ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការធ្លាក់ចុះផ្នែកសុជីវធម៌នៅទូទាំងកម្ពុជា គឺជាកត្តាអវិជ្ជមានមួយក្នុងចំណោមកត្តាសំខាន់ៗជាច្រើនទៀតដែលនាំឲ្យកុមារនិងយុវជនកម្ពុជា ប្រើបំពានគ្រឿងញៀន។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «បើខ្ញុំធ្វើការកត់សម្គាល់គឺមកពីកត្តាសង្គម ដោយសារសង្គមយើងបាត់បង់នូវក្រមសីលធម៌ សុជីវធម៌ អីចឹងហើយបានជាធ្វើឲ្យយុវជនមួយចំនួនភ្លើតភ្លើនគ្មានការគោរពដល់ចាស់ទុំ ដល់គ្រូបង្រៀន ដែលបង្កឲ្យមានការវាយតប់ រហូតដល់គ្រូបង្រៀនខ្លួនឯង ជាពិសេសទាក់ទិននឹងការអប់រំចុះខ្សោយផង។ អ្នកដឹកនាំតែម្ដងដែលមិនបានយកចិត្តទុកដាក់ ដូច្នេះហើយដែលធ្វើឲ្យបញ្ហានោះចេះតែកើនឡើង» ។
លោក រ៉ុង ឈុន មានប្រសាសន៍បន្ថែមថា កត្តាសំខាន់មួយទៀតគឺការអូសទាញរបស់ពួកបណ្តាញគ្រឿងញៀន ដែលរួមមានក្រុមក្មេងពាលបងតូចបងធំបានទាក់ទាញកុមារៗនិងយុវជនខ្មែរ ពិសេសសិស្សសាលាឲ្យសប្បាយភ្លើតភ្លើន ងាយធ្លាក់ខ្លួនក្នុងការប្រើប្រាស់គ្រឿងញៀន ៖ «ក្រុមបងធំនាំទៅដើរលេងសប្បាយ បង្ហាត់ឲ្យប្រើប្រាស់គ្រឿងញៀនហ្នឹងទៅ ហើយបង្ហាត់ឲ្យរកលុយរកកាក់អីទៅ ដំណាក់កាលដំបូងគឺក្មេងៗនិងយុវជនមួយចំនួន ដែលរងនូវការអូសទាញនោះ ទីមួយមកយកលុយពីឪពុកម្តាយ បោកបងប្អូនអ៊ីចឹងទៅ។ នេះហើយជាបញ្ហាកើតមាននៅក្នុងសង្គមខ្មែរយើង»។
រីឯអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យហេតុផលថា ចាប់ពីអំឡុងពេលពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក គឺទន្ទឹមនឹងពេលដែលមានការបើកទូលាយសេដ្ឋកិច្ចទីផ្សារនិងទេសចរណ៍ កម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីការប្រើប្រាស់គ្រឿងញៀននេះ។
កន្លងមកថ្មីៗនេះដែរអគ្គលេខាធិការដ្ឋានបានឲ្យដឹងបន្ថែមថា តាមការកត់សម្គាល់អ្នកប្រើប្រាស់គ្រឿងញៀន ជាយុវជនមានចំនួនច្រើនជាងគេក្នុងចំណោមអ្នកប្រើបំពានគ្រឿងញៀននៅកម្ពុជា ក្នុងឆ្នាំ២០០៨ គឺជាពិសេសចាប់ពីអាយុ ១៨ ឆ្នាំទៅ ២៥ ឆ្នាំ មានជិត ៦០ ភាគរយ កុមារនិងយុវជនពី ១០ ទៅ ១៧ ឆ្នាំ មានជិត ១៧ ភាគរយ ក្នុងនោះអ្នកធ្វើការដោយកម្លាំងមានជិត ៣៨ ភាគរយ។ ក្មេងអនាថាមានជិត ១៧ ភាគរយ។ សិស្សសាលាមានជាង ១៥ ភាគរយ និងយុវជនដែលគ្មានការងារធ្វើមានប្រហែល ១៤ភាគរយ។
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិបញ្ជាក់ថា គ្រឿងញៀនសំយោគអា.តេ.អេស ដែលរួមមានមេតំហ្វេតាមីនគ្រាប់ ភាសាថៃហៅថាយ៉ាម៉ា ឬយ៉ាបា ខ្មែរហៅថាម៉ា ឬថ្នាំឆ្កួត និងមេតំហ្វេតាមីនប្រភេទទឹកកក ឬអៃស្ស៍ ដែលខ្មែរហៅថាម៉ាទឹកកក គឺជាគ្រឿងញៀនដែលមានការនិយមប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា បន្ទាប់ពីគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន កាវហិត កញ្ឆា និងអ៊ិចស្តាស៊ី ឬដែលខ្មែរហៅថាថ្នាំគ្រវីក្បាល។
ចំណែកលោកវេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធានមន្ទីរពិសោធន៍នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា អំពើហិង្សាក្នុងគ្រួសារគឺជាកត្តាមួយដែរ ដែលនាំឲ្យកុមារនិងយុវ័យខ្មែររត់ចេញពីផ្ទះទៅប្រើគ្រឿងញៀន តាមការអូសទាញពីមិត្តភក្តិមិនល្អ ឬពីពួកបណ្តាញគ្រឿងញៀន ៖ «ទាក់ទងនឹងជំងឺវិបត្តិផ្លូវចិត្ត ដោយសារមានបញ្ហាក្នុងគ្រួសារដោយសារទទួលការស្តីបន្ទោសពីឪពុកម្តាយ អ៊ីចឹងគាត់ងាកទៅរកការប្រើប្រាស់គ្រឿងញៀនដោយយល់ថាគ្រឿងញៀនជាគ្រឿងបំបាត់ទុក្ខ»។
ជាក់ស្តែងកុមារាម្នាក់អាយុ ១៦ឆ្នាំ សុំមិនបញ្ចេញឈ្មោះបានឲ្យវិទ្យុអាស៊ីសេរីដឹងថា កាលពី ៦ឆ្នាំមុនគេបានរត់ចេញពីផ្ទះនៅខេត្តបន្ទាយមានជ័យ សុខចិត្តរស់នៅតាមថ្នល់ជាមួយមិត្តភក្តិវិញ ព្រោះតែម្តាយវាយធ្វើបាបរាល់ថ្ងៃ ទីបំផុតកុមារក៏ចេះហិតកាវផង និងជក់ម៉ាផង ជាមួយមិត្តភក្តិទាំងនោះ។ ទោះជាវេទនាយ៉ាងណាក្តី ក៏កុមាររូបនេះប្តេជ្ញាចិត្តថា គេមិនវិលទៅរស់នៅជាមួយម្តាយបង្កើតវិញទេ ដោយបញ្ជាក់ថាព្រោះគ្រាណាដែលកុមាររកចំណូលពីរបរដើររើសសំរាមមិនបានឲ្យគាត់ គាត់តែងវាយដំរូបកាយកុមារគ្រប់ពេលវេលា។
កុមារាដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងដូច្នេះ ៖ «ពេលម៉ាក់វាយ ខ្ញុំទ្រាំមិនបានរត់ចេញពីផ្ទះតែម្តង។ ខ្ញុំជក់គ្នាខ្ញុំ ៤នាក់ ហិតគ្រឿងញៀន...តាមបេនឡាន។ ពេលណាខ្ញុំរើសបានច្រើន ចិត្តខ្ញុំអត់ចង់ស៊ីចង់អីទេចង់តែជក់គ្រឿងញៀន។ ជក់ធម្មតាអត់សូវញ័រទេ ជក់ច្រើនដើរញ័រ។ អារម្មណ៍ខ្ញុំគិតតែពីគ្រឿងញៀនៗ វាបញ្ជាយើងឲ្យដើរលួចគេ ឲ្យដើរមួយយប់ទល់ភ្លឺ មួយអាទិត្យស៊ីបាយមិនចូល ស៊ីបានបន្តិចៗ រកក្អួតមកវិញ។ តែពួកខ្ញុំខំរកលុយ ដើរកាយតាមធុងសំរាម ដើម្បីរកលុយឲ្យបានទិញគ្រឿងញៀនហិត»។
ចំណែកលោក រាជ សារឿន ជាអតីតគ្រូពេទ្យផ្នែកជំងឺទូទៅនៅស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានកូនបីនាក់កំពុងសិក្សានៅឡើយ។ កូនរបស់លោកប្រកបទៅដោយគន្លងធម៌ ស្តាប់ដំបូន្មានឪពុកម្តាយនិងខិតខំរៀនសូត្រ។
លោក រាជ សារឿន មានប្រសាសន៍ថា ឪពុកម្តាយអ្នកអាណាព្យាបាលគួរតែការពារកូនចៅកុំឲ្យធ្លាក់ខ្លួនប្រើគ្រឿងញៀនប្រសើរជាងព្យាបាល។ សូមកុំបណ្តោយឲ្យក្មេងធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន ហើយខំព្យាបាលជាក្រោយនោះ គឺខាតប្រយោជន៍ច្រើនជាងកិច្ចការពារជាមុន។
លោក រាជ សារឿង មានប្រសាសន៍ដូច្នេះ ៖ «ការបង្ការនូវគ្រឿងញៀននេះ គឺជាកត្តាសំខាន់បំផុត។ ទីមួយគឺការសេពគប់រវាងក្មេងនិងក្មេងដូចៗគ្នា។ ការសេពគប់របស់ក្មេងនិងក្មេង វាទាក់ទងនឹងបញ្ហាងាយទទួលយកគ្រឿងញៀន ដូច្នេះក្នុងនាមជាឪពុកម្តាយគ្រប់ៗរូប តោងសង្កេតមើលអកប្បកិរិយារបស់កូន។ ចំណុចទីមួយត្រូវសង្កេតមើលអកប្បកិរិយារបស់កូន ពេលណាដែលមានការប្រែប្រួលនូវផ្នែកផ្លូវចិត្តនិងផ្លូវអារម្មណ៍ អារម្មណ៍របស់ក្មេងមានការប្រែប្រួលភ្លាមៗ ក្រោយដែលវាបានទទួលឥទ្ធិពលគ្រឿងញៀន។ ចំណុចទី២ បើសិនជាមានសភាពប្លែកៗ ភ្លាមៗហើយ កុមារទាំងនោះនឹងអាចមើលអ្វីក៏ប្រៀបមិនស្មើនឹងរបស់ខ្លួន ដែលកំពុងធ្វើដែរ។ ដូច្នេះបានន័យថាក្មេងវាមានចិត្តធំភ្លាមៗនៅពេលដែលវាទទួលគ្រឿងញៀន ហ៊ានធ្វើអ្វីៗទាំងអស់។ ដើម្បីទប់ស្កាត់សូមឲ្យឪពុកម្តាយទាំងអស់ មេត្តាប្រញាប់ស្វែងរកការជួយសង្រ្គោះភ្លាមៗពីបណ្តាស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន»។
ចំណែកលោកវេជ្ជបណ្ឌិត មាស វីរិទ្ធ បញ្ជាក់ថា ការប្រើប្រាស់គ្រឿងញៀនមេតំហ្វេតាមីន នាំមកនូវគ្រោះមហន្តរាយ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនៃអ្នកប្រើប្រាស់ មិនថាបុរសឬស្រ្តី ក្មេងឬចាស់ក្តី៕