តើ​អាស៊ាន​គួរ​តែ​បន្ត​វិធាន​របស់​ខ្លួន​ត​ទៅ​ទៀត​ដែរ​ឬ​ទេ?

ដោយ ស៊ុន ហេង
2016-08-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​៤៩ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។
កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​៤៩ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។
AFP

កន្លង​ទៅ​ថ្មីៗ​នេះ​បន្ទាប់​ពី​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ទីក្រុង​វៀងច័ន្ទ ទំនាស់​ផល​ប្រយោជន៍​ក្នុង​បណ្ដា​ភាគី​ជា​សមាជិក​អាស៊ាន​កាន់​តែ​លេច​រូបរាង​ច្បាស់​ទៅៗ។ ប្រសិទ្ធភាព​នៃ​គោលការណ៍​របស់​អាស៊ាន ដែល​កំណត់​ថា​រាល់​ការ​សម្រេច​ចិត្ត​ត្រូវ​ធ្វើ​ឡើង​ជា​ឯកច្ឆន្ទ កុងសង់ស៊ីស និង​ការ​ហាម​មិន​ឲ្យ​លូក​ដៃ​ចូល​ការងារ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ ដែល​គេ​ហៅ​ថា The ASEAN Way ឬ​វិធាន​របស់​អាស៊ាន​ត្រូវ​បាន​អ្នក​សិក្សា​យក​មក​ពិចារណា​ឡើង​វិញ​ថា តើ​អាស៊ាន​គួរ​បន្ត​គោលការណ៍​នេះ​ទៀត​ដែរ​ឬ​ទេ?

The ASEAN Way ប្រែ​មក​ថា​វិធាន​របស់​អាស៊ាន ឬ​ក៏​ផ្លូវ​របស់​អាស៊ាន គឺ​សំដៅ​ទៅ​គោលការណ៍​ដែល​រាល់​ការ​សម្រេច​ចិត្ត​របស់​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ អាស៊ាន ត្រូវ​ផ្អែក​ទៅ​លើ​រឿង​ពីរ។ ទី​មួយ គឺ​ការ​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។ ទី​ពីរ តម្រូវ​ឲ្យ​រាល់​ការ​សម្រេច​ចិត្ត​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកច្ឆន្ទ កុងសង់ស៊ីស ពោល​គឺ​ទាល់​តែ​គ្រប់​សមាជិក​ទាំងអស់​ឯកភាព​គ្នា ទើប​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន។

គេ​ឃើញ​ថា គោលការណ៍​នេះ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ឈប់ និង​បញ្ចៀស​នូវ​ជម្លោះ​ក្នុង​តំបន់ ព្រោះ​វា​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​តាម​រយៈ​វប្បធម៌​សន្ទនា និង​ចរចា​រហូត​ដល់​ភាគី​ទាំងអស់​ពេញ​ចិត្ត​នឹង​លទ្ធផល។ គោលការណ៍​នេះ អាស៊ាន​ដែល​មាន​សមាជិក​តែ ៥​ប្រទេស គឺ​សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន បាន​សម្រេច​នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​សម្រាប់​កម្ពុជា កន្លង​ទៅ ដូចជា​ការ​ជួយ​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​វៀតណាម ទៅ​លើ​កម្ពុជា ក្រោយ​របប​ខ្មែរ​ក្រហម ការ​ជួយ​រៀបចំ​ឲ្យ​មាន​កិច្ច​ចរចា​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ញីវយ៉ក ឆ្នាំ​១៩៨១ ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​ពី​គ្រប់​ភាគី​នៃ​ជម្លោះ និង​ឲ្យ​ទាហាន​បរទេស​ទាំងនោះ​ដក​ខ្លួន​ចេញ​ពី​កម្ពុជា។ អាស៊ាន ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្របសម្រួល​ឲ្យ​អង្គការ​សហប្រជាជាតិ មក​រៀបចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៩៣ ហើយ​និង​ទទួល​កម្ពុជា ចូល​ជា​សមាជិក​ក្នុង​ឆ្នាំ​១៩៩៩។

ទោះ​បី​ជា​អាស៊ាន​នៅ​ពេល​នោះ ថា​ចេតនា​របស់​ខ្លួន​គឺ​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ និង​សន្តិភាព​ក្នុង​តំបន់​ក៏ដោយ អ្នក​សិក្សា​មួយ​ចំនួន​យល់​ថា អាស៊ាន​មាន​ចេតនា​លើស​ពី​នេះ។ នៅ​ក្នុង​ការ​សិក្សា​មួយ​របស់​លោក ធីម ហាក់ស្លី (Tim Huxsley) សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ អុកស្វ័ត (Oxford) បាន​វិភាគ​ថា ចេតនា​មួយ​ដែល​ជំរុញ​ឲ្យ​ប្រទេស​ដែល​មាន​និន្នាការ​សេរី​អាមេរិក​ទាំង ៥ នេះ​បង្កើត​អាស៊ាន​ឡើង គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​រីក​សាយ​ភាយ​នៃ​របប​កុម្មុយនីស្ត​នៅ​ឥណ្ឌូចិន នា​ទសវត្សរ៍​ឆ្នាំ​៧០។ ការ​ជួយ​សម្របសម្រួល​របស់​អាស៊ាន​មក​លើ​កម្ពុជា គឺ​មិន​មែន​គ្រាន់​តែ​ធ្វើ​ឡើង​ដោយសារ​តែ​វៀតណាម បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ មូលហេតុ​មួយ​ទៀត គឺ​អាស៊ាន​ខ្លាច​កម្ពុជា ចាប់​យក​របប​ផ្ដាច់ការ​កុម្មុយនីស្ត។ អាស៊ាន​ព្យាយាម​ច្រាន​ចោល​នូវ​គំនិត​នេះ​ជាច្រើន​លើក​ច្រើន​សា។

ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ស្ថាបនិក​អាស៊ាន​មួយ បាន​និយាយ​នៅ​ពេល​នោះ​ថា ភាព​ជោគជ័យ​របស់​របប​កុម្មុយនីស្ត​មិន​ចោទ​ជា​បញ្ហា​អ្វី​ដល់​អាស៊ាន​ទេ។ ផ្ទុយ​ទៅ​វិញ អាស៊ាន ព្រម​ទាំង​មាន​គម្រោង​ទទួល​យក​ប្រទេស​របប​កុម្មុយនីស្ត​ចូល​ជា​សមាជិក​ទៀត​ផង។ អាស៊ាន​ព្យាយាម​បន្ត​ដក​ខ្លួន​ពី​ការ​លាប​ពណ៌​ថា ជា​ស្ថាប័ន​គាំទ្រ​និន្នាការ​សេរី​អាមេរិក ដោយ​បង្កើត​ឡើង​នូវ​តំបន់​នៃ​សន្តិភាព សេរីភាព និង​អព្យាក្រឹត (Zone of Peace, Freedom and Neutrality) នៅ​ឆ្នាំ​១៩៧១។

អាស៊ាន​ទាំង ១០​ប្រទេស​បាន​អនុវត្ត​វិធាន​របស់​ខ្លួន​យ៉ាង​រលូន​តាំង​ពី​ឆ្នាំ​១៩៩៩ មក រហូត​មក​ដល់​ឆ្នាំ​២០១២ ដែល​ប្រសិទ្ធភាព​របស់​វិធាន​អាស៊ាន​នេះ​ត្រូវ​បាន​អ្នក​សិក្សា​ជាច្រើន​យក​មក​គិត​ពិចារណា​ឡើង​វិញ។ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៤៥ នៅ​ទីក្រុង​ភ្នំពេញ ខែ​កក្កដា ឆ្នាំ​២០១២ អាស៊ាន​បាន​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ កុងសង់ស៊ីស ដោយសារ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ៤​ឆ្នាំ​ក្រោយ​មក នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ អាស៊ាន​បាន​បរាជ័យ​ជា​លើក​ទី​២ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយសារ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ដដែល។ កម្ពុជា បាន​បដិសេធ​ទៅ​លើ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ទីក្រុង​ឡាអេ។ រដ្ឋាភិបាល​កម្ពុជា បាន​យក​អព្យាក្រឹតភាព​មក​ការពារ​ខ្លួន ស្រប​ពេល​ដែល​ប្រទេស​ជា​សមាជិក​ភាគច្រើន ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ថា​ព្រោះ​តែ​ផល​ប្រយោជន៍ សុខ​ចិត្ត​គាំទ្រ​ចិន ទាំង​រំលោភ​បំពាន​ច្បាប់​សមុទ្រ។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Photo courtesy of AFP
កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Photo courtesy of AFP Photo courtesy of AFP

អ្នក​ឆ្លើយឆ្លង​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន ខ្យូដូ (Kyodo) ប្រចាំ​កម្ពុជា លោក ពុយ គា បន្ទាប់​ពី​លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​វៀងច័ន្ទ បាន​សរសេរ​ក្នុង​គេហទំព័រ​ហ្វ្រេសញូវ (Fresh News) ថា ស្ថានការណ៍​សព្វថ្ងៃ​របស់​អាស៊ាន​ប្រៀប​ដូចជា «គេង​លើ​គ្រែ​តែ​មួយ ប៉ុន្តែ​សុបិន​ពីរ​ខុស​គ្នា» ពោល​គឺមួយ​ផ្នែក​ធំទៅ​រក​អាមេរិក និង​មួយ​ផ្នែក​តូច​ទៅ​រក​ចិន។

ទោះ​បី​ជា​អាស៊ាន​មិន​បាន​ប្រកាស​ជា​សាធារណៈ​ពី​ចេតនា​ប្រឆាំង​នឹង​របប​កុម្មុយនីស្ត​ក៏ដោយ ក៏​មនុស្ស​គ្រប់​គ្នា​មិន​ពិបាក​នឹង​យល់​ថា មូលហេតុ​អ្វី​បាន​ជា​គេ​នាំ​គ្នា​ស្តី​បន្ទោស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន?

តាម​ពិត​ទៅ ការ​ស្តី​បន្ទោស​នេះ​ក៏​មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ កាល​ពី​ឆ្នាំ​២០១០ ភ្នាក់ងារ​វីគីលីក (Wikileak) បាន​លួច​ចេញ​ផ្សាយ​ឯកសារ​សន្ទនា​រវាង​លោក លី ក្វាន់យូ (Lee Kuan Yew) ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​នៅ​ឆ្នាំ​២០០៧។ នៅ​ក្នុង​ឯកសារ​សម្ងាត់​នោះ លោក លី ក្វាន់យូ ដែល​គេ​ស្គាល់​ថា​បិតា និង​ស្ថាបនិក​របស់​ប្រទេស​សិង្ហបុរី និង​ជា​មេ​ដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​មួយ​នៅ​អាស៊ី បាន​និយាយ​ថា អាស៊ាន​មិន​គួរ​ទទួល​យក​កម្ពុជា ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា ជា​សមាជិក​នោះ​ទេ ព្រោះ​តែ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​អាស៊ាន សុទ្ធតែ​មាន​តម្លៃ​រួម​មួយ គឺ​ការ​ប្រឆាំង​ទៅ​នឹង​របប​ផ្ដាច់ការ​កុម្មុយនីស្ត ហើយ​សមាជិក​ថ្មី​ទាំង​នោះ អាច​ធ្វើ​ឲ្យ​គុណ​តម្លៃ​រួម​អាស៊ាន​នេះ​មាន​ភាព​ល្អក់​កខ្វក់។ លោក លី ក្វាន់យូ បាន​បន្ត​ទៀត​ថា យ៉ាង​ណា​ក៏ដោយ លោក​នៅ​តែ​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​វៀតណាម ព្រោះ​ពួក​គេ​ជា​មនុស្ស​ឆ្លាត រៀន​ឆាប់​ចេះ ហើយ​ជាពិសេស​ពួក​គេ​មិន​ចង់​ឃើញ​ឥទ្ធិពល​ចិន នៅ​ក្នុង​តំបន់ ចំណែក​ឯ​ខ្មែរ​វិញ មិន​ទាន់​ជា​ផ្សះ​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឡើយ ហើយ​ប្រព័ន្ធ​នយោបាយ គឺ​ធ្វើ​សម្រប​ទៅ​តាម​លោក ហ៊ុន សែន ពេក។

ស្រដៀង​ទៅ​អ្វី​ដែល​លោក លី ក្វាន់យូ បាន​និយាយ ប្រទេស​វៀតណាម បាន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ខាង​លិច ស្រប​ពេល​ដែល​ចិន កំពុង​បញ្ជ្រាប​ឥទ្ធិពល​ខ្លួន​ខ្លាំង​ឡើងៗ​ទៅ​ក្នុង​តំបន់។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ នេះ លោក អូបាម៉ា (Barack Obama) ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ។ លោក អូបាម៉ា បាន​ចូល​ហូប​អាហារ និង​ស្រាបៀ​នៅ​ហាង​តូច​មួយ​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​បង្ហាញ​ពី​ភាព​ជិតស្និទ្ធ​អាមេរិក-វៀតណាម។ លើស​ពី​នេះ​ទៅ​ទៀត កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ប្រទេស​ទាំង​ពីរ​នេះ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​សន្តិសុខ​ដែន​ទឹក​ទៀត​ផង។

ឯ​ប្រទេស​មីយ៉ាន់ម៉ា វិញ​កាល​ពី​ចុង​ឆ្នាំ​២០១៥ បាន​សម្រេច​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ គឺ​រដ្ឋាភិបាល​ផ្ដាច់ការ​យោធា​ដែល​កាន់​អំណាច​ជាង ៥០​ឆ្នាំ​មក​ហើយ​នោះ បាន​ចុះ​ចេញ​ពី​តំណែង​ក្រោយ​ពី​ចាញ់​ឆ្នោត​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ ការ​ផ្លាស់ប្ដូរ​មក​របប​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា នេះ ត្រូវ​បាន​គេ​ឃើញ​ថា​ជា​បច្ច័យ​ដ៏​សំខាន់​មួយ​សម្រាប់​ទំនាក់ទំនង​ប្រទេស​នេះ ទៅ​នឹង​បណ្ដា​ប្រទេស​សេរី​ប្រជាធិបតេយ្យ​ដទៃ​ទៀត។

ចុះ​ចំណែក​ឯ​កម្ពុជា វិញ តើ​យើង​កំពុង​ដើរ​ទៅ​ណា​ដែរ?

ដើម្បី​យល់​វិធាន ឬ​ផ្លូវ​អាស៊ាន ប្រជាជន​ខ្មែរ​អាច​គ្រាន់​តែ​ងាក​ទៅ​មើល​ផ្លូវ​ណា​ដែល​គ្មាន​ប៉ូលិស​ចាំ​ល្បាត​នៅ​ទីក្រុង​ភ្នំពេញ។ ទោះ​បី​ជា​ផ្លូវ​ចង្អុល​ឲ្យ​ទិស​តែ​មួយ​ក៏ដោយ ក៏​អ្នក​ដំណើរ​លើ​ផ្លូវ​រមែង​ជិះ​ជែង ឬ​ជ្រួស​គ្នា ដោយ​ម្នាក់ៗ​ប្រញាប់​ទៅ​សម្រេច​ប្រយោជន៍​រៀងៗ​ខ្លួន។ ក៏ដូចជា​កង្វះ​ប៉ូលិស​ដែរ អាស៊ាន​ពុំ​មាន​ស្ថាប័ន​ណា​សម្រាប់​ដាក់​ពិន័យ​លើ​អ្នក​ដែល​ជិះ​ជ្រួស​គេ ឬ​អនុម័ត​ច្បាប់​ឲ្យ​យក​ប្រយោជន៍​រួម​ជា​ធំ​ឡើយ។ វិធាន​អាស៊ាន​ដែល​ហាម​មិន​ឲ្យ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា និង​សម្រេច​ចិត្ត​តាម​កុងសង់ស៊ីស បាន​ត្រឹម​តែ​ផ្តល់​វេទិកា​មួយ​ឆ្នាំៗ​ច្រើន​ជាង ១.០០០​លើក​សម្រាប់​ឲ្យ​ភាគី​ទាំងអស់​ជជែក និង​ចរចា។

ស្រប​ពេល​ដែល​ទំនាស់​ផល​ប្រយោជន៍​ក្នុង​បណ្ដា​ភាគី​អាស៊ាន​កាន់​តែ​ចេញ​មក​ច្បាស់​ទៅៗ ប្រសិទ្ធភាព​នៃ​វិធាន​អាស៊ាន​ត្រូវ​បាន​អ្នក​សិក្សា​លើក​យក​មក​ពិចារណា​ឡើង​វិញ។

បណ្ឌិត​ផ្នែក​សិក្សា​អាស៊ី-ប៉ាស៊ីហ្វិក លោក ឈាង វណ្ណារិទ្ធិ បាន​វិភាគ​ថា ភាព​ខុស​គ្នា​រវាង​វប្បធម៌ និង​នយោបាយ​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន មាន​ន័យ​ថា​មិន​អាច​ស្ថាបនា​ស្ថាប័ន​ប្រហាក់​ប្រហែល​ទៅ​នឹង​គណៈកម្មាធិការ​សហភាព​អឺរ៉ុប ឬ​ក៏​តុលាការ​យុត្តិធម៌​នៃ​សហភាព​អឺរ៉ុប ដែល​គេ​មាន​វប្បធម៌​ស្រដៀង​គ្នា​បាន​ឡើយ។ ការ​បោះបង់​នូវ​វិធាន​នេះ នឹង​នាំ​ឲ្យ​មាន​ការ​បែក​បាក់ និង​ជម្លោះ​ក្នុង​តំបន់ អាស៊ាន​ចាំបាច់​ត្រូវ​បន្ត​ប្រើ​វិធាន​ដដែល​នេះ តែ​លោក​សង្ឃឹម​ថា​នឹង​មាន​ការ​ប្រែប្រួល៖ «វិធាន​របស់​អាស៊ាន​នៅ​តែ​មាន​សារសំខាន់ ព្រោះ​វា​មាន​ភាព​ជាក់ស្តែង និង​បង្ហាញ​ពី​ភាព​ស្មុកស្មាញ​នៃ​ទំនាក់ទំនង​ការ​បរទេស​នៅ​ក្នុង​តំបន់ និង​ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​នៃ​មហា​អំណាច​ក្នុង​តំបន់ ប៉ុន្តែ​វិធាន​នេះ​ត្រូវ​ការ​បន្ថែម​កត្តា​មួយ​ចំនួន​ចូល ជាពិសេស​គឺ​ការ​ប្រើ​វិធីសាស្ត្រ Engagement ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ គឺ​ថា​យើង​មិន​លូក​ដៃ​រឿង​ផ្ទៃ​ក្នុង​ទេ តែ​យើង​ត្រូវ​ចរចា​ស៊ី​ជម្រៅ បើក​ចំហ និង​ត្រង់​ទៅ​ត្រង់​មក​នៅ​ក្នុង​បណ្ដា​ប្រទេស»

បញ្ហា​មួយ​នៃ​វិធាន​អាស៊ាន គឺ​ការ​អសមត្ថភាព​របស់​វា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បន្ទាន់។ អាស៊ីសេរី ធ្លាប់​បាន​លើក​រឿង​នេះ​ឡើង​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦ ដែល​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​អាស៊ាន​មិន​ព្រម​ធ្វើ​អ្វី​លើ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទោះ​បី​ជា​អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប បាន​ថ្កោលទោស​យ៉ាង​ណា​ក៏ដោយ? វិធី​សម្រេច​ចិត្ត​តាម​កុងសង់ស៊ីស​របស់​វិធាន​អាស៊ាន ទាមទារ​ឲ្យ​មាន​ការ​ចរចា​ច្រើន ដែល​ត្រូវ​ការ​ចំណាយ​ពេល​យូរ ទោះ​បី​ជា​បញ្ហា​នោះ​មាន​លក្ខណៈ​បន្ទាន់​យ៉ាង​ណា​ក៏ដោយ។ ទី​ពីរ ទោះ​បី​ជា​ការ​ចរចា​បាន​សម្រេច អាស៊ាន​នៅ​តែ​ជួប​បញ្ហា​មួយ​ទៀត ដោយសារ​វិធាន​របស់​ខ្លួន គឺ​ការ​មិន​លូក​ដៃ​ចូល​ការងារ​ផ្ទៃ​ក្នុង​របស់​ភាគី​ណា​មួយ។ ទោះ​បី​ជា​សមាជិក​អាស៊ាន​ណា​មួយ​មិន​គោរព​តាម​សេចក្តី​សម្រេច​រួម ក៏​សមាជិក​ដទៃ​មិន​អាច​ដាក់​ទោសពៃរ៍​អ្វី​បាន​ដែរ ព្រោះ​វិធាន​អាស៊ាន​បាន​ចង​ខ្លួន​ឯង​មិន​ឲ្យ​បង្កើត​ស្ថាប័ន​ស្រដៀង​ទៅ​នឹង​គណៈកម្មាធិការ​សហភាព​អឺរ៉ុប (European Commission) ឬ​ក៏​តុលាការ​យុត្តិធម៌​នៃ​សហភាព​អឺរ៉ុប (Court of Justice of the European Union) ដែល​ដើរ​តួ​ដូចជា​ប៉ូលិស និង​តុលាការ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល