នៅក្នុងនាទីវិជ្ជាមេផ្ទះនាសប្តាហ៍នេះ អ្នកស្រី សារី រ័ត្ន សូមលើកយកការអធិប្បាយរបស់អ្នកជំនាញផ្នែកអក្សរសាស្រ្តខ្មែរមកជម្រាបជូនបញ្ជាក់អំពីប្រការបែកមិត្តនេះ។
កាលពីសប្តាហ៍មុនព្រះភិក្ខុ ហួរ សារិទ្ធ សាស្រ្តាចារ្យបង្រៀននៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នារាជធានីភ្នំពេញ ព្រះអង្គបានអធិប្បាយបញ្ជាក់អំពីប្រភេទបួនយ៉ាងរបស់មិត្ត ៖ «សរុបមកវិញថា ខាងមិត្តអាក្រក់ក៏មាន៤ប្រភេទ ហើយខាងមិត្តល្អក៏មាន៤ប្រភេទ។ មិត្តអាក្រក់គឺជាមិត្តដែលពុំគួរសេពគប់ រីឯមិត្តល្អគឺជាមិត្តដែលគួរសេពគប់។ ការសេពគប់មិត្តនេះ ជាពិសេសគឺការសេពគប់នូវកល្យាណមិត្ត ដែលជាមិត្តល្អនេះ នៅក្នុងទស្សនៈមួយគេបានបញ្ជាក់ប្រាប់មកថា ដែលហេតុដែលនាំឲ្យមិត្តបែកបាក់គ្នាដោយលក្ខណៈបីយ៉ាង»។
តើលក្ខណៈទាំងបីដែលជាមូលហេតុធ្វើឲ្យទំនាក់ទំនងរវាងមិត្តនឹងមិត្តអាចមានការប្រេះឆា រង្គោះរង្គើបាននោះគឺមានលក្ខណៈដូចម្តេចខ្លះ?
ព្រះភិក្ខុ ហួរ សារិទ្ធ មានដីកាបំភ្លឺយ៉ាងនេះ ៖ «លក្ខណៈទី១ មិត្តហ្នឹងនៅបែកគ្នាយូរពេក ឃ្លាតឆ្ងាយគ្នាហ្នឹងយូរពេក ធ្វើឲ្យមិត្តភាពទំនាក់ទំនងមិត្តភាពហ្នឹងវារលាយក្លាយទៅ។ ទី២ដែលនាំឲ្យបែកបាក់មិត្តភាពនេះដែរ គឺខ្ចីរបស់គ្នាច្រើនពេក ខ្ចីញឹកពេក ស្អីក៏ខ្ចីៗ រហូតខ្ចីនេះ ខ្ចីនោះ ខ្ចីមិនទៀងទាត់ នេះនាំឲ្យជាហេតុនៃការបែកបាក់មិត្តភាព»។
ព្រះតេជព្រះគុណបានអធិប្បាយបន្តទៀតថា ចំពោះការដែលធ្វើមិត្តភាពបែកបាក់គ្នាក៏មានទាក់ទងនឹងកត្តាខ្លះទៀតផងដែរ ៖ «និងមួយទៀត ចិត្តមិនទៀង មិនទៀងមិនស្មោះត្រង់ចំពោះគ្នានិងគ្នា អ៊ីចឹងដើម្បីឲ្យមិត្តភាពកុំឲ្យបែកបាក់ ត្រូវចៀសវាងនូវប្រការដែលគួរហាមឃាត់ទាំងបីហ្នឹង។ ទី១គឺនៅឆ្ងាយពីគ្នាពេកហ្នឹង តែនេះជាបញ្ហាសាមញ្ញ ប៉ុន្តែនៅជិតគ្នាអាខ្ចីនេះ ខ្ចីនោះ មិនចេះសព្វមិនចេះគ្រប់ហ្នឹង ហ្នឹងជាហេតុដែលនាំឲ្យបែកបាក់មិត្តភាព។ ហើយទី៣គឺមិនទៀង មិនស្មោះត្រង់ចំពោះគ្នានិងគ្នាក៏នាំឲ្យបែកបាក់គ្នាដែរ»។
ទន្ទឹមនឹងព្រះថេរដីកាអំពីការបែកបាក់មិត្ត ដែលព្រះគ្រូសាស្ត្រាចារ្យ ហួរ សារិទ្ធ បានអធិប្បាយបញ្ចាក់មកនេះ លោកគ្រូ ផាន់ សុទ្ធី បង្រៀននៅវិទ្យាល័យព្រះបិតាឯករាជ្យ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្នែកមុខវិជ្ជាអក្សរសាស្ត្រខ្មែរ បានមានប្រសាសន៍អំពីមូលហេតុនៃការបាត់បង់មិត្តភាពនោះដែរថាគេអាចកាត់បន្ថយទំនាស់បាន គឺម្នាក់ៗត្រូវមានសេចក្តីសង្គ្រោះ។
លោកគ្រូ ផាន់ សុទ្ធី មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំទាញទំនាក់ទំនងរវាងមិត្តភក្តិនឹងមិត្តភក្តិថាធ្វើយ៉ាងណាដើម្បីឲ្យកាត់បន្ថយនូវទំនាស់បាន។ អ៊ីចឹងទី១ គឺការរាប់អានគ្នាជាភាតរភាព មានន័យថាទុកគ្នាជាបងប្អូន ទី២ គឺចេះអប់រំនិងចេះកែលម្អគ្នា ទី៣ ចេះយោគយល់និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ទី៤ ការគោរពសិទ្ធិគ្នាទៅវិញទៅមក ទី៥ មិនរើសអើង ឬកាន់វណ្ណៈទាក់ទងទៅនឹងបញ្ហាទ្រព្យសម្បត្តិ ឬឋានៈក្រុមគ្រួសារក្នុងសង្គម ដូចជាកូនអ្នកមានកូនអ្នកក្រ។ ទី៦ គឺធ្វើអ្វីគឺមានទំនួលខុសត្រូវ ពោលគឺហ៊ានធ្វើគឺហ៊ានទទួល បានន័យថាហ៊ានទទួលស្គាល់នូវកំហុសខ្លួនឯង ដែលបានធ្វើ ទី៧ ចេះកែប្រែកំហុសខ្លួនឯង»។
ចំណុចទី៨គឺត្រូវចេះទទួលការរិះគន់ក្នុងន័យកែលម្អពីមិត្តភក្តិដោយរីករាយ ទី៩មុននឹងធ្វើអ្វីមួយត្រូវត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ជាមុនសិន ទី១០ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ទី១១ ដឹកនាំគ្នាស្វែងរកការសិក្សាជាក្រុម សិស្សពូកែជួយបង្រៀនសិស្សមធ្យមនិងបង្រៀនសិស្សខ្សោយ។ ទី១២ គឺមិនចេះច្រណែននិន្ទាឈ្នានីសនឹងគ្នា ហើយទី១៣ គឺមានមោទនភាពទទួលយកនូវកំហុសរបស់ខ្លួនឯង ព្រមទាំងទទួលយកនូវទង្វើល្អដែលអ្នកដទៃ ឬមិត្តភក្តិដែលបានធ្វើមកលើខ្លួនឯង។
ចំពោះគុណវិបត្តិដែលជាកត្តានាំឲ្យបាក់បែកមិត្តភាពនេះ ព្រះគ្រូ ហួរ សារិទ្ធ សាស្រ្តាចារ្យនៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មានថេរដីកាថា ៖ «ជាការពិត ការសេពគប់មិត្តត្រូវមានសម្បទានរវាងគ្នានឹងគ្នា មានន័យថាការផ្តល់ឲ្យទៅវិញទៅមកគឺមានន័យថា ត្រូវចេះឲ្យនូវទ្រព្យសម្បត្តិ តាមគួរដែលត្រូវឲ្យត្រូវចែកត្រូវរំលែក។ ទី២ត្រូវពោលពាក្យពីរោះពិសាជាមួយគ្នា រវាងគ្នានិងគ្នា និងប្រព្រឹត្តធ្វើនូវប្រយោជន៍ឲ្យដល់គ្នានិងគ្នា ហើយមានចិត្តស្មោះត្រង់ចំពោះគ្នានិងគ្នា ហើយមិននិយាយដើម មិននិយាយអាក្រក់រវាងគ្នានិងគ្នា អាហ្នឹងគឺជាប្រការដែលគួរចាំ ជាប្រការដែលត្រូវកាន់យក»។
ព្រះភិក្ខុសាស្ត្រាចារ្យនៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជបានសរុបថា ៖ «ប៉ុន្តែមិត្តភាពកើតឡើងហើយ ហ្នឹងត្រូវមានលក្ខណៈ៥យ៉ាង។ ត្រូវមានលក្ខណៈ៥យ៉ាងដូចដែលបានបញ្ជាក់មកអម្បាញ់មិញអ៊ីចឹង ហើយគួរចៀសវាងនូវប្រការដែលហាមឃាត់ទាំង៣ ហ្នឹងគឺរក្សាមិត្តភាពហ្នឹងបានយូរអង្វែង ហើយមិនមានអរិភាពនឹងគ្នា រវាងគ្នានិងគ្នា។ កាលណាបើមានសម្បទាមធម៌ទាំង៥ យ៉ាងហ្នឹងហើយ ហើយចៀសវាងនូវប្រការទាំង៣ ការសេពគប់ហ្នឹងមានក្រមសីលធម៌ខ្ពស់ បានន័យថាស្រឡាញ់រាប់អានគ្នាអស់មួយជីវិត»៕