ក្រសួង​ការងារ​ហៅ​តំណាង​ភាគី​ជម្លោះ​ការងារ​នៅ​សណ្ឋាគារ The Great Duke ទៅ​ពិភាក្សា​អំពី​ទំហំ​ទឹក​ប្រាក់ និង​របៀប​គិត​សំណង

0:00 / 0:00

នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ កោះ​ហៅ​តំណាង​បុគ្គលិក​សណ្ឋាគារThe Great Duke​ ដើម្បី​ពិភាក្សា​អំពី​ចំនួន​ទឹក​ប្រាក់​សរុប និង​របៀប​គណនា​ប្រាក់​អតីតភាព​ការងារ សម្រាប់​អ្នក​តវ៉ា​ទាំង​អស់ ១៣៩នាក់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ប្រាប់​អាស៊ី​សេរី​ថា​ ទំហំ​ទឹក​ប្រាក់ ដែល​តំណាង​បុគ្គលិក​ដាក់​ជូន​មន្ត្រី​នាយកដ្ឋាន​វិវាទ​ការងារ គឺ​សរុប​ទាំង​អស់​ជិត ៧០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ភាគី​ម្ចាស់​សណ្ឋាគារ​ត្រូវ​បើក​ឲ្យ​បុគ្គលិក​ ដើម្បី​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ។

លោក​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ នាយកដ្ឋាន​វិវាទ​ការងារ ក៏​បាន​កោះ​ហៅ​តំណាង​ថៅកែ មក​ពិភាក្សា​គ្នា​អំពី​រឿង​នេះ​ដែរ ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​តើ​មាន​ចំនួន​​ប្រហាក់​ប្រហែល​គ្នា​ដែរ​ឬ​ទេ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​មន្ត្រី​នាយកដ្ឋាន​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ លោក ពិន និត និង​មេធាវី​តំណាង​ឲ្យ​ថៅកែ​សណ្ឋាគារ លោក នូវ​ ពិសិដ្ឋ នៅ​ថ្ងៃ​ទី២៣ ខែ​មករា បាន​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

អស់​រយៈ​ពេល ៤ថ្ងៃ​មក​ហើយ ដែល​វិវាទ​ការងារ​រវាង​បុគ្គលិក​សណ្ឋាគារ​ជាង ១រយ​នាក់ ជាមួយ​នឹង​ម្ចាស់​សណ្ឋាគារ ផ្កាយ៥ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ (The Great Duke Phnom Penh) អតីត​សណ្ឋាគារ​ អ៊ិនធឹខន់ធិណិនថល (Intercontinental) នៅ​មិន​ទាន់​ព្រមព្រៀង​គ្នា បញ្ចប់​ជម្លោះ​លើ​​ប្រាក់​សំណង​ការងារ​នេះ​នៅ​ឡើយ។ ភាគី​ថៅកែ យល់​ព្រម​គិត​ត្រឹម​​ប្រាក់​ឈ្នួល​គោល​ឲ្យ​បុគ្គលិក​ ដោយ​មិន​បូក​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ឡើយ​ ហើយ​សំណង​នេះ ត្រូវ​បើក​ជា​ ៣​ដំណាក់​កាល ដោយ ១ខែ​បើក​ម្ដង​ថែម​ទៀត។

ក្រុម​បុគ្គលិក​ជាង ១០០នាក់ នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​សំណង​ការងារ​ឲ្យ​ពួក​គេ​ គិត​តាម​ច្បាប់​ស្ដី​ពី​ការងារ។ ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា បើ​មិន​ដំណោះស្រាយ​បែប​នេះ​ទេ ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​សណ្ឋាគារ​បន្ត​ទៀត៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។