវិល​​បារម្ភ​ចំពោះ​យុវជន​ជំនាន់​ថ្មី​ដែល​អាច​ប្រព្រឹត្ត​ខុស​ឆ្គង​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់

ដោយ ស្ងួន អមរា
2018-02-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផ្កា​កូឡាប​ដែល​ត្រូវ​បាន​ពលរដ្ឋ​ដាក់​លក់​នៅ​តាម​ផ្លូវ​មួយ នា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ​២០១៧។ Photo provided
ផ្កា​កូឡាប​ដែល​ត្រូវ​បាន​ពលរដ្ឋ​ដាក់​លក់​នៅ​តាម​ផ្លូវ​មួយ នា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ​២០១៧។ Photo provided
Photo provided

យុវវ័យ​មួយ​ចំនួន​បាន​ផ្លាស់ប្ដូរ​ផ្នត់​គំនិត ដោយ​ចាត់​ទុក​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ថា​ជា​ថ្ងៃ​សម្រាប់​មនុស្ស​គ្រប់​គ្នា មិន​មែន​សម្រាប់​តែ​ដៃគូ​ស្នេហា​ឡើយ។ ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​យុវជន​ជំនាន់​ថ្មី ដែល​អាច​នឹង​ពុំ​ទាន់​ជ្រួតជ្រាប​ច្បាស់​ពី​បញ្ហា​នេះ​នៅ​ឡើយ នាំ​ឲ្យ​យុវតី​រងគ្រោះ​ដោយ​ការ​បោកប្រាស់​ឲ្យ​ទទួល​យក​ការ​រួម​ភេទ​មុន​រៀបការ បោះបង់​ចោល​ការ​សិក្សា មាន​វិបត្តិ​ផ្លូវ​ចិត្ត ឬ​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ជា​ដើម។

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​ស្ត្រី​សង្កេត​ឃើញ​ថា យុវជន​ភាគ​ច្រើន​បាន​យល់​ដឹង​ពី​អត្ថន័យ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ប៉ុន្តែ​ពួក​គេ​និយម​យក​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​ដៃគូ​ស្នេហា​ដោយ​ការ​ជូន​ផ្កា ឬ​កាដូ ជួបជុំ​គ្នា​ទទួល​ទាន​អាហារ និង​គ្រឿង​ស្រវឹង ហើយ​បបួល​គ្នា​ដើរ​លេង​ជាដើម។

លេខាធិការ​នៃ​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍ និង​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅ​កាត់​ថា ហ្គេតស៊ី (GAD/C) អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា ឥរិយាបថ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​ព្រួយ​បារម្ភ​ពី​យុវជន​យុវតី​ដែល​មាន​វ័យ​ក្មេង​ខ្ចី​នៅ​ឡើយ​ភ្លើតភ្លើន និង​អាច​ពុំ​ទាន់​ជ្រួតជ្រាប​ពី​ការ​អប់រំ​ផ្សព្វផ្សាយ​ចំពោះ​ឥរិយាបថ​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​ពួកគាត់​ខូច​អនាគត និង​ប្រព្រឹត្ត​ប្រាសចាក​ប្រពៃណី។

អ្នកស្រី​អំពាវនាវ​ឲ្យ​យុវជន​យុវតី​ត្រូវ​ចេះ​វិភាគ និង​គិត​ពិចារណា​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់លាស់​ដោយ​ការ​ទទួល​ខុស​ត្រូវ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ពីព្រោះ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ពេល​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​អនាគត៖ «មុន​នឹង​យើង​ដាក់​សេចក្ដី​ស្រលាញ់​ទៅ​បុរស​ណា​ដែល​យើង​ស្រលាញ់​ត្រូវ​គិត​ថា បុរស​នោះ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ទង្វើ​ដែល​គាត់​បាន​ប្រព្រឹត្ត​កុំ​ឲ្យ​ឆាប់​ជឿ​ទៅ​លើ​ការ​លួងលោម​របស់​បុរស ឬ​មនុស្ស​ប្រុស​ដែល​ប្រើ​ពាក្យ​លួងលោម​ដោយ​យក​ឱកាស​នេះ​មក​ដាក់​សម្ពាធ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន បើ​សិន​ថា​ខ្លួន​យល់​ថា មិន​ទាន់​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​ខុស​ត្រូវ​នូវ​ការ​សម្រេច​ចិត្ត​ដែល​ព្រម​ស្រលាញ់ ឬ​ក៏​ព្រម​រួម​ភេទ​នៅ​ពេល​នេះ​ទេ យើង​អាច​មិន​ទទួល​យក​អ្វី​ដែល​បុរស​សំណូមពរ​មក​យើង ឬ​ដាក់​សម្ពាធ​មក​យើង»

ថ្ងៃ​ទី​១៤ ខែ កុម្ភៈ ជា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដែល​សង្គម​ខ្មែរ​ធ្លាប់​យល់​ច្រឡំ​ថា ជា​ថ្ងៃ​បុណ្យ​សង្សារ។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ភាគី​ពាក់ព័ន្ធ​ចាត់​ទុក​វេលា​នេះ​ថា មាន​ហានិភ័យ​ខ្ពស់​សម្រាប់​យុវជន ជា​ពិសេស​យុវតី ប្រសិន​បើ​ពួកគេ​មិន​បាន​ពិចារណា​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន ឬ​មិន​បាន​យល់​អត្ថន័យ​ពិត​នៃ​ពិធី​បុណ្យ​នេះ។

បើ​ទោះ​ជា​យ៉ាង​ណា​គិត​មក​ដល់​ពេល​នេះ ទស្សន​របស់​យុវជន​ចំពោះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​ផ្លាស់​ប្ដូរ​ច្រើន។ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន​បើ​ការ​អប់រំ ផ្សព្វផ្សាយ​អោយ​យល់​ដឹង​ពី​បញ្ហា​នេះ​មិន​បាន​ពេញលេញ​ដល់​យុវជន​ជំនាន់​ថ្មី។

អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ និង​យុទ្ធនាការ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា អ្នកស្រី ចាន់ សោភណ្ឌ័ មាន​ទស្សនៈ​ថា ការ​បង្ហាញ​សេចក្ដី​ស្រលាញ់​ដល់​នរណា​ម្នាក់ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​មនុស្ស​រៀងៗ ខ្លួន។ អ្នកស្រី​វាយ​តម្លៃ​ថា យុវវ័យ​ប្រមាណ​ជា ៥០% ទៅ ៧០% បាន​យល់​ដឹង​ពី​ការ​ប្រារព្ធ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នេះ ប៉ុន្តែ​យុវវ័យ​មួយ​ចំនួន​នៅ​តែ​គិត​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស​ដែល​គេ​អបអរ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ដែល​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​បាន​ខុស​ដោយសារ​ការ​លួងលោម និង​ការ​បោកប្រាស់​របស់​ភាគី​បុរសៗ។

តែ​ទោះ​ជា​យ៉ាង​ណា មិន​ថា​ថ្ងៃ​ពិសេស​នេះ ឬ​រៀងរាល់​ថ្ងៃ​ទេ អ្នកស្រី​ចង់​ឲ្យ​យុវតី ឬ​យុវជន បង្ហាញ​សេចក្ដី​ស្រលាញ់​ឲ្យ​គ្នា​ដោយ​ភាព​ថ្លៃថ្នូរ ប្រកប​ដោយ​ការ​ត្រិះរិះ​ពិចារណា គោរព​គ្នា និង​ការ​ទទួល​ខុស​ត្រូវ៖ «មើល​អំពី​ភាព​ខុស​គ្នា​កាល​ពី​ជំនាន់​ខ្ញុំ​នៅ​វ័យ​ជំទង់​នោះ​គឺ​មាន​ភាព​ខុស​គ្នា​ច្រើន​ដោយសារ​ឥឡូវ​គាត់​មាន​ការ​យល់​ដឹង​ច្រើន។ បើ​និយាយ​អំពី​រឿង​ផ្ទះ​សំណាក់​អី​ហ្នឹង ឥឡូវ​ហ្នឹង​វា​កាត់​បន្ថយ​ច្រើន​ហើយ ព្រោះ​គាត់​យល់​ថា សេចក្ដី​ស្រលាញ់​មិនមែន​បង្ហាញ​តែ​មួយ​ថ្ងៃ​ហ្នឹង​ទេ ដែល​ត្រូវ​ពលី​ដែល​ត្រូវ​ផ្ដល់​ឲ្យ​គ្នា​តែ​មួយ​ថ្ងៃ​នេះ​ទេ។ គ្រាន់​តែ​ជា​ពេលវេលា​ប្រារព្ធ​អាច​មាន​កាដូ​ជូន​គ្នា មាន​ការ​ទទួល​ទាន​អាហារ​ជុំ​គ្នា ជា​ការ​បង្ហាញ ប៉ុន្តែ​អ្វីៗ​គឺ​នៅ​ក្នុង​ចិត្ត។ និយាយ​ទៅ​តាំង​ពី ១០​ឆ្នាំ​មុន​មក​ដល់​ឥឡូវ​រំលឹក​គេ​ជជែក​បញ្ហា​នេះ​ច្រើន​ហើយ ជា​ពិសេស​បំផុត​គឺ​ការ​រីក​រាលដាល​នៃ​ជំងឺ​អេដស៍ គេ​បាន​ផ្សព្វផ្សាយ​ជា​ច្រើន។ យើង​នៅ​តែ​បន្ត​អប់រំ​ពួកគាត់​អ្នក​ជំនាន់​ក្រោយ​ចេះ​តែ​កើត​មក ហើយ​ការ​ទទួល​បាន​ព័ត៌មាន ១០០% ទេ ពេល​ខ្លះ​ក៏​ឆក​ល្វេង​ដែរ»

អ្នកស្រី រស់ សុភាព បាន​ផ្ដល់​ដំបូន្មាន​ដល់​យុវតី​ថា ប្រសិន​ជា​យុវតី​ជ្រុលជ្រួស​ទៅ​ដល់​ការ​ឆ្លងកាត់​ការ​រួម​ភេទ​មុន​រៀបការ ឬ​មាន​ផ្ទៃពោះ យុវតី​មិន​ត្រូវ​សម្រេច​ចិត្ត​ដោយ​ធ្វើ​ទារុណកម្ម​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ឬ​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ឡើយ។

អ្នកស្រី​បាន​ផ្ដល់​ឱវាទ​ដូច្នេះ៖ «ត្រូវ​រក​វិធី​ដោះស្រាយ​ដោយ​ស្មារតី​មួយ​ទទួល​ខុស​ត្រូវ​វា​ជា​ទង្វើ​ដែល​យើង​បាន​ធ្វើ ហើយ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​សម្រាប់​ជីវិត​របស់​យើង ពីព្រោះ​ជីវិត​យើង​ទម្រាំ​ឆ្លង​ផុត​បាន​ធំធាត់​មក​ប៉ុណ្ណេះ គ្រួសារ​បាន​ចំណាយ​ធនធាន​មក​លើ​ខ្លួន​របស់​យើង​ច្រើន​ណាស់ ពិសេស​ម្ដាយ​បាន​ពរ​ពោះ បាន​បង្កើត​យើង​មក​រហូត​ដល់​ជីវិត​របស់​គាត់​ក៏​មិន​ខ្លាច​ផង។ ជា​ធនធាន​មួយ​របស់​សង្គម»

ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ១៤ ខែ​កុម្ភៈ ជា​ការ​កំណត់​របស់​មនុស្ស​មួយ​ចំនួន ជាពិសេស​គ្រិស្ត​សាសនិក។ នៅ​ក្នុង​ប្រតិទិន​នៃ​ពិធីបុណ្យ​ក្នុង​សាសនា​គ្រិស្ត​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ គឺ​ជា​ទិវា វ៉ាឡង់ទីន ឬ​វ៉ាឡិនថាញ ដេយ៍ (Valentine’s Day) ដែល​ឧទ្ទិស​បូជា​សេចក្ដី​ស្រឡាញ់​ដល់​បព្វជិត សេន វ៉ាឡិនថាញ (Saint Valentines)។ បព្វជិត សេន វ៉ាឡិនថាញ ជា​បព្វជិត​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ជា​ជនជាតិ​រ៉ូម៉ាំង ដែល​បាន​បម្រើ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ទី​២ ឈ្មោះ ខ្លូតឌៀស (Claudius) នៅ​ក្នុង​សតវត្ស​ទី​៣។ ព្រះចៅ​អធិរាជ ខ្លូតឌៀស បាន​ឈ្វេង​យល់​ឃើញ​ថា ទាហាន​ដែល​ពូកែ​ច្បាំង​គឺ​ជា​ទាហាន​ដែល​នៅ​លីវ​មិន​ទាន់​រៀប​ការ ដោយ​លោក​បាន​ចេញ​ច្បាប់​ហាម​ប្រាម​មិន​អោយ​យុវវ័យ​រៀប​ការ​ដោយ​តម្រូវ​អោយ​ពួក​គេ​ចូល​បម្រើ​កងទ័ព​សិន នៅ​ពេល​ប្រទេស​ជាតិ​ត្រូវ​ការ។ បព្វជិត វ៉ាឡិនថាញ យល់​ថា ច្បាប់​នេះ​មាន​ភាព​អយុត្តិធម៌​ចំពោះ​មនុស្ស ហើយ​ក៏​មិន​គោរព​តាម ដោយ​បាន​បន្ត​រៀប​ចំ​ពិធី​ផ្សំផ្គុំ​ប្រោះព្រំ​រៀប​ការ​អោយ​បុរស​នារី​ក្មេងៗ។ អធិរាជ ខ្លូតឌៀស ជ្រាប​អំពី​ទង្វើ​បព្វជិត វ៉ាឡិនថាញ ក៏​បាន​ចាប់​បព្វជិត វ៉ាឡិនថាញ ទៅ​ដាក់​គុក​អស់​មួយ​ជីវិត។

ឯកសារ​ផ្សេង​ទៀត​សរសេរ​ថា លោក វ៉ាឡិនថាញ អាច​ត្រូវ​បាន​សម្លាប់ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ដោយសារ​តែ​ការ​ប៉ុនប៉ង​ជួយ​គ្រិស្ត​សាសនិក រត់​គេច​ចេញ​ពី​ពន្ធនាគារ​ក្នុង​យុគ​សម័យ​រ៉ូម ដ៏​សាហាវ ជា​ទី​ដែល​ត្រូវ​វាយ​ធ្វើ​ទារុណកម្ម។ បន្ទាប់​មក មនុស្ស​ម្នា​ជា​ច្រើន​បាន​កោត​សរសើរ​ដល់​សេចក្ដី​ក្លាហាន​របស់​លោក វ៉ាឡិនថាញ នេះ ដែល​ហ៊ាន​ប្រឆាំង​នឹង​រាជ​បញ្ជា​របស់​ព្រះចៅ​អធិរាជ ខ្លូតឌៀស ដើម្បី​ជួយ​អោយ​គូ​ស្នេហ៍​វ័យ​ក្មេង​បាន​ស្រឡាញ់​គ្នា។ តាំង​ពី​ពេល​នោះ​មក ថ្ងៃ​១៤ កុម្ភៈ ត្រូវ​បាន​គេ​ឧទ្ទិស​បូជា​សម្រាប់​សេចក្ដី​ស្រឡាញ់។ មិន​យូរ​ប៉ុន្មាន​ថ្ងៃ​នោះ​ត្រូវ​បាន​មនុស្ស​ទូទៅ​នាំ​គ្នា​ផ្ញើ​សារ​នៃ​សេចក្ដី​ស្រឡាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក វ៉ាឡិនថាញ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សេចក្ដី​ស្រឡាញ់​សម្រាប់​គូ​ស្នេហ៍​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​ជា​ទី​ស្រឡាញ់ មិត្តភ័ក្ដិ ដោយ​ផ្ញើ​ពាក្យ​កាព្យ ជូន​កាដូ ផ្កា និង​វត្ថុ​ផ្សេងៗ​ឲ្យ​គ្នា​ជាដើម។

ពាក់ព័ន្ធ​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ របាយការណ៍​មួយ​ចំនួន​ទាក់ទង​នឹង​ឥរិយាបថ​យុវជន​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​បង្ហាញ​ថា យុវជន​ភាគច្រើន​មាន​ទំនោរ​រួម​ស្នេហា​ ឬ​ឈាន​ដល់​រួម​ភេទ ពេលខ្លះ​ទៀត​រៀបចំ​ឲ្យ​បាន​រួមភេទ ដោយ​ចាប់​បង្ខំ​យុវតី​ជា​ដៃគូ​ក៏​មាន។ ភាគ​ច្រើន​នៃ​យុវជន​ទាំង​នោះ​ហើយ​មិន​ចង់​ប្រើ​ស្រោម​អនាម័យ ដែល​ក្នុង​នោះ​ក្មេង​ស្រី ប្រឈម​នឹង​មាន​ផ្ទៃពោះ​ទាំង​វ័យ​ក្មេង និង​ឆ្លង​ជំងឺ​ផ្សេងៗ​ទៀត។

នាយិកា​ប្រតិបត្តិ​អង្គការ​ហ្គេតស៊ី (GAD/C) អ្នកស្រី រស់ សុភាព ថ្លែង​ថា ក្នុង​ឱកាស​នេះ អ្នកស្រី​ក៏​ស្នើ​ឲ្យ​មាតាបិតា ឬ​អាណាព្យាបាល ត្រូវ​ចូលរួម​អប់រំ និង​តាមដាន​កូន​ចៅ។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​បាន​ជ្រុលជ្រួស និង​សម្រេច​ចិត្ត​ខុស​ហើយ មាតាបិតា ឬ​អាណាព្យាបាល​គួរ​កុំ​ស្ដី​បន្ទោស ឬ​ដាក់​បន្ទុក​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី ពីព្រោះ​កូន​ប្រុស​ក៏​ជា​ចំណែក​ធំ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​ឡើង។

អ្នកស្រី​បញ្ជាក់​ថា គួរ​ប្រើ​វិធី​លួងលោម និង​ណែនាំ​គាត់​ឲ្យ​មាន​ភាព​រឹងមាំ​ក្នុង​ជីវិត មាន​ការងារ មាន​មុខ​របរ ដើម្បី​នឹង​ឲ្យ​នាង​អាច​កែខៃ​ជីវិត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​សង្គម​ទាំង​មូល ក៏​ដូច​ជា​មាតាបិតា បង​បង្អូន​ញាតិ​មិត្ត​សន្ដាន​ទាំង​អស់​កុំ​ឲ្យ​យក​សម្ពាធ​នំ​មិន​ធំ​ជាង​នាឡិ ឬ​ក៏​ថា​មាន​កូន​ស្រី​ដូច​មាន​ក្រឡ​ប្រហុក​នៅ​មុខ​ផ្ទះ​អី​ហ្នឹង កុំ​ឲ្យ​យក​មក​អនុវត្ត​ទៀត ពីព្រោះ​ទង្វើ​ដែល​កើត​ឡើង​ជា​ទង្វើ​រួម​របស់​បុរស​និង​ស្ត្រី។ យើង​យើង​គួរ​មាន​វិធានការ​លើក​ទឹក​ចិត្ត​ជួយ​ដោះស្រាយ​ស្ត្រី​ និង​ក្មេង​ស្រី​ដែល​គាត់​កំពុង​ជួបប្រទះ​កុំ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត និង​ធ្លាក់​ទឹក​ចិត្ត។ គាត់​ជា​ធនធាន​មួយ​ដ៏​ល្អ ហើយ​ការ​ខុស​ឆ្គង​ក្នុង​ឆាក​គឺ​ជា​មេរៀន ជា​បទពិសោធន៍​ដើម្បី​យើង​បន្ត​កសាង​ជីវិត​និង​សង្គម​យើង​ទៅ​មុខ​ទៀត»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​កិច្ចការ​នារី និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​ដើម កុំ​បង្អង់​ដៃ​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ដល់​យុវជន​ជំនាន់​ថ្មី។ ទន្ទឹម​នឹង​គ្នា​នេះ ពលរដ្ឋ​ក្នុង​សង្គម​គួរ​ឲ្យ​ប្រើប្រាស់​ថ្ងៃ​នេះ ធ្វើ​អ្វី​ដែល​ពិសេស គឺ​ការ​ផ្ដល់​នូវ​សេចក្ដី​ស្រលាញ់​ដល់​មាតាបិតា អ្នក​មាន​គុណ ផ្ដល់​ការ​បរិច្ចាគ​ឈាម ធ្វើ​មូលនិធិ​សប្បុរសធម៌ ឬ​ការ​ចែក​រំលែក​ចំណី​អាហារ​ដល់​អ្នក​ខ្វះខាត​ជីវភាព​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល