ក្រុមកម្មករសំដែងក្តីបារម្ភ ក្រោយក្រសួងការងារប្រកាសលើកពេលឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំខ្មែរដោយលើកហេតុផលថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ មន្ត្រីសហជីពថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ក្រុមកម្មករដែលប្រទេសកម្ពុជាបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំខ្មែរជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។
កម្មករនៅរោងចក្រកាត់ដេរសំលៀកបំពាក់ម្នាក់ មានទីតាំងក្នុងខណ្ឌដង្កោក្រុងភ្នំពេញលើកឡើងថា ក្រោយពីបានឃើញសេចក្ដីជូនដំណឹងពីក្រសួងការងារមិនឱ្យកម្មករឈប់ចូលឆ្នាំថ្មីរយៈពេលបួនថ្ងៃនោះ។ក្រុមកម្មករនៅរោងចក្ររបស់លោកនាំគ្នាជ្រួលច្របល់ នឹងមិនសុខចិត្តទៅនឹងសេចក្ដីសម្រេចនេះទេ។
លោកនិយាយថា បើទោះបីជាក្រសួងការងារមិនអនុញ្ញាតឱ្យក្រុមកម្មករបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំក៏ដោយ ក៏លោកនឹងក្រុមកម្មករភាគច្រើនបានសម្រេចចិត្តរួចហើយថា មិនទៅធ្វើការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរទេ ទោះបីជាខាងថៅកែរោងចក្រកាត់ប្រាក់ខែពួកគេប៉ុន្មានក៏ដោយ៖ «ក្រសួងចេញសេចក្ដីប្រកាសមកគាត់ផ្អើលឈុលតែម្ដង ហើយគាត់មិនមានអារម្មណ៍ធ្វើការម្នាក់ៗគាត់ផ្អាកការងារប្រហែលកន្លះម៉ោងទៅមួយម៉ោងពីព្រោះគាត់គិតថា គាត់អត់មានអារម្ភទៅធ្វើការ។គាត់ថា បើសិនជារដ្ឋាភិបាលព្រួយបារម្ភពីរឿងហ្នឹង ម៉េចក៏មិនឱ្យឈប់មួយខែ ឬ ពីរខែដើម្បីឱ្យជំងឺហ្នឹងវាបានធូរស្រាលទៅ ចាំឱ្យពួកគាត់ចូលធ្វើការវិញអាហ្នឹងវាប្រសើរជាង។ អាហ្នឹងបងប្អូនកម្មករគាត់និយាយអ៊ីចឹង លោកពូ»។
ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៧ មេសា បានជូនដំណឹងដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិកទាំងអស់ត្រូវលើកពេលឈប់សម្រាកចំនួន៤ ក្នុងឧកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ដោយសារតែរដ្ឋាភិបាលចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីត១៩ ដែលកំពុងរីករាលដាលនៅលើសកលលោក។
ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ក្រសួងនឹងកំណត់សងថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដល់ក្រុមកម្មករនិងនិយោជិកវិញ តែមិនបានកំណត់ថ្ងៃពិតប្រាកដទេ គ្រាន់តែបានបញ្ជាក់ថា នឹងជូនដំណឹងនេះនៅពេលខាងមុខ។
តំណាងសហជីពមួយចំនួនដែលសកម្មករក្នុងការការពារសិទ្ធិដល់ក្រុមកម្មករក៏មិនយល់ស្របនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារផងដែរ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បញ្ជាក់ថា សេចក្ដីជូនដំណឹងរបស់ក្រសួងការងារហាក់បីដូចជាមិនសមស្របទាល់តែសោះ ពីព្រោះនៅក្នុងកាលៈទេសៈនេះ បើមើលពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជាហាក់បីដូចជាពុំមានកំណើនខ្លាំងក្លា រហូតដល់លើកពេលឈប់សម្រាករបស់ក្រុមកម្មករនោះទេ។
លោកបញ្ជាក់ថា គួរតែក្រសួងការងារអនុញ្ញាតឱ្យក្រុមកម្មករបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារនៅស្រុកកំណើតរៀងៗខ្លួនដើម្បីចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំនៅតាមបណ្ដារោងចក្រប្រសើរជាង៖ «ចំពោះទស្សនៈរបស់ខ្ញុំរដ្ឋាភិបាលក៏ដូចជាក្រសួងការងារគួរតែឱ្យបងប្អូនក្រុមកម្មករ កម្មការិនីបានឈប់សម្រាកដើម្បីចូលរួមអបអរសារទរចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរយើងទាំងអស់គ្នាគ្រាន់តែថា យើងត្រូវចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីប្រឆាំងទៅនឹងការរីករាលដាលនៅមេរោគកូរ៉ូណានេះ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន បញ្ចាក់ថា ការសម្រេចភ្លាមៗរបស់ក្រសួងការងារធ្វើឱ្យកម្មករមានការលំបាកដោយសារតែកម្មករមួយចំនួនបានសុំច្បាប់ឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំ ហើយក៏មានក្រុមកម្មករខ្លះបានទៅលេងស្រុកកំណើតរួចទៅហើយ៖ «យើងមិនមានអ្វីដែលជាគំនិតជំទាស់ទេ ពីព្រោះនេះជាសេចក្ដីសម្រេចរបស់រដ្ឋាភិបាលពីព្រោះនៅក្នុងពេលនេះរដ្ឋាភិបាលជាអ្នកគ្រប់គ្រងស្ថានការណ៍នៃជំងឺហ្នឹងហើយយើងក៏គិតថា ការការពារវាប្រសើរជាងការព្យាបាល ហើយគ្រាន់តែថា វាមិនដែលមានស្ថានភាពបែបហ្នឹង។ ដល់ពេលមានបែបហ្នឹងវាពិបាកសម្រាប់ពេលភ្លាមៗ ហើយយើងមើលហើយថា បើសិនជាធ្វើរៀងយូរថ្ងៃដូចជានៅថៃ អីប្រហែលជាអាចល្អជាង»។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ មានប្រសាសន៍ថា ការយកលេសនៃការរាតត្បាតនៃជំងឺកូវីដ១៩ដើម្បីលើកពេលការឈប់សម្រាករបស់ក្រុមកម្មករ លោកមិនគាំទ្រទេ ដោយសារថ្ងៃចូលឆ្នាំខ្មែរគឺជាពេលជួបជុំដ៏សំខាន់៖ «ការមិនគាំទ្រដោយសារតែនេះជាប្រពៃណីតាំងពីបុរាណមកតែម្ដងដែលយើងជាទូទៅនៅថ្ងៃទី១២ ១៣ ១៤ យើងចូលឆ្នាំប្រពៃណីខ្មែរតែម្តងនេះជាប្រពៃណីផ្នែកព្រះពុទ្ធសាសនាដែរ»។
អាស៊ីសេរីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេដោយសារតែលោកមិនលើកទូរស័ព្ទ។
ចំណែកអគ្គលេខាធិការសមាគមកាត់ដេរកម្ពុជា លោក ខែន លូ វិញ បានគាំទ្រទៅនឹងវិធានការរបស់រដ្ឋាភិបាល។ លោកបញ្ជាក់ថា ការលើកពេលឈប់សម្រាកនេះនឹងអាចជួយកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៖ «ហេតុផលអាហ្នឹងទុកឱ្យរដ្ឋាភិបាលគេគិតគូរ ប៉ុន្តែអ្វីដែលជាអនុសាសន៍របស់រដ្ឋាភិបាលយើងគាំទ្រ យើងរកស៊ីនៅស្រុកខ្មែរ យើងត្រូវតែអនុវត្តតាមច្បាប់នៅស្រុកខ្មែរពេលខ្លះ»។
ក្រសួងការងារជារៀងរាល់ឆ្នាំបានចេញសេចក្តីជូនដំណឹងឱ្យក្រុមកម្មករ និងនិយោជិកបានឈប់សម្រាប់នៅថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យប្រពៃណីជាតិផ្សេងៗ។ ប៉ុន្តែសម្រាប់ឆ្នាំនេះដោយសារកម្ពុជាក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រសួងការងារក៏បានសម្រេចលើកពេលឈប់សម្រាក ដោយលើកពេលទៅថ្ងៃក្រោយវិញ។
គិតត្រឹមថ្ងៃទី៧ មេសា កន្លងទៅនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ថ្មីម្នាក់ទៀតទៅលើស្ត្រីទេសចរណ៍ជនជាតិវៀតណាមអាយុ ១៧ឆ្នាំ ដែលធ្វើឱ្យចំនួនអ្នកមានជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន១១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។