បុគ្គលិក​សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ តវ៉ា​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ ក្រោយ​សណ្ឋាគារ​ប្រកាស​ឈប់​ធ្វើ​អាជីវកម្ម

0:00 / 0:00

បុគ្គលិក​ សណ្ឋាគារ​ ដឺ ហ្ក្រេត ឌ្យូក ​ភ្នំពេញ (THE GREAT DUKE PHNOM PENH) ប្រមាណ ១រយ​នាក់​ នៅ​ថ្ងៃ​ទី​២០ មករា ប្រមូល​ផ្ដុំ​គ្នា​​តវ៉ា​មុខ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​មួយ​នេះ ទាមទារ​ឲ្យ​ថៅកែ​គិត​គូរ​បើក​ប្រាក់​អត្ថប្រយោជន៍​ការងារ​ឲ្យ​ពួក​គេ។

ចំណុច​ដែល​ពួកគេ​ទាមទារ​មាន​ គឺ​ស្នើ​ឲ្យ​បើក​ប្រាក់​អតីត​ភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩ ដោយ​យក​ប្រាក់​ឈ្នួល​គោល​បូក​នឹង​ប្រាក់​បន្ទាប់​បន្សំ ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដោយ​គិត​ដូច​ប្រាក់​អតីតភាព​ការងារ និង ការ​ឈប់​ប្រចាំ​ឆ្នាំ​ដោយ​គិត​ជា​ប្រាក់​សំណង​ ដល់​បុគ្គលិក​ទាំង​អស់​ចំនួន ១៤៧​នាក់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ដែល​ចូលរួម​ស្វែង​រក​ដំណោះ​ស្រាយ​ ជាមួយ​មន្ត្រី​ក្រសួង និង​ភាគី​ថៅកែ​សណ្ឋាគារ ប្រាប់​អាស៊ី​សេរី​ថា ការ​ចរចា​គ្នា​ពេញ​មួយ​ថ្ងៃ​ ដើម្បី​រក​ច្រក​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ នៅ​មិន​ទាន់​ត្រូវ​គ្នា​នៅ​ឡើយ ដោយ​សារ​​ខ្វែង​គំនិត​គ្នា​ រឿង​ប្រាក់​សំណង​ការងារ រវាង​បុគ្គលិក និង​ថៅកែ​សណ្ឋាគារ។

លោក ឲ្យ​ដឹង​ថា ភាគី​ថៅកែ​នៅ​តែ​ប្រកាន់​ជំហរ ​បើក​ប្រាក់​អតីតភាព​ការងារ​ឲ្យ​បុគ្គលិក និង​​ថ្ងៃ​ឈប់​ប្រចាំ​ជា​ប្រាក់​ ដោយ​មិន​បូក​បញ្ចូល​ប្រាក់​បន្ទាប់​បន្សំ​នោះ​ទេ ហើយ​ប្រាក់​សំណង​នេះ ថៅកែ​នឹង​ផ្ដល់​រំលស់​ឲ្យ​បុគ្គលិក​១ខែ​ម្ដង​ៗ ក្នុង​រយៈពេល​៣​ខែ​ ដោយ​ចាប់​ពី​ដើម​ខែ​កុម្ភៈ​ដល់​ខែ​មេសា ។

លោក ទូច កុសល បញ្ជាក់​ថា​ ខាង​បុគ្គលិក​សណ្ឋាគារ មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​របៀប​នេះ​ឡើយ ហើយ​ ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​ ឈរ​លើក​បដា​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ នៅ​ថ្ងៃស្អែក​បន្ត​ទៀត។

សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនីរ៉េត ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើម​គ ជា​អតីត​សណ្ឋាគារ អ៊ីនធ័រខន់ធីណិនថល (Intercontinental)។ សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​នេះ បាន​ប្ដូរ​ឈ្មោះ កាល​ដើម​ខែ​មករា ឆ្នាំ២០១៨ ក្រោយ​ពេល​បាន​ផ្លាស់ប្ដូរ​ថៅកែ ចំណែក​បុគ្គលិក​សណ្ឋាគារ​នេះ ភាគ​ច្រើន​មាន​អតីត​ភាព​ការងារ​យូរ​ឆ្នាំ និង​ជា​បុគ្គលិក​ ដែល​ប្រើ​ការងារ​តាំង​ពី​នៅ​ជា​សណ្ឋាគារ​អ៊ីនធ័រខន់។

សណ្ឋាគារ​នេះ​បាន​ប្រកាស​បិទទ្វារ ​កាល​ពី​ចុងខែ​ធ្នូ ឆ្នាំ២០១៩ ក្រោម​ហេតុ​ផល​ក្ស័យធន បន្ទាប់​ពី​បើក​ដំណើរ​អាជីវកម្ម​អស់​រយៈពេល​ ២៣ឆ្នាំ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។