ពលរដ្ឋជីករករ៉ែមាសពីរនាក់ស្លាប់ដោយសារដីអណ្ដូងរ៉ែបាក់សង្កត់នៅមណ្ឌលគិរី
2012.11.13
ជនរងគ្រោះស្លាប់ក្នុងអណ្ដូងរ៉ែនោះមាន ឈ្មោះ ឡេង និងឈ្មោះ ពីរ គឺជាប្រជាពលរដ្ឋចំណាកស្រុកពីខេត្តកំពង់ចាម មកជីករកមាសនៅចំណុចភ្នំង៉ត ព្រំប្រទល់ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍បានរាយការណ៍ថា គ្រោះថ្នាក់បាក់ដីអណ្ដូងរ៉ែនេះ កើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ក៏ប៉ុន្តែដោយសារតែតំបន់នោះនៅឆ្ងាយដាច់ស្រយាល ទើបក្រុមអាជ្ញាធរមិនបានទទួលដំណឹងនេះទាន់ពេលវេលា។
លោកបន្តថា បន្ទាប់ពីថ្ងៃកើតហេតុមក ក្រុមគ្រួសារជនរងគ្រោះបានមកដល់ទីកើតហេតុ និងជីកកកាយយកសពជនរងគ្រោះទៅធ្វើបុណ្យរួចហើយ៖ «ជំហានដំបូងដែលខ្ញុំដឹងកន្លែងហ្នឹង គឺក្រុមហ៊ុនរ៉ែមាសគេចុះទៅស្រាវជ្រាវ រយៈពេលពីរបីឆ្នាំហើយ ប៉ុន្តែមិនដឹងថាស្រាវជ្រាវឃើញរ៉ែមាសហើយឬនៅ។ យើងអត់ទាន់ដឹង។ ទៅជីកហ្នឹង មិនមែននៅក្នុងក្រុមហ៊ុនទេ ជាលក្ខណៈឯកជន គាត់ចុះទៅជីកក្នុងអណ្ដូងរ៉ែ ហើយវាបាក់ដី។ ករណីហ្នឹង ប៉ូលិសចុះធ្វើការស៊ើបអង្កេតហើយព្រោះនៅឆ្ងាយ»។
ស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសបានចុះស៊ើបអង្កេតករណីនេះ និងរកឃើញថា ជនរងគ្រោះ គឺជាក្រុមអ្នកជីករកមាសអនាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។