តំណាងសហជីពកម្មកររោងចក្រកាត់ដេរឈ្មោះ ធាន ធាន (Thien Thien) នៅខេត្តកណ្ដាល ដែលថៅកែរត់ចោល នឹងចូលបំភ្លឺនៅតុលាការខេត្តកណ្ដាល នៅថ្ងៃទី៣ ខែកុម្ភៈ សប្ដាហ៍ក្រោយ អំពីបណ្ដឹងទាមទារប្រាក់ខែកម្មករ។ ទន្ទឹមគ្នានេះ ខាងតំណាងកម្មករបារម្ភថា កម្មករអាចមិនទទួលប្រាក់សំណងពេញលេញ។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ថ្លែងបញ្ជាក់នៅថ្ងៃទី៣១ មករា ថា លោករំពឹងថានឹងបានទទួលការសម្រេចរបស់តុលាការ អំពីការទូទាត់ប្រាក់ខែនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ៖ « ថ្ងៃទី៣ ហ្នឹង ធ្វើសវនាការហើយបង ធ្វើសវនាការសម្រេច បើតាមប្រធានមន្ទីរ គាត់ប្រកាសប្រាប់កម្មករថា ដឹងសខ្មៅ ហើយថ្ងៃ ទី៣ ហ្នឹង » ។
លោក យ៉ង់ ផាន្នី ឲ្យដឹងដែរថា ការឡើងទៅបំភ្លឺនេះ គឺតាមរយៈដីការបស់តុលាការខេត្តកណ្ដាល ថ្ងៃទី២០ មករា ចុះហត្ថលេខាដោយលោកចៅក្រមជម្រះ ផូង វណ្ណ ដែលឲ្យពួកលោកចូលទាញហេតុផលផ្ទាល់មាត់អំពីបណ្ដឹងនេះ។ ទន្ទឹមគ្នានេះដែរ តុលាការខេត្តកណ្ដាល ក៏ចេញដីកាកោះហៅចុងចម្លើយភាគីខាងរោងចក្រដែរ ដែលមានថៅកែឈ្មោះ ចេង យូចេន (Zheng Yuzhen)។
ទាក់ទងនឹងដីការបស់តុលាការខេត្តកណ្ដាល នេះ អាជ្ញាធរដែនដី មេឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល គឺលោក ពេញ ផល បញ្ជាក់ថា លោកបានទទួលដីកានេះតាមរយៈមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលខេត្តកណ្ដាល នៅថ្ងៃទី២២ មករា៖ «ដីកាខាងតុលាការហ្នឹង ថ្ងៃ ទី២២ គេ ឲ្ យខ្ញុំ យកទៅ បិទកន្លែងរោងចក្រហ្នឹងបាទ » ។
លោកមេឃុំ ពេញ ផល ចារបញ្ជាក់នៅលើដីកាកោះរបស់តុលាការខេត្តកណ្ដាល ថា សាមីខ្លួនចុងចម្លើយដែលមានឈ្មោះ ចេង យូចេន (Zheng Yuzhen) មិននៅរោងចក្រទេ ហើយរត់ចោលរោងចក្រជាយូរមកហើយ។ លោកមិនដឹងថា អ្នកស្រី ចេង យូចេន នៅទីណាទេ។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ឲ្យដឹងថា ថៅកែរោងចក្រកាត់ដេរ ធាន ធាន បានរត់ចោលកម្មករដោយមិនបានទូទាត់ប្រាក់ឈ្នួល ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥។ លោកថា រោងចក្រនេះជារោងចក្រមានលក្ខណៈតូចដូចជាបើកលួចលាក់ ម៉ៅការការងារបន្តពីគេ ហើយមិនស្ថិតនៅក្នុងសមាគមរោងចក្រទេ។ កម្មករចំនួន ១៦៤នាក់ ធ្វើការនៅក្នុងរោងចក្រ ធាន ធាន នេះរយៈពេលជិត ២ឆ្នាំ។ លោក យ៉ង់ ផាន្នី ប៉ាន់ប្រមាណថា ទំហំទឹកប្រាក់ដែលត្រូវទូទាត់ជូនកម្មករ ១៦៤នាក់នេះ មានចំនួន ៥ម៉ឺនដុល្លារ៖ «តែខ្ញុំតាមមើលគ្រប់មិនគ្រប់ទេមើលទៅ ព្រោះសរុបទឹកលុយនៅក្នុងរោងចក្រ កម្មករសរុបទាំងអស់ ១៦៤នាក់ហ្នឹង គិតទៅ ៥ម៉ឺនដុល្លារជាង ហើយម៉ាស៊ីនសល់តែ ៥០ម៉ាស៊ីនជាង ។ តាមខ្ញុំសរុបជាមួយប្រធានមន្ទីរ តុលាការអាជ្ញាធរ ដែនដី មើលទៅហាសិបប៉ុន្មានម៉ាស៊ីន មិនគ្រប់ទេ។ យើងតូតាល់ (សរុប) មើលទៅ មិនសមាមាត្រ នឹង ប្រាក់ខែ របស់គាត់។ យើងមើល ទៅបាន ប្រហែលជា ២ ឬ ៣ម៉ឺនយ៉ាងច្រើន។ ម៉ាស៊ីនវា រាង ចាស់ៗដែរ ហើយ » ។
ទាក់ទងនឹងការទទួលដីកាកោះឲ្យភាគីកម្មករ និងរោងចក្រ ចូលទៅបំភ្លឺនៅតុលាការនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល លោក ថុល លាង បានទេ នៅថ្ងៃទី៣១ មករា។ ប៉ុន្តែកាលពីថ្ងៃទី២៤ មករា លោកមានប្រសាសន៍ថា លោករង់ចាំនីតិវិធី និងសេចក្ដីសម្រេចរបស់តុលាការខេត្ត ដើម្បីសម្របសម្រួលបញ្ហាកម្មករទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។