តើ​រោគសញ្ញា​អ្វីខ្លះ ដែល​ចាំបាច់​ត្រូវការ​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់?

ដោយ ម៉ៅ សុធានី
2019-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ខែក ច័ន្ទរស្មី សកម្មជន​ដីធ្លី​បឹង​កក់ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​(Calmet) ដោយ​សន្លប់​បាត់ស្មារតី​ធ្ងន់ធ្ងរ បន្ទាប់​ពី​ប៉ះទង្គិច​ក្បាល​នឹង​ជញ្ជាំង​ឡាន ពេល​កម្លាំង​អាជ្ញាធរ​បាន​ចាប់​បង្ខំ​បញ្ជូន​ចេញ​ពី​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ ២០១៤។
អ្នកស្រី ខែក ច័ន្ទរស្មី សកម្មជន​ដីធ្លី​បឹង​កក់ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​(Calmet) ដោយ​សន្លប់​បាត់ស្មារតី​ធ្ងន់ធ្ងរ បន្ទាប់​ពី​ប៉ះទង្គិច​ក្បាល​នឹង​ជញ្ជាំង​ឡាន ពេល​កម្លាំង​អាជ្ញាធរ​បាន​ចាប់​បង្ខំ​បញ្ជូន​ចេញ​ពី​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ សីហា ឆ្នាំ ២០១៤។
Photo Provided

គ្រូពេទ្យ​ជំនាញ​សង្គ្រោះ​បន្ទាន់ ឱ្យ​ដឹង​ថា ការ​យល់​ដឹង​ពី​រោគសញ្ញា​នៃ​គ្រោះថ្នាក់​ដល់​ជីវិត គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក​អ្នក​បាន។ សំខាន់​បំផុត ក្រុម​គ្រួសារ​ឬ​អ្នកជំងឺ​ខ្លួនឯង​ផ្ទាល់ ត្រូវ​វិនិច្ឆ័យ​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន ថា​តើ​ត្រូវការ​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ ឬក៏​ក្រុម​គ្រួសារ អាច​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពេទ្យ​ដោយ​ខ្លួន​ឯង​បាន?

ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា រោគសញ្ញា​មួយ​ចំនួន ដែល​ត្រូវការ​ព្យាបាល​បន្ទាន់ ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ រួមមាន ចុក​ទ្រូង​ខ្លាំង គាំងបេះដូង ការដកដង្ហើម​មិន​រួច ឬ​ដកដង្ហើម​ផុតៗ ធ្លាក់ឈាម​ច្រើន​អត់​ឈប់ វិលមុខ​ខ្លាំង គ្រោះថ្នាក់​ចរាចរណ៍ ការ​ប្រើ​ថ្នាំ​ហួស​ពី​កម្រិត ជាដើម​។ លេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​នៅ​សហរដ្ឋអាមេរិក គឺ​លេខ ៩១១ (911) ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ គឺ​លេខ ១១៩ (119)

វេជ្ជបណ្ឌិត​ជំនាញ​ព្យាបាល​ជំងឺ​ទូទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ នៅ​មណ្ឌល​សុខភាព​តំបន់​លេខ​វ៉ូដ (Lakewood Regional Medical Center) លោក​វេជ្ជបណ្ឌិត តែ សៀងឡុង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ ពី​រដ្ឋ​កាលីហ្វរនីញ៉ា (California) ថា ស្ថានភាព​ជំងឺ​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់ គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ ប៉ុន្តែ​សំខាន់​បំផុត លោក​វេជ្ជបណ្ឌិត​ថា កុំ​បង្អង់​ទុក​អ្នកជំងឺ​យូរ​ពេក ព្រោះ​នៅ​ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​ភ្លាម ក្រុម​វេជ្ជបណ្ឌិត​ជំនាញ នឹង​ពិនិត្យ​ថត​មើល​ដើម្បី​វិនិច្ឆ័យ​រោគសញ្ញា និង​ផ្ដល់​សេវា​ព្យាបាល​ជាបន្ទាន់៖ «មនុស្ស​ខ្លះ​ឈឺ​ចុក​ទ្រូង​ខ្លាំង ប្រៀប​ដូច​ដាក់​សៀវភៅ​សង្កត់​លើ​ទ្រូង ខ្លះ​ដើរ​បន្តិច​ទៅ​ដូច​ហត់ និង​ហប់​ដង្ហើម ខ្លះ​ឈឺ​ក្រពះ វិលមុខ ចង់​ក្អួត​អ៊ីចឹង។ បើ​ឈឺ​ខ្លាំង​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ទៅ ឱ្យ​គេ​ឆ្លុះ​មើល ខ្លះ​គេ​ថត​មើល​ខាង​សួត ឬ​បេះដូង និង​គេ​ដាក់​ខ្សែ​លើ​ទ្រូង ដើម្បី​ពិនិត្យ​សង្វាក់​បេះដូង ដើរ​ញាប់ ឬ​ដើរ​យឺត​ពេក ដូចជា​ស្ទះ​សរសៃឈាម នឹង​នាំ​ឱ្យ​គាំងបេះដូង»

គេហទំព័រ​វេជ្ជសាស្ត្រ​ជាច្រើន​ឱ្យ​ដឹង​ថា ជំងឺ​គាំងបេះដូង (Heart Attack) គឺ​ដោយសារ​សាច់ដុំ​បេះដូង​ឈប់​ដំណើរការ (Death of the Heart Muscle)។ ភាគច្រើន​បញ្ហា​ដែល​សាច់ដុំ​បេះដូង​ឈប់​ដំណើរការ​នោះ គឺ​បណ្ដាល​មក​ពី​សរសៃឈាម​កកស្ទះ មិន​អាច​ផ្គត់ផ្គង់​ឈាម​ទៅដល់​បេះដូង​បាន។ ការ​ឈឺ​ចុក​ទ្រូង​ខ្លាំង គឺជា​រោគសញ្ញា​ជំងឺ​គាំងបេះដូង ហើយ​មាន​ករណី​ខ្លះ អ្នក​គាំងបេះដូង មាន​រោគសញ្ញា​មួយ​ចំនួន​ផ្សេងទៀត ដូចជា ឈឺ​ឆ្អឹងថ្គាម បែកញើស​ខ្លាំង ឆ្អល់​ចុង​ដង្ហើម ដកដង្ហើម​ផុតៗ ឈឺក្បាល អស់កម្លាំង​ខ្លាំង ក្អួត វិលមុខ​និង​ស្រវាំងភ្នែក​ជាដើម។

លោក​វេជ្ជបណ្ឌិត តែ សៀងឡុង មាន​ប្រសាសន៍​បន្ត​ថា អ្នក​មាន​រោគសញ្ញា​ជំងឺ​គាំងបេះដូង ត្រូវតែ​ស្វែងរក​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់។ លោក​ថា ភាគច្រើន​ប្រជាពលរដ្ឋ​ខ្មែរ មិនសូវ​យកចិត្តទុកដាក់​និង​ចាប់អារម្មណ៍​ពី​រោគសញ្ញា​ទាំង​នោះ​ទេ ដោយ​គិត​ថា មិន​មាន​ឈឺ​អ្វី​ធំដុំ ដែល​ត្រូវការ​ជួយសង្គ្រោះ​នោះ​ឡើយ ក៏ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សង្គ្រោះ​បន្ទាន់​រូប​នេះ ផ្ដល់​ដំបូន្មាន​ថា ត្រូវតែ​យក​អ្នកជំងឺ ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ប្រសិនបើ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន គួរ​ឱ្យ​សង្ស័យ​ថា អាច​គ្រោះថ្នាក់​ដល់​ជីវិត៖ «ខ្លះ​មកពី​លើសឈាម​ពេក កកឈាម​នៅ​កន្លែង​ជើង​ឡើង​ទៅ​សួត នឹង​ក៏​ឈឺ​ដែរ ខ្លះ​មក​សរសៃ​សាច់ដុំ មកពី​ឆ្អឹង និង​ខ្លះ​ក្អក​ខ្លាំង​ពេក​ក៏​ឈឺ​ទ្រូង​ដែរ។ ខ្លះ​មកពី​រលាក​សួត និង​ខ្លះ​មេរោគ​ឬVirus​។ ឈឺ​នឹង​មាន​ច្រើន នាំ​ឱ្យ​ពិបាក ហើយ​កុំ​គិត​ថា អត់​សំខាន់ ប៉ុន្តែ​ខ្លះ​សំខាន់​ណាស់ ដូចជា មាឌ​ធំ លើសឈាម កូលេស្តេរុល​ជាតិ​ខ្លាញ់​ច្រើន ជក់បារី អាយុ​ច្រើន លើស​ពី​៥០ ឆ្នាំ និង​៦០​ឆ្នាំ និង​ឪពុកម្ដាយ​ធ្លាប់​មាន​គាំងបេះដូង អស់ហ្នឹង​កុំ​ចាំ​ឱ្យ​សោះ»

គេហទំព័រ​វេជ្ជសាស្ត្រ​ដដែល​បន្ត​ថា ជំងឺ​គាំងបេះដូង កើតឡើង​ចំពោះ​បុរស ច្រើនជាង​ស្ត្រី ជាពិសេស ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ ឡើង​ទៅ​។ បន្ថែម​ពី​នេះ គឺ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​ជំងឺ​គាំងបេះដូង កម្ពស់​ឈាម​ខ្ពស់ (High Blood pressure) ធាត់​ខ្លាំង​ពេក (Obesity) និង​កើត​ជំងឺ​ទឹកនោមផ្អែម (Diabetes)​។ ចំណែក​មូលហេតុ ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​គាំងបេះដូង​នោះ គឺ​ដោយសារ​ការ​ជក់បារី កម្រិត​ជាតិ​ខ្លាញ់​ច្រើន ឬ​កូលេស្តេរុល (Cholesterol) ខ្ពស់ ពុំ​បាន​ហាត់ប្រាណ និង​ការ​ទទួលទាន​សុរា​ច្រើន​ពេក​ជាដើម។

ក្រៅពី​ជំងឺ​គាំងបេះដូង ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់ ក៏​នៅ​មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយទៀត​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាមៗ​ដែរ​នោះ គឺ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (Stroke)។ ជំងឺ​ស្ត្រូក​នេះ គេ​អាច​កត់សម្គាល់​សញ្ញា​អាសន្ន​មួយ​ចំនួន​រួមមាន ស្ពឹក​មុខ ស្ពឹក​ជើង ឬ​ដៃ ប៉ុន្តែ​តែ​ម្ខាង​ទេ ដូចជា​ខាង​ស្តាំ ឬ​ខាងឆ្វេង ស្រវាំងភ្នែក វិលមុខ មិន​អាច​ដើរ​រួច ឬ​ឈឺក្បាល​ខ្លាំង​។ សំខាន់​ជាង​នេះ គឺ​អ្នកជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ស្រាប់តែ​ភ្លាមៗ និយាយ​អត់​ចេញ មាន​អារម្មណ៍​ច្របូកច្របល់ និង​អត់​យល់​អ្វី​ទាំងអស់។

គ្រូពេទ្យ​ជំនាញ​ផ្នែក​សង្គ្រោះ​បន្ទាន់​លោក​វេជ្ជបណ្ឌិត តែ សៀងឡុង ផ្ដល់​ដំបូន្មាន​ថា ជា​ការ​ប្រសើរ​អ្នក​ជំងឺ គួរតែ​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​វិញ ព្រោះ​គេ អាច​ដឹក​អ្នកជំងឺ​យក​ទៅ​មន្ទីរពេទ្យ យ៉ាង​ឆាប់រហ័ស និង​មាន​ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​ជួយ​សង្គ្រោះ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ៖ «យើង​ហៅ​គេ​មក​យក វា​រហ័ស គេ​អាច​ព្យួរ​សារ៉ូ​ម​ឱ្យ​យើង។ ម្យ៉ាងទៀត វា​ឆ្ងាយ ហើយ​គេ​មាន​សញ្ញា​អាសន្ន​ដែល​អាច​បើក​បាន ទោះបីជា​ជាប់​ចរាចរណ៍​ក៏ដោយ។ ប៉ុន្តែ​បើ​នៅផ្ទះ​ជិត អាច​ដឹក​ឡាន​ខ្លួន​ឯង​បាន»

ក្រុម​គ្រូពេទ្យ​ជំនួយ​សង្គ្រោះ​បន្ទាន់ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​លក្ខខណ្ឌ​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​របួស​ក្បាល ឆ្អឹង​ក ឆ្អឹងខ្នង សំខាន់​គួរ​ទុក​ជនរងគ្រោះ ឱ្យ​នៅ​កន្លែង​ដដែល​កុំ​ឱ្យ​លើក​ចេញ ឬ​ប្ដូរ​កន្លែង​ទីតាំង​ឱ្យ​សោះ។ ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​រោគសញ្ញា​ដូចជា​ចុក​ទ្រូង​ខ្លាំង ឬ​ធ្លាក់​ហូរ​ឈាម​អត់​ឈប់ ហើយ​នៅ​ម្នាក់ឯង​នោះ គឺ​កុំ​បើក​រថយន្ត​ទៅ​មន្ទីរពេទ្យ​ឱ្យ​សោះ ហើយ​ត្រូវ​រង់ចាំ​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់។ បន្ថែម​ពី​នេះ នៅ​ពេល​ទូរស័ព្ទ ៩១១ គួរ ស្ដាប់​ការណែនាំ​ពី​ទង្វើ​បណ្ដោះអាសន្ន នៅ​ពេល​រង់ចាំ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ មក​ដល់​។ ប្រសិនបើ​លោកអ្នក​មាន​វ័យ​ចាស់​ជរា និង​រស់នៅ​ម្នាក់ឯង គួរតែ​មាន​ប្រព័ន្ធ​ជួយសង្គ្រោះ​បន្ទាន់ (Emergency) ដែល​អាច​ចុច​ហៅ​បាន​ភ្លាមៗ ដើម្បី​គេ​អាច​ដឹង​ពី​ទីកន្លែង និង​ស្ថានភាព​ជំងឺ​របស់​លោកអ្នក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល