Opens in new windowក្នុងចំណោមប្រទេសជិតខាងទាំងបីរបស់កម្ពុជា ប្រទេសឡាវ គឺជាអ្នកជិតខាងដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា តិចជាងគេ។ ទោះជាមានតិចតួចក្ដី ក៏ចំណងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ត្រូវបានតភ្ជាប់តាមរយៈសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដូចជា ការដោះដូរពាណិជ្ជកម្ម និងលំហូរទេសចរណ៍។
តើទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសជិតខាងដែលស្ថិតនៅភាគខាងជើងមួយនេះ មានលក្ខណៈគួរឲ្យកត់សម្គាល់អ្វីខ្លះ?
ដោយសារឡាវ មិនមានផ្លូវសមុទ្របម្រើឲ្យការដឹកជញ្ជូនទំនិញ ប្រទេសនេះកំពុងព្យាយាមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីភ្ជាប់ខ្លួននឹងសកម្មភាពពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការភ្ជាប់ខ្លួនជាមួយប្រទេសជិតខាង។ យ៉ាងណាក៏ដោយ ទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ចរវាងឡាវ ជាមួយកម្ពុជា មិនមានភាពខ្លាំងក្លាដូចទំនាក់ទំនងរវាងឡាវ និងវៀតណាម នោះទេ។
ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងឡាវ កើតឡើងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌត្រីភាគីស៊ី.អិល.វី (CLV) រួមមានកម្ពុជា ឡាវ និងវៀតណាម ក្របខ័ណ្ឌស៊ី.អិល.អឹម.វី (CLMV) កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងក្របខ័ណ្ឌប្រទេសមហាអនុតំបន់ទន្លេមេគង្គដែលរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន។
ដោយសារកម្ពុជា និងឡាវ រក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ធៀបនឹងប្រទេសដទៃក្នុងតំបន់ ប្រទេសទាំងពីរនេះបានក្លាយជាទីតាំងទាក់ទាញបំផុតសម្រាប់វិនិយោគិន ទាំងវិនិយោគិនពីប្រទេសសមាជិកអាស៊ានដូចគ្នា ទាំងវិនិយោគិនពីប្រទេសក្រៅតំបន់។ បូករួមនឹងកត្តាទីតាំងភូមិសាស្ត្រផង កម្ពុជា និងឡាវ ត្រូវបានប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន ចាត់ទុកជាមូលដ្ឋានសម្រាប់ការពង្រីកឥទ្ធិពលរៀងៗខ្លួន។ ជាក់ស្ដែង វត្តមានមហាអំណាចឥណ្ឌា ក្នុងការបង្កើនសកម្មភាពក្នុងតំបន់នេះ ផ្អែកលើគោលនយោបាយ «ឆ្ពោះមកទិសខាងកើត» របស់ខ្លួន ជាឧទាហរណ៍ស្រាប់។
ខណៈប្រទេសកម្ពុជា និងឡាវ សុទ្ធសឹងតែជាប្រទេសទន់ខ្សោយក្នុងវិស័យឧស្សាហកម្ម សកម្មភាពពាណិជ្ជកម្មទ្វេភាគី ក៏ស្ថិតក្នុងបរិមាណតិចតួចនៅឡើយ។
ទោះជារដ្ឋាភិបាលប្រទេសសមាជិកអាស៊ានទាំងពីរនេះ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតាំងពីឆ្នាំ១៩៩៨ មកក្ដី ក៏ការអនុវត្តតាមកិច្ចព្រមព្រៀងហាក់ដូចជាមិនសូវទទួលបានប្រសិទ្ធភាពឡើយ។
ជាក់ស្ដែង ពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១០ ស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារប៉ុណ្ណោះ។ ភាគីទាំងពីររំពឹងថា នឹងជំរុញឲ្យទំហំពាណិជ្ជកម្មនេះកើនដល់ ២០លានដុល្លារនៅឆ្នាំ២០១៥ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម វិញ ត្រូវបានរំពឹងថា នឹងកើនដល់ ៥ពាន់លានដុល្លារឯណោះ។
ក្នុងការជំរុញលំហូរពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ រដ្ឋាភិបាលទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា បង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួមកម្ពុជា-ឡាវ កាលពីខែមេសា ឆ្នាំ២០១៣។
សកម្មភាពពាណិជ្ជកម្មរវាងប្រទេសឡាវ និងប្រទេសសមាជិកអាស៊ានដទៃ ភាគច្រើនធ្វើឡើងជាមួយប្រទេសថៃ និងវៀតណាម។ សកម្មភាពទាំងនោះមានទាំងក្នុងរូបភាពនៃការនាំចេញនាំចូលការវិនិយោគ និងលំហូរទេសចរណ៍។
ប៉ុន្តែរវាងកម្ពុជា និងឡាវ លំហូរវិនិយោគរវាងប្រទេសទាំងពីរហាក់ដូចជាមិនមានសកម្មភាពអ្វីសោះឡើយ។ ប្រទេសទាំងពីរសុទ្ធសឹងតែជាប្រទេសទទួលគម្រោងវិនិយោគពីប្រទេសដទៃ។
ចំពោះលំហូរទេសចរណ៍វិញ តួលេខពីក្រសួងទេសចរណ៍កម្ពុជា បង្ហាញថា ចំនួនភ្ញៀវទេសចរជនជាតិឡាវ មកកម្ពុជា កើនឡើងជាលំដាប់។ ចំនួនភ្ញៀវជនជាតិឡាវ កើនពីជាង ៤១ម៉ឺននាក់នៅឆ្នាំ២០១៣ ដល់ជាង ៤៦ម៉ឺននាក់នៅឆ្នាំ២០១៤ ក្នុងអត្រាកំណើន ១១ភាគរយ។ បន្ទាប់ពីទេសចរជនជាតិវៀតណាម និងចិន គឺទេសចរជនជាតិឡាវ នេះហើយ ដែលមកទស្សនាកម្ពុជា ច្រើនជាងគេ។
តួលេខពីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃប្រទេសឡាវ វិញ បង្ហាញថា នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤ ភ្ញៀវទេសចរកម្ពុជា ទៅប្រទេសឡាវ មានកំណើនជិត ២៦% (២៥,៩៦%) ពោលគឺកើនពីប្រមាណ ១ម៉ឺន ២ពាន់នាក់ក្នុងឆ្នាំ២០១៣ ដល់ជាង ១ម៉ឺន ៥ពាន់នាក់ក្នុងឆ្នាំ២០១៤។ យ៉ាងណាក៏ដោយ តួលេខភ្ញៀវទេសចរពីកម្ពុជា ទៅប្រទេសឡាវ ស្ថិតក្នុងចំនួនតិចតួចនៅឡើយ។
វិស័យទេសចរណ៍ជាវិស័យចម្បងមួយសម្រាប់ប្រទេសទាំងពីរ ដោយរួមចំណែកជាង ១០ភាគរយដល់ផលិតផលក្នុងស្រុកសរុប។ កិច្ចសហប្រតិបត្តិការក្នុងការជំរុញកំណើនក្នុងវិស័យនេះ ធ្វើឡើងតាមរយៈយុទ្ធនាការ «ប្រទេសបី គោលដៅតែមួយ» របស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បូករួមនឹងក្របខ័ណ្ឌប្រទេសស៊ី.អិល.អឹម.វី (CLMV) ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងក្របខ័ណ្ឌប្រទេសមហាអនុតំបន់ទន្លេមេគង្គ ជាដើម។
ខណៈប្រទេសសមាជិកអាស៊ានទាំង១០ កំពុងត្រៀមខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចនៅចុងឆ្នាំ២០១៥ នេះ កម្ពុជា និងឡាវ ត្រូវបានអ្នកសិក្សាស្រាវជ្រាវមើលឃើញថា ជាប្រទេសដែលអាចនឹងចាញ់ប្រៀបប្រទេសដទៃទៀតក្នុងអាស៊ានដែលមានអំណាចសេដ្ឋកិច្ចខ្លាំងជាង ដោយសារភាពទន់ខ្សោយស្ទើរគ្រប់វិស័យ។ យ៉ាងណាក៏ដោយ ប្រទេសកូនពៅរបស់អាស៊ានទាំងពីរនេះ ក៏កំពុងព្យាយាមពង្រឹងសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីដំណើរការនៃសមាហរណកម្មនេះដែរ ក្នុងនោះប្រទេសទាំងពីរសុទ្ធតែមើលឃើញពីភាពចាំបាច់នៃការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
