ទំនាយមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ចូល ៦៣ គ.ស ឆ្នាំ២០១៩ ត្រង់ទំនាយទឹកទន្លេ បានព្យាករណ៍ ថាឆ្នាំនេះនឹងមានទឹកតិច។ ចំណែកទំនាយ ត្រង់កេណ្ឌធញ្ញអាហារ ក៏បានព្យាករណ៍ដែរថា ស្រូវក្នុងស្រែ ចម្ការបានផលតែមួយភាគទេ ខូចខាតអស់ ៩ភាគ។
ចំណែក ក្រុមកសិករ និងអ្នកជំនាញខាងកសិកម្ម ព្រមទាំងអ្នកសេដ្ឋកិច្ចវិញ តើពួកគាត់ មើលឃើញយ៉ាងដូចម្តេចដែរ ចំពោះការបង្ករបង្កើនផលកសិកម្ម និងស្ថានភាពសេដ្ឋកិច្ច នៅឆ្នាំថ្មីនេះ...?
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់ លោក សេក បណ្ឌិត ជុំវិញបញ្ហានេះ ពីរដ្ឋធានីវ៉ាស៊ីនតោន ដូចតទៅ..!!
អំពីទំនាយប្រចាំឆ្នាំ
សៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ដែលរៀបរៀងដោយលោក អ៊ឹម បូរិន្ទ អ្នកសិក្សាស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីកេណ្ឌ ព្រះភិរុណសាស្ត្រ ឬ ទំនាយចំនួនទឹកភ្លៀង ប្រចាំឆ្នាំថា ឆ្នាំនេះ ភពព្រហស្បតិ៍ ជាអធិបតី ដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៥ បង្អុរទឹកភ្លៀង ៥រយមេ ក្នុងនោះចែកចេញទៅ ចក្រវាឡ ២រយមេ ព្រៃហេមពាន្ត ១៥០មេ មហាសមុទ្រ ១ ពាន់២រយមេ(១២០០) និងជម្ពូទ្វីបមនុស្សលោកយើងនេះ មានចំនួន ៥០មេ។
នៅកម្ពុជា ទំនាយក្នុងតម្រាមហាសង្ក្រាន្ត កុរ ដដែលនេះ ក៏បានព្យាករណ៍ឱ្យដឹងដែរថា នៅដើមឆ្នាំនេះភ្លៀងល្អ កណ្ដាលឆ្នាំភ្លៀងតិច និងចុងឆ្នាំភ្លៀងច្រើន។
កេណ្ឌធារាទិគុណ
ឆ្នាំនេះ មានកេណ្ឌ (១) ត្រូវត្រង់តេជោធាតុចុះ ទំនាយទាយថា ភ្លើងកាចសាហាវជាងឆ្នាំមុនៗ។
ចំណែក ទំនាយអំពីទឹកទន្លេ វិញ៖ ឆ្នាំនេះ ទំនាយថា ទឹកទន្លេ បឹង បួរ មានទឹកតូច ឬតិចតួចណាស់ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំទាំងពួង។
កេណ្ឌធញ្ញអាហារ
ទំនាយទាយថា ឆ្នាំនេះមានកេណ្ឌ(០) មានឈ្មោះថា «បាប» ស្រូវក្នុងស្រែ ចម្ការ បានផលមួយភាគ ខូចខាត់អស់៩ភាគ ស្រូវដុះល្អតែដំបូង ក្រោយមកនឹងកើតទុរ្ភិក្សផ្សេងៗ។
ប្រជានុរាស្ត្រ មានសេចក្ដីទុក្ខលំបាកព្រោះធញ្ញអាហារ ម្ហូបអាហារ ស្រូវអង្ករ បន្លែ បង្ការផ្សេងៗ អាចឡើងថ្លៃ ។ តំបន់ខ្លះកើតអន្តរាយជាអនេក មានទុក្ខលំបាក ខ្សត់ខ្សោយ ទីទាល់ក្រ ព្រោះសត្វកណ្ដុរ បំផ្លាញដំណាំទាំងនោះ។
ពាក់ព័ន្ធនឹងទំនាយលើការធ្វើស្រែវិញ៖ ឆ្នាំនេះ ទំនាយថា ស្រែដីទំនាប និងស្រែដីទួលគ្រប់ទីកន្លែងបានល្អដូចគ្នា។
កេណ្ឌព្រឹក្សា
ឆ្នាំនេះដើមរការជាស្ដេច មានទំនាយថា មានភ្លៀងច្រើន ទឹកនឹងជន់លិចស្រូវអស់។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ដោយសារថ្ងៃចូលឆ្នាំត្រូវចំនឹងថ្ងៃ អាទិត្យ ទំនាយថា ឆ្នាំ«កុរ» នេះ ការធ្វើស្រែមិនសូវបានផលល្អឡើយ។
•អំពីទំនាយថ្ងៃ វ័នបត់៖ ជាថ្ងៃកណ្ដាលនៃពិធីចូលឆ្នាំត្រូវចំថ្ងៃចន្ទ ទំនាយថា ឆ្នាំនេះ អំបិល ឡើងថ្លៃ ជំទាវ ខុណ្នាង ក្ដៅក្រហាយចិត្ត ប្រជានុរាស្ត្រ រមែងកើតជំងឺគ្រុន រងាច្រើនជាអនេក។
•អំពីទំនាយថ្ងៃឡើងស័ក៖ ជាថ្ងៃចុងក្រោយនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវនឹងថ្ងៃអង្គារ ទំនាយថា ឆ្នាំនេះ រាជអាមាត្យ មន្ត្រីតូច ធំ នឹងប្រកបដោយសេចក្ដីសុខ ត្រជាក់ត្រជំ ព្រមដោយទ្រព្យសម្បត្តិបរិបូណ៌ ទោះបីមានការប្រយុទ្ធតស៊ូជាមួយបច្ចាមិត្តយ៉ាងណាក្ដី។
ទាក់ទងនឹងទំនាយ របស់មហាសង្ក្រាន្តឆ្នាំថ្មីនេះ ប្រជាកសិករ មួយចំនួន មិនទាន់ប្រាកដថា ត្រឹមត្រូវ ឬ ក៏រឿងនេះនឹងក្លាយជាការពិតឬយ៉ាងណានោះទេ។
ប៉ុន្តែពួកគាត់យល់ថា បើភ្លៀងតិច ហើយកន្លែងខ្លះនៅតែអត់មានភ្លៀងធ្លាក់ដូចនៅដើមរដូវប្រាំងនេះ កសិករនឹងជួបការខាតបង់ ខ្វះស្បៀងអាហារ ស្រូវអង្ករអាចនឹងឡើងថ្លៃ ដូចទំនាយប្រចាំរបស់មហាសង្ក្រាន្តនោះហើយ។
ចំណែកនៅរដូវវស្សាវិញ បើមានភ្លៀងធ្លាក់ច្រើនពេក ហួសតម្រូវការ ក៏នាំឱ្យមានគ្រោះអាសន្នដល់កសិករដែរ។
កសិករ នៅស្រុកបារាយ ខេត្តកំពង់ធំ លោក អ៊ុច ឡេក បានឱ្យដឹងថា ប្រព័ន្ធស្រោចស្រព និងប្រភពទឹកសម្រាប់ជួយកសិករ នៅខ្វះខាតច្រើន ចំណែកប្រព័ន្ធរំដោះទឹកជំនន់ ក៏ខ្វះខាតដូចគ្នាដែរ៖ «បាទ ..!! កសិករនៅស្រុកបារាយនេះ ភ័យបារម្ភ នឹងមានបញ្ហាប្រឈម អ្នកខ្លះធ្លាប់ធ្វើវាលធំ ឥឡូវទម្លាក់ចោលអស់ខ្លះហើយ ចង់ពាក់កណ្ដាល ដោយឮមហាសង្ក្រាន្តថាទឹកវាតូច បារម្ភខ្លាចអត់ទឹកគ្រប់ធ្វើស្រែ ទឹកតូចហើយបារម្ភខ្លាចអត់ទីផ្សារលក់ចេញ សំខាន់ឱ្យតែរកទីផ្សារឱ្យបានទោះយ៉ាងម៉េចក៏គ្រាន់បើដែរ»។
ចំណែក កសិករ ផលិតអំបិលវិញ ក៏កំពុងមានក្តីបារម្ភដូចគ្នាដែរ។ អ្នកផលិតអំបិលម្នាក់នៅសង្កាត់ត្រើយកោះ ក្រុងកំពត លោក ពៅ សុន ថ្លែងថា លោកទំនងជាមិនអាចផលិតអំបិលបានច្រើនឡើយនៅឆ្នាំនេះ បើសិនជាអាកាសធាតុមិនអំណោយផលល្អទេនោះ។
លោកថា បញ្ហាប្រឈមខ្លាំង របស់អ្នកផលិតអំបិល គឺកាលណាមានភ្លៀងច្រើនពេក មិនអាចផលិតអំបិលបានទេ និងបញ្ហាសំខាន់មួយទៀត គឺការប្រឈមដោយខ្វះកម្លាំងពលកម្ម៖ «បើតាមស្ថានភាពជាក់ស្ដែង បើក្រោយចូលឆ្នាំ មានភ្លៀងកក់ខែបន្ថែមទៀត ផលិតមិនកើត តាមមើលទៅអំបិលមិនគ្រប់ទេ នេះបើតាមខ្ញុំគិត…ដោយសារភ្លៀងកក់ខែប៉ុន្មានថ្ងៃនេះធំណាស់ ..! បើរាំងចាប់ឥឡូវនេះទៅដល់ក្រោយចូលឆ្នាំ រហូតម្ដុំខែ៥អី ហ្នឹងប្រហែលអាចទប់ទល់បានខ្លះ»។
ចំណែកការផលិតស្រូវប្រាំងរបស់កសិករវិញ លោក បណ្ឌិត យ៉ង់ សាំងកុមារ អ្នកជំនាញលើវិស័យកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឱ្យដឹងថា នៅរដូវប្រាំង កសិករនៅតំបន់ខ្លះ អាចខ្វះខាតទឹកស្រោចស្រពជិត ៩០%។
បញ្ហានេះ នាំឱ្យកសិករ មិនអាចផលិត ស្រូវ អង្ករ បានគ្រប់តាមតម្រូវការឡើយ។ ពាក់ព័ន្ធនឹងគ្រោះរាំងស្ងួតនេះ មន្ត្រីរដ្ឋាភិបាលអះអាងថា ដោយសារបាតុភូត អែលនីណូ (El Nino) ដែលបណ្ដាលឱ្យអាកាសធាតុក្ដៅហួតហែងខ្លាំង នៅអំឡុងខែមីនា ឆ្នាំ២០១៩នេះ។
កាលពីពេលថ្មីៗ តំបន់ខ្លះ នៃខេត្តចំនួន ៩ ដែលខ្វះខាតទឹកប្រើប្រាស់ខ្លាំងនោះ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រៃវែង ព្រះវិហារ ប៉ៃលិន មណ្ឌលគិរី និងខេត្តកោះកុង។
ទាក់ទងបញ្ហាសេដ្ឋកិច្ចវិញ!! លោក ហ៊ុន សែន បានសរសេរថានៅក្នុងគេហទំព័រហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃ១២ កុម្ភៈ ឆ្នាំ២០១៩នេះថា ប្រទេសកម្ពុជាពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាល ប៉ុន្តែឥឡូវលោកអះអាងថា កម្ពុជាបានងើបរួចផុតពីភាពក្រីក្រ និងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ដោយសារចំណូលពន្ធកាន់តែខ្ពស់។ លោកបន្តថា ការព្យាករណ៍នៅថ្ងៃអនាគត គឺកម្ពុជានឹងអាចក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក៏ប៉ុន្តែថ្មីៗនេះ នៅក្នុងរបាយការណ៍ព្យាករណ៍សន្ទុះសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលពីដើមខែមេសានេះ បានរកឃើញថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពី ៧% នៅឆ្នាំ ២០១៩ ទៅ ៦.៨% ក្នុងឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញទៀតថា បញ្ហាប្រឈមជាច្រើន ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះនេះ រួមមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅប្រទេសចិន ដែលជាទិសដៅនាំចេញសំខាន់មួយរបស់កម្ពុជា។ បញ្ហាសេដ្ឋកិច្ចនៅប្រទេសចិននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅចិន និងវិស័យទេសចរណ៍ផង។
អ្នកជំនាញយល់ថា បើយោងតាម របាយការណ៍ របស់ ADB និងការជួបគ្រោះរាំងស្ងួតនៅដើមរដូវប្រាំងឆ្នាំ២០១៩ ធ្វើឱ្យកសិករផលិតស្រូវប្រាំងមិនទាន់រដូវកាល និងមិនបានគ្រប់ចំនួន គ្រប់កន្លែងនោះ ទំនងជាទំនាយរបស់មហាសង្ក្រាន្តឆ្នាំថ្មី អាចនឹងក្លាយជាការពិត បើរបបក្រុងភ្នំពេញ មិនឆាប់រកយុទ្ធសាស្ត្រ ទប់ទល់បញ្ហាខ្វះទឹកប្រើប្រាស់ ដើម្បីសម្រួលដល់ដំណើរការដាំដុះឱ្យបានរលូន ខួបប្រាំង ខួបវស្សា ដោយគ្មានឧបសគ្គ និងគ្មានអ្នកជំនាញចុះជួយ កសិករ ក្នុងការ រៀបចំផែនការរក្សាទឹក ឬស្វែងប្រភពទឹកបម្រុងទុកជាមុន និងត្រូវមានគោលការណ៍ និងវិធីប្រើប្រាស់សន្សំសំចៃទឹក ឱ្យស្របទៅតាមផែនការដាំដុះពេញមួយឆ្នាំ ដោយម៉ត់ចត់ឱ្យទាន់ពេលវេលានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
