កម្មករកម្មការិនីភាគច្រើន វិលចូលក្រុងវិញនៅថ្ងៃទី១៨ តុលា ដើម្បីបន្តការងារបន្ទាប់ពីបានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាងមួយសប្ដាហ៍កន្លងមក។ ពួកគាត់ត្រូវធ្វើដំណើរតាមរថយន្តឈ្នួលតូចៗ ដឹកទំនិញសំពីងសំពោងចូលមកទីក្រុងភ្នំពេញតាមផ្លូវជាតិនានា ប៉ុន្តែតម្លៃរថយន្តឈ្នួលពេលជិះវិលត្រឡប់មកនេះ គឺថ្លៃលើសពីថ្ងៃធម្មតា។
កម្មករកម្មការិនីដែលនាំគ្នាសម្រុកចូលរាជធានីភ្នំពេញវិញ នៅថ្ងៃអាទិត្យ ទី១៨ តុលា ដែលជាថ្ងៃឈប់សម្រាកចុងក្រោយ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានបញ្ចប់ ពួកគាត់ភាគច្រើនជិះឡានប្រជ្រៀតគ្នា។
ស្របពេលដែលកម្មករកម្មការិនីវិលមកកាន់ផ្ទះជួលរៀងៗខ្លួនវិញនេះ ពួកគាត់ខ្លះត្អូញថា ម្ចាស់រថយន្តឆ្លៀតដំឡើងថ្លៃឈ្នួលរថយន្តប្រាំពាន់រៀល ឬមួយដុល្លារម្ភៃប្រាំសេនក្នុងមនុស្សម្នាក់ លើសតម្លៃធម្មតា។
កម្មករសំណង់មួយរូបមកពីស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក ភិន ផាន មានប្រសាសន៍ថា ការដំឡើងថ្លៃរថយន្តឈ្នួលប្រាំពាន់រៀលនេះ ហាក់ច្រើនគួរសមសម្រាប់កម្មករដូចជារូបលោក ដែលទទួលបានប្រាក់ខែទាបនៅឡើយនេះ៖ «គេឡើងថ្លៃប្រាំពាន់រៀល។ ធម្មតាត្រឹមតែមួយម៉ឺនប្រាំទេ ហើយឥឡូវគេឡើងដល់ពីរម៉ឺន មិនដឹងមូលហេតុដែរទេ។ តម្លៃដូចឡាននៅស្រុកគេ ទោះបីជាបុណ្យទានយ៉ាងម៉េច ក៏នៅតម្លៃដដែល អត់មានឡើងថ្លៃទេ ថ្ងៃធម្មតាយ៉ាងម៉េច គឺអ៊ីចឹង។ ដល់យើងឡើងអ៊ីចឹង សម្រាប់ពួកខ្ញុំកម្មករ (ប្រាំពាន់រៀល) ច្រើនដែរបង!»។
លោក ភិន ផាន បន្តថា ទោះជាម្ចាស់ឡានដំឡើងថ្លៃដូច្នេះក្ដី ក៏លោកត្រូវតែបង្ខំចិត្តជិះ ពីព្រោះលោកមិនមានមធ្យោបាយធ្វើដំណើរណាផ្សេងដែលប្រសើរជាងនេះទេ។
ទន្ទឹមគ្នានឹងការត្អូញត្អែរនេះដែរ មានកម្មការិនីជាអ្នកដំណើរខ្លះទៀត ដូចជា កញ្ញា យី វី និងអ្នកស្រី ខៃ សូត ចាត់ទុកថា ការដំឡើងថ្លៃឈ្នួលរថយន្តប្រាំពាន់រៀលនេះ សម្រាប់ពួកគាត់អាចទទួលយកបាន។ កម្មករម្នាក់ទៀត គឺលោក ផន ឈាន បន្ទរថា តម្លៃនេះសមល្មម ព្រោះនៅថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកចុងក្រោយនេះ មានអ្នកដំណើរវិលមកវិញច្រើន ដើម្បីចូលធ្វើការវិញនៅថ្ងៃច័ន្ទ ទី១៩ តុលា៖ «និយាយរួមទៅ មនុស្សវាច្រើនអ៊ីចឹង បើយើងមិនជិះ វាអត់បានជិះមក។ វាអត់ជម្រើស ព្រោះយើងត្រូវដល់ថ្ងៃធ្វើការហើយ ស្អែកថ្ងៃច័ន្ទ។ បើតម្លៃមួយម៉ឺនប្រាំ (១៥.០០០) រៀល អាចត្រឹមបេន ឬត្រឹមក្បាលថ្នល់ អាហ្នឹងតម្លៃធម្មតាមួយម៉ឺនប្រាំ។ បើទៅដល់ផ្ទះ គេយកពីរម៉ឺនជូនទៅដល់ផ្ទះ។ ផ្ទះយើងនៅទួលសង្កែ ដាក់ដល់ទួលសង្កែ។ ពេលមក ក៏គេជូនដល់ផ្ទះ ជូនមកដល់នេះ ក៏ជូនដល់ផ្ទះដែរ។ តម្លៃពីរម៉ឺនជាតម្លៃសមរម្យ»។
កាលពីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តឈ្នួល កុំឲ្យដំឡើងថ្លៃឈ្នួលខ្ពស់ហួសហេតុ ពេលកម្មករសម្រុកចូលក្រុង ដើម្បីមកធ្វើការវិញ។ ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់កុំឲ្យម្ចាស់រថយន្តឈ្នួលដំឡើងថ្លៃពេលពិធីបុណ្យភ្ជុំនេះ ត្រូវអ្នកវិភាគនយោបាយមើលឃើញថា ជាការអំពាវនាវគ្មានប្រសិទ្ធភាពឡើយ ព្រោះរដ្ឋាភិបាលគ្មានយន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ ពោលគឺការអំពាវនាវនេះមិនមែនជាបញ្ជា ឬមិនមែនជាច្បាប់នោះឡើយ។
ឆ្លើយតបនឹងការយកថ្លៃលើសតម្លៃធម្មតានៅពេលកម្មករសម្រុកចូលមករាជធានីភ្នំពេញនេះ ម្ចាស់រថយន្តឈ្នួលមកពីខាងខេត្តស្វាយរៀង គឺលោក ដួង សារ៉ុម បញ្ជាក់បន្ថែមថា ដោយសារតែលោកត្រូវទៅទទួល និងដាក់អ្នកដំណើរដល់ទីកន្លែង គួបផ្សំនឹងតម្លៃសាំងនៅតែថ្លៃ ទើបលោកសម្រេចចិត្តដំឡើងបែបនេះ៖ «ហួសស្វាយរៀង ចុះទៅតាមផ្លូវលំទៀត ឆ្ងាយ។ ពីរម៉ឺន ខ្ញុំដើរជូនដល់ឆ្ងាយៗណាស់ ដល់គីឡូម៉ែត្រលេខ៦ លេខ៩ អី មិនដូចគេបេនទេ។ នេះយើងដើរជូនដល់កន្លែង ដល់ផ្ទះ»។
ចំណែកតម្លៃខាងរថយន្តក្រុងពីខេត្តខ្លះ ដូចជាក្រុមហ៊ុន កាពីតូល ពីខេត្តបាត់ដំបង មកភ្នំពេញ គឺនៅតម្លៃ ២ម៉ឺន ២ពាន់រៀលដដែល។
រហូតមកដល់ថ្ងៃទី១៨ តុលា រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងភាគច្រើនបំផុត នៅមិនទាន់បើកដំណើរការវិញទេ បន្ទាប់ពីបានអនុញ្ញាតឲ្យកម្មករកម្មការិនី ឈប់សម្រាកសម្រាប់បុណ្យភ្ជុំបិណ្ឌកាលពីដើមសប្ដាហ៍មុន។ កម្មករកម្មការិនីរោងចក្រឈប់សម្រាកពីការងាររយៈពេលជាងមួយសប្ដាហ៍ គឺចាប់តាំងពីថ្ងៃទី១១ តុលា មក។
ការដំឡើងតម្លៃថ្លៃឈ្នួលដឹកជញ្ជួននេះ ជាទូទៅត្រូវគេមើលឃើញថា ម្ចាស់រថយន្តឈ្នួលតែងតែដំឡើងថ្លៃនៅរៀងរាល់ពិធីបុណ្យទានធំៗ ដូចជាពិធីបុណ្យភ្ជុំ ពិធីចូលឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
