វិធីសាស្ត្រ​ដាំ​ចេក​អំបូង​ពណ៌លឿង

ដោយ ជិន ជេដ្ឋា
2017.08.15
ចេក​អំបូង​ពណ៌​លឿង ១៤៤០ ២០១៧ ចេក​អំបូង​លឿង​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ RFA
Photo: RFA

ចេក​អំបូង​ពណ៌លឿង​មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​បង្កាត់​ពូជ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ប្រទេស​កម្ពុជា ក្រៅ​ពី​ក្រុមហ៊ុន​វៀតណាម ដាំ​លើ​ផ្ទៃដី​រាប់​រយ​ហិកតារ​នៅ​ខេត្ត​រតនគីរី ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ក៏​មាន​កសិករ​នៅ​ខេត្ត​កណ្ដាល កំពង់ស្ពឺ កោះកុង កំពត ប៉ៃលិន និង​ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​ដាំដុះ និង​ប្រមូល​ផល​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

តើ​ដី​នៅ​កម្ពុជា អំណោយផល​ចំពោះ​ចេក​អំបូង​លឿង​ដែរ ឬ​ទេ? ហើយ​កសិករ​ត្រូវ​ថែទាំ​បែប​ណា?

អ្នក​ជំនាញ​ឯកទេស​កសិកម្ម​ធម្មជាតិ​កម្ពុជា ដែល​​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​កូរ៉េ និង​ជប៉ុន លើ​វិស័យ​កសិកម្ម បង្ហើប​ថា ចេក​អំបូង​លឿង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សរីរាង្គ​របស់​មនុស្ស មាន​រស​ជាតិ​ឆ្ងាញ់ និង​លក់​បាន​ថ្លៃ​នៅ​លើ​ទីផ្សារ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អ្នក​ដាំ​ចេក​ប្រភេទ​នេះ​តិចតួច​នៅ​ឡើយ​ដែល​មិន​អាច​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​បាន ខណៈ​ពូជ​ចេក​ជា​ច្រើន​ត្រូវ​បាន​កសិករ​ខ្មែរ​ទិញ​ពី​ប្រទេស​ថៃ មក​ដាំដុះ​ជា​ហូរហែ តាំង​ពី​ឆ្នាំ​២០១៥។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (SBN) លោក សយ បូណា មាន​ប្រសាសន៍​ថា ផ្ទៃដី​ដាំ​ចេក​អំបូង​លឿង​ជាង ៨០​ហិកតារ​នៅ​ខេត្ត​មួយ​ចំនួន​ដែល​ជា​របស់​បណ្ដាញ​កសិករ​លោក​កំពុង​រីក​លូតលាស់​ល្អ និង​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ។ លោក​ថា ចេក​អំបូង​លឿង ត្រូវ​បាន​អ្នក​ជំនាញ​កសិកម្ម​ចាត់​ទុក​ជា​ប្រភេទ​ដំណាំ​ថ្មី​មួយ​ប្រភេទ និង​មាន​អំណោយផល​ខ្លាំង​នៅ​កម្ពុជា៖ «ចេក​អំបូង​លឿង គឺ​បច្ចុប្បន្ន​នេះ​ពេញ​និយម ដោយ​អាស្រ័យ​អត្ថប្រយោជន៍ តម្លៃ​ទីផ្សារ និង​រសជាតិ។ ខ្ញុំ​តែងតែ​បំផុស​ដល់​ប្រជា​កសិករ និង​បណ្ដា​ក្រុមហ៊ុន​ឲ្យ​គាត់​ធ្វើ​ការ​ដាំដុះ​ចេក​អំបូង​លឿង​ឡើង ព្រោះ​ទីផ្សារ​ចេក​អំបូង​លឿង​មិនមែន​សម្រាប់​តែ​ព្រះរាជាណាចក្រ​យើង​ទេ គឺ​អាច​នាំ​ចេញ​ទៅ​បាន​ទូលំ​ទូលាយ»

ចេក​អំបូង​លឿង មិន​សូវ​ពិបាក​ជ្រើសរើស​ប្រភេទ​ដី​ដាំដុះ​ឡើយ ប៉ុន្តែ​ប្រភេទ​ដី​ដែល​ល្អ​បំផុត​សម្រាប់​ចេក​នេះ គឺ​ដី​ក្រហម និង​ដីល្បាប់​នៅ​តាម​វាលទំនាប​ដែល​អាច​ស្រូប​ជីជាតិ​ទៅ​ចិញ្ចឹម​ដើម និង​ផ្លែ​វា។

លោក សយ បូណា ចែក​រំលែក​បទពិសោធន៍​ថា រណ្ដៅ​ដាំ​ចេក ត្រូវ​ជីក​ទំហំ​កន្លះ​ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ​កន្លះ​ម៉ែត្រ ហើយ​គម្លាត​ពី​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ ចន្លោះ​ពី​បី ទៅ​បួន​ម៉ែត្រ​ពី​គ្នា។ ក្នុង​ករណី​ដាំ​លើ​ដី​ខ្សាច់ ឬ​ដីកណ្ដេង​មិន​សូវ​មាន​ជីជាតិ ត្រូវ​ប្រើ​ជី​សរីរាង្គ​ជំនួយ​តាម​បាត​រណ្ដៅ​ក្នុង​មួយ​រណ្ដៅ​ទម្ងន់​បី​ខាំ ហើយ​បន្ត​ដាក់​រៀងរាល់ ៦​ខែ​ម្ដង​ក្នុង​កម្រិត​បី​ខាំ​ដូច​គ្នា ឲ្យ​បាន​រយៈ​ពេល​ពីរ​ឆ្នាំ៖ «ចាប់​ពី​ឆ្នាំ​ទី​២ ទៅ​បាន​យើង​ប្រើ​វា​កន្លះ​គីឡូក្រាម អ៊ីចឹង​កូន​ហ្នឹង​វា​បែក​កូន​ទៅ​រហូត អ៊ីចឹង​យើង​នៅ​តែ​ដាក់ ៦​ខែ​ម្ដង គ្រាន់​តែ​ថា ដី​ខ្សាច់​យើង​ដាច់​ខាត​កុំ​ប្រើ​ជីគីមី​ឲ្យ​សោះ ព្រោះ​ជីគីមី​ធ្វើ​ឲ្យ​ដី​រឹង​ក្ដាំង តែ​ពីរ ឬ​បី​ឆ្នាំ​ចង់​ក្លាយ​ជា​ថ្ម​ហើយ។ ចំពោះ​ទំហំ​រណ្ដៅ​បួន​ជ្រុង ហើយ​ជម្រៅ​បី​តឹក​ក៏​បាន​ដែរ ប៉ុន្តែ​បើ​យើង​មាន​វត្ថុ​ធាតុ​ដើម ដូចជា​ដើម​សណ្ដែក កាក​ដំឡូង​សម្រាប់​កប់​ដាក់​ក្នុង​រណ្ដៅ​ហ្នឹង យើង​ជីក​វា​កន្លះៗ​ម៉ែត្រ​ទៅ ប៉ុន្តែ​បើ​អត់​មាន​ទេ​យើង​ជីក​រណ្ដៅ​ធំ​នាំ​តែ​ខាត​ពេល ខាត​លុយ​ទេ។ អ៊ីចឹង​យើង​គ្រាន់​តែ​ដាក់​ជី​សរីរាង្គ​បី​ខាំ​ទ្រាប់​បាត​ទៅ ហើយ​ដាក់​ដាំ​លប់​ដី​ទៅ​វា​ល្អ​ហើយ»

ការ​ជ្រើសរើស​យក​គល់​ចេក​ទៅ​ដាំ គឺ​ជា​ជម្រើស​ល្អ​ជាង​ដាំ​កូន​ចេក​ទៅ​ទៀត ព្រោះ​គល់​វា​អាច​បង្កើត​កូន​ថ្មី​ចន្លោះ​ពី ៣ ទៅ ៦​ដើម​ក្នុង​មួយ​គល់។ រីឯ​ការ​យក​កូន​ចេក​ទៅ​ដាំ​លទ្ធភាព​បង្កើត​កូន​ថ្មី​យឺតយ៉ាវ។

ការ​ថែទាំ បន្ទាប់​ពី​ដាំ​ហើយ​កសិករ​ត្រូវ​ស្រោច​ទឹក​ឲ្យ​បាន​បី​ដង​ក្នុង​១​សប្ដាហ៍ ប៉ុន្តែ​បើ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​មិន​ចាំបាច់​ស្រោច​ឡើយ ប៉ុន្តែ​ត្រូវ​បាញ់​ជី​ទឹក​បំប៉ន​ដើម និង​ស្លឹក​នៅ​រៀងរាល់ ៦​ខែ​ម្ដង ឬ​ច្រើន​ជាង​នេះ ដើម្បី​បង្កើន​ភាព​លូតលាស់ និង​ការពារ​ជំងឺ​ក្រា ឬ​ដង្កូវ​មូរ​ស្លឹក។

លោក​ថា ឱកាស​កើត​ជំងឺ​លើ​ដើម​ចេក និង​ស្លឹក​មាន​ច្រើន បើ​កសិករ​ទុក​ឲ្យ​ដើម​ដុះ​ប្រជ្រៀត​គ្នា និង​ស្លឹក​ទ្រុបទ្រុល​ពេក៖ «ចេក​ហ្នឹង​គឺ​យើង​ត្រូវ​ធ្វើ​អនាម័យ​ក្នុង​ការ​សម្អាត​ជា​ប្រចាំ​ដែរ អ៊ីចឹង​បើ​យើង​អត់​កាត់​កូន យើង​អត់​បាន​កូន​យក​ទៅ​បំបែក​ដាំ ឬ​យក​ទៅ​លក់​វា​វិល​ជុំ​រហូត​តើ​បង។ យើង​ទុក​បី​ដើម​ហើយ​កាប់​តែ​អា​ដើម​មេ​ហ្នឹង​ទៅ​ជួន​កាល​អា​កូន​ក្រោយ​ចេញ​ត្រយូង​ដំណាល​គ្នា​យើង​បាន​ផល​បន្ត​គ្នា​រហូត​ទេ អ៊ីចឹង​យើង​ទុក​បីៗ​បន្ត​គ្នា​រហូត ដល់​បាន​ប្រាំ​ទៅ ៧​ឆ្នាំ​ទៅ យើង​គាស់​វា​ចោល​ទៅ​ដាំ​សារ​ថ្មី​ហើយ​អា​ហ្នឹង»

បច្ចុប្បន្ន​កសិករ​កម្ពុជា មាន​ឱកាស​ច្រើន​ទាំង​ការ​ដាំ​យក​កូន​លក់​បន្ត និង​ដាំ​យក​ផ្លែ​លក់​នៅ​លើ​ទីផ្សារ។ កសិករ​ខ្លះ​មិន​អាច​ទិញ​ពូជ​កូន​ចេក​ពី​ប្រទេស​ឥណ្ឌា ដែល​មាន​តម្លៃ ៨​ដុល្លារ​ក្នុង​១​ដើម ទើប​ពួកគេ​ងាក​មក​ទិញ​កូន​ដែល​មាន​ស្រាប់​នៅ​ក្នុង​ស្រុក ឬ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែល​មាន​តម្លៃ ៣​ដុល្លារ​ក្នុង​មួយ​ដើម ហើយ​កសិករ​ខ្មែរ​នៅ​បន្ត​នាំ​ចូល​ពូជ​ពី​ក្រៅ​រាប់​រយ​ដើម​ក្នុង​មួយ​ខែៗ​ដើម្បី​ដាំដុះ​នៅ​ឡើយ។

លោក សយ បូណា ណែនាំ​ឲ្យ​កសិករ​បង្កើន​ការ​ថែទាំ​ពេល​ចេក​ធ្លាក់​ត្រយូង ពោល​គឺ​រយៈ​ពេល​មួយ​ខែ​កន្លះ​ក្រោយ​កាត់​ត្រយូង​ចេញ​ត្រូវ​ប្រើ​ថង់​ប្លាស្ទិក​គ្រប​ផ្លែ ដើម្បី​ការពារ​សត្វ​ល្អិត​ចង្រៃ​ទិច៖ «ចំពោះ​ការ​ថែទាំ​ផ្លែ គឺ​ពេល​វា​ចេញ​មក​អស់​ហ្នឹង​យើង​កាច់​ត្រយូង​ហើយ គឺ​យើង​ត្រូវ​ប្រើ​ថង់​គ្រប​ផ្លែ​វា កុំ​ឲ្យ​មាន​ស្លាកស្នាម រលោង មាន​ជាតិ​ម្សៅ ឬ​ការពារ​សត្វ​ទិច គឺ​យើង​ប្រើ​ស្បោង​ហ្នឹង»

ចេក​អំបូង​លឿង​ដែល​ទទួល​ផល​ក្រោយ​ដាំដុះ​រយៈ​ពេល​ពី ៦ ទៅ ៧​ខែ ងាយ​នឹង​បន្ទុំ​ឲ្យ​វា​ទុំ​ដោយ​មិន​ចាំបាច់​ដាក់​ថ្ម​ស្អុយ​ឡើយ។ កសិករ​គ្រាន់​តែ​កាត់​វា​ជា​ស្និតៗ​ដាក់​ក្នុង​ឡាំង​រួច​គ្រប​ក្រដាស​កាសែត​រយៈ​ពេល​មួយ​យប់​មួយ​ថ្ងៃ ផ្លែ​វា​នឹង​ចាប់ផ្ដើម​ប្រែ​ជា​ពណ៌​លឿង។ ពេល​ទុំ​ហើយ​អាច​រក្សា​ទុក​បាន​បី​ថ្ងៃ ប៉ុន្តែ​បើ​គេ​ដាក់​ក្នុង​ទូ​ទឹកកក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ល្មម​អាច​រក្សា​ទុក​បាន​រហូត​ដល់ ១​សប្ដាហ៍។

ចេក​អំបូង​លឿង​មាន​ផ្លែ​ធំៗ​ចន្លោះ​ពី ១២ ទៅ ១៥​ផ្លែ ក្នុង​១​ស្និត និង​មាន​ទម្ងន់​ចន្លោះ​ពី​មួយ​គីឡូ​កន្លះ​ទៅ​ពីរ​គីឡូក្រាម។ តម្លៃ​លក់​នៅ​តាម​ផ្សារ​ទំនើប និង​សណ្ឋាគារ​ធំៗ​គឺ ១​ដុល្លារ ឬ ១​ដុល្លារ​កន្លះ​ក្នុង​១​ស្និត ពី ៤​ពាន់ ទៅ ៦​ពាន់​រៀល។ ប៉ុន្តែ​បើ​កសិករ​មាន​លទ្ធភាព​វេច​ខ្ចប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​មាន​តម្លៃ​ថ្លៃ​គុណ​នឹង ៥ ទៅ ៦​ដង នៃ​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ទើប​កសិករ​ខ្លះ​ចង់​បង្កើន​ការ​ដាំដុះ​ដើម្បី​នាំ​ចេញ៖ «ព័ត៌មាន​ដែល​គេ​ទាក់ទង​មក​ខ្ញុំ​ផ្ទាល់ ក៏​គេ​ចង់​បាន​នាំ​ចេញ​ដែរ តែ​ក្នុង​បរិមាណ​ច្រើន អ៊ីចឹង​យើង​អត់​អាច​ផ្គត់ផ្គង់​ទេ។ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​បាន​ហ្នឹង គឺ​ផលិតករ​ក៏​ខ្មែរ ក្រុមហ៊ុន​ក៏​ខ្មែរ ឲ្យ​តែ​របស់​ខ្មែរ​ដាំ​នៅ​លើ​ដី​ខ្មែរ​យើង​ហ្នឹង គឺ​គេ​ទទួល​ទិញ​ទៅ។ បើ​តាម​ខ្ញុំ​គិត​ទៅ​ទី​មួយ​ដី​យើង​មាន​លក្ខខណ្ឌ​ល្អ ហើយ​ប្រជា​កសិករ​ខ្មែរ​យើង​ធ្វើ​ការ​ដាំដុះ​ល្អ​ដោយ​មិន​សូវ​ប្រើប្រាស់​សារធាតុ​គីមី»

ចេក​អំបូង​លឿង​ចំនួន ១០០​តោន ដែល​ក្រុមហ៊ុន​វៀតណាម ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ ៥០០​ហិកតារ បាន​វេច​ខ្ចប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន ជា​លើក​ដំបូង​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​អាច​នាំ​ចេក​ប្រភេទ​នេះ​ចេញ​ទៅ​ប្រទេស​ចិន ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ ព្រោះ​កម្ពុជា មិន​ទាន់​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។