អ្នកជំនាញរកឃើញថា គម្រោងសាងសង់ផ្លូវរថភ្លើងពីទីក្រុងគួនម៉ីង (Kunming) ប្រទេសចិន មកកាន់ទីក្រុងវៀងចន្ទ ប្រទេសឡាវ ដែលជាផ្នែកមួយនៃគម្រោងប្រចាំតំបន់ ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន មិនបានអនុវត្តតាមស្តង់ដារអន្តរជាតិ ដើម្បីគាំទ្រឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងប្រទេសទទួលអត្ថប្រយោជន៍នោះឡើយ។ កត្តានេះហើយបានធ្វើឱ្យប្រទេសពាក់ព័ន្ធជាមួយគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ ងាយប្រឈមនឹងហានិភ័យ នៃការផុងខ្លួនចូលកាន់តែជ្រៅទៅក្នុងអន្ទាក់បំណុលរបស់ប្រទេសចិន។ តើកម្ពុជាអាចរៀនសូត្របានអ្វីខ្លះពីគម្រោងសាងសង់ផ្លូវរថភ្លើងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ចិននេះ?
នេះបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក ស្កុត ម៉ូរីស (Scott Morris) អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងជានាយកគំនិតផ្ដួចផ្ដើមគោលនយោបាយអភិវឌ្ឍន៍អាមេរិក ប្រចាំមជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សាកល (Center for Global Development) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ និងអនុសាសន៍ដើម្បីគេចចេញពីអន្ទាក់បំណុលរបស់មហាយក្សចិននេះ ដូចតទៅ៖
មាន ឫទ្ធិ៖ បាទ! អរគុណណាស់លោក ស្កុត ដែលបានផ្ដល់បទសម្ភាសន៍នេះ។ ខ្ញុំដឹងថា ថ្មីៗនេះ លោកទើបនឹងបានចេញផ្សាយឯកសារស្រាវជ្រាវគោលនយោបាយមួយ ដែលពិនិត្យមើលលើគម្រោងខ្សែរថភ្លើងពីទីក្រុងគួនម៉ីង (Kunming) ប្រទេសចិន មកកាន់ទីក្រុងវៀងចន្ទ ប្រទេសឡាវ ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។ នៅក្នុងឯកសារស្រាវជ្រាវនេះ លោកបានផ្ដោតជាពិសេសទៅលើទិដ្ឋភាពសំខាន់ៗចំនួនបួន ពាក់ព័ន្ធនឹងគម្រោងរបស់ចិននេះ រួមមាន សេដ្ឋកិច្ច ការធ្វើលទ្ធកម្ម ការផ្តល់ការងារ ការការពារបរិស្ថាន និងសង្គម ជាដើម។ ខ្ញុំចង់ដឹងថា តើមានមេរៀនគួររៀនសូត្រអ្វីខ្លះ ដែលលោកបានរកឃើញចេញពីការសិក្សាស្រាវជ្រាវមួយនេះ?
ស្កុត ម៉ូរីស៖ បាទ! ពិតណាស់ ខ្ញុំគិតថា វាជារឿងសំខាន់ ដែលត្រូវព្យាយាមពិនិត្យមើលឱ្យបានដឹតដល់ទៅលើអ្វីមួយដែលខ្ញុំមើលឃើញថា ជាឧទាហរណ៍ជាក់ស្ដែងនៃគម្រោងខ្សែក្រវាត់ និងផ្លូវនេះ។ នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមប្រចាំតំបន់ ហើយដែលមានគោលដៅផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ចប្រចាំតំបន់ និងផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងនេះ តាមរបៀបមួយដែលមានគោលដៅផ្ដល់គុណតម្លៃដល់តំបន់ទាំងមូលតែម្ដង។ ប៉ុន្តែ ខ្ញុំចង់ពិនិត្យមើលវា ផ្អែកតាមទស្សនៈពីប្រទេសមួយ គឺប្រទេសឡាវ ដែលនឹងធ្វើការងារជាមួយប្រទេសចិន ដើម្បីបង្កើតការតភ្ជាប់ខ្សែរថភ្លើង ជាផ្នែកមួយនៃគម្រោងប្រចាំតំបន់នេះ។
ខ្ញុំគិតថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីគម្រោងនៅប្រទេសឡាវ គឺថាយើងអាចចាត់ទុកវាជាគម្រោងសាធារណៈមួយរបស់ចិន ដែលកើតមានឡើងនៅឯប្រទេសឯដទៃទៀត។ អ្វីដែលខ្ញុំចង់មានន័យនោះ គឺថា ចិនមានចំណែកកម្មសិទ្ធិធំសម្បើមនៅក្នុងគម្រោងផ្លូវរថភ្លើងនេះ តាមរបៀបដែលខ្លួនបង្កើតគម្រោងនេះឡើង។ រដ្ឋាភិបាលឡាវ ក៏មានចំណែកកម្មសិទ្ធិក្នុងគម្រោងនេះដែរ ក៏ប៉ុន្តែវាជាចំណែកតិចតួច។ សូម្បីតែក្នុងការបំពេញលក្ខខណ្ឌហិរញ្ញវត្ថុវិញ ភាគីឡាវ ក៏មានជាប់ជំពាក់ជាមួយនឹងការខ្ចីបុលហិរញ្ញវត្ថុ។ ក្នុងន័យនេះ ខ្ញុំបានលើកឡើងពីក្តីកង្វល់អំពីចិរភាពបំណុល សម្រាប់ខាងរដ្ឋាភិបាលឡាវ។ ដូច្នេះ នេះគឺជាបញ្ហាសំខាន់មួយដែលគេគួរឱ្យពិចារណា នៅពេលគិតពីអត្ថប្រយោជន៍ជាមូលដ្ឋានផ្នែកសេដ្ឋកិច្ច ដែលទទួលបានពីគម្រោងនេះ។ ...ថាតើវាសមហេតុសមផលដែរឬទេ សម្រាប់ប្រទេសជាតិមួយនេះ? ជាពិសេស បើទោះបីជាវាសមហេតុសមផល ក្នុងនាមជាគម្រោងប្រចាំតំបន់នោះ។ សម្រាប់ប្រជាជនឡាវ តើគម្រោងនេះ វាជាគំនិតល្អដែរឬទេ? ដូច្នេះ ខ្ញុំគិតថា នេះគឺជាសំណួរសំខាន់មួយ។
ក្រៅពីនេះទៀត មានបញ្ហាមួយចំនួនធំទៀត ដែលយើងបានពិនិត្យមើលជុំវិញបទដ្ឋាន ឬស្តង់ដារនៃគម្រោងនេះ។ ជារួម តើអ្វីខ្លះទៅដែលជាបទប្បញ្ញត្តិ គ្រប់គ្រងទៅលើគម្រោងនេះ? តើគេធ្វើលទ្ធកម្មដោយរបៀបណា? តើគេវាយតម្លៃយ៉ាងដូចម្ដេចដែរ ទៅលើផលប៉ះពាល់ដល់បរិស្ថាន? និយាយជារួមទៅ យើងធ្វើការពិនិត្យមើលយ៉ាងដិតដល់ទៅលើបញ្ហាអស់ទាំងនេះ។
មាន ឫទ្ធិ៖ ក្នុងន័យដែលលោក បានលើកឡើងពីបន្ទុកហិរញ្ញវត្ថុមុននេះ ខ្ញុំនៅចាំបានថា កាលពីឆ្នាំ ២០១៨ កន្លងទៅ មជ្ឈមណ្ឌលរបស់លោក ក៏បានបោះពុម្ពផ្សាយនូវឯកសារស្រាវជ្រាវគោលនយោបាយមួយ ដោយបានផ្ដល់ជាអនុសាសន៍ និងកំណត់អត្តសញ្ញាណទៅលើក្រុមប្រទេសមួយចំនួន ដែលជាប់ពាក់ព័ន្ធជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ... ហើយដែលក្រុមប្រទេសទាំងនេះ អាចទទួលរងនឹងហានិភ័យជាប់ផុងក្នុងបន្ទុកបំណុលវ័ណ្ឌក។ ក្នុងករណីនេះ តើលោក មានបានពិនិត្យឃើញមានការប្រែប្រួលណាមួយដែរឬទេ ដែលកើតមានឥឡូវនេះ ចំពោះរដ្ឋាភិបាលឡាវ ឬក៏ប្រទេសនេះ ថាតើមានជាប់ផុងកាន់តែជ្រៅបន្ថែមទៀត ទៅក្នុងអន្ទាក់បំណុលវ័ណ្ឌក ពីប្រទេសចិន ដែរឬទេ?
ស្កុត ម៉ូរីស៖ បាទ! វាពិតជារឿងគួរឱ្យបារម្ភមួយ។ ប្រាកដណាស់ ប្រទេសឡាវ និងកម្ពុជា គឺមានករណីនេះដូចគ្នា។ ប្រទេសទាំងពីរនេះ សុទ្ធតែមានជាប់ជំពាក់បំណុលច្រើនគួរឱ្យកត់សម្គាល់ នៃបំណុលសាធារណៈរបស់ខ្លួន។ ជាពិសេសនោះ គឺបំណុលដែលជាប់ជំពាក់ម្ចាស់បំណុលបរទេស។ ក្នុងចំណោមម្ចាស់បំណុលបរទេសទាំងនោះ គិតមកទល់ពេលនេះ ចិនគឺជាម្ចាស់បំណុលឈានមុខគេមួយ។ ដោយសារតែស្ថានភាពប្រវត្តិបំណុលដែលប្រទេសទាំងពីរនេះ កំពុងមាននាពេលបច្ចុប្បន្ននេះ យើងពិតជាមានការបារម្ភអំពីរឿងដែលប្រទេសទាំងពីរនេះ អាចនឹងទៅសុំខ្ចីបុលប្រទេសចិនបន្ថែមទៀត ពាក់ព័ន្ធនឹងគម្រោងខ្សែក្រវាត់ និងផ្លូវ។ ... ថាតើប្រទេសពីរនេះ ស្ថិតក្នុងស្ថានភាពមួយដែលខ្លួនអាចធ្វើឱ្យបំណុលទាំងនេះមានចិរភាពបានដែរឬទេ? ក្នុងន័យម្យ៉ាងទៀតគឺថា តើប្រទេសទាំងពីរនេះ អាចធ្វើការសងបំណុលទៅឱ្យចិនវិញ តាមរបៀបមួយដែលធ្វើឡើងចេញពីថវិកាសាធារណៈរបស់ខ្លួន ប្រកបដោយចិរភាពនោះ...។ ខ្ញុំគិតថា ក្នុងករណីនៅប្រទេសឡាវ គឺប្រាកដជាមានក្តីបារម្ភពិតប្រាកដមួយចំនួន ពាក់ព័ន្ធនឹងថាកម្ចីដែលបានធ្វើឡើងសម្រាប់គម្រោងខ្សែរថភ្លើងនេះ តើគេបានចាត់ចែងបែបណាខ្លះ ទៅក្នុងថវិកាសាធារណៈរបស់ខ្លួន ដោយធៀបទៅនឹងស្ថានភាពបំណុលរបស់ប្រទេសនេះ នាពេលបច្ចុប្បន្ននេះ។ ដូច្នេះ គឺពិតណាស់ ខ្ញុំកំណត់ថា ប្រទេសឡាវ គឺស្ថិតក្នុងចំណោមប្រទេសមួយ ដែលកំពុងជួបប្រទះនូវហានិភ័យបំណុលវណ្ឌកគួរឱ្យកត់សម្គាល់។
មាន ឫទ្ធិ៖ ក្នុងន័យចិរភាពបំណុលនេះ សម្រាប់ប្រទេសកម្ពុជាវិញ តើលោកមានការវិនិច្ឆ័យយ៉ាងដូចម្តេចដែរ សម្រាប់ពេលនេះ បាទ? តើលោកមានឃើញមានការប្រែប្រួលណាមួយដែរឬទេ?
ស្កុត ម៉ូរីស៖ បាទ! នៅក្នុងការសិក្សាស្រាវជ្រាវរបស់យើងកាលពីឆ្នាំ២០១៨ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ៨ ដែលយើងកំណត់អត្តសញ្ញាណថា អាចមានហានិភ័យបំណុលវ័ណ្ឌកគួរឱ្យកត់សម្គាល់។ យើងបានពិនិត្យមើលសំណួរនេះ ជុំវិញទិដ្ឋភាពចំនួនពីរ ក្នុងនោះរួមមាន តើអ្វីទៅជាស្ថានភាពបំណុលជារួម? ដែលនេះគឺជាបំណុលដែលគេអាចជំពាក់ម្ចាស់បំណុលទូទៅនានា។ បន្ទាប់មក តើអ្វីទៅជាតួនាទីជាក់លាក់របស់ប្រទេសចិនក្នុងនាមជាម្ចាស់បំណុល?
ប្រទេសកម្ពុជា គឺជាករណីមួយដែលកំពុងជួបប្រទះទៅនឹងហានិភ័យបំណុលគួរឱ្យកត់សម្គាល់។ ប្រទេសនេះក៏កំពុងតែពឹងផ្អែកខ្លាំងក្លាទៅលើប្រទេសចិន ឱ្យធ្វើជាម្ចាស់បំណុលបរទេស។ ខ្ញុំគិតថា មកទល់ពេលនេះ បំណុលដែលកម្ពុជាខ្ចីពីចិន ស្ទើរតែស្មើនឹងប្រមាណ ៥០ ភាគរយ នៃកម្ចីបរទេសរបស់ខ្លួន។ បើគិតតាមបែបសេដ្ឋកិច្ចវិញ គឺគួរតែលើកឡើងពីកង្វល់មួយចំនួន ទាក់ទងនឹងកម្រិតនៃការប្រមូលផ្តុំ ប្រសិនបើអ្នកពឹងផ្អែកខ្លាំងពេក តែទៅលើម្ចាស់បំណុលតែមួយនោះ។ ម្ចាស់បំណុលនេះទៀតសោត គឺជារដ្ឋាភិបាលបរទេសមួយ។ រឿងនេះគឺជាបញ្ហាមួយ ដែលអាចនឹងជះឥទ្ធិពលដល់វិស័យផ្សេងៗទៀត នៃទំនាក់ទំនង ដូចជា គោលនយោបាយបរទេស និងការពិចារណាផ្នែកសន្តិសុខ ជាដើម។ ការណ៍ដែលពឹងផ្អែកខ្លាំងពេកផ្នែកហិរញ្ញវត្ថុ តែទៅលើរដ្ឋាភិបាលមួយដទៃទៀត ខ្ញុំគិតថា វាប្រហែលមិនមែនជារឿងល្អប៉ុន្មានទេ សម្រាប់កម្ពុជានោះ។
មាន ឫទ្ធិ៖ ផ្នែកមួយនៃឯកសារស្រាវជ្រាវគោលនយោបាយរបស់លោក លោកបានផ្តល់នូវអនុសាសន៍ជាក់លាក់ ដោយលើកឡើងថា ជាការល្អ ប្រសិនបើចិនផ្ដោតទៅលើការផ្តល់កិច្ចសហការល្អ ក្នុងន័យថា យល់ព្រមអនុវត្តស្របតាមស្តង់ដារ ឬបទប្បញ្ញត្តិ ដូចដែលដៃគូពហុភាគីនានាដាក់ចេញ ទៅក្នុងការអនុវត្តគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនៅតាមបណ្ដាប្រទេសទទួលអត្ថប្រយោជន៍ដទៃទៀត។ សូមលោកជួយពន្យល់បន្ថែមអំពីបញ្ហានេះបាទ?
ស្កុត ម៉ូរីស៖ បាទ! ពិតណាស់! ទោះជាលោកមើលទៅគម្រោងផ្លូវរថភ្លើងរបស់ឡាវ ឬក៏ពិនិត្យមើលបញ្ហាបំណុលទូលំទូលាយជាងនេះ ចំពោះគម្រោងខ្សែក្រវាត់ និងផ្លូវទាំមូលនោះ យើងបានកំណត់បញ្ហាមួយចំនួន ចំពោះទាំងប្រទេសសុំខ្ចីបុល ក៏ដូចជាប្រទេសផ្ដល់កម្ចីឱ្យគេ គឺប្រទេសចិន ដែលរដ្ឋាភិបាលចិន គឺជាអ្នកផ្តល់ប្រាក់កម្ចីនោះ។ ប្រាកដណាស់ វាបានធ្វើឱ្យយើងភ្ញាក់ផ្អើល ដែលអាកប្បកិរិយារបស់ចិនក្នុងនាមជាអ្នកផ្តល់កម្ចី ខណៈដែលយើងប្រើពាក្យថា អ្វីដែលចិនកំពុងធ្វើនេះ គឺជានយោបាយការទូតបែបអន្ទាក់បំណុល។ ច្បាស់ណាស់ គឺថា ចិន គឺជាអ្នកផ្តល់កម្ចីដ៏សម្បើមមួយ ជាងអ្វីដែលរដ្ឋាភិបាលដទៃទៀតធ្លាប់ធ្វើ។ យើងអាចនិយាយបានថា ចិនអាចហ៊ានប្រថុយប្រថានខ្លាំងក្នុងការផ្ដល់កម្ចីឱ្យប្រទេសដទៃខ្ចីបុល។ ...គឺមានន័យថា ចិនមានចេតនាចង់ផ្តល់កម្ចី ឱ្យគេឯងខ្ចីក្នុងស្ថានភាពដែលមិនមានចិរភាព ដូចដែលអ្នកផ្តល់កម្ចីដទៃទៀតមើលឃើញនោះទេ ដែលថាវាជាហានិភ័យបំណុលសមហេតុផលមួយ។
ដូច្នេះ ផ្អែកតាមទស្សនៈនេះ យើងពិតជាគិតថា វាជាការសំខាន់ ដែលទៅថ្ងៃខាងមុខទៀត រដ្ឋាភិបាលចិន ត្រូវគិតគូរពិចារណាអំពីសំណួរនៃបញ្ហាចិរភាពបំណុលប្រកបដោយការប្រយ័ត្នប្រយែងជាងមុន ខណៈដែលពួកគេវាយតម្លៃគម្រោងដ៏មានសក្ដានុពលនានា។ ...គឺថា ពួកគេព្យាយាមតម្រែតម្រង់ទិសខ្លួនឯង ភ្ជាប់ទៅនឹងស្តង់ដារដៃគូពហុភាគី ដែលទំនងជាចង់គ្រប់គ្រងអាកប្បកិរិយារបស់រដ្ឋាភិបាលជាច្រើនដទៃទៀត។ ជាពិសេស ដូចជាអ្នកផ្តល់កម្ចីពីមុនៗមក... ពួកគេត្រូវពិនិត្យទៅមើលអ្វីដែលជាការអនុវត្តរបស់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF ធនាគារពិភពលោក (World Bank) ដើម្បីស្វែងយល់អំពីស្ថានភាពហានិភ័យបំណុលជារួម នៃក្រុមប្រទេសដែលចង់ខ្ចីប្រាក់អស់ទាំងនេះ។ រហូតមកទល់ពេលនេះ យើងនៅមិនទាន់ឃើញមានការតម្រែតម្រង់ទិសបែបនេះពីប្រទេសចិននៅឡើយទេ។ ខ្ញុំគិតថា ថ្មីៗនេះ យើងចាប់ផ្ដើមឮពីភាគីមន្ត្រីចិនមកវិញថា ខ្លួនមានចំណាប់អារម្មណ៍ខ្លាំងជាងមុន ក្នុងការពិចារណាអំពីបញ្ហាចិរភាពបំណុល។ មែនទែនទៅ ចិនថែមទាំងបកស្រាយអំពីក្របខ័ណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងចិរភាពបំណុលនេះ។ ខ្ញុំគិតថា ជាការសំខាន់ក្នុងការធ្វើដំណើរទៅមុខ ដែលចិនរកមើលពីវិធីដែលត្រូវតម្រែតម្រង់ទិស ឱ្យស្របតាមបទដ្ឋានដៃគូពហុភាគីអន្តរជាតិនានា។
មាន ឫទ្ធិ៖ ក្រៅពីបញ្ហានេះ កម្ពុជា គឺជាផ្នែកមួយនៃភូមិសាស្ត្រនយោបាយសំខាន់មួយដែរនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែចិនក៏ព្យាយាមសាងសង់ផ្លូវរថភ្លើងពីប្រទេសខ្លួនមកកាន់អាស៊ីអាគ្នេយ៍ដោយឆ្លងកាត់កម្ពុជាដូចគ្នា។ ដូច្នេះ តើលោកមានពិនិត្យមើលឃើញថា មានផល ប៉ះពាល់អវិជ្ជមានណាមួយ កើតមានចេញពីគម្រោងរបស់ចិននេះដែរឬទេបាទ?
ស្កុត ម៉ូរីស៖ បាទ! ជាថ្មីម្តងទៀត ខ្ញុំគិតថា ភាគច្រើនដូចជាការវាយតម្លៃរបស់យើងទៅលើប្រទេសឡាវ យើងអាចកំណត់បាន គម្រោងការប្រចាំតំបន់ ខ្ញុំគិតថា វាមានលទ្ធភាពច្រើនណាស់ដែលថា គម្រោងនេះមានភាពប្រសើរសម្រាប់សេដ្ឋកិច្ច។ វាច្បាស់ណាស់ថា ជាគម្រោងប្រចាំតំបន់ ដែលផ្សារភ្ជាប់ទីផ្សារជាច្រើន ពីទីផ្សារធំ មកទីផ្សារតូច ពីទីផ្សារដីគោកទៅកាន់តំបន់កំពង់ផែ។ ជារួមវាសមហេតុសមផល។ ប៉ុន្តែជារឿងសំខាន់ណាស់ សម្រាប់ប្រទេសនីមួយៗ ដែលចូលរួមក្នុងគម្រោងនេះ ត្រូវវាយតម្លៃអំពីរបៀបដែលពួកគេចេញលុយដល់គម្រោងនេះ ដោយរបៀបណាក្រោមគម្រោងប្រចាំតំបន់នេះ? ហើយថាតើពួកគេបានធ្វើ គ្រប់គ្រាន់ហើយឬនៅ ក្នុងប្រតិបត្តិការសាច់ប្រាក់ ដើម្បីធានាថា រដ្ឋាភិបាលរបស់ពួកគេ និងប្រជាពលរដ្ឋរបស់ពួកគេ នឹងទទួលបានអត្ថប្រយោជន៍ ចេញពីគម្រោងនេះ ដើម្បីផ្ដល់អំណះអំណាងដល់កម្រិតនៃការសុំខ្ចីនេះ។
ជាថ្មីម្តងទៀត ប្រសិនបើយើងពិនិត្យមើលឱ្យបានដិតដល់ទៅលើប្រទេសឡាវ វាមិនប្រាកដទេ ថាប្រទេសនេះ បានធ្វើការវាយតម្លៃបែបនេះ នៅពេលដែលអ្នកពិចារណាថា មិនត្រឹមតែចំនួននៃការសុំខ្ចីទេ តែសម្បទានដទៃទៀតដែលគេពិចារណាចំពោះទុនរបស់ចិនក្នុងគម្រោងនេះ ការផ្ដល់សម្បទានពន្ធដារ ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់ឡាវក្នុងការចេញបង់ថ្លៃនៃការផ្លាស់ទីលំនៅដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ទាំងអស់នេះគឺជាប់នៅខាងផ្នែកបំណុល និងផ្នែកចំណាយរបស់រដ្ឋាភិបាលឡាវ។ វាមិនច្បាស់ទាល់តែសោះដែលថា ខាងផ្នែកចំណូល នឹងផ្ដល់អត្ថប្រយោជន៍ក្នុងកម្រិតមួយ ដូចតាមដែលពួកគេបានអះអាងនោះ។
ខ្ញុំគិតថា នេះគឺជាសំណួរដូចគ្នាដែលប្រទេសនីមួយៗទាំងនេះ គួរតែសួរនាំខ្លួនឯង ថាតើពួកគេបានសម្រេចបានកិច្ចចរចាល្អហើយឬនៅ សម្រាប់ពួកគេចេញពីគម្រោងទាំងនេះ? ចម្លើយអាចប្រែប្រួលទៅតាមប្រទេសក្នុងតំបន់ ដោយប្រទេសខ្លះទទួលចេញថ្លៃច្រើនជាងប្រទេសដទៃទៀត។
មាន ឫទ្ធិ៖ បាទ! អ្នកវិភាគខ្លះ បានលើកឡើងពីកង្វល់មួយចំនួន ដែលថាទំនួលខុសត្រូវ មិនមែនត្រឹមតែស្ថិតនៅជាមួយប្រទេសចិនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ត្រូវតែជាមួយប្រទេសទទួលអត្ថប្រយោជន៍ផងដែរ ក្នុងន័យថា សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងដែលល្អមួយជាមួយប្រទេសចិននោះ។ ដូច្នេះ ក្នុងករណីនេះ សូមលោកជួយផ្ដល់អនុសាសន៍បន្ថែមទៀត ដល់ប្រទេសទទួលអត្ថប្រយោជន៍ជាពិសេស និងដល់ចំពោះប្រទេសចិនផងនោះបាទ?
ស្កុត ម៉ូរីស៖ បាទ! មានចំណុចចម្បងៗមួយចំនួនទៀត។ ខ្ញុំគិតថា សំណួរចោទឡើងអំពីការផ្តល់សម្បទាន គឺជាបញ្ហាសំខាន់មួយ។ ជាពិសេសរដ្ឋាភិបាលត្រូវតែស្វែងយល់ថា ប្រសិនបើគេទទួលយកការចេញហិរញ្ញវត្ថុពីភាគីខ្លួនឯង តើចំណូលបានមកវិញនោះ មានលក្ខណៈយ៉ាងណាដែរពីគម្រោងនេះ? ថាតើពួកគេធ្វើសម្បទានដែលនឹងកាត់បន្ថយខ្លាំងដល់លំហូរនៃចំណូលក្នុងអំឡុងពេលនោះដែរឬទេ? នេះជារឿងមួយ។
បញ្ហានៃបទបញ្ញត្តិ លទ្ធកម្ម ក្រោមគម្រោងទាំងនេះ គឺសំខាន់ណាស់ ហើយបើទោះបីជាក្នុងករណីនេះ វាហាក់បីដូចជាច្បាស់ណាស់ថា គម្រោងផ្លូវរថភ្លើងទាំងនេះ នឹងមិនកើតមានឡើង លុះត្រាតែចិនផ្ដល់នូវកម្ចី។ ដូច្នេះ វាមិនមែនមានន័យថា រដ្ឋាភិបាលឡាវ ជាអ្នកសម្រេចចិត្តសាងសង់ផ្លូវរថភ្លើងនេះដោយខ្លួនឯងនោះទេ។ ពេលនោះ យើងក៏អាចរំពឹងថា គេដាក់ចេញនូវដំណើរការធ្វើលទ្ធកម្ម សម្រាប់ក្រុមហ៊ុនលើពិភពលោក ឱ្យមកចូលរួមដាក់ពាក្យដេញថ្លៃសាងសង់ផ្លូវរថភ្លើង។ កម្លាំងរុញច្រាន គឺគឺចាប់ផ្ដើមខ្លាំងចេញពីប្រទេសចិន។ ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងឃើញក្រុមហ៊ុនចិន មកអនុវត្តសាងសង់ផ្លូវរថភ្លើងនេះ។
យ៉ាងណាក៏ដោយ ខ្ញុំគិតថា ភារកិច្ចគឺស្ថិតនៅលើប្រទេសចូលរួម ដែលត្រូវពិនិត្យមើលមធ្យោបាយ ក្នុងការអនុវត្តតាមបទប្បញ្ញត្តិលទ្ធកម្មទូទៅ ដែលបើកឱ្យមានការដេញថ្លៃជាចំហ មានស្តង់ដារច្បាស់លាស់ប្រឆាំងនឹងការប្រព្រឹត្តិអំពើពុករលួយនៃការចេញលុយខុសពីការពិត។ នេះជារឿងមួយទៀត។ ហើយក៏មានរឿងជុំវិញ ផលប៉ះពាល់ដល់បរិស្ថាន ផលប៉ះពាល់ដល់សហគមន៍តាមមូលដ្ឋាន។ ទាំងនេះ គឺសុទ្ធតែជាបញ្ហាចម្បងជាមួយនឹងគម្រោងផ្លូវរថភ្លើង ដែលយើងឃើញក្នុងប្រព័ន្ធផ្សព្វផ្សាយសាធារណៈអំពីការប្ដឹងផ្ដល់គ្នាច្រើន នៅឯថ្នាក់មូលដ្ឋាន អំពីក្រុមគ្រួសារដែលមានអារម្មណ៍ថា ពួកគេមិនត្រូវបានគេផ្ដល់ប្រាក់សំណងឱ្យសមស្របនោះឡើយ នៅពេលដែលពួកគេត្រូវបានតម្រូវឱ្យផ្លាស់ទីលំនៅដោយសារផ្លូវរថភ្លើងនេះ។ ជាថ្មីម្តងទៀតខ្ញុំគិតថា វាជាភារកិច្ចរបស់រដ្ឋាភិបាលឡាវ ហើយក៏សំខាន់សម្រាប់រដ្ឋាភិបាលចិនដែរ ក្នុងការដែលត្រូវធានាថា ពួកគេបានដាក់ចេញយ៉ាងច្បាស់នូវស្តង់ដារ និងបញ្ញត្តិសម្រាប់ការផ្តល់ប្រាក់សំណង។ ... ហើយថា ពួកគេពិតជាបានអនុវត្តតាមអ្វីដែលពួកគេដាក់ចេញនេះ។ ខ្ញុំគិតថា វាមិនមែនជាអ្វីដែលយើងមើលឃើញថា មានការអនុវត្តល្អនៅឡើយទេ ជុំវិញបញ្ហាទាំងអស់នេះ។
មាន ឫទ្ធិ៖ សំណួរចុងក្រោយរបស់ខ្ញុំ ខ្ញុំក៏ចង់ដឹងដែរពីព្រោះថាមានកង្វល់ជាច្រើនអំពីមហិច្ឆតារបស់ចិន ទាក់ទងទៅនឹងការចង់កែប្រែទិដ្ឋភាពភូមិសាស្ត្រនយោបាយ នៅតំបន់អាស៊ីអាគ្នេយ៍ ឬក៏នៅជុំវិញពិភពលោក ទាក់ទងទៅនឹងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ខ្លួននេះ។ ក្នុងករណីនេះ តើលោកមើលឃើញថា ប្រទេសទទួលអត្ថប្រយោជន៍ គួរតែសម្រេចមិន ជាប់ពាក់ពន្ធក្នុងកិច្ចសន្យាសំខាន់ៗជាមួយចិន ដើម្បីបញ្ចៀសពីមហិច្ឆតាយោធារបស់រដ្ឋាភិបាលចិន?
ស្កុត ម៉ូរីស៖ ខ្ញុំគិតថាអ្វីដែលខ្ញុំមើលទៅនយោបាយ នេះគឺជាអ្វីដែលចិន ត្រូវគិតគូរដកថយចេញវិញ នូវអ្វីដែលជាប្រតិកម្មចំពោះគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ពួកគេ។ ខ្ញុំមិនសូវជាមើលឃើញវាខ្លាំង ផ្អែកតាមរយៈទស្សនៈរបស់ប្រទេសសុំខ្ចី ដែលថា ពួកគេត្រូវគូសបន្ទាត់ឱ្យបានច្បាស់ថា ពួកគេមិនត្រូវចូលរួមទាល់តែសោះនោះទេ ដោយសារតែមានកង្វល់ពីរឿងនយោបាយនោះ។ ជាការសំខាន់ ដែលគេត្រូវពិនិត្យមើលទៅលើអត្ថប្រយោជន៍របស់ខ្លួនគេ ពិសេសទៅលើផ្នែកនៃការធ្វើហិរញ្ញប្បទាន ដែលពួកគេត្រូវចរចា និងដាក់លក្ខខណ្ឌនានា ដែលនៅទីបំផុតទៅការពារដល់ពលរដ្ឋ និងអ្នកបង់ពន្ធរបស់ពួកគេនោះ។
មាន ឫទ្ធិ៖ បាទ! អរគុណច្រើនចំពោះការផ្តល់សម្ភាសន៍នេះបាទ!
ស្កុត ម៉ូរីស៖ បាទ! អរគុណ!