បក្សកាន់អំណាច៖​ លោក ស ខេង មិនពាក់ព័ន្ធនឹងលោក សម រង្ស៊ី ក្នុងការបង្កើតចលនាជាតិតស៊ូ

លោក ស ខេង នៅតែគោរពកោតសរសើរក្រុមគ្រួសារលោក ហ៊ុន សែន ថា បានបន្សល់ទុកស្នាដៃច្រើនជូនដល់សង្គមកម្ពុជាដែលមិនអាចបំភ្លេចបានឡើយ។

អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្កោលទោសថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលបានយកឈ្មោះលោក ទៅភ្ជាប់ជាមួយក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី ថាជារឿងមិនពិត និងដើម្បីបំបែកបំបាក់ផ្ទៃក្នុងបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យ៖ លោក ស ខេង មិនពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាជាតិតស៊ូលោក សម រង្ស៊ី អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្កោលទោសថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលបានយកឈ្មោះលោក ទៅភ្ជាប់ជាមួយក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី។

អ្នកនាំពាក្យលោក ស ខេង បានបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់គណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤មីនា ថា លោក ស ខេង នៅតែគោរពកោតសរសើរក្រុមគ្រួសារលោក ហ៊ុន សែន ថា បានបន្សល់ទុកស្នាដៃច្រើនជូនដល់សង្គមកម្ពុជា ដែលមិនអាចបំភ្លេចបានឡើយ។

ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានតែងតាំងក្បាលម៉ាស៊ីនក្រុមប្រឹក្សាជាតិតស៊ូ ដែលមានលោក សម រង្ស៊ី ជាប្រធាន អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី អគ្គលេខាធិការសាខាសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុប ជាជំនួយការ ហើយថា លោក ស ខេង និង មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត ក៏បានចូលក្នុងចលនានេះដែរ។ ក្រុមប្រឹក្សានេះ មានគោលដៅ ដើម្បីប្រមូលកម្លាំងខ្មែរនៅទូទាំងពិភពលោក រួមគ្នារំដោះកម្ពុជា ចេញពីរបបដឹកនាំរបស់ត្រកូល «ហ៊ុន» និងដើម្បីបញ្ចប់នយោបាយ «ងើបមួយវ៉ៃមួយ» របស់លោក ហ៊ុន សែន។

អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីថា ការលើកឡើងរបស់ លោក ស ខេង ទំនងមានសម្ពាធពីប្រធានគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន ដែលព្រួយបារម្ភខ្លាចចលនារបស់បក្សប្រឆាំងនេះ ផ្ទុះឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។