ក្រសួងការងារ សន្យាបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ឲ្យកម្មកររោងចក្រ ជូលី អាប់ភើរ៉ែល (JULEE APPAREL) ដែលតវ៉ាជាងកន្លះខែមកនេះ នៅដើមសប្តាហ៍ក្រោយ។ កម្មករ ថា ពួកគេបានឃើញសេចក្តីជូនដំណឹង ដែលគេបិទនៅមុខរោងចក្ររួចហើយ តែមិនទាន់ឃើញបញ្ជីតួលេខប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ដែលត្រូវទទួលបានទេ។
កម្មកររោងចក្រ ជូលី អាប់ភើរ៉ែល ម្នាក់ លោក ញាន ពិសិដ្ឋ ប្រាប់អាស៊ីសេរីថា កម្មករមិនទាន់ដឹងច្បាស់ថា ក្រសួងការងារ នឹងបើកប្រាក់ចំនួនប៉ុន្មានឲ្យកម្មករទេ ប៉ុន្ដែគ្រាន់តែឮតាមគ្នាថា ក្រសួងនឹងបើកឲ្យទាំងអស់ គឺ ១០០ភាគរយ នៃប្រាក់ខែសម្រាប់ខែកក្កដា។ ចំណែកប្រាក់អត្ថប្រយោជន៍ ឬប្រាក់អតីតភាពបែបណានោះ កម្មករថា ពួកគាត់មិនទាន់ដឹងថា ក្រសួងនឹងបើកឲ្យដែរ ឬយ៉ាងណាទេ៖ «»
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៧ សីហា បានជូនដំណឹងឲ្យកម្មករនិយោជិតទាំងអស់ នៃរោងចក្រ ជូលី អាប់ភើរ៉ែល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាចពិនិត្យបញ្ជីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ដែលក្រសួងភ្ជាប់ជូន ហើយក្រុមមន្ត្រីនៃក្រសួងការងារ នឹងបើកថវិកាជូនកម្មករនិយោជិតដោយផ្ទាល់ដៃសាមីកម្មករ នៅថ្ងៃទី២០ សីហា នៅសាលាខណ្ឌពោធិ៍សែនជ័យ។
ក្រសួងការងារប្រាប់ឲ្យកម្មករនិយោជិតរោងចក្រ ជូលី អាប់ភើរ៉ែល យកកាតសម្គាល់ខ្លួនកម្មករក្នុងរោងចក្រជាច្បាប់ដើម ឬសៀវភៅការងារ ឬបណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) ឬអត្ដសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ ដើម្បីបើកថវិកាពីក្រុមមន្ត្រីនៃក្រសួងការងារ។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អាប់ភើរ៉ែល បានផ្ទុះការតវ៉ា ចាប់តាំងពីកំឡុងដើមខែសីហា ក្រោយពីពួកគេត្រឡប់មកពីបោះឆ្នោតវិញ បានលេចឮព័ត៌មានថា ថៅកែរោងចក្រជាជនជាតិកូរ៉េ បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលក្បែររោងចក្រ ហើយក្រុមអ្នកទទួលខុសត្រូវរោងចក្របាននាំគ្នារត់ចោលរោងចក្រអស់ ដោយមិនទាន់បើកប្រាក់ឈ្នួលខែកក្កដាឲ្យកម្មករ។ កម្មករប្រាប់ថា រោងចក្រនេះ មានកម្មករសរុប ២៧០នាក់ ហើយទើបតែបើកដំណើរការបានជិត ១ឆ្នាំប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ កម្មករបន្ដថា ក្រុមហ៊ុននេះ នៅជំពាក់ប្រាក់ឈ្នួលកម្មករចន្លោះពី ២៥០ដុល្លា ទៅ ៣០០ដុល្លារក្នុងម្នាក់។
ក្រុមកម្មករតែងនាំគ្នាឈរតវ៉ានៅមុខរោងចក្រជារៀងរាល់ថ្ងៃ ពីព្រលឹមដល់ព្រលប់ ហើយបណ្ដាក់វេនគ្នា ដេកយាមមុខច្រកចេញចូលរោងចក្រនៅពេលយប់ ដោយបារម្ភខ្លាចមានការលួចដឹកសម្ភារៈចេញក្រៅរោងចក្រ។ ម្ដងម្កាល ពួកគេបានប្រមូលផ្ដុំគ្នាបិទផ្លូវមុខរោងចក្រ ដើម្បីទាមទារឲ្យភាគីពាក់ព័ន្ធចេញមកដោះស្រាយជាមួយកម្មករ ព្រោះកម្មករត្រូវការប្រាក់ឈ្នួល ដើម្បីយកទៅសងបំណុល និងបង់ថ្លៃបន្ទប់ជួលជាដើម។
កម្មករសង្ឃឹមថា ក្រសួងការងារ នឹងបើកប្រាក់ឈ្នួល ដែលក្រុមហ៊ុនជំពាក់ឲ្យកម្មករពេញ គឺ ១០០ភាគរយ នៃប្រាក់ឈ្នួលប្រចាំខែកក្កដា រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ប្រាក់អតីតភាព ឲ្យកម្មករឲ្យបានគ្រប់ចំនួន។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីក្រសួងការងារថា នឹងផ្ដល់ថវិកាអ្វីខ្លះ ឲ្យកម្មករទេ នៅថ្ងៃទី២០ សីហានោះ ដោយសារអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួគ៍ មិនលើកទូរស័ព្ទ។
អាស៊ីសេរី ក៏មិនអាចរកប្រភពភាគីខាងក្រុមហ៊ុនរោងចក្រ សាកសួរព័ត៌មានបានដែរប៉ុន្តែបុគ្គលិករដ្ឋបាលរោងចក្រ ជួលី អាប់ភែរ៉ែល ម្នាក់ឈ្មោះ ឈឹម សុភាព ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សម្ដីចុះផ្សាយ កាលពីថ្ងៃទី២ សីហាថាក្រោយថៅកែស្លាប់ ភាគីពាក់ព័ន្ធ ដែលគ្រប់គ្រងរោងចក្រជូលី អាប់ភើរ៉ែល បានរត់ចោលរោងចក្រអស់ ក្រុមរដ្ឋបាល បានសម្រេចប្រគល់ការងារទាំងឡាយ ឲ្យទៅក្រសួងការងារ ជាអ្នកដោះស្រាយ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ពន្យល់ថា តាមច្បាប់ការងារ កម្មករត្រូវទទួលបានប្រាក់ជូនដំណឹងពីការបិទរោងចក្រ។ ប៉ុន្ដែក្នុងករណីកម្មកររោងចក្រ ជូលី អាប់ភើរ៉ែល មិនទទួលបានប្រាក់ជូនដំណឹងទេ កម្មករមានសិទ្ធិទទួលបានប្រាក់សោហ៊ុយជំងឺចិត្ត ប្រាក់បំណាច់បណ្ដេញចេញពីការងារ ប្រាក់ឈ្នួលខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ប្រចាំឆ្នាំជាដើម។ សង្គមស៊ីវិល សង្គេតឃើញថា កន្លងមកកម្មករ ដែលរងគ្រោះពីថៅកែរត់ចោលរោងចក្រ តែងទទួលបានប្រាក់អត្ថប្រយោជន៍មិនគ្រប់ចំនួន៖ «»
លោក ឃុន ថារ៉ូ ផ្ដល់យោបល់ឲ្យក្រសួងការងារថា ចំពោះករណីកម្មកររោងចក្រ ជូលី អាប់ភើរ៉ែល ក្រសួងការងារ គួរពិចារណាសម្របសម្រួលយ៉ាងណា ផ្ដល់ប្រាក់អត្ថប្រយោជន៍ទាំងអស់ ឲ្យទៅកម្មករ ពិសេសប្រាក់អតីតភាពការងារ ព្រោះរោងចក្រនេះ បើតាមលោកដឹង គឺទើបបើកមិនទាន់បានមួយឆ្នាំទេ។ ដូច្នេះប្រាក់អតីតភាពកម្មករ ប្រហែលជាមិនច្រើនទេ ហើយក្រសួងគួរតែអាចមានលទ្ធភាពផ្ដល់ឲ្យកម្មករគ្រប់ចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
