អ្នកជំនាញ ពុំមានជំនឿថា រដ្ឋាភិបាលអាចកែខ្លួនធ្វើឲ្យគណៈកម្មការអឺរ៉ុប លុបឈ្មោះកម្ពុជាចេញពីបញ្ជីឃ្លាំមើលនៃក្រុមប្រទេសលាងលុយកខ្វក់នោះទេ ។ ពួកគេបារម្ភថា អំពើលួចលុយជាតិពីសំណាក់ក្រុមអ្នកមានអំណាចខ្មែរ រួចលាងលុយយកទៅលាក់ទុកនៅបរទេស នឹងនៅតែបន្តកើតមានដដែល។ ការលើកឡើងនេះ កើតមានឡើងក្រោយព្រះមហាក្សត្រ កាលពីចុងខែមិថុនា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការច្បាប់ថ្មីប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ថា លោកគ្មានជំនឿទាល់តែសោះថា ការអនុម័ត និងប្រកាសឲ្យប្រើច្បាប់ថ្មីពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់កាលពីពេលថ្មីៗនេះ នឹងធ្វើឲ្យគណៈកម្មការអឺរ៉ុប និងអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅទូទាំងពិភពលោកឈ្មោះFATF ឈានទៅកែប្រែសេចក្តីសម្រេចចិត្តរបស់ខ្លួន លុបឈ្មោះកម្ពុជាចេញពីបញ្ជីឃ្លាំមើលនៃក្រុមប្រទេសលាងលុយកខ្វក់។ លោកថា កម្ពុជាត្រូវចាត់វិធានការជាច្រើនផ្សេងទៀត បន្ថែមទៅលើការណ៍ដែលគ្រាន់តែអនុម័តច្បាប់ទាំងនេះ ដើម្បីឲ្យរួចផុតពីបញ្ជីឈ្មោះនៃក្រុមប្រទេសលាងលុយកខ្វក់របស់ស្ថាប័នអន្តរជាតិទាំងនេះ។
សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកប្រចាំមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា រូបនេះថា រឿងរ៉ាវសំខាន់គឺកម្ពុជាចាំបាច់ត្រូវប្រែក្លាយទៅជាប្រទេសគោរពច្បាប់ ឬនីតិរដ្ឋត្រឹមត្រូវពិតប្រាកដ ពោលគឺមិនមែនជាប្រទេសដែលអ្នកមានអំណាចអង្គុយនៅពីលើច្បាប់នោះទេ។ លោកថា វាត្រូវការពេលវេលា និងការចាត់វិធានការបន្ថែមទៀត ដើម្បីដឹងថាតើប្រទេសកម្ពុជា ពិតជាមានការប្តេជ្ញាចិត្តពិតប្រាកដ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ដែរឬយ៉ាងណានោះ។
កាលពីថ្ងៃទី២៧ មិថុនា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រកាសឲ្យប្រើជាការប្រញាប់ច្បាប់ចំនួនបី ដែលរដ្ឋសភា និងព្រឹទ្ធសភាទើបអនុម័ត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់។ ច្បាប់ទាំងនោះរួមមាន ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ច្បាប់ទាំងនេះ ត្រូវរបបលោក ហ៊ុន សែន ធ្វើឡើងភ្លាមៗក្រោយគណៈកម្មការអឺរ៉ុប ដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីនៃក្រុមប្រទេសលាងលុយកខ្វក់ ខណៈកម្ពុជាជាប់ឈ្មោះក្នុង «បញ្ជីប្រផេះ» រយៈពេលពីរឆ្នាំជាប់គ្នារបស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅទូទាំងពិភពលោក ឈ្មោះ FATF។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ថា ក្រសួងមិនចាំបាច់ជូនដំណឹងទៅគណៈកម្មការអឺរ៉ុបឡើយករណីកម្ពុជាទើបនឹងអនុម័តច្បាប់ថ្មីទាំងនេះ។ លោកមិនឆ្លើយនឹងសំណួរថាតើកម្ពុជានឹងត្រូវធ្វើដូចម្តេចទៀតដើម្បីឲ្យគណៈកម្មការអឺរ៉ុបលុបឈ្មោះចេញពីបញ្ជីឃ្លាំមើលរបស់អឺរ៉ុបនោះទេ៖ « ការជូនដំណឹង ឬមិនជូនដំណឹងទៅសហភាពអឺរ៉ុបហ្នុង គឺមិនជាការចាំបាច់នោះទេ ដោយសារសហភាពអឺរ៉ុប មានឯកអគ្គរដ្ឋទូតដែលជាតំណាងរបស់ខ្លួន នៅទីក្រុងភ្នំពេញហើយ។ ដំណើរការនៃការតាក់តែងច្បាប់រហូតដល់អនុម័ត រហូតដល់ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឲ្យប្រើនេះ គាត់បានដឹងច្បាស់ហើយ។ កន្លងមក ស្ថានទូតអូស្ត្រាលី ក៏បានចេញសេចក្តីជូនព័ត៌មានពីការសាទររបស់ខ្លួនចំពោះការអនុម័តច្បាប់សំខាន់ៗពីរនេះផងដែរ »។
បើទោះជាមានការវាយតម្លៃថា ច្បាប់ថ្មីដែលកម្ពុជាទើបអនុម័តនេះ មានគុណភាពអាចឲ្យអន្តរជាតិទទួលយកបានក៏ដោយ សម្រាប់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ឬ TI-Cambodia លោក ប៉ិច ពិសី យល់ថា ការអនុម័តច្បាប់ទាំងនេះគ្រាន់តែជាជំហ៊ានទីមួយប៉ុណ្ណោះ ក៏ប៉ុន្តែកម្ពុជាត្រូវចាត់វិធានការច្រើនបន្ថែមទៀតស្របតាមអនុសាសន៍របស់ស្ថាប័នអន្តរជាតិទាំងនេះ ដើម្បីរួចផុតពីបញ្ជីនៃក្រុមប្រទេសលាងលុយកខ្វក់នេះ៖ « ត្រូវការការកសាងសមត្ថភាព ហើយត្រូវការការអនុវត្តច្បាប់ដែលមានប្រសិទ្ធភាព។ យើងដឹងហើយប្រព័ន្ធតុលាការយើងនៅខ្សោយនៅឡើយ។ ថាតើបើសិនជាឧទាហរណ៍ថា មានការចាប់ជនសង្ស័យ ថាតើយើងហ៊ានធានាទេថា ជនសង្ស័យនោះនឹងត្រូវបានគេដាក់ទោសទណ្ឌស៊ើបអង្កេតដោយយុត្តិធម៌ ? ហើយថាតើអំពើពុករលួយអាចដើរតួនាទីនៅក្នុងការដោះបញ្ហារបស់ជនសង្ស័យនោះដែរឬទេ ? នេះជាបញ្ហាពាក់ព័ន្ធទៅនឹងនីតិរដ្ឋទាំងមូលដែលប្រទេសយើងមានបញ្ហា។ អ៊ីចឹង ពិបាកក្នុងការនិយាយថា យើងមានច្បាប់ហើយយើងអាចរួចផុតអំពីការដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីនេះណាស់ »។
មន្ត្រីព័ត៌មានរបស់គណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកស្ថេរភាពហិរញ្ញវត្ថុ អ្នកស្រី អៃកាតេរីនី អាប៉ូស្តូឡា (Aikaterini Apostola) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៣ កក្កដា ថា ការដាក់បញ្ចូលក្នុងបញ្ជីឃ្លាំមើលនៃក្រុមប្រទេសលាងលុយកខ្វក់នេះ នឹងត្រូវចូលជាធរមានចាប់ពីខែតុលា តទៅ។ អ្នកស្រីថា សហភាពអឺរ៉ុប នឹងដកឈ្មោះកម្ពុជាចេញពីបញ្ជីក្រុមប្រទេសលាងលុយកខ្វក់របស់ខ្លួនភ្លាមៗ និងដោយស្វ័យប្រវតិ្ត នៅពេលណាដែលអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់របស់ពិភពលោក ឈ្មោះ FATF លុបឈ្មោះកម្ពុជា ចេញពី «បញ្ជីប្រផេះ» របស់អង្គការនេះ។ អ្នកស្រី ពន្យល់ថា សហភាពអឺរ៉ុប មិនបានដាក់លក្ខខណ្ឌទៅលើប្រទេសកម្ពុជា លើសពីអ្វីដែលអង្គការ FATF ដែលជាស្ថាប័នអន្តរជាតិឃ្លាំមើលអំពើលាងលុយកខ្វក់ បានដាក់កម្ពុជានៅក្នុង«បញ្ជីប្រផេះ» នោះទេ។
ក្តីបារម្ភខ្លាំងមួយទៀតជុំវិញបញ្ហាលាងលុយកខ្វក់នេះ គឺនៅត្រង់ថារដ្ឋាភិបាលនឹងនៅតែមិនអាចទប់ស្កាត់អំពើលួចលុយជាតិពីសំណាក់ពួកអ្នកមានអំណាចខ្មែរបានឡើយ ដែលនិយមយកលុយដែលពួកគេបានលាងនៅកម្ពុជា ឲ្យក្លាយជាលុយស្របច្បាប់ រួចយកទៅលាក់ទុកនៅបរទេសនោះ។ ជាក់ស្តែង ដូចដែលរបាយការណ៍នានា បានរាយការណ៍កន្លងមកថា ពួកអ្នកមានអំណាចខ្មែរទាំងនោះ ខ្លះមានតំណែងជាឧបនាយករដ្ឋមន្ត្រី ជាក្មួយបង្កើតលោក ហ៊ុន សែន ឬជាមេប៉ូលីសជាដើម បានយកលុយវាល់លានដុល្លារទៅលាក់ទុកនៅប្រទេសស៊ីប (Cyprus) ប្រទេសសិង្ហបុរី (Singapore) និងប្រទេសអូស្ត្រាលី (Australia) ជាដើម ក្រោមរូបភាពជាការទិញដូរ និងវិនិយោគអចលនទ្រព្យ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថា ទំនាស់ផលប្រយោជន៍នឹងរារាំងមិនឲ្យមានការអនុវត្តច្បាប់ប្រឆាំងនឹងអំពើលាងលុយកខ្វក់នេះ បានប្រកបដោយប្រសិទ្ធភាព៖ « បាទ ! នេះជាចំណុចមួយដែលយើងព្រួយបារម្ភខ្លាំងណាស់ ពីព្រោះស្ថាប័នរដ្ឋាភិបាល ជាស្ថាប័នអនុវត្តច្បាប់ ដើរតួនាទីនៅក្នុងការជំរុញការអនុវត្តគោលការណ៍គតិយុត្តិដែលមានឲ្យមានប្រសិទ្ធភាព។ បើសិនជាមានការសង្ស័យ ហើយយើងបានធ្លាប់ឮរបាយការណ៍ហើយថា មានការសង្ស័យថា មានមន្ត្រីធំៗ គាត់មានលំហូរសាច់ប្រាក់ចេញពីស្រុកខ្មែរទៅក្រៅប្រទេស តាមវិធីផ្សេងៗរបស់គាត់ អ៊ីចឹង នេះជាទំនាស់ផលប្រយោជន៍មួយធំណាស់ ពីព្រោះយើងមានមន្ត្រីអនុវត្តច្បាប់ ប៉ុន្តែបែរជាគាត់អាចជា ... មានការសង្ស័យថា រួមចំណែកនៅក្នុងមធ្យោបាយនៃការលាងលុយ ទាំងលុយដែលចូលក្នុងប្រទេសផង និងលុយដែលចេញពីប្រទេសកម្ពុជាផង។ ចឹង នេះជាទំនាស់ផលប្រយោជន៍មួយ ហើយទំនាស់ផលប្រយោជន៍ រារាំងដល់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនោះឯង »។
លោក ប៉ិច ពិសី ក៏បារម្ភដែរថា ច្បាប់ថ្មីនេះ អាចនឹងត្រូវរដ្ឋាភិបាលយកមកប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីត្រួតពិនិត្យស៊ីជម្រៅ ទៅលើប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គការសង្គមស៊ីវិលនាពេលអនាគត ក្រោមហេតុផលថា ជាការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់។
អាស៊ីសេរី មិនអាចទាក់ទងអគ្គនាយិកាធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ដើម្បីសុំប្រតិកម្មបន្ថែមជុំវិញបញ្ហាក្តីបារម្ភទាំងនេះក្នុងរឿងអនុវត្តច្បាប់ប្រឆាំងនឹងអំពើលាងលុយកខ្វក់បានទេ ដោយសារអ្នកស្រីមិនលើកទូរស័ព្ទ កាលពីយប់ថ្ងៃទី១៤ កក្កដា។
ទោសទណ្ឌដែលច្បាប់ថ្មីប្រឆាំងនឹងអំពើលាងលុយកខ្វក់ដាក់ចេញ រួមមាន បទសម្អាតប្រាក់ អាចប្រឈមនឹងការដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៥រយលានរៀល ស្មើនឹងប្រមាណ ១២ម៉ឺនដុល្លារ។ រីឯ បទហិរញ្ញប្បទានភេរវកម្ម អាចប្រឈមនឹងការដាក់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។ ដោយឡែក ចំពោះបទល្មើសនៃការប្រគល់ទ្រព្យសម្បត្តិ ដល់ជន ឬអង្គភាព ដែលច្បាប់ហាមប្រាម អាចជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ទៅពីររយលានរៀល ស្មើនឹង ៥ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។