មន្ត្រីអាជ្ញាធរអប្សរា បានអះអាងថា គេបានចាប់ខ្លួនទេសចរបរទេសចំនួន ៣នាក់ជាថ្មីទៀត ពេលដែលកំពុងថតរូបអាក្រាតកាយនៅក្នុងតំបន់ប្រាសាទបុរាណកាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃច័ន្ទ ទី១១ ខែឧសភា ថា កម្លាំងរបស់អាជ្ញាធរអប្សរា បានចាប់ខ្លួនស្ត្រីអ្នកទេសចរបរទេសម្នាក់ និងប្រុស ២នាក់ ដែលបានថតរូបអាក្រាតកាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែឧសភា កន្លងទៅ។
លោក ឡុង កុសល បញ្ជាក់ថា ជនបរទេសទាំង៣ ដែលអាជ្ញាធរចាប់ខ្លួននោះ គឺជនជាតិអ៊ីតាលីម្នាក់ ជនជាតិហុឡង់ដ៍ ម្នាក់ និងអាហ្សង់ទីន ម្នាក់៖ «នៅពេលដែលភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរអប្សរាបានឃើញ គឺគាត់កំពុងថតរូបបង្ហាញរាងកាយផ្នែកខាងក្រោយរបស់គាត់ ហើយយើងបានឃាត់ខ្លួនបញ្ជូនទៅខាងនគរបាលទេសចរណ៍»។
នេះជាលើកទី៣ហើយ ដែលសមត្ថកិច្ចបានចាប់ខ្លួនទេសចរបរទេសពាក់ព័ន្ធនឹងការថតរូបអាក្រាតកាយ នៅក្នុងតំបន់ប្រាសាទបុរាណនៃខេត្តសៀមរាប។ កាលពី ៣-៤ខែមុន សមត្ថកិច្ចធ្លាប់បានឃាត់ខ្លួនបុរសជនជាតិបារាំង ២រូប និងស្ត្រីជនជាតិអាមេរិកាំង ២រូប ពាក់ព័ន្ធនឹងការថតរូបអាក្រាតនៅក្នុងតំបន់ប្រាសាទបុរាណដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
