កម្មកររោងចក្រមួយនៅអង្គស្នួលបន្តចេញបាតុកម្មមុខរោងចក្រទាមទារឱ្យផ្លាស់ប្ដូររដ្ឋបាល
កម្មកររោងចក្រ ប៊ូវឃ័រ (Bowker Garment Factory) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បន្តចេញធ្វើបាតុកម្មមុខរោងចក្រ ទាមទារឱ្យផ្លាស់ប្ដូរប្រធានរដ្ឋបាលរោងចក្រចេញ។ កម្មករនិយាយថា ប្រធានរដ្ឋបាលរោងចក្របានបង្កការលំបាក និងបណ្ដេញកម្មករចេញដោយគ្មានហេតុផល ទើបពួកគេ បាតុកម្មទាមទារឱ្យថៅកែរោងចក្របញ្ឈប់ប្រធានរដ្ឋបាលនោះ។
កម្មការិនីម្នាក់ អ្នកស្រី លី ផល្លា ប្រាប់ថា ដើមចមដំបូង គឺមានមូលហេតុ៣ ដែលកម្មករនាំគ្នាតវ៉ា គឺ ប្រធានរដ្ឋបាលបញ្ឈប់កម្មករគ្មានហេតុផល កាត់លុយកម្មករចំនួន១ពាន់ (១.០០០) រៀល រាល់ពេលកម្មករចេញពីធ្វើការមុនម៉ោង និងធ្វើឱ្យបាត់លុយប៉ូវរបស់កម្មករ។
ថ្លែងប្រាប់អាស៊ីសេរីតាមទូរស័ព្ទ ពីកន្លែងធ្វើបាតុកម្មមុខរោងចក្រ នៅថ្ងៃទី១២ កក្កដា កម្មការិនីរូបនេះ ឱ្យដឹងថា ការតវ៉ាច្រើនថ្ងៃមកនេះ មានមន្ត្រីក្រសួងការងារ និងមន្ទីរការងារនៅខេត្តកណ្ដាល មកជួយសម្របសម្រួលដែរ តែគ្មានលទ្ធផល ដែលអាចទទួលយកបានទេ ដោយសារ កម្មករទាមទារឱ្យបញ្ឈប់ប្រធានរដ្ឋបាលដាច់ខាត ឯខាងក្រុមហ៊ុនទាមទារឱ្យរក្សាទុកប្រធានរដ្ឋបាលដាច់ខាតដែរ៖ «បញ្ហាជាច្រើន ដែលមិនពេញចិត្តនឹងរដ្ឋបាលហ្នឹង ដោយសារតែគាត់ ចំណុចទី ១ហ្នឹង គាត់បញ្ឈប់កម្មករ ដោយគ្មានហេតុផល។ នៅតែមិនអស់ចិត្ត ពេលព្រឹកខាងមន្ត្រីក្រសួងការងារម្នាក់ចេញមកថា បញ្ឈប់ហើយ។ ដល់ល្ងាច ម្នាក់ទៀតថា អត់បញ្ឈប់ទេ»។
កម្មកររោងចក្រប៊ូវឃ័រ ហ្គាមិន ហ្វេកតូរី (Bowker Garment Factory) ជាង ១ពាន់ (១ ០០០)នាក់ បានប្រមូលផ្ដុំគ្នា ផ្ដើមតវ៉ាតាំងពី ថ្ងៃច័ន្ទ ទី៨ កក្កដាមក ដោយធ្វើបាតុកម្មមុខរោងចក្រ។
រោងចក្រប៉ូវឃ័រ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល។ រោងចក្រនេះ មានកម្មករសរុបជាង ៤ពាន់នាក់ ហើយមានសហជីពមូលដ្ឋានចំនួន៤។ កម្មករ ជាង១ពាន់នាក់ កំពុងតវ៉ាមុខរោងចក្រ ជាសមាជិករបស់សហជីពអភិវឌ្ឍន៍កម្ពុជា។ ចំណែកក្រុមកម្មករប្រហែល៣ពាន់នាក់ផ្សេងទៀត មិនបានចេញតវ៉ាទេ ដោយសារពួកគេអះអាងថា ការតវ៉ារបស់ក្រុមសហជីពអភិវឌ្ឍន៍កម្ពុជា គឺពួកគេមិនពេញចិត្តប្រធានរដ្ឋបាល មិនមែនជាបាតុកម្មទាមទារផលប្រយោជន៍រួមឱ្យកម្មកររោងចក្រទេ។
អាស៊ីសេរី បានទូរស័ព្ទ ទៅសុំការបំភ្លឺពីខាងភាគីប្រធានរដ្ឋបាលរោងចក្រ ប៉ូវឃ័រ លោក យង់ គង់ តាមលេខទូរស័ព្ទដែលកម្មករ និងអ្នកសារព័ត៌មានក្នុងស្រុកផ្ដល់ឱ្យ តែអ្នកលើកទូរស័ព្ទ ប្រាប់ថាច្រឡំលេខ។
អាស៊ីសេរី ក៏មិនអាចសុំការបញ្ជាក់ពីខាងភាគីក្រសួងការងារ គឺ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមរោងចក្រ លោក ទេស រុក្ខាផល និងអនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញា លោក អ៊ូ រតនា ដែលបានចុះទៅដោះស្រាយផ្ទាល់នៅរោងចក្រនោះក៏មិនអាចទាក់ទងបានដែរ ដោយសារ លោកមិនទទួលទូរស័ព្ទ។
ប៉ុន្តែលោក អ៊ូ រតនា ប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា ការចរចារកដំណោះស្រាយជាមួយភាគីរោងចក្រ និងតំណាងកម្មករ គឺ ដោះស្រាយបានច្រើនចំណុចហើយ នៅសល់ចំណុចតិចតួចប៉ុណ្ណោះ។
តែតំណាងកម្មករម្នាក់ ក្នុងចំណោមជាង១០នាក់ ដែលចូលរួមប្រជុំរកដំណោះស្រាយជាមួយភាគីថៅកែរោងចក្រ និងតំណាងក្រសួងការងារ នៅព្រឹកថ្ងៃទី១២ កក្កដា អ្នកស្រី ស៊ុន ស្រីនាង ឱ្យដឹងថា កិច្ចប្រជុំប៉ុន្មានថ្ងៃមកនេះ គ្មានលទ្ធផលអ្វីទេ ដោយសារភាគីថៅកែ ទាមទាររក្សាទុករដ្ឋបាលដដែល ឯតំណាងកម្មករទាមទារដកប្រធានរដ្ឋបាលចេញដាច់ខាត។
អ្នកស្រី ស៊ុន ស្រីនាង ប្រាប់ថា ដោយសារភាគីទាំងពីរនៅជម្នះបែបនេះ ខាងមន្ត្រីក្រសួងការងារ មិនទាន់សម្រេចបែបណាទេ ហើយក៏មិនទាន់កំណត់ពេលវេលាចរចាបន្តទៀត នៅពេលណាដែរ៖ «អត់ទាន់ដឹងទេ អត់ទាន់ដឹងទេអូន។ ប៉ុន្តែខាងរោងចក្រគាត់មានគោលជំហរមួយថា មិនព្រមដករដ្ឋបាលទេណា។ តែខាងកម្មករ ក៏គាត់មានគោលជំហរមួយដែរ គឺថា បើមិនដក កម្មករក៏មិនព្រមចូលធ្វើការដែរ។ បងប្អូនកម្មករថា ទទួលយកលែងបានហើយ»។
រោងចក្រនេះ មានថៅកែ ជាជនជាតិចិន ហើយកាត់ដេរខោអាវកីឡា ម៉ាក អេឌីដាស់ (Adidas) នាំចេញទៅទីផ្សារនៅអឺរ៉ុប។ កម្មករ ថា ពួកគេនឹងបន្តការតវ៉ានៅមុខរោងចក្របន្តទៀត មុននឹងសម្រេចចិត្តទៅស្នើសុំកិច្ចអន្តរាគមន៍នៅតាមស្ថាប័នរដ្ឋផ្សេងទៀត៕