កម្មករ​នៅ​ស្វាយរៀង​ព្រម​ធ្វើ​ការ​វិញ​បន្ទាប់ពី​ក្រុមហ៊ុន​ព្រម​ផ្ដល់​ប្រាក់​ឈ្នួល​ថ្ងៃ​បោះឆ្នោត

សន ចាន់រដ្ឋា
2018.08.11
Share on WhatsApp
Share on WhatsApp
ផែនទី​ខេត្ត​ស្វាយរៀង ៨៥៥ ផែនទី​ខេត្ត​ស្វាយរៀង។
Photo: RFA

កម្មករ​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង ព្រម​ចូល​ធ្វើ​ការ​វិញ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា បន្ទាប់ពី​ថៅកែ​រោងចក្រ ព្រម​ផ្ដល់​ប្រាក់​ឈ្នួល នៅ​ថ្ងៃ​ឈប់​សម្រាក ទៅ​បោះឆ្នោត និង​ផ្ដល់​លក្ខខណ្ឌ​ការងារ​មួយ ចំនួន​ទៀត។

ភាគី​កម្មករ និង​ថៅកែ​រោងចក្រ សេង យ៉ាវ ដែល​ស្ថិតនៅ​ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង បាន​ព្រម​ផ្សះផ្សា​គ្នា​ហើយ កាលពី​ថ្ងៃ​ទី១០ ខែ​សីហា ក្រោយ​ពី​កម្មករ​ប្រមាណ ១​ពាន់ ៤រយ​នាក់ ផ្ទុះ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ ការងារ និង​ទាមទារ​កុំ​ឲ្យ​កាត់​ប្រាក់​ឈ្នួល ក្នុងអំឡុងពេល​ឈប់​សម្រាក​ទៅ​បោះឆ្នោត។

ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក ហាស់ ប៊ុនធី ឲ្យ​អាស៊ីសេរី​ដឹង​ថា តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន បាន​ជួប​ចរចា​ត្រូវរ៉ូវ​គ្នា​ទាំងស្រុង នៅ​ម៉ោង​១០​ព្រឹក កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា​នោះ ហើយ​កម្មករ ក៏​បាន​ព្រម​ចូល ធ្វើការ​តាំង​ពី​ព្រឹក​ដែរ។ លោក​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នោះ មាន​ចំនួន ១៥​ចំណុច រួមមាន​ភាគី​ក្រុមហ៊ុន ព្រម​ផ្ដល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិក ដែល​ទៅ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ស្របតាម​ប្រកាស​របស់​ក្រសួង​ការងារ។ ភាគី​ទាំងពីរ ព្រមព្រៀងគ្នា​ថា ការ​ធ្វើការ​ថែម​ម៉ោង ត្រូវ​ឈរ​លើ​គោលការណ៍ ស្ម័គ្រចិត្ត និង​គ្មាន​ការ​បង្ខិតបង្ខំ ហើយ​គ្មាន​ការ​គុំកួន​កម្មករ និង​មិន​មានការ​គាប​សង្កត់​កម្មករ​ណា​ម្នាក់​ឡើយ។ លើស​ពី​នេះ ភាគី​ទាំងពីរ ព្រមព្រៀងគ្នា រក្សា​ចំនួន​ផលិត​នៅ​ដដែល ហើយ​ករណី​កម្មករ​ណា​ម្នាក់​ធ្វើ​មិន​ដល់​ចំនួន​គោលដៅ ក្រុមហ៊ុន មិន​ព្រមាន ឬ​បញ្ឈប់​កម្មករ​នោះ​ទេ ដោយ​ក្រុមហ៊ុន​នឹង​រក​វិធីសាស្ត្រ ដើម្បី​បង្រៀន កម្មករ​និយោជិក ឲ្យ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ដល់​គោលដៅ។ ក្នុង​នោះ ក្រុមហ៊ុន ក៏​បាន​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដល់​កម្មករ​ដែរ។ «»

ទន្ទឹម​គ្នា​នេះ លោក ហាស់ ប៊ុនធី បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​រោងចក្រ​ផ្សេងទៀត​នៅ ក្នុង​ខេត្ត​ស្វាយរៀង បាន​អនុវត្ត​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ការងារ​ត្រឹមត្រូវ ដូច្នេះ​លោក​សង្ឃឹម​ថា នឹង​មិន​មាន​កម្មករ​ផ្ទុះ​ការ​តវ៉ា​ទៀត​នោះ​ទេ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​តំណាង​កម្មករ និង​តំណាង​រោងចក្រ បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា នេះ។

មុន​ឈាន​ដល់​ដំណោះស្រាយ​នេះ កម្មករ​ប្រមាណ ១​ពាន់ ៤​រយ​នាក់ បាន​តវ៉ា​នៅមុខ​រោងចក្រ សេង យ៉ាវ ( Sheng Yao Enterprise co. LTD) រយៈពេល​៣​ថ្ងៃ​ហើយ ចាប់ពី​ថ្ងៃ​ទី​៧ ខែ​សីហា មក បន្ទាប់​ពី​ពួកគេ​ដឹង​ថា ការ​ឈប់​សម្រាក ២​ថ្ងៃ ទៅ​បោះឆ្នោត ត្រូវ​បាន​រោងចក្រ​កាត់​ប្រាក់ខែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។