ក្រុមកម្មករជិត១០០នាក់ ធ្វើការនៅការដ្ឋានបុរី ជេង ជីង ២ (Cheng Ching II) នៅខេត្តកំពង់ស្ពឺ ផ្ទុះការតវ៉ា កាលពីថ្ងៃទី១៦ ខែកក្កដា ដោយសារថៅកែចិន មិនបើកប្រាក់ខែឱ្យ។
ភ្នាក់ងារព័ត៌មានហ្វ្រេសញូវ (Fresh News) ដែលបានដកស្រង់ប្រសាសន៍របស់តំណាងកម្មករ លោកស្រី សុខ ចន្នី ឱ្យដឹងថា កម្មករជិត ១០០នាក់ទាំងនោះ បានចូលធ្វើការនៅការដ្ឋានសំណង់ផ្ទះល្វែង កាលពីអំឡុងដើមឆ្នាំ២០១៨។ ក៏ប៉ុន្តែប៉ុន្មានខែមុននេះ ថៅកែជនជាតិចិនតៃវ៉ាន់ឈ្មោះ ហ័ង គួយអ៊ី និងឈ្មោះ តៃ ឆាងអ័រ បានដេញកម្មករទាំងអស់ចេញពីការដ្ឋាន ដោយមិនព្រមបើកប្រាក់ខែឱ្យនិងមិនព្រមជួបដោះដោះស្រាយជាមួយកម្មករ។
លោកស្រី សុខ ចន្នី បានឱ្យដឹងទៀតថា លុយដែលក្រុមហ៊ុន បុរី CHENG CHING II ជំពាក់ពួកគាត់ប្រមាណជិត ៨០ម៉ឺនដុល្លារ។ មកដល់ពេលនេះ ថៅកែចិនឈ្មោះ ហ័ង គួយអ៊ី និងឈ្មោះ តៃ ឆាងអ័រ មិនត្រឹមតែមិនអនុញ្ញាតឱ្យពួកគាត់ចូលជួបដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដកហូតសម្ភារៈ និងគ្រឿងចក្រសម្រាប់ធ្វើសំណង់ របស់ពួកគាត់ទាំងអស់។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងថៅកែជនជាតិចិនតៃវ៉ាន់ ម្ចាស់បុរី ជេង ជីង ២ បាននៅឡើយទេ ជុំវិញការទាមទារបើកប្រាក់ខែ របស់កម្មករសំណង់ទាំងនោះ។ ក្រុមកម្មករអះអាងថា ពួកគេអត់ស្គាល់មុខថៅកែក្រុមហ៊ុនបុរីទេ គ្រាន់តែបានដឹងថា ម្ចាស់បុរីនេះមានច្បាប់សាងសង់សំណង់ផ្ទះល្វែង ដោយសុំការអនុញ្ញាតពីថ្នាក់លើ។ ចំណែកមន្ត្រីអាជ្ញាធរឃុំកាហែង និងនគរបាលប៉ុស្តិ៍រដ្ឋបាល បានណែនាំដល់ឱ្យកម្មករ ទៅដាក់ពាក្យប្ដឹងនៅស្ថាប័នពាក់ព័ន្ធ ដើម្បីជួយដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។