តំណាងរាស្ត្រគណបក្សប្រឆាំងអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ថា លោកគាំទ្រការបង្កើតច្បាប់ដាក់ទណ្ឌកម្មមន្ត្រីបរទេស នៅប្រទេសអូស្ត្រាលី ដោយយកលំនាំតាមច្បាប់ Global Magnitsky Act របស់អាមេរិក។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលអូស្ត្រាលី ពុំចាំបាច់ចាំទាល់តែមានច្បាប់ថ្មីនេះ ទើបដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការសមាជិកមួយចំនួននៃរបបលោក ហ៊ុន សែន នោះទេ ព្រោះលោកថា សំណុំរឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញប្រជាធិបតេយ្យរបស់ពួកគេ មានភាពរឹងមាំ អាចឲ្យរដ្ឋាភិបាលអូស្ត្រាលីពិចារណាដាក់ទណ្ឌកម្មពួកគេបាន។ មន្ត្រីនាំពាក្យ បក្សកាន់អំណាច ថា គណបក្ស ពុំព្រួយបារម្ភឡើយ ចំពោះការត្រៀមបង្កើត ច្បាប់ដាក់ទណ្ឌកម្មរបស់អូស្ត្រាលីនេះ។
លោក ជូលៀន ហ៊ីល ថា លោកគាំទ្រឲ្យមានការបង្កើតច្បាប់ដាក់ទណ្ឌកម្មជាក់លាក់ ស្រដៀងគ្នានឹងច្បាប់ដ៏មានឥទ្ធិពលរបស់អាមេរិកឈ្មោះ Global Magitsky Act ដែរ ដើម្បីអនុវត្តនៅក្នុងប្រទេសអូស្ត្រាលី ប្រឆាំងនឹងជនបរទេសទាំងឡាយណា ដែលបានរំលោភសិទ្ធិមនុស្ស ឬប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់ពួកគេ។
ការលើកឡើងនេះ កើតមានឡើងស្របពេលដែលគណៈកម្មាធិការចម្រុះទទួលបន្ទុក កិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្ម នៃរដ្ឋសភាអូស្ត្រាលី កំពុងពិចារណាសិក្សាពីលទ្ធភាពតាក់តែងច្បាប់នេះ ដោយប្រមូលយកធាតុចូលពីស្ថាប័ន ពាក់ព័ន្ធ រួមទាំងសង្គមស៊ីវិលអន្តរជាតិផង។ ទន្ទឹមគ្នានោះ សហគមន៍ខ្មែរនៅអូស្ត្រាលី ក៏កំពុងធ្វើយុទ្ធនាការយ៉ាងសកម្ម ស្នើឲ្យប្រទេសអូស្ត្រាលី បង្កើតច្បាប់នេះឡើងឲ្យបានឆាប់រហ័ស ដើម្បីដាក់ទណ្ឌកម្មជាក់លាក់ទៅលើ មន្ត្រីក្នុងជួររបបលោក ហ៊ុន សែន។
លោក ជូលៀន ហ៊ីល ថា បើទោះជាច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ លោកសង្ឃឹមខ្លាំងថា ច្បាប់នេះនឹងទទួលបាននូវការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់គ្រប់មជ្ឈដ្ឋាននៅអូស្ត្រាលី។ លោកថា ការផ្ដួចផ្ដើមឲ្យមានច្បាប់នេះឡើង គឺអាស្រ័យទៅលើការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។ លោកពន្យល់ថា ច្បាប់ដាក់ទណ្ឌកម្មនេះ ធ្វើឡើង មិនមែនសំដៅទៅលើប្រជាជននៃប្រទេសណាមួយនោះទេ ក៏ប៉ុន្តែ ច្បាប់នេះនឹងត្រូវយកមកអនុវត្ត តែចំពោះបុគ្គលបរទេសជាក់លាក់ទាំងឡាយណា ដែលបានប្រព្រឹត្តិអំពើរំលោភសិទ្ធិមនុស្ស ឬអំពើពុករលួយធ្ងន់ធ្ងរ។ ទោះយ៉ាងណា លោក ជូលៀន ហ៊ីល សង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយ ដែលរដ្ឋាភិបាលអូស្ត្រាលី ត្រូវរង់ចាំទាល់តែបង្កើតច្បាប់ថ្មីនេះរួចហើយ ទើបដាក់ទណ្ឌកម្មមន្ត្រីក្នុងជួររបបលោក ហ៊ុន សែន ដែលលោកហៅថា ជា «របបជើងកាង» នោះទេ។ លោកជឿថា សំណុំរឿងរបស់មន្ត្រីក្នុងជួររបបលោក ហ៊ុន សែន ទាំងនោះ ដែលរងការចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ គឺមានភាពគ្រប់គ្រាន់ សមល្មមសម្រាប់ឲ្យប្រទេសអូស្ត្រាលី ពិចារណាដាក់ទណ្ឌកម្មជាក់លាក់ ជាការរឹតត្បិតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេហើយ។
ជុំវិញលទ្ធភាពដែលប្រទេសអូស្ត្រាលី ត្រៀមបង្កើតច្បាប់ដាក់ទណ្ឌកម្មមន្ត្រីបរទេសនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គណបក្សកាន់អំណាច ពុំមានអ្វីត្រូវព្រួយបារម្ភនោះទេ ព្រោះគណបក្សរបស់លោក ពុំដែលកាន់ជើងមន្ត្រី ខិលខូចនោះទេ។ លោកថា វាជាសិទ្ធិរបស់ប្រទេសអូស្ត្រាលី ក្នុងការបង្កើតច្បាប់នេះ៖ « ចង់ធ្វើជាសិទ្ធិរបស់គេ ក៏ប៉ុន្តែ ត្រង់មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាពក្នុងការអនុវត្ត វាអាស្រ័យទៅលើការពិតជាក់ស្តែងថា តើមានបុគ្គលណាធ្វើខុសច្បាប់ ដែលត្រូវនឹងច្បាប់ហ្នុងទេ។ បើសិនណាជាអត់មានអ្នក ប្រព្រឹត្តិល្មើសច្បាប់ នោះធ្វើច្បាប់ប៉ុន្មានក៏វាមិនមានបញ្ហាអីដែរ។ យើងខ្ញុំមិនមានការព្រួយបារម្ភទេ គឺយើងយល់ថា យើងជាមនុស្សត្រឹមត្រូវ វាអត់មានបញ្ហាអី ដែលត្រូវយក ចិត្តទុកដាក់ទេ។ ត្រង់ថាជាតិសាសន៍អីធ្វើច្បាប់ នោះជារឿងផ្ទៃក្នុងរបស់ជាតិសាសន៍នោះ » ។
ផ្ទុយពីការអះអាងរបស់លោក សុខ ឥសាន ដែលថា គណបក្សពុំមានការព្រួយបារម្ភនេះ កន្លងមក បន្ទាប់ពីតំណាងរាស្ត្រអាមេរិកនាំគ្នាស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈឯកអគ្គរាជទូតកម្ពុជានៅអាមេរិក បានជះលុយមិនតិចជាង ១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ជួលក្រុមហ៊ុនអាមេរិក ឲ្យជួយបញ្ចុះបញ្ចូល កុំឲ្យរដ្ឋសភាអាមេរិកអនុម័តច្បាប់ទាំងនោះ។ លើសពីនេះទៀត ការណ៍ដែលលោក សុខ ឥសាន ថា មនុស្សរបស់បក្សប្រជាជនកម្ពុជា សុទ្ធតែជាមនុស្សត្រឹមត្រូវនោះ ក៏ត្រូវប្រទេសនិយមប្រជាធិបតេយ្យ មិនយល់ស្របតាមដែរ។
ជាក់ស្ដែង សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការលើមន្ត្រី និងបុគ្គលកម្ពុជា ៣រូប ព្រមទាំងក្រុមគ្រួសាររបស់ពួកគេផង ដោយប្រើច្បាប់ Global Magnitsky Act នេះ។ ក្នុងនោះមាន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រពន្ធ និងកូនពីរនាក់ និងមេឈ្មួញជួញដូរឈើល្បីឈ្មោះ គឺលោក ទ្រី ភាព និងក្រុមហ៊ុនមួយចំនួនរបស់ពួកគេ។ រីឯគណៈកម្មការអឺរ៉ុប ឯណោះវិញ ថ្មីៗនេះ ក៏បានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ ដែលអាចធ្វើឲ្យក្រុមអ្នកវិនិយោគបរទេស ញញើតមិនហ៊ានមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
រីឯនៅប្រទេសអូស្ត្រាលី ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC ធ្លាប់លាតត្រដាងថា កូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ អគ្គនាយកពន្ធដារ លោក គង់ វិបុល កូនប្រុសលោក ជា សុផារ៉ា គឺលោក ផារ៉ា មង្គល សុទ្ធតែមានលុយវាល់លានដុល្លារ ទិញអចលនទ្រព្យនៅប្រទេសអូស្ត្រាលី។ ការជះលុយដ៏សម្បើមរបស់សែស្រឡាយ និងបក្ខពួកនៃមន្ត្រីក្នុងជួររបបលោក ហ៊ុន សែន នេះ ត្រូវសហគមន៍ខ្មែរនៅអូស្ត្រាលី ថា ជាការលាងលុយកខ្វក់ ដែលរដ្ឋាភិបាលអូស្ត្រាលី មិនគួរមើលរំលងនោះឡើយ ហើយត្រូវតែដាក់ទណ្ឌកម្មពួកគេតាមរយៈការបង្កើតច្បាប់ថ្មីនេះ។
តំណាងរាស្ត្រអូស្ត្រាលី លោក ជូលៀន ហ៊ីល ថា របាយការណ៍នានា អំពីការលាងលុយកខ្វក់ ពីសំណាក់មន្ត្រីពួកអ្នកមានអំណាចខ្មែរ នៅក្នុងប្រទេសអូស្ត្រាលី គឺជារឿងរ៉ាវគួរឲ្យបារម្ភបំផុត។ លោកថា កាលពីពេលអតីតកាល លោកធ្លាប់បានអំពាវនាវឲ្យអាជ្ញាធរ អូស្ត្រាលី ចាត់វិធានការ និងឲ្យរដ្ឋាភិបាលអូស្ត្រាលី ពង្រឹងច្បាប់ប្រឆាំងនឹងអំពើលាងលុយកខ្វក់ទាំងនេះ។ លោក ជូលៀន ហ៊ីល ក៏មានផែនការលើកយក បញ្ហាលាងលុយកខ្វក់ របស់មន្ត្រីខិលខូចកម្ពុជាទាំងនេះ មកនិយាយបន្ថែមទៀត នៅក្នុងរដ្ឋសភាអូស្ត្រាលី នៅពេលដែលច្បាប់ដាក់ទណ្ឌកម្មថ្មីនេះ ត្រូវលើកយកមកជជែកដេញដោលគ្នា ក្នុងពេលអនាគត៕