លោកស្រី ឃឿន សុខឃា ភរិយាជនរងគ្រោះជនរងគ្រោះជាប់ក្នុងរូងភ្នំ ប្រាប់អាស៊ីសេរីថា ស្ថានភាពជំងឺស្វាមីរបស់លោកស្រី មានសភាពល្អប្រសើរឡើងវិញហើយ ចំណែកស្នាមរបួសត្រង់ពោះ ទ្រូង និងក្បាល មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ ក្រោយពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
លោកស្រីថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបងតម្រូវឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យមួយរយៈទៀតទើបអនុញ្ញាតឱ្យចាកចេញទៅលំនៅឋានវិញ៖ «សូមអរគុណអ្នកដែលទៅជួយប្ដីខ្ញុំឱ្យបានរួចរស់មានជីវិតមកវិញ សូមអរគុណទាំងអស់គ្នាដែលបានទៅជួយ។ ទាំងអ្នកបានផ្តល់ទឹកសុទ្ធ ទឹកផ្លែឈើ ខ្ញុំសូមអរគុណទាំងអស់»។
ជនរងគ្រោះឈ្មោះ ស៊ឹម បូរ៉ា អាយុ ៣០ឆ្នាំ រស់នៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បានបាត់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ក្រោយពីបានចេញពីផ្ទះដើម្បីទៅរកអាចម៍ប្រចៀវយកមកធ្វើជីដាក់ស្រែ។លោកត្រូវក្រុមគ្រួសាររកឃើញជាប់នៅក្នុងដង្គៀបថ្មក្នុងរូងភ្នំ ហុងទឹក អស់រយៈពេលចំនួន ៤ថ្ងៃ។លោក សារ៉េត វិសេដ្ឋ អធិការប៉ូលិសស្រុកភ្នំព្រឹកប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៧ សីហា ថា បានប្រើពេលជាង១០ម៉ោង ដើម្បីទាញយកជនរងគ្រោះចេញមកក្រៅ ដោយសារតែប្រឡោះថ្មមានភាពតូចចង្អៀតពេក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
