ពលរដ្ឋរស់នៅក្រុងសៀមរាបត្អូញត្អែរថា អាជ្ញាធរខេត្តនេះមិនបានយកចិត្តទុកដាក់ ជួលជុលផ្លូវលំ និងកសាងផ្លូវឲ្យមានរបៀបរៀបរយ ដើម្បីបំពេញតម្រូវការពលរដ្ឋ និងភ្ញៀវទេសចរនោះទេ។ ពួកគេអះអាងថា ផ្លូវលំក្នុងក្រុងជាច្រើនខ្សែ ដែលជាតំបន់ទីប្រជុំជន ខូចខ្ទេចខ្ទីលំបាកធ្វើដំណើរ និងមានផ្លូវខ្លះដាច់ជាដុំៗ បែកភក់ល្បាប់។
ប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប និងភ្ញៀវទេសចររអ៊ូរទាំ ពីបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមានជាច្រើន ទាក់ទិនផ្លូវលំជាច្រើនខ្សែ តភ្ជាប់ពីផ្លូវជាតិ ក្នុងក្រុងសៀមរាបខូចខាតធ្ងន់ធ្ងរ បែកភក់ជ្រាំនៅរដូវវស្សា និងហុយដីនៅរដូវប្រាំង។
ពួកគេកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងសាធារណៈការ លោក ស៊ុន ចាន់ថុល បានអះអាងថា កាលពីចុងឆ្នាំ២០១៨ ថា រដ្ឋាភិបាលនឹងចំណាយថវិកាចំនួន ១៥លានដុល្លារ ដើម្បីជួសជុល និងកសាងផ្លូវ នៅក្រុងសៀមរាប ចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ ១១ខ្សែនឹងសាងសង់ក្នុងពេលឆាប់ៗ នេះ។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ផែនការអភិវឌ្ឍន៍នេះ នៅមិនទាន់លេចចេញជារូបរាងណាមួយនៅឡើយទេ។
ពលរដ្ឋរស់នៅក្រុងសៀមរាប លោក អាង ឆាល ឲ្យដឹងនៅថ្ងៃទី ១៧ កក្កដាថា ក្តីកង្វល់ទាក់ទិនផ្លូវលំបាកធ្វើដំណើរបានកើតមានជាច្រើនឆ្នាំមកហើយ ពុំឃើញមានអាជ្ញាធរពាក់ព័ន្ធណារូតរះ ស្ថាបនាផ្លូវជាដុំកំភួននៅឡើយទេ។ លោកថា ប្រយោជន៍បានពីវិស័យទេសចរណ៍មិនបានឆ្លើយតបសេចក្ដីត្រូវការរបស់ពលរដ្ឋនៅឡើយទេ។ រីឯល្បឿនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តមួយនេះ និងជីវភាពរស់នៅរបស់ប្រជាជនហាក់មិនស៊ីចង្វាក់គ្នាទៅនឹងឈ្មោះខេត្តទេសចរប្រវត្តិសាស្ត្រ ដ៏ល្បីលំដាប់ពិភពលោកនោះទេ៖ «លំបាកពុំមែនតែទើបលំបាកទេ រាប់ឆ្នាំមកហើយ ពុំឃើញអាជ្ញាធរណារូតរះ ធ្វើកែខៃជួលជុលទេ ក្នុងខេត្តសៀមរាប ជាតំបន់ទេសចរណ៍ មានភ្ញៀវធ្វើដំណើរចង់ជិះកង់ ខែប្រាំងហុយណាស់ ដល់ខែវស្សា ភក់មែនទែន។ ខេត្តសៀមរាបជាខេត្ត ទេសចរណ៍ តែការអភិវឌ្ឍន៍យឺតយ៉ាវ ការអភិវឌ្ឍរដិបរដុបណាស់ ជាពិសេសខែវស្សាទឹកលូ ជាំស្អុយខ្លាំងណាស់ លំបាកមែនទែន » ។
អ្នករត់ម៉ូតូឌុបម្នាក់នៅក្រុងសៀមរាប លោក គុម ណៃ ថ្លែងថា ផ្លូវតា អ៊ុច ក្រោយផ្សារលើផ្លូវខាងក្រោយសាលារៀនវត្តបូព៍ ផ្លូវក្រវ៉ាត់ក្រុង ផ្លូវស្មែលលីង ផ្លូវ ជា ស៊ីម និងផ្លូវលំជាច្រើនខ្សែទៀត រងការខូចខាតធ្ងន់ធ្ងរ ដាច់ជាដុំៗ មានជង្ហុកច្រើន បែកភក់ល្បាប់នៅខែវស្សា និងហុយដីនៅខែប្រាំង។ លោកថា ភ្ញៀវទេសចរខ្លះភ្ញាក់ផ្អើលនៅគ្រាដែលពួកគេប្រទះឃើញ ផ្លូវលំបាកធ្វើដំណើរ និងមានផ្លូវខ្លះខូចខ្ទេចខ្ទីក្នុងក្រុងសៀមរាប ដែលជាតំបន់ប្រជុំជន៖ «ផ្លូវខាងក្រោយផ្សារលើ ផ្លូវផ្ទះតាអ៊ុច ចំពីពីក្រោយផ្សារលើហ្នឹងមួយ ផ្លូវហ្នឹងយូរឆ្នាំមិនដែលធ្វើ ផ្លូវជា ស៊ីម ខូចមួយដែរ មិនឃើញពីណាមកធ្វើដែរ ហើយផ្លូវបុកពីផ្សារក្រោមបុកផ្លូវភ្នំក្រោម ក៏ពិបាកដែរ អត់មានពីរណាធ្វើដែរ។ ផ្លូវក្រវ៉ាត់ក្រុង កន្លែងជញ្ជីងក៏ពិបាកដែរផ្លូវហ្នឹង » ។
ឆ្លើយតបរឿងនេះ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវធំៗ អាជ្ញាធរត្រូវសិក្សាពីប្លង់ និងលើកផែនការថវិកាជាដើម ដើម្បីស្នើសុំទៅក្រសួងប្រកាសដេញថ្លៃ។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តមានផែនការកសាងផ្លូវជាកត្តាចម្បងដែរ ក៏ប៉ុន្តែការចំណាយថវិកាក្នុងការស្ថាបនាផ្លូវមាននីតិធីច្រើន ដែលត្រូវបង្ហាញពីភាពត្រឹមត្រូវច្បាស់លាស់ និងតម្លាភាពជាដើម។ លោកបញ្ជាក់ថា ផែនការសិក្សាគម្រោងស្ថាបនាផ្លូវលំក្នុងក្រុង អាចចប់សព្វគ្រប់នៅអំឡុងខែ កក្កដា ឆ្នាំ២០១៩ នេះ៖ «តាមខ្ញុំដឹងមកទល់ពេលនេះ ដូចជាសុំទៅទិដ្ឋាការទៅក្រសួងសេដ្ឋកិច្ច ជិតត្រឡប់មកវិញហើយ ហើយដល់ពេលត្រឡប់មកវិញ បន្តនីតិវិធីលទ្ធកម្មជាសាធារណៈ ដែលចុះផ្សាយតាមសារព័ត៌មាន វាមានរយៈពេលរបស់គេ កំណត់ដោយច្បាប់ ដើម្បីឲ្យក្រុមហ៊ុននានា អាចចូលដេញថ្លៃបាន។ ជាគម្រោងឆ្នាំនេះ យើងមានជាង ២០ផ្លូវ ក៏ប៉ុន្តែប្រហែលជាដើមខែ៨ នេះហើយបានអាចផ្ដើមធ្វើបាន » ។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងសាធារណៈការ លោក ប៉ាល់ ចន្ទរាតា ប្រាប់អាស៊ីសេរីថា គម្រោងចំណាយថវិកា ១៥លានដុល្លារ កសាងផ្លូវក្នុងក្រុងសៀមរាប ជាផែនការរបស់ក្រសួងពិតមែន ប៉ុន្តែគម្រោងស្ដារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាខេត្តមួយចំនួន មានច្រើនកន្លែងពេក ដែលជាហេតុធ្វើឲ្យក្រសួងពន្យារពេល។ លោកបន្ថែមថាគោលការណ៍របស់ក្រសួង ត្រូវលុបជង្ហុក និងជួសជុលផ្លូវ គ្រប់កន្លែងទាំងអស់ ហើយការជួសជុលផ្លូវធំៗ មន្ទីរសាធារណៈការចាំបាច់ត្រូវរាយការណ៍ទៅក្រសួង។ ចំពោះការត្អូញត្អែររបស់ពលរដ្ឋ លោកថា នឹងពិនិត្យករណីនេះឡើយវិញ៖ «ក្រសួងមិនព្រងើយកន្តើយទេ ហើយប្រសិនជាគ្រលុកណាផ្សេង ដូចនៅក្នុងក្រុង។ ខ្ញុំគិតថា វាជាគោលការណ៍របស់ក្រសួងក្ដៅគគុកពាក់ព័ន្ធការ កែធ្វើម៉េចឲ្យលុបគ្រលុកឲ្យស្អាត រហូតឲ្យពលរដ្ឋបង្ហោះកន្លែងណាមានបញ្ហាឲ្យចូល ផេក (Page) ក្រសួងទៀត។ ខ្ញុំមិនជឿថា ដល់ថ្នាក់ហ្នឹង។ ចាំមើលខ្ញុំឆែកទៅមន្ទីរ តើមន្ទីរចាត់វិធានការរបៀបម៉េចពាក់ព័ន្ធគ្រលុកហ្នឹង » ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ការប្ដេជ្ញាចិត្តរបស់ក្រសួង ក្នុងការកែលម្អស្ថានភាពផ្លូវ ក្នុងក្រុងសៀមរាប គ្រាន់តែជាការសន្យា ពុំទាន់ផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋនៅឡើយទេ ដោយសារតែផ្លូវឋិតក្នុងស្ថានភាពដដែល។ លោកថា បញ្ហានេះបង្កប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យទេសចរ និងការរស់នៅរបស់ពលរដ្ឋ៖ «ប្ដេជ្ញា ការកែលម្អស្ថានភាពផ្លូវ នៅខេត្តសៀមរាប ប៉ុន្តែរហូតមកពេលនេះ គ្រាន់តែការសន្យាមិនផ្ដល់ក្ដីសង្ឃឹមទេ ដោយសារតែផ្លូវនៅស្ថានភាពដដែល ហើយរឿងនេះវាអាចប៉ះពាល់ដល់វិស័យទេសចរ និងការរស់នៅប្រជាពលរដ្ឋនៅក្នុងខេត្តដែរ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ការអភិវឌ្ឍន៍ផ្លូវ ត្រូវឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋ ដោយត្រូវកសាងផ្លូវលំតូចៗ គ្រប់ច្រកល្ហកទាំងអស់ ពុំមែនយកចិត្តទុកដាក់តែ ផ្លូវជាតិធំៗ ឬផ្លូវចូលអង្គរនោះទេ។ លោកថា ការស្ថាបនាផ្លូវមិនត្រឹមតែជួយដល់សកម្មភាពសេដ្ឋកិច្ចរបស់ពលរដ្ឋនោះទេ វាក៏ជាមធ្យោបាយទាក់ទាញភ្ញៀវទេសចរបរទេសដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
