កម្មករ​រោងចក្រ W&D ទៅ​តវ៉ា នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង​សេចក្ដី​សម្រេច​ដែល​ទុក​ពេល ៤៨​ម៉ោង​ឲ្យ​ចូល​ធ្វើការ​វិញ

0:00 / 0:00

កម្មករ​រោងចក្រ​កាត់ដេរ ដាប់ប៊ែលយូរ អែនឌី​ (W&D (Cambodia) Co.,Ltd) ស្ថិត​នៅ​ខណ្ឌ​មានជ័យ ជា​ច្រើន​​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​លើក​គ្នា​ទៅ​តវ៉ា​ មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​​​ការ​ចេញ​សាលក្រម​ជួយ​ភាគី​ថៅកែ​រោងចក្រ។ ក្រោយ​តវ៉ា ​សាលា​ដំបូង​បាន​កោះ​ហៅ​តំណាង​កម្មករ ៦នាក់ និង​តំណាង​សហជីព​ស៊ីខៅឌូ ៤​នាក់​ឲ្យ​ចូល​ជួប។

មន្ត្រី​ច្បាប់​នៃ​សហជីព​ស៊ីខៅឌូ (C-CAWDU) លោក ស៊ាង យ៉ូត ឲ្យ​ដឹង​ថា តំណាង​កម្មករ​បាន​សំណូម​ពរ​ឲ្យ​មន្ត្រី​តុលាការ មោឃភាព​ចោល​ សេចក្ដី​បង្គាប់​ទាំង​ឡាយ​​កន្លង​មក ​ដែល​តម្រូវ​ឲ្យ​កម្មករ​​រោងចក្រ W&D ចូល​ធ្វើការ​វិញរយៈ​ពេល​ ៤៨ម៉ោង។ ទោះ​យ៉ាង​ណា មិន​ទាន់​មាន​ការ​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

កម្មការិនី​ម្នាក់ អ្នកស្រី សំ​ សុខ​ស្រីមុំ បន្ថែម​​ថា ក្រោយ​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​រួច កម្មករ​បាន​នាំគ្នា ​មក​តវ៉ា​បន្ត​នៅ​មុខ​រោងចក្រ នៅ​ភូមិ​ឫស្សី ខណ្ឌ​មាន​ជ័យ​ ជា​ធម្មតា៖ «»

ចំណែក​នៅ​ពេល​រសៀល គណៈកម្មការ​ដោះស្រាយ​វិវាទ​បាតុកម្ម កូដកម្ម​គ្រប់​មុខ​សញ្ញា នៃ​ក្រសួង​ការងារ​ បាន​កោះ​ហៅ ភាគី​សហជីព កម្មករ​ និង​សមាគម​ថៅកែ​រោងចក្រ ជួប​ប្រជុំ​ដាច់​ដោយឡែក​ពី​គ្នា ជាមួយ​មន្ត្រី​ក្រសួង​ការងារ។

មន្ត្រី​ច្បាប់​នៃ​សហជីព ស៊ីខៅឌូ លោក ស៊ាង យ៉ូត ប្រាប់​អាស៊ីសេរី ក្រោយ​កិច្ច​ប្រជុំ​ ថា ក្រុមហ៊ុន​ផ្ដាំ​តាម​ក្រសួង​ការងារ ថា នឹង​ទទួល​យក​សំណើ​របស់​កម្មករ ទៅ​ពិចារណា ប៉ុន្តែ​ជម្រើស​ចុង​ក្រោយ គឺ​មាន​តែ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។ លោក ស៊ាង យ៉ូត ថា​ កម្មករ​ ចង់​មាន​ការ​សម្របសម្រួល​នៅ​ក្រសួង​ការងារ ឬ នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ជា​ជាង​ប្រព័ន្ធ​តុលាការ ព្រោះ​កម្មករ​គ្មាន​ថវិកា​សម្រាប់​តតាំង​ក្ដី​នៅ​តុលាការ​ទេ៖ «»

ជម្លោះ​កម្មករ និង​ថៅកែ​នៅ​រោងចក្រ ដាប់ប៊ែលយូ អេនឌី ​បាន​អូស​បន្លាយ ២​ខែ​ហើយ ​ដោយ​សារ​ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​មិន​ទទួល​យក​កម្មករ​ជាង ១០០​នាក់ ឲ្យ​ចូល​ធ្វើការ​វិញ​ទេ ដោយ​​ចោទ​ថា ពួកគេ​ជា​ក្រុម​ញុះញង់​ឲ្យ​កម្មករ​ជាង ១.៧០០នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​កម្មករ​ជាង ១.៨០០រយ​នាក់ ចេញ​តវ៉ា។ កម្មករ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ថៅកែ អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ តាម​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារនោះ មាន​កម្មករ​ខ្លះព្រម​ចូល​ធ្វើការ​វិញ និង​មាន​កម្ម​ករ​ខ្លះ មិន​ព្រម​ចូល​ធ្វើការ​វិញ​ទេ។ កម្មករ​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ កម្មករ​ ដែល​មិន​ព្រម​ចូល​ធ្វើការ​វិញ នៅតែ​មាន​ចំនួន​ជាង​១ពាន់​នាក់។ ចំណែក​​សមាគម​ថៅកែ​រោងចក្រ​ ប្រកាស​កាល​ពី​ចុង​ខែមករា ថា ​កម្មករ​ភាគច្រើន បាន​ត្រលប់​ចូល​ធ្វើការ​តាម​ការ​អំពាវនាវ​ហើយ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន មិន​ទទួល​យក​កម្មករ​ ដែលជា​ក្រុម​ញុះញង់​ដាច់ខាត។

អគ្គលេខាធិការ​សមាគម​កាត់ដេរ​កម្ពុជា ឬ​ដែល​គេ​ស្គាល់​ថា ជា​សមាគម​ថៅកែ លោក ខេន លូ ប្រាប់​អាស៊ីសេរី ថា ដំណើរ​រឿង​នេះ បាន​ឡើង​ដល់​ដៃ​តុលាការ​ហើយ ដូច្នេះ​ គ្មាន​ការ​ចរចា​អ្វី​ក្រៅ​តុលាការ​ទេ គឺ​រង់ចាំ​តែ​ការ​សម្រេច​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​តែ​ប៉ុណ្ណោះ៖ «»

កម្មករ​ប្រាប់​ថា ការ​តវ៉ា​របស់​ពួកគេ​ពេល​នេះ​ គ្រាន់​តែ​ដើម្បី​បាន​ចូល​ធ្វើ​ការងារ​ក្នុង​រោងចក្រ​វិញ រក​ប្រាក់​កម្រៃ​​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ផ្គត់ផ្គង់​ក្មេង ចាស់​ជរា​ក្នុង​បន្ទុក​ប៉ុណ្ណោះ។ ពួក​គេ​គ្មាន​លទ្ធភាព​តតាំង​ក្ដី​ឈ្នះ​សមាគម​ថៅកែ​រោងចក្រ ​នៅ​តុលាការ​ទេ។ កម្មករ​អះអាង​ថា បើ​ថៅកែ​រោងចក្រ W&D ជ្រើសរើស​បែប​នេះ ជម្លោះ​មិន​អាច​បញ្ចប់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។