សណ្ដែកបាយផ្តល់ផលប្រយោជន៍យ៉ាងច្រើន ទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងវិស័យកសិកម្មឧស្សាហកម្ម ជាដើម។ គ្រាប់សណ្ដែកបាយ អាចកែច្នៃបានច្រើនយ៉ាង ដូចជាសណ្ដែកបណ្ដុះ ម្សៅសណ្ដែក ទឹកសណ្ដែក ប្រេងសណ្ដែក ស្នូលនំផ្សេងៗ និងម្ហូបអាហារច្រើនបែប។ កាកសំណល់សណ្ដែកបាយ ដូចជា ស្លឹក ដើម សម្បកជាដើម បានចូលរួមក្នុងការបង្កើនគុណភាពដីឲ្យមានសារធាតុអាសូត។
តើដំណាំសណ្ដែកបាយ ងាយស្រួលដាំឬទេ?
សណ្ដែកបាយមាន ២ប្រភេទដែលកសិករនិយមដាំនៅក្នុងប្រទេសកម្ពុជា គឺសណ្ដែកប្រេង (Mung Bean Green Gram) គ្រាប់ធំភ្លឺរលោងពណ៌បៃតងស្រស់ និងសណ្ដែកផេះ (Black Gram) គ្រាប់ល្អិតពណ៌ស្រអាប់ តែដើមវាមានរោមច្រើន។
បច្ចេកទេសដាំដុះសណ្ដែកបាយ ត្រូវបាន លោក សឺ រ៉ានី ជាប្រធានបណ្ដាញកសិករ និងធម្មជាតិ រស់នៅភូមិត្រពាំងស្តុក ឃុំតាំងយាប ស្រុកព្រៃកប្បាស ខេត្តតាកែវ អះអាងថា ជាដំណាំសម្បូរអាសូត ដែលកសិករជាច្រើនយកធ្វើជាជីស្រស់ជួយឲ្យដីដាំដុះកាន់តែល្អ ហើយក៏ជាដំណាំគម្របដីស្រទាប់ខាងលើ។ លោកថា សណ្ដែកបាយងាយដាំមិនលំបាកថែទាំ គ្រាន់តែភ្ជួរដីរួច ព្រោះគ្រាប់សណ្ដែកយកតែម្តង៖ «តាមពិតទៅដំណាំសណ្ដែកបាយនេះ គឺជាដំណាំមួយដែលយើងងាយស្រួលដាំណាស់ ហើយអ្វីដែលយើងចាប់ផ្ដើមដាំពីខែ៤ ដែលមានភ្លៀងធ្លាក់ដើមឆ្នាំ កសិករគាត់អាចយកលាមកសត្វ ឬមួយក៏ជីកំប៉ុសធ្យូងអង្កាមអីហ្នឹង អាចយកទៅរាយលើដី ហើយយើងភ្ជួរទៅល្មមតែយើងភ្ជួរដាច់ ហើយយើងព្រោះ»។
ឯកសារកសិកម្មឆ្នាំ២០០៥ បច្ចេកទេសដាំដុះសណ្ដែកបាយបញ្ជាក់ថា ជាទូទៅវាជាដំណាំអាចដុះលូតលាស់គ្រប់រដូវកាលទាំងអស់នៅក្នុងតំបន់ត្រូពិក ប៉ុន្តែវាមិនសូវធន់ទ្រាំនឹងជំងឺប៉ុន្មានទេ។ ដូច្នេះ មុនដាំត្រូវចេះជ្រើសរើសពូជ ដូចជាពូជលូតលាស់មិនកំណត់ ជាពូជក្នុងស្រុកដុះខ្ពស់ មែកច្រើន ថ្នាំងរង្វើល ស្លឹកធំ ដើមទន់ មិនសូវធន់នឹងជំងឺទេ តែអាចប្រមូលផលក្នុងរយៈពេលជាង ១២០ថ្ងៃ។ ចំពោះពូជសណ្ដែកបាយដែលលូតលាស់មានកំណត់ ភាគច្រើនដើមទាប បែកមែកតិច ស្លឹកល្អិត ថ្នាំងញឹក ដើមរឹងមាំ តែវាធន់នឹងជំងឺអាចប្រមូលផលក្នុងរយៈពេលជាង ៣ខែ។ ដើម្បីដាំលើផ្ទៃដី ១ហិកតារ ប្រើគ្រាប់ពូជអស់ ២០ ទៅ ៣០គីឡូក្រាម។ សណ្ដែកបាយ មានពូជសណ្ដែកផេះ ដាំក្នុងសីតុណ្ហភាពចន្លោះពី ២៥ ទៅ ៣៥អង្សាសេ។ បើពូជសណ្ដែកប្រេងដុះល្អក្នុងសីតុណ្ហភាពចន្លោះពី ២៨ ទៅ ៣០អង្សាសេ។
នៅក្នុងប្រទេសកម្ពុជា ដំណាំសណ្ដែកបាយដាំពេញមួយឆ្នាំអាស្រ័យលើកត្តាដី គឺនៅតំបន់ជម្រាល និងទំនាបមាត់ទន្លេ ដំណាំសណ្ដែកបាយដុះច្រើននៅរដូវទឹកស្រក។ ដំណាំសណ្ដែកបាយ ដាំនៅតាមមាត់ទន្លេគេដាំចាប់ពីខែវិច្ឆិកា ដល់ខែមករា ហើយដាំលើកទី២ ចាប់ពីខែឧសភា ហើយប្រមូលផលនៅខែកក្កដា។ ដំណាំសណ្ដែកបាយនេះដែរ ដាំនៅតំបន់ខ្ពង់រាប និងភ្នំ គេដាំលើកទី១ ពីខែមេសា ប្រមូលផលខែកក្កដា។ ពេលដាំលើកទី២ ពីខែសីហា ប្រមូលផលខែកញ្ញា ឬខែតុលា ប៉ុន្តែបើទឹកភ្លៀងធ្លាក់ច្រើន ការដាំសណ្ដែកក៏ពន្យារពេលដល់ដើមខែកញ្ញា បានដែរ។
ចំពោះការរើសដីដាំសណ្ដែកវិញ បើសិនជាដីឥដ្ឋ គឺមានសភាពស្អិតខ្លាំង ធ្វើឲ្យប៉េហាស់ (PH) ក្នុងដីនោះទាបជាង ៤ ជាហេតុធ្វើឲ្យសណ្ដែកបាយអាចលូតលាស់តែកំពក ឬសតិច នាំឲ្យទិន្នផលទាប។ ដីដែលល្អសម្រាប់ដាំសណ្ដែកបាយ គឺដីល្បប់ល្បាយខ្សាច់ និងដីកម្អែលភ្នំភ្លើង។ ដីនៅតំបន់ខ្ពង់រាប ភាគច្រើនជាដីធូរជ្រាបទឹករហ័ស និងសម្បូរដោយសារធាតុចិញ្ចឹម ដូចជា មមោក ដែលវាបង្កើតនូវអាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) កាល់ស្យូម (Ca) ម៉ាញ៉េស្យូម (Mg) ជាដើម។ ចំពោះសណ្ដែកផេះ វាត្រូវការ ប៉េហាស់ជាង ៤ ទៅ ៧កន្លះ។ បើសណ្ដែកប្រេង ត្រូវការប៉េហាស់ជាង ៥ ទៅ ៧។
រីឯការដាំសណ្ដែកបាយរបស់កសិករ សឺ រ៉ានី នៅស្រុកព្រៃកប្បាស ខេត្តតាកែវ លោកថាមុនដាំ គាត់យកគ្រាប់ពូជសណ្ដែកបាយទៅហាលថ្ងៃ ២ម៉ោងសិនឲ្យវាក្តៅបន្តិច ដើម្បីដាស់ដំណេកសិន។ បន្ទាប់មក គាត់ព្រោះគ្រាប់ពូជស្តើងៗលើដីដែលបានភ្ជួរមានលុបជីកំប៉ុសក្នុងដីជាស្រេច។ លោកថា គេដាំសណ្ដែកបាយតាមបែបបុរាណសម្រាប់យកផលខ្លះ និងទុកវាធ្វើជីស្រស់ឲ្យបង្កើនគុណភាពដីផង។ សណ្ដែកបាយ មិនលំបាកថែទាំក្រៅពីដើរបោចស្មៅចេញប៉ុណ្ណោះទេ។ លោកថា ព្រោះគ្រាប់ពូជបាន ៦០ថ្ងៃ វាចេញផ្កា។ ក្រោយពីសណ្ដែកចេញផ្កា ៦០ថ្ងៃបន្តទៀត ទើបអាចប្រមូលផលសណ្ដែកបាន។ លោកថា មកដល់ពេលនេះមិនទាន់មានកសិករណាម្នាក់ដាំសណ្ដែកដោយលើករង ឬស្ទូងតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ ដូចដាំស្រូវនោះទេ៖ «សព្វថ្ងៃនេះបើខ្ញុំគណនាមើល ទី១ បើគាត់អត់ភ្ជួរលុបជាដំណាំគ្របដីទេ គាត់អាចបេះផលមកវិញ កសិករដែលគាត់ធ្វើត្រូវក្នុងដី ៣០អា បានទៅដល់ ១០០គីឡូក្រាម ជាទិន្នផលដែលបានមកវិញ»។
លោក សឺ រ៉ានី អះអាងថា ការលក់គ្រាប់សណ្ដែកបាយ ឬសណ្ដែកខៀវដែលដាំតាមធម្មជាតិ តម្លៃជួញដូរក្នុង ១គីឡូក្រាម ៨ពាន់រៀល។ លោកបន្តថា សណ្ដែកបាយ ឬសណ្ដែកខៀវនេះជាដំណាំជំនួយក្នុងការគ្របលើដី ដែលរងនៅថ្ងៃចាំងក្តៅខ្លាំង ធ្វើឲ្យមិនឆាប់ស្ងួតទឹក ពិសេសទៅទៀត នៅពេលប្រមូលផល មិនគួរយកគ្រាប់វាទាំងអស់ពេកទេ ទុកឲ្យវានៅសល់ ៣០% ដើម្បីឲ្យដើម និងផ្លែខ្លះក្លាយជាជីស្រស់សម្រាប់ភ្ជួរលុបឲ្យកប់ក្នុងដី ជំនួយដី ធ្វើឲ្យដីធូរ ព្រោះដើមសណ្ដែក និងផ្លែមានអាសូតច្រើន៖ «នៅតាមវាលស្រែដែលគាត់ព្រោះហ្នឹង ខ្ញុំឃើញងាយណាស់ ភាគច្រើនកសិករអត់ដែលថាឥឡូវសណ្ដែកត្រូវការបំប៉ន ជ្រោយជើង ជ្រោយអីដូចដំណាំផ្សេង គឺគ្មានទេ ប៉ុន្តែសំខាន់ឲ្យតែមានជីជាតិមុន ដែលយើងធ្វើដីព្រោះហ្នឹង យកទៅរាយវាទៅ។ ក្នុង ១ហិកតារ គិតថាជាមធ្យមវាមិនដាក់ដល់ថ្នាក់ដូចយើងធ្វើស្រូវទេ។ ធ្វើស្រូវបើយើងធ្វើល្អ ១ហិកតារ វាអាច ១០តោន ជីធម្មជាតិហ្នឹង ប៉ុន្តែបើសណ្ដែក យើងមានតែ ៥ ទៅ ៦រទេះយកទៅរាយទៅក៏បានដែរ។ វាជាដំណាំមួយដែលវាអត់សូវត្រូវការបឺតយកជីជាតិពីដីប៉ុន្មានទេ ប៉ុន្តែជាដំណាំមួយដែលផ្តល់ជីឲ្យដីវិញ ដោយសារពិសោធមើលទៅអាឫសវាហ្នឹង មានជាតិអាសូត ក្នុងឫសវានោះវាមានកំពីកកំពក គេថាអាហ្នឹងសុទ្ធតែមានជាតិអាសូតក្នុងឫសក្នុងគល់វាហ្នឹង។ អ៊ីចឹងខ្ញុំគ្រាន់តែផ្ដាំថា ឲ្យកសិករទាំងអស់បើសិនណាជាធ្វើស្រែខ្វះខាតនូវជីបំប៉នបន្ថែម ជាពិសេសគឺជីធម្មជាតិហ្នឹង គួរតែបែរទៅនាំគ្នាព្រោះសណ្ដែកខែដើមឆ្នាំ មុនធ្វើស្រូវ គឺជាការមួយល្អសម្រាប់ជួយដីសម្រាប់ជួយបន្ថយថវិកាដែលយើងទិញជីយកមកបំប៉នថែម»។
ឯកសារផ្សព្វផ្សាយកសិកម្មឆ្នាំ២០០៥ ឲ្យដឹងដែរថា សណ្ដែកបាយ ឬសណ្ដែកខៀវនេះមានសត្វល្អិតច្រើនប្រភេទបំផ្លាញ ទាំងស្លឹក ដើម ផ្កា និងគ្រាប់។ វិធានការទប់ស្កាត់ និងកម្ចាត់សត្វនោះ មុនដាំត្រូវកម្ចាត់ស្មៅ ហើយជ្រើសរើសពូជធន់នឹងជំងឺ រួចដាំដោយឆ្លាស់ជាមួយមុខដំណាំផ្សេងទៀត ត្រូវបាញ់ថ្នាំមេទីល កាបាម៉ាត (Methyl Carbamate) លាយជាមួយមេទីល ហ្វូស្វាត (Methyl Phosphate) ឬអាតាប្រោន (Atabron)។ មុនបាញ់ ត្រូវពិនិត្យមើលកូនដង្កូវតាមដើមសណ្ដែក មិនត្រូវឲ្យកូនដង្កូវក្លាយជាដង្កូវពេញវ័យបានទេ។ ប្រសិនបើមានខ្មូតខ្លះ ត្រូវបេះកួរសណ្ដែកដែលទុំស្រុះទុក មិនត្រូវពន្យារពេលប្រមូលផលទេ ហើយមិនត្រូវឲ្យខ្មូតពងដាក់ផ្លែសណ្ដែក ឬគ្រាប់ពូជបានទេ។
ឯកសារដដែលបង្រៀនពីរបៀបប្រមូលផលសណ្ដែកទុកធ្វើពូជ នៅក្នុងចម្ការទាំងមូល ត្រូវកំណត់ផ្ទៃដីជាក់លាក់មួយសម្រាប់បេះផ្លែសណ្ដែកយកមកធ្វើពូជ។ គួរអនុវត្តជ្រើសរើសនៅពេលសណ្ដែកចេញផ្កា។ ការដកដើមសណ្ដែកនៅពេលឃើញក្នុងចម្ការទាំងមូល មានដើមខ្លះដុះមកមានសភាពប្លែកគេ ត្រូវដើរដកដើមកើតជំងឺនោះចេញ ដូចជាដើម មានពណ៌ខុសគេ ស្លឹកខុសគេ ជាដើម។ នៅពេលផ្លែសណ្ដែកទុំ ត្រូវជ្រើសម្តងទៀតយកកួរសណ្ដែកណាទុំស្រុះស្មើគ្នា ពណ៌នៃកួរទុំដូចគ្នា ទម្រង់កួរ ស្លឹកដើមដូចគ្នា។ បន្ទាប់មក យកផ្លែទុំហាលថ្ងៃឲ្យស្ងួត ហើយបំបែកសម្បកដោយយករំពាត់វាយវាថ្នមៗ រួចហើយសម្អាតគ្រាប់ រើសយកគ្រាប់ដែលមានទំហំប៉ុនគ្នា ពណ៌ដូចគ្នា ទើបយកទៅហាលថ្ងៃ ២ ទៅ ៣ថ្ងៃបន្ថែម រួចច្រកទុកក្នុងស្បោងស្បៃមុង ឬស្មុគដែលមានខ្យល់ចេញចូលល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។