ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​មក​ដល់​កម្ពុជា​ហើយ

ដោយ សិរីមុនី
2015-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលករ​ខ្មែរ​ដែល​ត្រូវ​មេខ្យល់​បោកប្រាស់​អោយ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​លើ​ទូក​នេសាទ​ថៃ ចំនួន ២៣០​នាក់ ដែល​អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ឃាត់​ខ្លួន​នៅ​កោះ​អំបន់ (Ambon) ត្រឡប់​មក​ដល់​កម្ពុជា ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា។

ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ខុស​ច្បាប់​លើ​ទូក​នេសាទ​ថៃ លើក​ឡើង​ថា គ្មាន​ចំណេះដឹង​គ្មាន​ជំនាញ​វិជ្ជាជីវៈ និង​កង្វះ​ការងារ​ធ្វើ​គឺ​ដើម​ហេតុ​ចម្បង​ដែល​បង្ខំ​ឲ្យ​ពួកគាត់​លួច​រត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។ ពួកគាត់​លើក​ឡើង​បន្ត​ថា នៅ​ពេល​ទៅ​ធ្វើ​ការ​ជា​អ្នកនេសាទ​នៅ​លើ​ទូក​ក្នុង​ប្រទេស​ថៃ ពិតជា​ពិបាក និង​ខ្វះ​សេរីភាព​ក្នុង​កា​រស់​នៅ។

ពលករ​ម្នាក់​មាន​សម្បុរ​ខ្មៅ រាង​ស្គម មុខ​ស្លេកស្លាំង ភ្នែក​រូង និង​មាន​ស្នាម​ខ្មៅ​ព័ទ្ធ​ជុំវិញ ថ្លែង​ទាំង​អួល​ដើមក​ថា ការ​ទៅ​ធ្វើ​ការ​ជា​អ្នក​នេសាទ​នៅ​ស្រុក​ថៃ ទទួល​បាន​លុយ ៩.០០០​បាត​ក្នុង​មួយ​ខែ ដែល​ស្នើ​ប្រមាណ​ជិត ១​លាន​រៀន។ លោក​និយាយ​ក្នុង​ទឹក​មុខ​ក្រៀមក្រំ​ទៀត​ថា លោក​មិន​ហ៊ាន​ចាយ​លុយ​ប៉ុន្មាន​ទេ ព្រោះ​ខ្លាច​គ្មាន​លុយ​ផ្ញើ​ប្រពន្ធ​កូន៖ «ចង់​ទៅ​ធ្វើការ​ចុះ​ទូក​មិន​បាច់​ទៅ​ទេ ព្រោះ​រលក​ធំៗ ហើយ​ពិបាក។ ពិបាក​ណាស់ ទម្រាំ​ទូក​គេ​ចូល​ខាង​មិន​មែន​ពីរ​បី​ថ្ងៃ​ទេ គឺ​បួន​ទៅ​ប្រាំ​ថ្ងៃ​ទើប​ចូល​ខាង​ម្ដង»

​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ មួយ​រូប​ទៀត​ប្រាប់​ថា លោក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាង ១០​ឆ្នាំ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​សល់​ត្រឹម​ខោ​អាវ និង​វ៉ាលីស៍​មួយ​គត់​ត្រឡប់​មក​ជួប​ប្រពន្ធ​នៅ​ស្រុក​កំណើត​វិញ។ លោក​លើក​ឡើង​នូវ​បទពិសោធន៍​ជីវិត​ដែល​គ្មាន​ចំណេះ ទាល់​តម្រិះ​ទៅ​ធ្វើ​ការ​ស្រុក​គេ។ ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ទាំង​រំពឹង​ថា នឹង​មាន​ជីវភាព​ធូរធារ មិន​នឹក​ស្មាន​ថា បែរ​ជា​វេទនា​យ៉ាង​នេះ​សោះ៖ «ធ្លាក់​អួន​យក​ត្រី ខ្មែរ​យើង​ថា ដាក់​មង។ មាន​ថ្នាំ​គេ​បង មាន​ថ្នាំ​គេ! គេ​ថា ទៅ​ថៃ រក​បាន ខ្ញុំ​ទៅ​ថៃ ទៅ ហើយ​ទៅ​ចោល​កូន​ចៅ​នៅ​តូចៗ»

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​បាត់​កូន​ប្រុស​អស់​រយៈពេល ១០​ហើយ​នោះ គ្រាន់តែ​បាន​ទទួល​ដំណឹង​ថា កូន​នៅ​រស់ ហើយ​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​ភ្លាម គាត់​សប្បាយចិត្ត​ដូច​បាន​កើត​ជា​មនុស្ស​ម្ដង​ទៀត។ គាត់​លើក​ឡើង​ថា កូន​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​គាត់​មិន​ដឹង និង​គេង​គិត​ថា កូន​ស្លាប់​បាត់​ហើយ៖ «ដូច​ថា ទៅ​សូន្យ​តែម្ដង មក​ឃើញ​ទាំង​អស់​ហ្នឹង ត្រេកអរ​ចង់​ងាប់​ហើយ»

ពលករ​ខ្មែរ ២៣០​នាក់​នោះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​កម្ពុជា បាន​សាកសួរ​ស្វែង​យល់​ពី​ស្ថានភាព​ការងារ​លើ​ទូក​នេសាទ​ថៃ និង​ស្ថានភាព​ការ​រស់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការ​បង្ក្រាប​ការ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​គឺ​ជនរងគ្រោះ ហើយ​រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកគាត់។

អ្នកស្រី ជូ ប៊ុនអេង៖ «បាន​ទទួល​ចំណេះ និង​សិក្សា​រៀន​សូត្រ​ពី​ពួកគាត់ ដោយ​ខ្ញុំ​សូម​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្សាយ​បញ្ហា​នេះ​ឲ្យ​ប្រជាជន​គ្រប់​រូប​បាន​យល់​ពី​ការ​រង​គ្រោះ ដោយ​ផល​ប៉ះពាល់​មក​ពី​ការ​ទៅ​ធ្វើ​ការ​ស្រុក​គេ»

​អនុ​ប្រធាន​នាយដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក​ឧត្ដមសេនីយ៍​ទោ ជីវ ផល្លី អះអាង​ថា រដ្ឋាភិបាល​បាន​ជួល​ឡាន​ក្រុង​ឲ្យ​ជូន​ពលករ​ទាំង​អស់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​កំពុង​ស៊ើប​អង្កេត​ជុំវិញ​ការ​រំលោភ​លើ​កម្លាំង​ពលកម្ម​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ស្រាវជ្រាវ​រក​មុខ​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

យោង​តាម​របាយការណ៍​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ពលករ​ខ្មែរ​ប្រមាណ ៧២​ម៉ឺន​នាក់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​នាំ​យក​ចំណូល​ជាង ១​ពាន់​លាន​ដុល្លារ​មក​ស្រុក​កំណើត។ ប្រទេស​ចំនួន ៥ ដែល​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ គឺ​ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន និង​សិង្ហបុរី។ ការងារ​ដែល​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ មាន​ដូចជា សំណង់ កសិកម្ម ឧស្សាហកម្ម និង​នេសាទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល