ជនរងគ្រោះ បានបញ្ជាក់នៅក្នុងវីដេអូឃ្លិប ដែលបានចែកចាយតៗ គ្នាតាមបណ្ដាញសង្គមថា នាងត្រូវបានមេខ្យល់យកទៅលក់នៅកន្លែងរកស៊ីផ្លូវភេទមួយកន្លែងនៅក្នុងប្រទេសចិន តាំងពីអាយុ ១៥ឆ្នាំ ហើយត្រូវបានថៅកែបង្ខំឱ្យទទួលភ្ញៀវពីម្នាក់ទៅម្នាក់ជារៀងរាល់ថ្ងៃ។
នៅក្នុងវីដេអូឃ្លិបរយៈពេលជាងមួយនាទី ជនរងគ្រោះបានសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯស្រុកត្បែងមានជ័យ ខេត្តព្រះវិហារវិញ៖ «ខ្ញុំសូមជម្រាបសួរអ្នកទាំងអស់គ្នា ខ្ញុំសូមលើកម្រាមដៃ១០ ឱ្យបងប្អូនខ្មែរជួយយកខ្ញុំទៅខ្មែរវិញផង។ ឱ្យអ្នកនៅខ្មែរឃើញវីដេអូហ្នឹងហើយជួយចែករំលែកឱ្យលោកជំទាវ ឱ្យសម្ដេច ហ៊ុន សែន ឃើញ ឱ្យគាត់យកខ្ញុំទៅខ្មែរវិញផង។ ខ្ញុំចាញ់បោកមេខ្យល់យកមកលក់នៅប្រទេសចិន តាំងពីអាយុ១៥ឆ្នាំ ហើយអត់ឱ្យខ្ញុំទាក់ទងទៅអ្នកផ្ទះទេ»។
អាស៊ីសេរី បានព្យាយាមទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីចង់ដឹងថា តើក្មេងស្រីរូបនោះ បានទៅរស់នៅក្នុងប្រទេសចិនប៉ុន្មានឆ្នាំហើយ ក្រោយពីនាងចាកចេញពីប្រទេសកម្ពុជាក្នុងវ័យ១៥ឆ្នាំនោះ ប៉ុន្តែនៅមិនទាន់អាចទាក់ទងក្រុមគ្រួសារនាងបាននៅឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បញ្ជាក់ថា លោកបានឃើញវីដេអូឃ្លិបនេះហើយៗ ក្រសួងការបរទេសទេសកំពុងចាត់វិធានការដើម្បីនាំយកក្មេងស្រីរងគ្រោះមកកាន់ប្រទេសកម្ពុជាវិញ៖ « ខ្ញុំបានបញ្ជូនវីដេអូឃ្លិបនេះទៅនាយកដ្ឋានពាក់ព័ន្ធទៅនាយកដ្ឋានក្រសួងការបរទេស ក៏ដូចជា ទៅស្ថានតំណាងក្រសួងការបរទេសចិន ដើម្បីធ្វើការស្រាវជ្រាវថា តើស្ថិតនៅក្នុងខេត្តណា ពីព្រោះនៅក្នុងវីដេអូនេះអត់មានបញ្ជាក់ទីកន្លែងច្បាស់លាស់។ កាលណាអត់បញ្ជាក់អ៊ីចឹងការស្វែងរកមានការលំបាកខ្លះខ្លាំងហើយប្រសិនបើបញ្ជាក់ទីកន្លែងច្បាស់លាស់នោះ គឺថា យើងអន្តរាគមន៍ជាមួយអាជ្ញាធរចិន នៅខេត្តដែលបានកំណត់នោះថា លឿន។ ប៉ុន្តែក្នុងវីដេអូនេះអត់មានការបញ្ជាក់ទីកន្លែងច្បាស់លាស់អ៊ីចឹងមានការលំបាក » ។
អនុប្រធានអង្គការលីកាដូទទួលបន្ទុកសិទ្ធិមនុស្សលោក អំ សំអាត បញ្ជាក់ថា ស្ថានភាពនៃការជួញដូរមនុស្សពីកម្ពុជា ទៅកាន់ប្រទេសចិន នៅតែមន្តកើតមាន ហើយរដ្ឋាភិបាលក៏បានចូលរួមទប់ស្កាត់ផងដែរ។ ប៉ុន្តែនៅតែមានស្ត្រីខ្មែររងគ្រោះនៅតែបន្តជួញដូរទៅប្រទេសចិន៖ « រដ្ឋាភិបាល ជាពិសេស ក្រសួងដែលពាក់ព័ន្ធហ្នឹង ត្រូវតែចាត់វិធានការ ហើយដើម្បីធ្វើយ៉ាងណារំដោះក្មេងស្រី ដើម្បីយកកម្ពុជាវិញ ហើយស្វែងរកមេខ្យល់ អ្នកដែលពាក់ព័ន្ធនឹងការជួញដូរកុមារ ឬក៏ការជួញដូរស្ត្រីផ្សេងទៀត យកមកអនុវត្តតាមផ្លូវច្បាប់ ពីព្រោះឥឡូវយើងឃើញថា សូម្បីតែមេខ្យល់ដែលនាំពលករពីខ្មែរទៅថៃ ឬពីថៃមកខ្មែរ ក៏ត្រូវបានចាប់នឹងអនុវត្តបញ្ជូនទៅតុលាការ » ។
ករណីស្ត្រីខ្មែរចាញ់បោក គេយកទៅជួញដូរផ្លូវភេទនៅចិនកំពុងកើនឡើង។
កាលពីថ្ងៃកាលពីថ្ងៃទី១១ កុម្ភៈ កន្លងទៅនេះបានរំដោះកុមារីអាយុ ១៤ឆ្នាំម្នាក់ ដែលចាញ់បោកមេខ្យល់នាំយកទៅនៅប្រទេសចិនអស់រយៈពេលជាង ៤ខែ ដោយសារគេសន្យាថា នឹងរកការងារធ្វើនៅទីនោះ។ សមត្ថកិច្ចកម្ពុជា សហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន បានរំដោះកុមារីរងគ្រោះពីខេត្តហឺណាន (Hunan) ប្រទេសចិន។
សមត្ថកិច្ច កាលពីថ្ងៃទី២៩ ខែមករា ក៏បានរំដោះស្ត្រីខ្មែរអាយុ ២០ឆ្នាំម្នាក់ ពីប្រទេសចិន ក្រោយពីបានចាញ់បោកគេ និងត្រូវគេបង្ខំឱ្យរៀបការជាមួយជនជាតិចិន។
ជនរងគ្រោះអាយុ ២០ឆ្នាំ រស់នៅខេត្តក្រចេះ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិនបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២៨ មករា។
កាលពីឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងការបរទេសបានរំដោះស្ត្រីខ្មែរ ដែលចាញ់បោកមេខ្យល់ទៅរស់នៅប្រទេសចិន បានចំនួន ១៤៤នាក់ហើយនិងបុរសម្នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។