សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកបានឲ្យដឹងថា ការបោះជំរំនោះ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១០ ហើយសិស្សានុសិស្សទាំងនោះ នឹងមានឱកាសហាត់ជំនាញភាសាអង់គ្លេសរបស់គេ ដោយចូលរួមលេងល្បែងកម្សាន្ត និងចូលរួមក្នុងសកម្មភាពផ្សេងៗទៀត។
កម្មវិធីអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសដែលផ្ដល់លទ្ធភាពដល់អ្នកខ្វះខាតនៅកម្ពុជានេះ គឺដើម្បីជួយអភិវឌ្ឍផ្នែកសិក្សា អប់រំ សម្រាប់សិស្សដែលជាជនជាតិភាគតិចនៅកម្ពុជា តាមរយៈវគ្គសិក្សាភាសាអង់គ្លេសទូទៅ ដែលមានរយៈពេល២ឆ្នាំ។
ចាប់តាំងពីកម្មវិធីផ្ដល់អាហារូបករណ៍ខ្នាតតូចនេះបានចាប់ផ្ដើមឡើងក្នុងឆ្នាំ២០០៤ មក មានសិស្សានុសិស្សប្រមាណ ៤ម៉ឺន ៤ពាន់នាក់ នៅក្នុងប្រទេសចំនួន៥៥ ដែលបានទទួលអាហារូបករណ៍ខ្នាតតូចនេះ។
ប្រទេសកម្ពុជា កម្មវិធីអាហារូបករណ៍នេះ បានផ្ដល់ដល់សិស្សកម្ពុជាប្រមាណ ៤៨០នាក់ ដែលមានទឹកប្រាក់សរុបជាង ៣៦ម៉ឺនដុល្លារអាមេរិក។ កម្មវិធីនេះបានអនុវត្តនៅខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ៕