សហជីពកម្មករ នៅព្រឹកថ្ងៃទី១៥ កក្កដា ជួបជុំគ្នា នៅមុខក្រសួងការងារ ដាក់ញត្តិទាមទារការកំណត់ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យទេសចរណ៍ និងសេវាកម្ម។
សហជីព និងកម្មករ នៅក្នុងវិស័យទេសចរណ៍ សេវាកម្ម និងកសិកម្ម ជួបជុំគ្នានៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់ញត្តិទាមទារឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករក្នុងវិស័យទាំង៣។
ក្រុមកម្មករ និងសហជីព បានបន្តជួបជុំគ្នា នៅមុខក្រសួងការងារដដែល ដើម្បីដាក់ញត្តិទាមទារដំឡើងប្រាក់ឈ្នួល ហើយមិនខ្វល់នឹងបម្រាបរបស់អាជ្ញាធរក្រុងភ្នំពេញ។ មុនពួកគេចូលទៅដាក់ញត្តិនៅក្នុងក្រសួងការងារ ក្រុមកម្មករ និងសហជីព នាំគ្នាថ្លែងសារ និងលើកបដា តវ៉ាទាមទារ ការដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
(តំណាងសហជីពកម្មករវិស័យទេសចរណ៍ និងសេវាកម្ម ថ្លែងការណ៍ជាសាធារណៈ ក្នុងពេលជួបជុំគ្នា នៅមុខក្រសួងការងារ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ រូប៖ សហជីព)
នៅមុនក្រុមកម្មករដាក់ញត្តិ ៤ថ្ងៃ គឺនៅថ្ងៃទី១១ កក្កដា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញលិខិតហាមមិនឲ្យសហជីព និងកម្មករជួបជុំគ្នានៅមុខក្រសួងការងារ ឬតាមចិញ្ចើមផ្លូវស្របរបងក្រសួងការងារដាច់ខាត ដោយសារខ្លាចបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ អាជ្ញាធរក្រុង បានណែនាំឲ្យក្រុមសហជីពដឹកនាំកម្មករថ្លែងសារ លើកបដា នៅក្នុងស្នាក់ការរបស់ខ្លួន ឬទីលានប្រជាធិបតេយ្យថ្មី នៅខណ្ឌឫស្សីកែវ។ លោក ឃួង ស្រេង ក៏បានព្រមានតំណាងសហជីព ៣នាក់ គឺលោក ម៉ម រិទ្ធី លោក ហ៊ាំង រុន និងលោក កែវ គឿន ឲ្យទទួលខុសត្រូវ ចំពោះមុខច្បាប់ បើហ៊ានបន្តធ្វើកម្មវិធីជួបជុំគ្នាមុខក្រសួងការងារ។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ប្រាប់ថា សហព័ន្ធសហជីព ២ក្រុមបានដាក់ញត្តិនៅក្រសួងការងារ គឺសហព័ន្ធទេសចរណ៍ សេវាកម្ម និងសហព័ន្ធកសិកម្ម។ ចំណែកក្រុមកម្មករច្រើនវិស័យផ្សេងទេ ដូចជា កម្មករសំណង់ ដឹកជញ្ជូន ឧស្សាហកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមកចូលរួមជួយគាំទ្រ ការដាក់ញត្តិនៅក្រសួងការងារ។
ក្រោយកម្មករនាំគ្នាថ្លែងសារបានបន្តិចមន្ត្រីក្រសួងការងារ បានចេញមកកោះហៅសហជីព និងតំណាងកម្មករ ១០នាក់ ឲ្យចូលទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងការងារ។ លោក ម៉ម រិទ្ធី ប្រាប់ថា មន្ត្រីទទួលញត្តិសន្យាថា នឹងបញ្ជូនញត្តិនោះទៅលោករដ្ឋមន្ត្រី តែមិនបានសន្យាពេលណាទេ។
លោកថា ការដាក់ញត្តិពេលនេះ គឺដើម្បីប្រយោជន៍កម្មករ ព្រោះនិយោជក បរទេស ពិសេសជនជាតិចិនច្រើនណាស់ បានចូលមកកម្ពុជាជាគំហុក ហើយបើរដ្ឋាភិបាលនៅព្រងើយកន្តើយមិនព្រមចេញអនុក្រឹត្យកំណត់ប្រាក់ឈ្នួលអប្បបរមាទេ នឹងធ្វើឲ្យកម្មករនៅវិស័យទេសចរណ៍ និងសេវាកម្មខាតបង់ប្រយោជន៍ ឬបន្តចាញ់បោកថៅកែជនជាតិចិន៖ « វាមានភាពរលូនល្អប្រសើរមែន។ ប៉ុន្តែយើងនៅមានការបារម្ភមួយទៀត គឺក្រសួងអាចយឺតពេលក្នុងការកំណត់ប្រាក់ឈ្នួលតាមការដែលយើងចង់បាន។ អ៊ីចឹងយើងកំពុងបារម្ភថា បើសិនរដ្ឋាភិបាលឬក៏ក្រសួងការងារ គាត់មិនយកចិត្តទុកដាក់ក្នុងការកំណត់ប្រាក់ខែហ្នឹងទេ យើងព្រួយបារម្ភថា ថៅកែបន្តកេងប្រវ័ញ្ចតទៀត ហើយអ្នកដែលខាតបង់ប្រយោជន៍គឺកម្មករ » ។
បន្ទាប់មកក្រុមកម្មករមានបំណងយកញត្តិទៅដាក់នៅខុទ្ទកាល័យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន និងទីស្ដីការគណៈរដ្ឋមន្ត្រីបន្ត តែមន្ត្រីនៅក្រសួងការងារប្រាប់ថា គេបានត្រៀមក្រុមការងារទទួលញត្តិមុខភូមិគ្រឹះ លោក ហ៊ុន សែន មកប្រចាំការនៅក្រសួងការងាររួចហើយ។ មន្ត្រីទទួលញត្តិមុខភូមិគ្រឹះ សន្យាថា នឹងបញ្ជូនបន្តទៅឲ្យលោក ហ៊ុន សែន។
ក្នុងញត្តិរបស់ក្រុមកម្មករវិស័យទេសចរណ៍ និងសេវាកម្ម ពួកគេទាមទារឲ្យរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមា ដល់កម្មករក្នុងវិស័យនេះ ដូចកម្មករក្នុងវិស័យកាត់ដេរដែរ។ ពួកគេថា ប្រាក់ឈ្នួលពួកគេបច្ចុប្បន្នស្ថិតនៅចន្លោះ ៨០ដុល្លារ ទៅ ១៥០ដុល្លារក្នុងមួយខែ។ សហជីព លោក ម៉ម រិទ្ធី ប្រាប់ថាតាមការស្ទង់មតិកម្មករធ្វើការនៅវិស័យទេសចរណ៍ និងសេវាកម្ម ត្រូវចំណាយមធ្យម ១ខែជាង ៣០០ដុល្លារ តែក្រុមកម្មករស្នើសុំត្រឹម ៣០០ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២០ តទៅ។
ចំណែកញត្តិរបស់ក្រុមកម្មករវិស័យកសិកម្មវិញ ក៏ទាមទារស្នើសុំដំឡើងប្រាក់ឈ្នួលគោលឲ្យបានយ៉ាងតិច ៣០០ដុល្លារ ក្នុងមួយខែ កែសម្រួលកិច្ចសន្យាការងារ គិតគូរពីសុខភាព សុវត្ថិភាពកម្មករ និងត្រូវកែប្រែលក្ខខណ្ឌការងារមួយចំនួន។ ញត្តិទាំងពីរបានដាក់នៅក្រសួងការងារ និងមន្ត្រីទទួលញត្តិមុខភូមិគ្រឹះលោក ហ៊ុន សែន រួចរាល់ហើយ។
អ្នកជួបជុំនៅមុខក្រសួងការងារ នៅព្រឹកថ្ងៃទី១៥ កក្កដា មានគ្នាប្រហែល ២០០នាក់។ កម្មវិធីប្រព្រឹត្តិទៅតាមគម្រោង ដោយថ្លែងសារ លើកបដា មុនពេលចូលទៅដាក់ញត្តិក្នុងក្រសួង។ សហជីពឲ្យដឹងថា ការជួបជុំគ្នាមុខក្រសួងការងារ គ្មានការរារាំង ឬ អុកឡុក ពីខាងអាជ្ញាធរ ដូចការគំរាមឡើយ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅគ្រប់មុខសញ្ញា និងជាអ្នកនាំពាក្យក្រសួងការងារ លោក ទេស រុក្ខាផល និងសមាជិកក្រុមការងារទទួលញត្តិមុខភូមិគ្រឹះ លោក ហ៊ុន សែន ប្រចាំក្រសួងការងារ លោក និន វណ្ណៈ បានទេ នៅថ្ងៃទី១៥ កក្កដា ដោយសារមិនទទួលទូរស័ព្ទ។
តែទោះជាយ៉ាងណាក្ដី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្ម លោក ម៉ម រិទ្ធី ឲ្យដឹងថា ប្រសិនបើ នៅមុនខែតុលា ក្រសួងមិនព្រមចាត់ការសំណើនេះទេ ពួកគេនឹងតវ៉ាជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
