ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

នាទី​វេទិកា​អាស៊ាន​សប្ដាហ៍​មុន បាន​លើក​ឡើង​ពី​ចំណង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ថៃ។ ចំណែក​ក្នុង​នាទី​វេទិកា​អាស៊ាន​សប្ដាហ៍​នេះ នឹង​លើក​យក​ពី​ចំណង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម វិញ​ម្ដង ព្រោះ​ថា ចំណង​សេដ្ឋកិច្ច​កម្ពុជា-វៀតណាម នេះ គឺ​វៀតណាម បាន​ធ្វើ​ពាណិជ្ជកម្ម​មាន​ទ្រង់ទ្រាយ​ធំ​នៅ​លើ​ទីផ្សារ​កម្ពុជា នៅ​ខណៈ​ដែល​កម្ពុជា មិន​ទាន់​មាន​លំហូរ​ពាណិជ្ជកម្ម​ច្រើន​នៅ​ឡើយ​ទៅ​ទីផ្សារ​វៀតណាម វិញ។

ទំនាក់ទំនង​ស្អិតល្មួត​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ក្នុង​វិស័យ​នយោបាយ គឺ​ជា​កត្តា​ចម្បង​បំផុត ដែល​បង្កើត​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ពីរ​នេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក។ ដោយសារ​កត្តា​ទីតាំង​ភូមិសាស្ត្រ ការ​បើក​ចំហ​ច្រក​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឡើង​វិញ មិន​ត្រឹម​តែ​ជា​ការ​ចាប់​ផ្ដើម​សកម្មភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម នោះ​ទេ តែ​ថែម​ទាំង​ជា​កត្តា​អនុគ្រោះ​ដល់​សកម្មភាព​ដោះ​ដូរ​ទំនិញ​រវាង​វៀតណាម និង​ថៃ ផង​ដែរ។

ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង​ភាគ​ខាង​កើត​នេះ មាន​ភាព​ខ្លាំងក្លា​ទាំង​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម សកម្មភាព​វិនិយោគ និង​លំហូរ​ទេសចរ។

ក្នុង​រូបភាព​ពាណិជ្ជកម្ម​ទ្វេ​ភាគី សកម្មភាព​ដោះ​ដូរ​ទំនិញ​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ក៏ប៉ុន្តែ​ឱនភាព​ពាណិជ្ជកម្ម​នៅ​តែ​ជា​បញ្ហា​ចម្បង​របស់​កម្ពុជា។ ឯកសារ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​អភិវឌ្ឍន៍​កម្ពុជា ពាក់ព័ន្ធ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម លើក​ឡើង​ថា ក្នុង​ដំណាក់​កាល​ដំបូង កម្ពុជា នាំ​ទំនិញ​ទៅ​វៀតណាម ច្រើន​ជាង​បរិមាណ​ដែល​វៀតណាម នាំ​មក​កម្ពុជា។

កាល​នោះ ទំនិញ​នាំ​ចេញ​ទៅ​វៀតណាម ភាគ​ច្រើន​ជា​យានយន្ត​ជជុះ ផលិតផល​កសិកម្ម​មិន​ទាន់​កែច្នៃ ផលិតផល​រ៉ែ​ត្បូង ព្រម​ទាំង​ទំនិញ​ផ្សេងៗ​ដែល​រត់​ពន្ធ​ពី​ប្រទេស​ថៃ មាន​ដូចជា បារី សម្លៀកបំពាក់ គ្រឿង​សំអាង និង​ស្រាបៀ ជាដើម។ ចំណែក​ឯ​ទំនិញ​ដែល​វៀតណាម នាំ​មក​កម្ពុជា វិញ​នៅ​ពេល​នោះ ភាគ​ច្រើន​ជា​សម្ភារៈ​សំណង់ ប្រេង​ឥន្ធនៈ វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​កសិកម្ម ផលិតផល​ថ្នាំ​ពេទ្យ សម្លៀកបំពាក់ និង​ចំណី​អាហារ​កែច្នៃ ជាដើម។

ក៏ប៉ុន្តែ​លំហូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នៅ​ពេល​បច្ចុប្បន្ន​នេះ វៀតណាម មាន​ប្រៀប​ជាង​កម្ពុជា។ ទំនិញ​ភាគ​ច្រើន​ដែល​កម្ពុជា នាំ​ទៅ​វៀតណាម គឺ​ជា​វត្ថុ​ធាតុ​ដើម​ដែល​វៀតណាម ត្រូវ​ការ ដើម្បី​បម្រើ​ដល់​វិស័យ​កសិឧស្សាហកម្ម​របស់​ខ្លួន។ ផលិតផល​ទាំង​នោះ មាន​ដូចជា កៅស៊ូ ស្វាយ​ចន្ទី ពោត និង​ដំឡូងមី ជាដើម។

ចំណែក​ផលិតផល​នាំ​ចូល​មក​ពី​វៀតណាម វិញ ភាគ​ច្រើន​ជា​ផលិតផល​សម្រេច មាន​ដូចជា​ផលិតផល​វាយនភណ្ឌ សម្ភារៈ​ប្រើប្រាស់​តាម​ផ្ទះ ចំណី​អាហារ​កែច្នៃ ព្រម​ទាំង​គ្រឿង​សំណង់​ផ្សេងៗ គឺ​ស្រប​ពេល​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា កំពុង​រីក​លូតលាស់​ខ្លាំង។

ក្នុង​រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០១៥ នេះ ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​វៀតណាម ស្ថិត​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៥៨៥​លាន​ដុល្លារ ក្នុង​អត្រា​កំណើន​ជាង ៣៥% (៣៥.៥%) រីឯ​បរិមាណ​ដែល​វៀតណាម នាំ​មក​កម្ពុជា វិញ ស្ថិត​ក្នុង​ទំហំ​ទឹក​ប្រាក់​រហូត​ដល់​ជាង ១.៤៤០​លាន​ដុល្លារ។ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កាល​ពី​ឆ្នាំ​២០១៤ ឈាន​ដល់​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក (៣.៣​ពាន់​លាន​ដុល្លារ)។

នៅ​ក្នុង​វិស័យ​វិនិយោគ​វិញ គេ​សង្កេត​មាន​វត្តមាន​អ្នក​វិនិយោគ​វៀតណាម ច្រើន​នៅ​កម្ពុជា។ ទិន្នន័យ​របស់​ក្រសួង​ផែនការ និង​វិនិយោគ​នៃ​ប្រទេស​វៀតណាម បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤ កម្ពុជា ឈរ​លេខ​រៀង​ទី​១ ជា​ប្រទេស​ដែល​ទទួល​បាន​ចំនួន​គម្រោង​វិនិយោគ​ពី​វៀតណាម ច្រើន​ជាង​គេ បើ​ប្រៀបធៀប​នឹង​ចំនួន​គម្រោង​ដែល​ប្រទេស​ដទៃ​ទៀត​ទទួល​បាន​ពី​វៀតណាម។ ពោល គឺ​នៅ​ឆ្នាំ​២០១៤ កម្ពុជា ទទួល​បាន​គម្រោង​វិនិយោគ​ពី​វៀតណាម ក្នុង​ចំនួន ២៣​គម្រោង ដែល​ស្មើ​នឹង ២១% នៃ​ចំនួន​គម្រោង​វិនិយោគ​ក្រៅ​ប្រទេស​សរុប​របស់​វៀតណាម ខណៈ​មីយ៉ាន់ម៉ា (Myanmar) ទទួល​បាន​ពី​វៀតណាម តិច​ជាង​កម្ពុជា ចំនួន ៧​គម្រោង ឡាវ បាន​តិច​ជាង​កម្ពុជា ចំនួន ១០​គម្រោង។ ក៏ប៉ុន្តែ បើ​គិត​តាម​ទំហំ​ទឹក​ប្រាក់​វិនិយោគ​សរុប​វិញ កម្ពុជា ជា​ប្រទេស​ដែល​ទទួល​បាន​លំហូរ​ទឹក​ប្រាក់​វិនិយោគ​ពី​វៀតណាម លំដាប់​ទី​២ នាំ​មុខ​ដោយ​ប្រទេស​តង់ហ៊្សានី (Tanzania)។

គម្រោង​វិនិយោគ​សរុប​របស់​វៀតណាម នៅ​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៣ មាន​ចំនួន ១២៨​គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ ៤៩.៦​លាន​ដុល្លារ ភាគ​ច្រើន​ធ្វើ​ឡើង​ក្នុង​វិស័យ​ដាំ​ដុះ​កៅស៊ូ វិស័យ​ថាមពល និង​ទូរគមនាគមន៍។ ឯ​គម្រោង​វិនិយោគ​របស់​កម្ពុជា នៅ​ប្រទេស​វៀតណាម វិញ​មាន​ចំនួន ១៣​គម្រោង ស្មើ​នឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៥៤​លាន​ដុល្លារ។

ក្នុង​ឆ្នាំ​២០១៤ គម្រោង​ដំណាំ​កៅស៊ូ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​លើស​ពី ៥០​លាន​ដុល្លារ មាន​ដូចជា គម្រោង​របស់​ក្រុមហ៊ុន អាន ដុងមៀ (An Dong Mia) ក្នុង​ទឹក​ប្រាក់​ជាង ៨០​លាន​ដុល្លារ (៨០.៤​លាន​ដុល្លារ) ក្រុមហ៊ុន តៃ​និញ (Tay Ninh) ក្នុង​ទឹក​ប្រាក់​ជិត ៦៥​លាន​ដុល្លារ (៦៤.៧​លាន​ដុល្លារ) ក្រុមហ៊ុន ដៅទៀង (Dau Tieng) ក្នុង​ទឹក​ប្រាក់​ជិត ៦៤​លាន​ដុល្លារ (៦៣.៨លាន​ដុល្លារ) ក្រុមហ៊ុន ទឹង​បៀន (Tan Bien) ក្នុង​ទឹក​ប្រាក់​ជិត ៦២​លាន​ដុល្លារ (៦១.៩៨​លាន​ដុល្លារ)។

ក្រៅ​ពី​នេះ នៅ​មាន​គម្រោង​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដូចជា ក្រុមហ៊ុន​ដាំ​កៅស៊ូ ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ក្រុមហ៊ុន​កៅស៊ូ​វៀតណាម (The Vietnam Rubber Group) មន្ទីរពេទ្យ ជោរៃ (Cho Ray) ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ​ឡាញ (Angkor Airline) និង​ក្រុមហ៊ុន​ទូរស័ព្ទ​មិត្ត​ហ្វូន (Metfone) ជាដើម។ ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៥ នេះ ប្រទេស​វៀតណាម ឈរ​នៅ​លេខ​រៀង​ទី​៥ ក្នុង​តំណែង​ជា​អ្នក​វិនិយោគ​នាំ​មុខ​នៅ​កម្ពុជា ពោល​គឺ​នាំ​មុខ​ដោយ​វិនិយោគិន​ចិន កូរ៉េ សហភាព​អឺរ៉ុប និង​ម៉ាឡេស៊ី។

ក្នុង​វិស័យ​ទេសចរណ៍​វិញ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ មាន​ប្រមាណ ៩០​ម៉ឺន​នាក់ ដោយ​ឈរ​នៅ​លំដាប់​ទី​១ នាំ​មុខ​ភ្ញៀវ​ទេសចរ​ជនជាតិ​ដទៃ។ ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៥ នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម មក​កម្ពុជា នៅ​តែ​នាំ​មុខ​គេ​ក្នុង​ចំនួន​ជិត ៥០​ម៉ឺន​នាក់ (៤៨៣.៥០៣​នាក់) កើន​ឡើង​ក្នុង​អត្រា ១៤,៥% ពី​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ​ភ្ញៀវ​ទេសចរ​កម្ពុជា ទៅ​ប្រទេស​វៀតណាម វិញ​ស្ថិត​ក្នុង​ចំនួន​តិចតួច​នៅ​ឡើយ។

ខណៈ​ប្រទេស​សមាជិក​អាស៊ាន​កំពុង​ឆ្ពោះ​ទៅ​រក​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ត្រឹម​ចុង​ឆ្នាំ​២០១៥ នេះ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​កំណត់​ទិសដៅ​ថា នឹង​បង្កើន​សកម្មភាព​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​បន្ថែម​ទៀត ទាំង​សកម្មភាព​វិនិយោគ ទាំង​សកម្មភាព​ពាណិជ្ជកម្ម ដោយ​រំពឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នឹង​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។