កម្មករ​នៅ​បាវិត​រង​ការ​គំរាម​កាត់​លុយ​និង​បណ្ដេញ​ពី​ការងារ​បើ​មិន​ទៅ​ទទួល​លោក ហ៊ុន សែន

ដោយ ហេង សកល
2018.05.10
Share on WhatsApp
Share on WhatsApp
ហ៊ុន សែន កម្មករ​ ​បាវិត ៦២២ ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អះអាង​ថា ខាង​ថៅកែ​រោងចក្រ បាន​ព្រមាន​កាត់​លុយ និង​បណ្ដេញ​ពួកគាត់​ចេញពី​ការងារ បើ​មិន​ទៅ​ចូលរួម​ទទួល​លោក​ហ៊ុន សែន ដែល​ចុះទៅ​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុកថា ការ​គំរាម​និង​ការ​ដាក់​សម្ពាធ​នេះ គឺជា​ការរំលោភ​សិទ្ធិ​ឯកជន។

កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​អះអាង​ថា ការ​ទៅ​ទទួល​និង​អង្គុយ​ស្ដាប់​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នោះ មិនមែន​ធ្វើ​ឡើយ​ដោយ​ស្ម័គ្រចិត្ត​នោះ​ទេ គឺ​ធ្វើ​ឡើង​ដោយ​ការ បង្ខិតបង្ខំ និង​ការ​ដាក់​សម្ពាធ​ផ្សេងៗ។ កម្មការិនី​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​រង​ការ​បញ្ឈប់​ពី​ការងារ រៀបរាប់​ថា ខាង​តំណាង​រោងចក្រ បាន​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​មួយថ្ងៃ ប៉ុន្តែ​ត្រូវតែ​ចូលរួម​ទទួល​លោក ហ៊ុន សែន ជា ដាច់​ខាត ហើយ​បើ​នរណា​មិន​ទៅ​ចូលរួម​ទទួល​លោក ហ៊ុន សែន នោះ​ទេ គឺ​នឹង​ត្រូវ​កាត់​ប្រាក់ខែ​ចំនួន ២០ដុល្លារ។ «»

កម្មករ​ម្នាក់ទៀត ឱ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា មាន​រោងចក្រ​ខ្លះ​ព្រមាន​កាត់​លុយ ២០​ដុលា្លរ និង​រោងចក្រ​ខ្លះ​ទៀត ព្រមាន​បណ្ដេញ​ចេញពី​ការងារ បើ​មិន​ទៅ​ទទួល​លោក ហ៊ុន សែន ទេ​នោះ។ លោក​ថា ប្រសិនបើ មិន​មាន​ការ​បង្ខិត​បង្ខំ​ទេ គឺ​ប្រហែលជា​មិន​មាន​កម្មករ​ទៅ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​លោក ហ៊ុន សែន ច្រើន​ឡើយ។ «»

កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា លោក ហ៊ុន សែន បាន​ចុះទៅ​ជួប​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត និង សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត។ ក្នុង​ពិធី​សំណេះសំណាល​នោះ មាន​កម្មករ​ចូលរួម ប្រមាណ​ជាង ២​ម៉ឺន​នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​២៦។ លោក ហ៊ុន សែន ក៏​នឹង​បន្ត​ជួប​កម្មករ​ផ្សេងទៀត​នៅ​ក្រុង​បាវិត​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា។ កម្មករ​ដែល​ចូលរួម​ទទួល​និង​អង្គុយ​ស្តាប់​លោក ហ៊ុន សែន ទទួល​បានឲ្យ​លុយ​ម្នាក់ ២​ម៉ឺន។

កម្មករ​រោងចក្រ​បញ្ជាក់​ថា មូលហេតុ​ដែល​ខាង​ថៅកែ​រោងចក្រ បង្ខិតបង្ខំ និង​ដាក់​សម្ពាធ​លើ​កម្មករ នេះ ព្រោះ​ខាង​តំណាង​រោងចក្រ​រង​សម្ពាធ​ពី​ខាង​អាជ្ញាធរ​លោក ហ៊ុន សែន ដែរ ដូចជា​ក្រសួង​ការងារ និង​ម្ចាស់​តំបន់។ «»

កម្មករ​រោងចក្រ​ចាត់ទុកថា វត្តមាន​ចុះ​ជួប​កម្មករ​របស់​លោក ហ៊ុន សែន នោះ គឺជា​ការ​ស្វែង​សន្លឹក​ឆ្នោត​ពី​កម្មករ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្រុង​បាវិត ទៅ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៉ូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ករណី​នេះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ជា​ការពិត គឺ​មានន័យថា ការ​បង្ខិតបង្ខំ​នោះ គឺជា​ការរំលោភ សិទ្ធិ​បុគ្គល​របស់​ពួក​គាត់។ ទោះ​យ៉ាង​ណា​ក្តី លោក​ថា អាច​មាន​កម្មករ​ខ្លះ​ចង់​ចូលរួម​ដែរ ព្រោះថា ទី​មួយ​បាន​លុយ និង​បាន​ឈប់​សម្រាក​មួយថ្ងៃ។

កម្មករ​រោងចក្រ​អះអាង​ថា ការ​សុន្ទរកថា របស់​លោក ហ៊ុន សែន ដ៏​វែង​អន្លាយ​នោះ គឺ​ភាគច្រើន​កម្មករ​ស្ដាប់​មិនសូវ​ចូល​ឡើយ ព្រោះ​មាន​ភាសា​ភូត​កុហក លាប​ពណ៌ និង​គំរាមកំហែង​ជាដើម ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្មករ​ទៅ​បោះ​បោះឆ្នោត និង​បោះ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ យ៉ាងណា​ក្តី កម្មករ​មួយ​ចំនួន​អាច​ទៅ​បោះឆ្នោត និង​មួយ​ចំនួន​ទៀត​មិន​ទៅ​បោះឆ្នោត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។