ក្រុមយុវជនរកឃើញភាពភាពធូររលុងច្រើនក្នុងការគ្រប់គ្រង និងអភិរក្សប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតនៅតំបន់អង្គរនាខេត្តសៀមរាប។ ពួកគេអះអាងថា អាជ្ញាធរអប្សរានៅមិនទាន់មានភាពច្បាស់លាស់គ្រប់គ្រងតំបន់ទីសក្ការបូជា និងផ្ដល់តម្លៃលើបេតិកភណ្ឌដ៏ល្បីមួយនេះឱ្យបានពេញលេញនៅឡើយទេ ជាពិសេស ការគ្រប់គ្រងបរិស្ថាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការលុបគំនូសស្នាមអក្សរបរទេសលើផ្ទាំងសិលា និងរក្សាបានភាពនូវភាពស្ងៀមស្ងាត់ជាដើម។
ការលើកឡើងបែបនេះក្រោយពីក្រុមយុវជនមកពីរាជធានីភ្នំពេញបានចុះសិក្សាស្រាវជ្រាវរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែមីនា នៅតំបន់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតក្នុងខេត្តសៀមរាប។ បេសកកម្មស្រាវជ្រាវនេះផ្ដោតសំខាន់ស្វែងយល់ពីរបៀបគ្រប់គ្រងកិច្ចគាំពារប្រាសាទ ការច្នៃប្រឌិតនិង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់អាជ្ញាធរអប្សរានិងអាជ្ញាធរខេត្តនេះថាតើបានបំពេញតម្រូវការជូនភ្ញៀវទេសចរនិងប្រជាពលរដ្ឋបានគ្រប់ជ្រុងជ្រោយ ឬទេ?
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរលោក មួង សូនី ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ មីនាថា ការគ្រប់គ្រងប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតនាខេត្តសៀមរាប នៅខ្វះចន្លោះច្រើន ទាំងការគ្រប់គ្រងបរិស្ថាន ការច្នៃប្រឌិតនៅមានកម្រិត និងការទុកដាក់សំរាមជាដើម។ លោកបញ្ជាក់ថា ថ្វីត្បិតតែប្រាសាទអង្គរវត្តជាបេតិកភណ្ឌល្បីល្បាញលើពិភពលោក ក៏ភាពច្នៃប្រឌិតឱ្យទាក់ទាញនៅផ្នែកខ្លះនៃតំបន់ប្រាសាទឱ្យល្អផូរផង់ ដើម្បីឱ្យភ្ញៀវទេសចរផ្ដល់តម្លៃ និងគោរព នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ ចំណែកគំនូសអក្សរបរទេស រួមមាន អក្សរចិន អក្សរវៀតណាម អក្សរភូមា អក្សរជប៉ុន និងអក្សរថៃជាដើម នៅលើផ្ទាំងសិលាប្រាសាទមួយចំនួន ក៏អាជ្ញាធរអប្សរានៅមិនទាន់មានមធ្យោបាយលុបបំបាត់ និងរកវិធីសាស្ត្របែបណាទប់ទល់កុំឱ្យបាតុភាពនេះកើតឡើងដដែលៗ នៅឡើយទេ៖ «ការគ្រប់គ្រងមានលក្ខណៈធូររលុងនៅឡើយ ទាំងបរិស្ថាន ទាំងសេវាសាធារណៈមួយចំនួន ការច្នៃប្រឌិតតំបន់ហ្នឹងនៅខ្វះចន្លោះច្រើនណាស់ បើយើងប្រៀបធៀបទៅហ្នឹងប្រទេសថៃសូម្បីតែវត្តមួយ ក៏គេអាចរកចំណូលជាតិគេបានដែរ តែដោយឡែកយើងនៅខ្វះទាំងអស់ យើងមានតែបារាយព័ទ្ធជុំវិញអង្គរតែយើងមិនបានរៀបចំ ដើម្បីឲ្យភ្ញៀវកម្សាន្តដើម្បីឲ្យរកចំណូលបាន។ អ្វីដែលអាជ្ញាធរធ្វើបានគឺលក់សំបុត្រ តែយើងគ្មានគំនិតច្នៃប្រឌិតធ្វើឲ្យភ្ញៀវទេសចរចំណាយលុយច្រើន » ។
លោក មួងសូនី បន្ថែមថា ទម្រង់នៃការលក់ដូរនៅមុខប្រាសាទអង្គរវត្តនៅមិនទាន់មានលក្ខណៈល្អប្រសើរឱ្យសមនឹងតម្លៃបេតិកភណ្ឌអង្គរនៅឡើយទេ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ ឬផ្លូវថ្នល់ភាគច្រើនខូចខាតស្ទើរទាំងស្រុង ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរមិនសប្បាយចិត្ត ជាពិសេស ធ្វើឲ្យបាត់បង់សោភ័ណភាពតំបន់ទេសចរប្រវត្តិសាស្ត្រជាដើម៖ «សំណូមពរឲ្យអភិបាលខេត្ត និងរដ្ឋាភិបាលមេត្តាគិតគួរអភិវឌ្ឍន៍ក្នុងប្រាសាទឲ្យមានភាពជឿនលឿន ជាពិសេសនៅក្រុងអង្គរហ្នឹង ជាតំបន់ទេសចរមែន តែផ្លូវខូចគ្រប់ច្រកណាស់ លំបាកណាស់ ហើយកន្លែងអត់លូភ្លៀងមកលិច។ នេះហើយធ្វើឲ្យបរទេសមើលងាយ ហើយភ្ញៀវទេសចរគេមិនចង់មកទៀត ដោយសារផ្លូវលំបាកធ្វើដំណើរ » ។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យអាជ្ញាធរអប្សរាលោក លឹម ស្រ៊ូ និងអ្នកស្រីចៅ ស៊ុនកិរិយាដើម្បីសុំការបំភ្លឺជុំវិញការរកឃើញរបស់ក្រុមយុវជនតែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១១ មីនា។ ចំណែកអភិបាលខេត្តសៀមរាបលោក ទា សីហា ក៏មិនទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទាក់ទិនរឿងនេះមគ្គុទ្ទេសក៍ទេសចរម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យល់ថា ការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាទៅលើប្រាសាទមានភាពខ្វះខាតច្រើន ធ្វើឱ្យតម្លៃនៃបេតិកភណ្ឌថយចុះ ស្របពេលដែលកំណើនភ្ញៀវទេសចរជនជាតិចិនហក់ឡើងខ្ពស់។ លោកបញ្ជាក់ថា ភ្ញៀវទេសចរដែលមកទស្សនាជាក្រុមៗ តែងប្រើឧបករណ៍បំពងសំឡេង អាជ្ញាធរអប្សរានៅមិនទាន់មានវិធានការជំរុញឱ្យក្រុមហ៊ុនវិស័យទេសចរប្រាប់ដល់ក្រុមមគ្គុទ្ទេសក៍ឱ្យផ្ដល់ដំណឹងទៅភ្ញៀវត្រូវស្ងៀមស្ងាត់ និងផ្ដល់តម្លៃនៅតំបន់ទីសក្ការបូជាឱ្យបានត្រឹមត្រូវនៅឡើយទេ។ ជាក់ស្ដែងភ្ញៀវទេសចរជនជាតិចិនកូរ៉េ និងជនជាតិវៀតណាមមួយចំនួនធំមានភាពរញ៉េវរញ៉ាវច្រើនស្រែកឮៗ និងប្រើឧបករណ៍បំពងសំឡេងជាដើម រំខានដល់ភ្ញៀវទេសចរជាតិសាសន៍ទៀត៖ «ក្រុមចិន និងក្រុមយួនជូនកាលគាត់មក ហើយគាត់ដើរស្រែកជូនកាលគាត់មិនខ្វល់ពីអ្នកដទៃវាជាទម្លាប់ជាតិសាសន៍ហ្នឹង ក៏ប៉ុន្តែយើងអត់មានចំណាត់ការជាក់ស្ដែងណាមួយទៅកាន់ប្រតិបត្តិករវិស័យទេសចរ ដែលណែនាំឲ្យភ្ញៀវកុំស្រែក កុំទៅចាប់កាន់ ទៅអង្គុយលើ និងប៉ះទង្គិចចម្លាក់ប្រាសាទ ដែលធ្វើឲ្យមានការបែកបាក់ប្រាសាទឬបែកបាក់រូបចម្លាក់នៅលើជញ្ជាំង។ នៅពេលសកម្មភាពកើតឡើង មានន័យថា គាត់មិនបានយល់ដឹងពីតម្លៃនៃបេតិកភណ្ឌនេះទេ » ។
របាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមយុវជនសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែររកឃើញថា ផ្ទាំងសិលានៅប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត នៅតំបន់អង្គរមានចម្លាក់អក្សរចិន អក្សរថៃ អក្សរភូមា អក្សរជប៉ុន និងអក្សរវៀតណាមជាដើម ក្នុងនោះ មានអក្សរខ្លះសរសេរខួងលើផ្ទាំងសិលា និងមានអក្សរខ្លះទៀតប្រើទឹកថ្នាំលុបមិនជ្រះជាដើម។ របាយការណ៍បន្តថា អក្សរទាំងនោះបានសរសេរតាមសម័យកាលខុសៗ គ្នា ដូចជា អក្សរថៃ គឺសរសេរកាលពីជាង ១រយឆ្នាំមុន ពោលគឺសម័យរតនកូស៊ីន ឬហៅថា សម័យក្រុងបាងកក កាលនោះជនជាតិថៃមានឥទ្ធិពលលើប្រជាជនកម្ពុជា។លើសពីនេះ មានអក្សរចិន អក្សរភូមា និងអក្សរជប៉ុនជាដើម ពួកគេមិនទាន់រកឃើញថា សរសេរនៅឆ្នាំណាឱ្យប្រាកដនៅឡើយទេ។ ចំណែកអក្សរវៀតណាម គឺសរសេរក្នុងសម័យទសវត្សរ៍ទី៧០ ឬហៅថា សម័យ លន់ នល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
