កម្មករជាង ៤០០នាក់ នៅរោងចក្រស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាំគ្នាបន្តកូដកម្មមុខរោងចក្រ ទាមទារឲ្យថៅកែជនជាតិចិន ផ្ដល់ដំណោះស្រាយ និងសងសំណងកម្មករ។ សហជីពឲ្យដឹងថា បើនៅតែគ្មានដំណោះស្រាយទៀត ក្រុមកម្មករនឹងធ្វើញត្តិ ហើយហែទៅដាក់ជូនរដ្ឋាភិបាល។
កម្មការិនីផ្នែកដេរកអាវម្នាក់ អ្នកនាង យាន ស្រីនាង ប្រាប់ថា កម្មករនាំគ្នាតវ៉ា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាចរៀងរាល់ថ្ងៃ ហើយការតវ៉ានេះ បានផ្ទុះឡើងខ្លាំងនៅរយៈពេល ២សប្ដាហ៍ចុងក្រោយ ដោយសារថៅកែបញ្ឈប់កម្មករទាំងអស់គ្មានសល់ បន្ទាប់ពីគ្មានឥវ៉ាន់ឲ្យកម្មករដេរ។
កម្មការិនីរូបនេះ អះអាងថា ថៅកែបានបញ្ឈប់កម្មករតាំងពីកំឡុងខែកញ្ញា ឆ្នាំ២០១៩ ហើយកម្មករបណ្ដាក់គ្នាតវ៉ាតាំងពីពេលនោះមក។ តែដោយសារកាលនោះ កម្មករតវ៉ាមានចំនួនតិច ទើបគ្មានឥទ្ធិពលដល់ថៅកែ។ លោកស្រីថា ភាគីថៅកែបញ្ឈប់កម្មករ ដោយគ្មានសំណង និងប្រាក់ឈ្នួល ទើបកម្មករមិនសុខចិត្ត៖ «តវ៉ាតែពេលថ្ងៃហ្នឹងៗ យប់ពួកខ្ញុំអត់នៅតវ៉ាផង។ បញ្ឈប់ច្រើនណាស់បង។ ចង់ថា ពួកខ្ញុំបន្តអាណត្តិដំបូងចាប់ពី ៣ខែ ដល់ ៦ខែ។ ៦ខែ ដល់ពេលឥឡូវ ទម្លាក់ពួកខ្ញុំទៅ ៣ខែវិញ។ បញ្ចប់កម្មករ ២៣៦នាក់។ បញ្ចប់អត់ឲ្យដំណឹងមុនទេ ហើយដល់ពេលបញ្ចប់ គឺចប់យកតែម្ដង»។
រោងចក្រ ស្យុង យិន មានកម្មករសរុបជិត ៦រយ (៥៩២) នាក់ មានថៅកែជាជនជាតិចិន និងធ្លាប់ដេរសំលៀកបំពាក់ យីហោ H&M និងម៉ាកផ្សេងទៀត។ រោងចក្រនេះ មានសហជីពប្រចាំរោងចក្រ២ គឺសហជីពស្មារតីកម្មករខ្មែរ និងសហជីពស៊ីខៅឌូ។
តំណាងកម្មករ និងជាប្រធានសហជីពស្មារតីកម្មករខ្មែរ ប្រចាំរោងចក្រស្យុងយិន លោក អ៊ឹម រ៉ា អះអាងស្រដៀងនឹងតំណាងសហជីពស៊ីខៅឌូ លោក សំរ៉ុង បូរី ដែរ គឺថៅកែរោងចក្រស្យុងយិន បានបញ្ចប់កិច្ចសន្យាការងារកម្មករ ដោយបំពាន ហើយមិនព្រមបង់វិភាគទានចូលបេឡាជាតិរបបសន្តិសុខសង្គម ជាហេតុធ្វើឲ្យកម្មករខាតអត្ថប្រយោជន៍ផ្នែកសង្គមកិច្ច និងមិនសងប្រាក់ឈ្នួល ប្រាក់រំលឹក ប្រាក់បំណាច់ ឲ្យកម្មករ ជាដើម។
លោកថា ក្រុមកម្មករត្រៀមហែញត្តិ ទៅដាក់ជូនមន្ត្រីរដ្ឋាភិបាល ៤ស្ថាប័ន គឺសាលាខេត្តកណ្ដាល ក្រសួងការងារ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យថៅកែអនុវត្តច្បាប់ការងារ ដោះស្រាយសំណងជូនកម្មករ។ លោកអះអាងថា មន្ត្រីក្រសួង និងមន្ទីរការងារ ខេត្តកណ្ដាលបានចុះមកពិនិត្យមើលការតវ៉ាច្រើនដងហើយ តែគ្មានដំណោះស្រាយទេ៖ «និយាយទៅក្រសួងការងារ គាត់មកបង។ គាត់មកដោះស្រាយមិនចេញ ដូចគាត់ត្រូវរ៉ូវតែជាមួយរោងចក្រ។ ខាងរោងចក្រ គឺគាត់អត់ខ្វល់តែម្ដង»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីភាគីរោងចក្រ ស្យុង យិន ទេ ដោយសារទូរស័ព្ទរបស់ប្រធានផ្នែករដ្ឋបាលរោងចក្រ លោក តុំ គឹមសឿន មិនអាចទទួលការហៅចូលបាន នៅថ្ងៃទី១៤ មករា។ ចំណែកអ្នកនាំពាក្យក្រសួងការងារ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា លោក ទេស រុក្ខាផល ក៏មិនទទួលទូរស័ព្ទ។
ក្រុមកម្មករថា ពួកគេទាមទារឲ្យនិយោជក បើកប្រាក់រំលឹកអតីតភាពការងារ ប្រាក់បំណាច់ ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ដល់កម្មករ ដែលរងការព្យួរការងារដោយមិនត្រឹមត្រូវ និងគ្មានការអនុញ្ញាតពីក្រុមអធិការកិច្ចរបស់ក្រសួងការងារ និងបញ្ជាក់ឲ្យច្បាស់ថា រោងចក្របន្តសកម្មភាព ឬបិទទ្វារ។ កម្មករស្នើសុំក្រសួងការងារ ចុះដោះស្រាយឲ្យលឿន ព្រោះពួកគេ ឃើញថៅកែជនជាតិចិន កំពុងមានវត្តមាននៅក្នុងរោងចក្រ។ ពួកគេបារម្ភថា បើក្រសួងយឺតយ៉ាវមិនដោះស្រាយការតវ៉ាទេ អាចបណ្ដាលឲ្យថៅកែរត់ចោលរោងចក្រ ដូចករណីផ្សេង ព្រោះរោងចក្រកំពុងប្រឈមស្ថានភាពគ្មានឥវ៉ាន់ឲ្យកម្មករដេរ ច្រើនខែមកហើយ៕