កម្មករ​រោងចក្រ​ឃ្យូ.អិម.អាយ​ប៉ុនប៉ង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ទាមទារ​ដោះ​លែង​តំណាង

0:00 / 0:00

កម្មករ​ប្រមាណ ២​ពាន់​នាក់ នៃ​រោងចក្រ​កាត់​ដេរ ឃ្យូ.អិម.អាយ (QMI) ស្ថិត​ក្នុង​ភូមិ​ស្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ច្រក​ចូល​រោងចក្រ ឃ្យូ.អិម.អាយ ជាប់​ផ្លូវ​ជាតិ​លេខ​៤ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​ពួក​គេ​ចំនួន ៣​នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា។ ក្នុង​ការ​តវ៉ា​នោះ កម្មករ​ព្យាយាម​ចូល​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ តែ​ពួក​គេ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច។

កម្មករ​រោងចក្រ​កាត់​ដេរ ឃ្យូ.អិម.អាយ ភាគ​ច្រើន​ជា​ស្ត្រី បាន​មក​ប្រមូល​ផ្តុំ​គ្នា​តាំង​ពី​ម៉ោង​ប្រមាណ ៧​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ដើម្បី​ប៉ុនប៉ង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ នៅ​ម្តុំ​ភូមិ​ស្រយឹង ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ការ​ប៉ុនប៉ង​បិទ​ផ្លូវ​ជាតិ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​តំណាង​របស់​គេ​ចំនួន ៣​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន ក្រោយ​ពី​ក្រសួង​មហាផ្ទៃ កោះ​ហៅ​មក​សាកសួរ​អំពី​ការ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​ជា​បន្តបន្ទាប់​របស់​កម្មករ​នៅ​រោងចក្រ ឃ្យូ.អិម.អាយ។

ក្នុង​ការ​តវ៉ា​នោះ កម្មករ​បាន​ព្យាយាម​រត់​ចូល​បិទ​ផ្លូវ​ម្តង​ជា​ពីរ​ដង ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត ១០០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​រារាំង​មិន​ឲ្យ​ចូល​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពួក​គេ​បាន​ព្យាយាម​ទម្លុះ​រនាំង​សមត្ថកិច្ច ហើយ​ចូល​កាន់​កាប់​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ មួយ​ស្របក់ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​បំបែក​វិញ​ភ្លាម។ ក្នុង​ពេល​បំបែក​នោះ សមត្ថកិច្ច​បាន​យក​ខែល និង​ដំបង រុញ​កម្មករ ហើយ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ទៅ​នឹង​ពោះ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ ៤​ខែ​ម្នាក់ ឈ្មោះ ខៀវ ម៉ៅ បណ្ដាល​ឲ្យ​គាត់​ចុក​សៀត។

«សំឡេង​ចម្រុះ»

ក្រោយ​ការ​កាន់​កាប់​ផ្លូវ​ជាតិ​មិន​បាន​សម្រេច កម្មករ​មិន​ព្រម​ចាក​ចេញ​ទៅ​ណា​ឡើយ ពួក​គេ​បន្ត​ប្រកូកប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង ទាមទារ​ឲ្យ​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ពួក​គេ​បិទ​ផ្លូវ ដោយ​លើក​ឡើង​ថា ប្រសិន​បើ​មិន​ឲ្យ​ពួក​គេ​បិទ​ផ្លូវ​នោះ​ទេ ថៅកែ​រោងចក្រ​នឹង​មិន​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ពួក​គេ និង​តំណាង​របស់​ពួក​គេ​ឡើយ។

«សំឡេង​ចម្រុះ»

ក្នុង​ពេល​តវ៉ា​នោះ មិន​ឃើញ​មាន​តំណាង​ភាគី​រោងចក្រ​ចេញ​មក​ចរចា​ស្វែង​រក​ដំណោះស្រាយ​អ្វី​ឡើយ ក្រៅ​តែ​ពី​ទុក​ឲ្យ​កម្មករ និង​សមត្ថកិច្ច បន្ត​ប្រឈម​មុខ​ដាក់​គ្នា។ ប្រការ​នេះ កម្មករ​លើក​ឡើង​ថា ភាគី​រោងចក្រ​គ្មាន​ឆន្ទៈ​នឹង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​កម្មករ​ទាំងអស់​ឡើយ។ ប៉ុន្តែ ពួក​គេ​ថា ពួក​គេ​មិន​ខ្វល់​ទេ អ្វី​ដែល​គេ​ត្រូវ​ការ​ពេល​នេះ គឺ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​របស់​គេ​វិញ។

លោក មាន សំណាង មន្ត្រី​នគរបាល​ដែល​អះអាង​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ដឹក​នាំ​ការ​រារាំង​មិន​ឲ្យ​កម្មករ​បិទ​ផ្លូវ​នោះ មាន​ប្រសាសន៍​ថា គាត់​មិន​ដឹង​រឿង​អ្វី​ទេ ប៉ុន្តែ​គាត់​មាន​តួនាទី​ថែរក្សា​សណ្ដាប់ធ្នាប់​នៅ​ទី​នោះ៖ «ក្រុម​កម្មករ​បង​ប្អូន​យើង គាត់​រក​បិទ​ផ្លូវ​ជាតិ​លេខ​៤​នេះ អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​ដាក់​កម្លាំង ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ យើង​ហ្នឹង កុំ​ឲ្យ​មាន​បញ្ហា​អី»

កាល​ពី​ពេល​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ រោងចក្រ ឃ្យូ.អិម.អាយ បាន​កោះ​ហៅ​កម្មករ និង​តំណាង​កម្មករ​ចំនួន ២៥​នាក់ ឲ្យ​ចូល​ជួប ហើយ​ប្រាប់​ថា រោងចក្រ​នឹង​បញ្ចប់​កិច្ច​សន្យា​ការងារ និង​បាន​បង្ខំ​ឲ្យ​កម្មករ​ផ្ដិត​មេដៃ​ទទួល​យក តែ​កម្មករ​មិន​ព្រម ព្រោះ​ពួក​គេ​ថា​រោងចក្រ​មិន​ព្រម​ផ្តល់​សំណង​ការងារ​ត្រឹមត្រូវ។ កម្មករ​ថា ក្រោយ​មក​រោងចក្រ​បាន​រារាំង​មិន​ឲ្យ​កម្មករ និង​តំណាង​កម្មករ ចូល​ធ្វើ​ការ ហើយ​ថា​ចាប់​តាំង​ពី​មាន​ការ​រារាំង​នោះ​មក កម្មករ​នៅ​ក្នុង​រោងចក្រ​ប្រមាណ ៤​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើ​ការ ដោយ​ពួក​គេ​ទាមទារ​ឲ្យ​រោងចក្រ​អនុញ្ញាត​ឲ្យ​តំណាង​ពួក​គេ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។ កម្មករ​ថា ការ​ធ្វើ​កូដកម្ម​នេះ មិន​មាន​ការ​ញុះញង់​របស់​តំណាង​កម្មករ​ណា​ម្នាក់​ឡើយ។

ការ​ប្រមូល​ផ្តុំ​របស់​កម្មករ បាន​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ ១​រសៀល បន្ទាប់​ពី​កម្មករ​មិន​មាន​សង្ឃឹម​ថា ពួក​គេ​នឹង​អាច​ចូល​បិទ​ផ្លូវ​ជា​ថ្មី​ម្តង​ទៀត​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កម្មករ​ប្ដេជ្ញា​ថា ពួក​គេ​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា ដើម្បី​ស្វែង​រក​មធ្យោបាយ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​របស់​ពួក​គេ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ជួយ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ពួក​គេ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។