តំណាងកម្មករគ្រប់វិស័យ ស្នើសុំឱ្យរដ្ឋាភិបាលរក្សាប្រាក់ឈ្នួល៦០ភាគរយ ដល់កម្មករដដែល ក្នុងកំឡុងពេលព្យួរការងារ និងទាមទារផលប្រយោជន៍លក្ខខណ្ឌការងារមួយចំនួនទៀត ដើម្បីកុំឱ្យនិយោជកឆ្លៀតឱកាសបញ្ឈប់កម្មករ។
ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា ហៅកាត់ ស៊ីខៅឌូ លោក គង់ អាទិត្យ ឱ្យដឹងថា ញត្តិរបស់សហជីព មានគោលបំណងចង់ឱ្យរដ្ឋាភិបាលអន្តរាគមន៍រក្សាគោលនយោបាយ ឱ្យថៅកែផ្ដល់ប្រាក់ខែឱ្យកម្មករ៤០ភាគរយ និងរដ្ឋាភិបាល២០ភាគរយដដែល ទាំងកម្មករក្នុងវិស័យកាត់ដេរ និងកម្មករក្រៅវិស័យកាត់ដេរ។
លោក គង់ អាទិត្យ បន្តថា ការបន្ថយអត្ថប្រយោជន៍ឱ្យកម្មករក្នុងវិស័យកាត់ដេរ ពី៦០ភាគរយ (ប្រហែល១២០ដុល្លារ) មកនៅត្រឹម៧០ដុល្លារវិញ ធ្វើឱ្យកម្មកររងផលលំបាកខ្លាំង៖ «បើឱ្យ៧០ដុល្លារ អ៊ីចឹងវាទាប។ អ៊ីចឹង ខាងសហជីពយើងសំណូមពរឱ្យអនុវត្តគោលការណ៍ចាស់ហ្នឹងណា ៦០ភាគរយ ( រដ្ឋាភិបាល ) ២០ ( រោងចក្រ ) ៤០ ហ្នឹង។ យើងទទូចសុំឱ្យអនុវត្តអាហ្នឹង ដើម្បីឱ្យជួយកម្មករក្នុងគ្រាលំបាកហ្នឹង ហើយក៏យើងសុំឱ្យភាគី ដូចជា ប្រេន (brand) ដូចជាអ្វីផ្សេងៗហ្នឹង ក៏ត្រូវចូលរួមអន្តរាគមន៍ នៅក្នុងគ្រាលំបាកហ្នឹង ទាក់ទងហិរញ្ញវត្ថុ ដែលត្រូវបើកឱ្យកម្មករ និងជួយគ្រាហ្នឹង»។
ក្រុមសហជីពយ៉ាងតិច១២ បានធ្វើញត្តិរួមគ្នា ដើម្បីស្នើសុំឱ្យរដ្ឋាភិបាល ឱ្យរក្សាការផ្ដល់ប្រាក់ឈ្នួល៦០ភាគរយ ជូនកម្មករក្នុងវិស័យកាត់ដេរដដែល និងទាមទារឱ្យរក្សាការផ្ដល់ប្រាក់ឈ្នួល៦០ភាគរយនេះ ដល់កម្មករ ក្នុងវិស័យផ្សេងទៀត ដូចគ្នាដែរ ដូចជា កម្មករនិយោជិក ក្នុងវិស័យសេវាកម្ម សណ្ឋាគារ កាស៊ីណូ ក្លឹបកម្សាន្ត ដឹកជញ្ជូន សំណង់ កសិកម្ម និងវិស័យមួយចំនួនផ្សេងទៀត។ ក្រុមសហជីព ស្នើសុំទៀតថា រដ្ឋាភិបាលត្រូវហាមឃាត់និយោជិក (ថៅកែ) កុំឱ្យឆ្លៀតឱកាសប្រើប្រាស់លេសព្យួរកិច្ចសន្យាការងារ ទៅជាបិទក្រុមហ៊ុន ឬផ្ដាច់កិច្ចសន្យារបស់កម្មករនិយោជិក។
លោក គង់ អាទិត្យ ថ្លែងថា ការព្យួរកិច្ចសន្យាការងារ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់គ្រួសាររបស់កម្មករដែរ។ ដូច្នេះ សហជីពស្នើសុំឱ្យរដ្ឋាភិបាលពង្រីកការអនុវត្តផ្ដល់សេវាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឥតគិតថ្លៃ ដល់សមាជិកក្រុមគ្រួសារក្នុងបន្ទុករបស់កម្មករនិយោជិក ដែលរងគ្រោះត្រូវព្យួរការងារ។
ក្រុមសហជីព ក៏ចង់ឱ្យរដ្ឋាភិបាលចេញបញ្ជាឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្អាកបណ្ដោះអាសន្នរាល់ការសងបំណុលទាំងប្រាក់ដើម និងការប្រាក់របស់កម្មករនិយោជិក រួមទាំងការអន្តរាគមន៍ឱ្យដោះលែងសកម្មជន និងថ្នាក់ដឹកនាំសហជីព ដែលបានចាប់ខ្លួនកន្លងមកឱ្យមានសេរីភាព និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីព។
ជុំវិញញត្តិរបស់ក្រុមសហជីពនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងអគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានទេ នៅថ្ងៃទី៨ មេសា។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៧ មេសា ថា រដ្ឋាភិបាលគ្មានលទ្ធភាពជួយពលរដ្ឋក្រីក្រ គ្រប់គ្នាបានទេ ព្រោះផលប៉ះពាល់ពីជំងឺកូវីដ១៩ (Covid-19) មានទំហំធំ ធ្វើឱ្យរងផលប៉ះពាល់ដល់ពលរដ្ឋគ្រប់គ្នា។ លោកជំរុញឱ្យពលរដ្ឋលក់សម្ភារៈយកប្រាក់ចាយសិន ដើម្បីទប់ទល់នឹងស្ថានភាពនេះ។ តែយ៉ាងណា លោកថា រដ្ឋាភិបាល អាចមានលទ្ធភាពជួយពលរដ្ឋ តាមរយៈគោលនយោបាយប័ណ្ណក្រីក្រ៖ «អ្នកដែលមានប័ណ្ណក្រីក្រ រដ្ឋនឹងធ្វើអន្តរាគមន៍។ ក៏ប៉ុន្តែដូចដែលក្មួយសួរមកពូថា អ្នករត់ម៉ូតូឌុបគាត់ត្អូញត្អែរ ថា មានបានប៉ះប៉ូវទេ លក់ម៉ូតូសិនទៅ ចាយសិនទៅ ទិញអង្ករស៊ីសិន»។
លោក គង់ អាទិត្យ យល់ថា ប័ណ្ណក្រីក្រ មិនអាចជួយពលរដ្ឋបានគ្រប់គ្នាទេ ហើយបើពេលនេះ ក្រុមកម្មករសម្រុកនាំគ្នាទៅសុំប័ណ្ណក្រីក្រទាំងអស់គ្នា ក៏ទៅមិនរួចដែរ។ លោកសង្ឃឹមថា រដ្ឋាភិបាល នឹងទទួលយកសំណើរបស់ក្រុមសហជីព ហើយអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
