ថៃ​បន្ត​បដិសេធ​គម្រោង​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ខ្មែរ

ប្រទេស​ថៃ​បដិសេធ​មិន​ទទួល​យក​សេចក្ដី​ព្រាង​ដំណោះស្រាយ​កម្ពុជា ដែល​បាន​ស្នើ​ឡើង​ថា គម្រោង​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​អាច​នឹង​លើក​ពេល​ទៅ​ពិភាក្សា​នៅ​ឆ្នាំ​២០១២ បាន ប្រសិន​បើ​ថៃ អនុញ្ញាត​ឲ្យ​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​វត្តមាន​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ទន្ទឹម​នឹង​ការ​បដិសេធ​នេះ ថៃ​ក៏​បាន​ទាមទារ​ឲ្យ​អង្គការ​យូណេស្កូ (UNESCO) ពន្យារ​ពេល​កិច្ចពិភាក្សា​គម្រោង​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពិនិត្យ​លើ​បណ្ដឹង​កម្ពុជា ឲ្យ​បក​ស្រាយ​សាលក្រម​ខ្លួន​ឆ្នាំ​១៩៦២ និង​រហូត​ដល់​កម្ពុជា និង​ថៃ បញ្ចប់​ការ​បោះ​បង្គោល​សីមា​ព្រំដែន។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ចោទ​ប្រកាន់​ថៃ​ថា ការ​លើក​ឡើង​របស់​ថៃ បាន​ជ្រៀតជ្រែក​កម្មសិទ្ធិ​កម្ពុជា លើ​ប្រាសាទ​ព្រះវិហារ និង​មាន​បំណង​វាយ​ប្រហារ​ទៅ​លើ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក និង​អង្គការ​យូណេស្កូ៕