សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចាប់​ជនល្មើស​ដោយ​ខ្លួនឯង​កុំ​ចាំតែ​បញ្ជា​ពី​ថ្នាក់​លើ

0:00 / 0:00

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចាប់​ជនល្មើស​មិន​ថា​ជន​សាមញ្ញ​ឬ ជន​មាន​លុយ​មានអំណាច​នោះ​ទេ ពោល​គឺ​កុំ​រង​ចាំតែ​បញ្ជា​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន តែង​ចេញមុខ​បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ជន ល្មើស​ជា​បន្តបន្ទាប់ ដែល​ហាក់​បង្ហាញ​ថា កម្ពុជា​មានអំណាច​ប្រមូល​ផ្តុំ​តែ​បុគ្គល​ម្នាក់​ហើយ​មន្ត្រី​អនុវត្ត​ច្បាប់​ពិបាក​បំពេញ​តួនាទី​នៅ​ក្នុង​របប​មួយ​នេះ។

សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ឬ​មន្ត្រី​អនុវត្ត​ច្បាប់​គួរតែ​ចេះ​ទទួលខុសត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​កុំ​ចាំតែ​បញ្ជា​របស់​មេដឹកនាំ​កំពូលៗ​នៃ​របប​ក្រុងភ្នំពេញ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ជាតិ និង​ប្រជាជន​អាច​ទុក​ចិត្ត​បាន និង​ពឹងផ្អែក​បាន។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា នៅ​ពេល​ឃើញ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ខ្សោយ​ជាង​ការ​អនុវត្ត​បទបញ្ជា​បែបនេះ ធ្វើ​ឱ្យ​មាន​ការ​សង្ស័យថា​តើ​ច្បាប់​ទាំង​នោះ ពិបាក​អនុវត្តន៍ ឬ​មន្ត្រី​មាន​កម្សោយ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ឬ​ជនល្មើស​ទាំងនោះ​ខ្លាំង​ជាង​ច្បាប់ ព្រោះ​ជា​អ្នក​មាន​អំណាច មាន​លុយ ជាប់​សែស្រឡាយ​អ្នកធំ​ឬក៏​មន្ត្រី​ទាំងនោះ មាន​ចេតនា​មិន​ចង់​អនុវត្ត​ច្បាប់ ហើយ​រង់ចាំ​បញ្ជា​របស់​លោក ហ៊ុន សែន ដើម្បី​ធ្វើ​យក​គុណ​សម្បត្តិ​? លោក​បន្ត​ថា ការដែល​មន្ត្រី​អនុវត្ត​តាមតែ​បទបញ្ជា គឺ​បង្ហាញ​ពី​ទម្លាប់​មិនល្អ មិន​អនុវត្ត​តាមច្បាប់ និង​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ច្បាប់​មិន​តម្រូវ​ឱ្យ​មន្ត្រី​ត្រូវ​រង់ចាំ​បញ្ជា​ថ្នាក់ដឹកនាំ​កំពូលៗ​នោះ​ទេ ប្រសិនបើ ឃើញ​ថា មាន​បទល្មើស​កើតឡើង៖ «ច្បាប់​អត់​កំណត់​ឱ្យ​យើង​សម្លឹង​មើល​ថា ជនល្មើស​ជា​អ្នក​ណា​ទេ ? ជា​អ្នកមាន​អ្នកក្រ អ្នក​មាន​អំណាច​ឬ​អ្នក​អត់​អំណាច ខ្សត់ខ្សោយ​គឺ​គេ​អត់​បាន​គិត​អ៊ីចឹង​ទេ។ អ្នកណា​ក៏ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​ល្មើសច្បាប់​កម្ពុជា​ត្រូវតែ​ទទួលទោស​តាម​ផ្លូវ​ច្បាប់​ហើយ​អ្នក​អនុវត្ត​ច្បាប់​ដូចគ្នា គឺ​អត់​ចាំ​ថា​ជន​នោះ​មានអំណាច​ខ្លាំង​ខ្លួន​អត់​ហ៊ាន​ប្រើ​ច្បាប់​ទៅ​អនុវត្ត​បែរ​ជា​យក​ច្បាប់ ដូចគ្នា​ទៅ​អនុវត្ត​លើ​ប្រជាពលរដ្ឋ​ដែល​ខ្សត់​ខ្សោយ​ក្រីក្រ​ទាំងអស់​នោះ​គឺ​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​មានការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ»។

មាន​ករណី​ជាច្រើន​ដែល​បង្ហាញ​ថា មន្ត្រី​អនុវត្ត​ច្បាប់​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​ត្រឹមត្រូវ​និង ចាត់វិធានការ​ច្បាប់​នៅ​ពេល​ជនល្មើស គឺជា​អ្នក​មាន​អំណាច និង​មាន​លុយ ឬក៏​ជា​មន្ត្រី​នគរបាល​ដូចគ្នា​ហើយ​ទាល់តែ​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​រិះគន់​ខ្លាំង និង​ដឹង​លឺ​ដល់​លោក ហ៊ុន សែន និង​មាន​បញ្ជា​ចេញពី​មាត់​លោក ហ៊ុន សែន ជា​សាធារណៈ​ទើប​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ទាំង នោះ ចុះ​អនុវត្ត​ច្បាប់​សស្រាក់សស្រាំ និង​បង្ហាញ​ស្នាដៃ​តាម​ទំព័រ​ព័ត៌មាន​និង​កញ្ចក់​ទូរទស្សន៍។នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​ស​ន្តិភាព លោក យង់ គិមអេង យល់ថា ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ ការ​ចេញ​បទបញ្ជា​ពី​មេដឹកនាំ​កំពូលៗ​ដើម្បី​ឱ្យ​ចាត់វិធានការ​ច្បាប់​ទៅលើ​ក្រុម​ជនល្មើស​ដែល​មាន​អំណាច មានទ្រព្យ និង​មាន​ឥទ្ធិពល​គឺជា​រឿង​សំខាន់​ដែរ​ដើម្បី​កុំ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​តូចតាច​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​អនុវត្ត​ច្បាប់៖ «ចាំបាច់​ថ្នាក់លើ​ជួយ​អន្តរាគមន៍​ជួយ​គាត់​បន្ថែម​ទៀត ហើយ​នៅ​ពេល​ណា​ដែល​គាត់​យល់ថា នៅ​ពេល​គាត់​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​គឺ​គាត់​ច្បាស់​ណាស់​ថា ថ្នាក់លើ​គាត់​នឹង​ជួយ​ការពារ​គាត់​យ៉ាង​ពេញ​ដៃ​ពេញ​ជើង ដូច្នេះ​ការអនុវត្ត​ច្បាប់​នឹង​មាន​ប្រសិទ្ធភាព»។

បន្ថែម​ពី​នេះ​លោក យង់ គិមអេង កត់​សម្គាល់​ថា ការ​អន្តរាគមន៍​ជារឿយៗ​ពី​លោក ហ៊ុន សែន នេះ​គឺ​ហាក់​ដូច​ជា​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ខ្លី ដោយសារតែ​មន្ត្រី​មួយ​ចំនួន​មិនសូវ​យកចិត្តទុកដាក់​និង​មិន​មាន​អ្នកត្រួតពិនិត្យ។ លោក​បន្ត​ថា ដើម្បី​ធ្វើ​ឱ្យ​សង្គម​នេះ​កាន់តែ​ប្រសើរ និង​ពលរដ្ឋ​ស្ងប់ស្ងែង ព្រមទាំង​មាន​ប្រសិទ្ធភាព​ការងារ​ក្នុង​សង្គម​មួយ​នេះ មន្ត្រី​ទាំងអស់​គួរ​ចាប់​តែ​ផ្ដើម​ទម្លាប់​ប្រើ និង​អនុវត្ត​តាម​ផែនការ​គោលការណ៍ ឬ​ច្បាប់​ដែល​មាន​ស្រាប់​ឱ្យ​បាន​សកម្ម​ហើយ​គួរ​ចាប់ផ្ដើម​ជម្រុះ​ទម្លាប់​អង្គុយ​រង់ចាំ​តែ​បទបញ្ជា៖ «ខ្ញុំ​ឃើញ​ថា​ទី​១ ថ្នាក់លើ​ក៏​អត់​គាំទ្រ​នូវ​ទង្វើ​ខុសច្បាប់​ដែរ​ដូច្នេះ​មន្ត្រី​ទាំងអស់​ត្រូវ​ការ​រួសរាន់​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កុំ​ឱ្យ​កើតមាន ឬក៏​ចាប់​ជនល្មើស ឱ្យ​ទាន់​ពេលវេលា​ដើម្បី​ដាក់​ទោស​ទណ្ឌ​កុំ​ឱ្យ​បទល្មើស​នោះ​រីក​សាយភាយ​តទៅទៀត។ ទី​២ គាត់​ត្រូវ​មាន​ស្មារតី និង​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ដោយ​មិន​ត្រូវ​រង់ចាំ​មាន​សញ្ញា​ភ្លើង​ខៀវ ឬ​ក្រហម​នោះ​ទេ។ ទី​៣​ត្រូវតែ​មាន​យន្តការ​ការពារ​ដល់​មន្ត្រី​ទាំងនោះ​ឱ្យ​បាន​ច្បាស់លាស់​ដែរ ប៉ុន្តែ​ការពារ​ក្នុង​កាលៈទេសៈ​ដែល​គាត់​ចុះ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ។ អ៊ីចឹង​បើសិនជា​អាច​ធ្វើ​ប៉ុណ្ណឹង​បាន គឺ​មន្ត្រី​ថ្នាក់ក្រោម​នឹង​មាន​ឆន្ទៈ​រឹងមាំ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ធានា​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍»។

ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​សមត្ថកិច្ច​មិន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ជនល្មើស​រហូតដល់ លោក ហ៊ុន សែន ចេញ​បញ្ជា រួមមាន ករណី​បញ្ចប់​មុខ​ដំណែង​មេ​ប៉េអ៊ិម​ខេត្ត​រតនគិរី​លោក គឹម រស្មី និង​អភិបាលរង​ខេត្ត​ព្រះសីហនុ​សង្ស័យ​ពាក់ព័ន្ធ​រឿង​ពុករលួយ​និង​ជម្លោះដីធ្លី។ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក​ឧកញ៉ា គិត ធាង ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់ ;(Rock) ដោយសារតែ​សមត្ថកិច្ច​អះអាង​ថា រក​មិន​ឃើញ​មេខ្លោង។

ព្រឹត្តិការណ៍​ចុងក្រោយ​គឺ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់ខ្លួន​ជនល្មើស​បើក​រថយន្ត​ទំនើប​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់។ សង្គម​ស៊ីវិល​ថា សំណុំរឿង​ទាំងនេះ​គេ​ជឿ​ថា ប្រសិនបើ​គ្មាន​ការ​បញ្ជា​របស់​លោក ហ៊ុន សែន គឺ​ជនរងគ្រោះ​នៅតែ​រងគ្រោះ ហើយ​ជនល្មើស​នៅតែ​រួចខ្លួន​ពី​ច្បាប់​ដូច​សំណុំរឿង​អយុត្តិធម៌ សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀម បើក​រថយន្ត​បុក​ពលរដ្ឋ​ស្លាប់ ហើយ​រត់គេច​ជាដើម។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជាច្រើនលើក​ដើម្បី​សុំ​ការ​ឆ្លើយ​តប ប៉ុន្តែ​មិន​មាន​អ្នកទទួល​ទូរស័ព្ទ។ ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​ឱ្យ​ជំនួយ​ការ​ទទួល​ទូរស័ព្ទ និង​ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ​៖ «អធ្យាស្រ័យ​គឺ​ខ្ញុំ​ជា​ជំនួយការ​គាត់​ទេ ហើយ​គាត់​កំពុង​ជាប់រវល់​ប្រជុំ»។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ និង​អំណាច​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ឱ្យ​ស្របតាម​តួនាទី​និង​ធានា​ការពារ​កុំ​ឱ្យ​ពួកគាត់​ភ័យខ្លាច​និង​ព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​នានា​នៅ​ពេល​ពួកគាត់​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ប៉ះ​ចំ​ក្រុម​មនុស្ស​មានអំណាច និង​មាន​ឥទ្ធិពល។

លោក ស៊ឹង សែនករុណា សម្គាល់​ឃើញ​ដែរ​ថា ការ​ជួយ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​តែមួយ​ករណី​ឬ​ពីរ​ករណី​នេះ​មិនទាន់​បង្ហាញ​ពី​ឆន្ទៈ​ចង់​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព​ឡើយ​៖ «ឃើញ​ថា​ការអនុវត្ត​នេះ​ដូចជា​អត់​ទាន់​ឆ្លើយតប​ទៅ​នឹង​ឆន្ទៈ​នៃ​ការ​បំបាត់​នូវ​វប្បធម៌​និទ្ទណ្ឌភាព​នៅឡើយ​ទេ ព្រោះថា​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​នោះ ដូច​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង គឺ​គាត់​អនុវត្ត​ដោយ​សម្លឹង​ទៅលើ​ប្រភេទ​មនុស្ស​ដែល​ប្រព្រឹត្ត​នៅ​បទល្មើស​នោះ ដែល​ធ្វើ​ឱ្យ​គាត់​ភ័យខ្លាច​ក្នុង​ការ​ចាត់វិធានការ ប្រសិនបើ​ជន​ទាំងអស់​នោះ មានអំណាច​ខ្លាំង។ ដូច​កន្លង​មក​នេះ មាន​មន្ត្រី​ថ្នាក់ដឹកនាំ​ធំៗ​ដែល​គាត់​ធ្លាប់​ប្រើ​ឥរិយាបថ​គំរាម​នៅ​ក្នុង​បណ្ដាញ​សង្គម ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អី ដែល​មាន​ភស្តុ​តាំង​មានអី​ត្រឹមត្រូវ យើង​ឃើញ​ថា អត់​មាន​ចាត់វិធានការ​ទេ។ ដោយឡែក​បើសិនជា​អ្នក​ទាំងអស់​នោះ ជា​អ្នក​នៅ​ក្នុង​ក្រុម​ណាមួយ​ដែល​មាន​មតិ​ជំទាស់​ទៅ​នឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល គឺ​យើង​ឃើញ​ថា​មាន​ការ​ចាត់វិធានការ​អី​ជាដើម​អ៊ីចឹង​ទៅ»។

អ្នកវិភាគ​នយោបាយ​និង​សង្គម លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា នគរបាល​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​យល់ដឹង​ពី​តួនាទី និង​ករណីកិច្ច​ដើម្បី​ចាប់​ជន​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ ដូច្នេះ​ថ្នាក់​នាំ​កំពូល ៗ​មិន​ចាំបាច់ ចេញមុខ​បញ្ជា​ពួកគេ​នោះ​ទេ ទុកឱ្យ​ពួកគេ​ធ្វើការ​ខ្លួនឯង​វិញ​ល្អ​ជាង។ ម្យ៉ាងវិញទៀត ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ពួកគេ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា​មេៗ​នគរបាល​ដែល​សុទ្ធតែ​ឧត្ដមសេនីយ៍​មានចំណេះ​ខ្ពង់ខ្ពស់​និង​មាន​បទ​ពិសោធន៍​ច្រើន មានគំនិត​ជា​ម្ចាស់​គេ ត្រូវ​ចេះ​ធ្វើការ​ងា​ខ្លួនឯង​កុំ​រង​ចាំតែ​បញ្ជា​ទើប​ធ្វើ។លោក​បណ្ឌិត បញ្ចេញមតិ​ទៀត​ថា ថ្នាក់ដឹកនាំ​កំពូលៗ​គួរ​គ្រាន់តែ​ជួយ​គាំទ្រ​ពួកគេ​ពីក្រោយ​ជួយ​ផ្តល់​​មធ្យោបាយ​គ្រប់គ្រាន់​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ និង​ចាំ​វាយតម្លៃ​ការងារ​ពួកគេ​វិញ​ល្អ​ជាង។ លើសពីនេះ មេដឹកនាំ​កំពូលៗ​គួរ​ផ្ចង់​អារម្មណ៍​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ទើប​ជា​រឿង​សំខាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។