អំពើបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយ លួចលុយ ជាតិរបស់ក្រុមមេដឹកនាំផ្ដាច់ការតាមប្រទេសមួយចំនួន រួមទាំងកម្ពុជាផង មិនបានធ្វើឲ្យប្រទេសនិយមប្រជាធិបតេយ្យ មើលរំលងនោះទេ។ ក្រៅតែពីសហរដ្ឋអាមេរិក ដែលមានច្បាប់ដាក់ទណ្ឌកម្មសែស្រឡាយអ្នកលួចជាតិ នៅក្រៅប្រទេស ដែលគេស្គាល់ថា ច្បាប់ Global Magnitsky Act សហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី ព្រមទាំងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងដទៃទៀត បច្ចុប្បន្ន ក៏កំពុងនាំគ្នាពិចារណាបង្កើតច្បាប់ស្រដៀងគ្នានឹងច្បាប់ដ៏មានឥទ្ធិពលរបស់អាមេរិកនេះដែរ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា នេះគឺជានិន្នាការ ប្រសើរបំផុតមួយ ដើម្បីរួមគ្នាទប់ស្កាត់អំពើទុច្ចរិតរបស់ក្រុមមេដឹកនាំផ្ដាច់ការនៅលើពិភពលោក។
សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងគេក្នុងលោក ដែលបានបង្កើតច្បាប់ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំផ្ដាច់ការ និងសែស្រឡាយអ្នកលួចជាតិនេះឡើង កាលពីចុងឆ្នាំ២០១៦។ ដំបូងឡើយ ច្បាប់នេះពុំទាន់មានអានុភាពប្រឆាំងនឹងមេដឹកនាំនៅទូទាំងពិភពលោកនៅឡើយទេ។ ក៏ប៉ុន្តែ បង្កើតឡើងកាលពីឆ្នាំ២០១២ ក្រោមឈ្មោះដើមថា Magnitsky Act ច្បាប់នេះសំដៅដាក់ទណ្ឌកម្ម តែទៅលើមន្ត្រីក្នុងជួររដ្ឋាភិបាលរុស្ស៊ី ដែលពាក់ព័ន្ធនឹងករណីធ្វើទារុណកម្មបណ្ដាលឲ្យមន្ត្រីគណនេយ្យករជនជាតិរុស្ស៊ីម្នាក់ គឺលោក សឺរហ្គៃ ម៉ាកនីតស្គី (Sergei Magnitsky) ស្លាប់ក្នុងគុក ដោយសារតែលោកបានលាតត្រដាងភាពមិនប្រក្រតី នៃអំពើលួចលុយ ឬគេចពន្ធរដ្ឋដ៏សម្បើម តម្លៃជាង ២៣០លានដុល្លារនៅក្នុងប្រទេសរុស្ស៊ី។ កាលណោះ មានបុគ្គលរុស្ស៊ីចំនួនជាង ៥៤រូប និងក្រុមហ៊ុនរុស្ស៊ីមួយ បានរងទណ្ឌកម្មនេះ ដែលរួមមានការហាមប្រាមមិនឲ្យពួកគេធ្វើដំណើរចេញចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលរុស្ស៊ីទាំងនោះ ដែលមាននៅសហរដ្ឋអាមេរិកផង។
ក្រោយមក នៅឆ្នាំ២០១៦ ក្រោមការផ្ដួចផ្ដើមរបស់អតីតៈសមាជិកព្រឹទ្ធសភាអាមេរិក លោក ចន ម៉ាខេន (John McCain) ច្បាប់នេះបានពង្រីកឥទ្ធិពលក្លាយជាច្បាប់ Global Magnitsky Act ដែលសំដៅដាក់ទណ្ឌកម្មទៅលើក្រុមមេដឹកនាំទុច្ចរិត លួចលុយជាតិ បំផ្លាញប្រជាធិបតេយ្យ និងប្រព្រឹត្តិអំពើពុករលួយ នៅទូទាំងពិភពលោក។ គិតត្រឹមដើមឆ្នាំ២០២០ នេះ សហរដ្ឋអាមេរិក បានប្រើច្បាប់នេះ ដាក់ទណ្ឌកម្មដល់បុគ្គល ឬក្រុមហ៊ុននៅទូទាំងពិភពលោក សរុបជិត ២០០ករណីហើយ។ បុគ្គល ឬក្រុមហ៊ុនរងទណ្ឌកម្មទាំងនោះ ភាគច្រើនជាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្តអំពើពុករលួយ ដែលមានជាង ១២០ ករណី ហើយ ៦៥ ករណីទៀត ជាសំណុំរឿងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ជារួម មានបុគ្គល និងក្រុមហ៊ុនមកពី ២៥ប្រទេសនៅលើពិភពលោក ដែលកំពុងទទួលរងទណ្ឌកម្មពីច្បាប់មួយនេះ។ នៅកម្ពុជា មានបុគ្គលបីរូប និងក្រុមគ្រួសារពួកគេផង បានរងទណ្ឌកម្មពីច្បាប់នេះ។ បុគ្គលទាំងបីរូបនោះ គឺគ្មាននរណាក្រៅពីលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រពន្ធ និងកូនពីរនាក់ និងមេឈ្មួញជួញដូរឈើល្បីឈ្មោះ គឺលោក ទ្រី ភាព និងក្រុមហ៊ុន មួយចំនួនរបស់ពួកគេ។
ក្រោយពីសហរដ្ឋអាមេរិកដាក់ចេញទណ្ឌកម្មលើមន្ត្រីរដ្ឋបរទេសជាបន្តបន្ទាប់ដោយប្រើច្បាប់នេះ ប្រទេសនិយមប្រជាធិបតេយ្យដទៃទៀត រួមមានប្រទេសកាណាដា និងចក្រភពអង់គ្លេស ក៏បានបង្កើតច្បាប់ ស្រដៀងគ្នានេះឡើង ដោយយកលំនាំតាមច្បាប់របស់អាមេរិកាំង។ កាណាដា (Canada) នៅឆ្នាំ២០១៧ បានបង្កើតច្បាប់ដាក់ឈ្មោះថា «យុត្តិធម៌សម្រាប់ជនរងគ្រោះពីអំពើពុករលួយ ប្រព្រឹត្តិដោយមន្ត្រីបរទេស» ឬ Justice for Victims of Corrupt Foreign Officials Act។ កាណាដា បានប្រើច្បាប់នេះ ដាក់ទោសទណ្ឌដល់មន្ត្រី និងក្រុមហ៊ុនរបស់ រុស្ស៊ី (Russia) វេណេហ្ស៊ុយអេឡា (Venezuela) ស៊ីរី (Syria) និងមីយ៉ាន់ម៉ា (Myanmar) ឬភូមា ជាដើម។ គ្រាន់តែក្នុងឆ្នាំ២០១៩ យ៉ាងហោចណាស់ មន្ត្រីរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា សរុបប្រមាណ ១១៣ រូប ក្នុងនោះរួមទាំង ប្រធានាធិបតីវេណេហ្ស៊ុយអេឡា រងការបណ្ដេញចេញពីតំណែងផង គឺលោក នីកូឡា ម៉ាឌូរ៉ូ (Nicola Maduro) បានទទួលរងទណ្ឌកម្មរបស់កាណាដា។ រីឯចក្រភពអង់គ្លេស (UK) ឯណោះវិញ នៅឆ្នាំ២០១៧ បានធ្វើវិសោធនកម្មលើច្បាប់ប្រឆាំង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឬ Criminal Finances Act ដោយបន្ថែមមាត្រាដូចច្បាប់របស់អាមេរិកដែរ។ ក្រៅពីនេះ ក្រុមប្រទេសនៅតំបន់បាល់ទិច (Baltic States) រួមមានប្រទេស អេស្តូនៀ (Estonia) (២០១៦) លីទុយអានី (Lithuania) (២០១៧) និងប្រទេសឡាត់វៀ (Latvia) (២០១៨) ក៏បានបង្កើតច្បាប់ស្រដៀងនឹងច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកនេះដែរ។
ទន្ទឹមនឹងការបង្កើតច្បាប់ដាក់ទណ្ឌកម្មជាបន្តបន្ទាប់នេះ កាលពីចុងឆ្នាំ២០១៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រទេសហូល្លង់ដ៍ (Netherlands) សហភាពអឺរ៉ុបទាំងមូល ដែលមាន ២៧ប្រទេស ក៏បានមូលមាត់ស្រុះស្រួលគ្នាជាលក្ខណៈនយោបាយ ត្រៀមបង្កើតច្បាប់ដាក់ទណ្ឌកម្ម ដូចសហរដ្ឋអាមេរិកដែរ។ បច្ចុប្បន្ន គណៈកម្មការទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប កំពុងសិក្សាតាក់តែងច្បាប់នេះឡើង ដែលអាចត្រូវការពេលដល់ទៅពាក់កណ្ដាល ឆ្នាំ២០២០ ទើបចប់។ ប្រទេសដទៃទៀតក្នុងសហភាពអឺរ៉ុប ដូចជា បារាំង (France) អាល្លឺម៉ង់ (Germany) ស៊ុយអែត (Sweden) ហូល្លង់ដ៍ (Netherlands) ដាណាម៉ាក (Denmark) ន័រវ៉េស (Norway) ជាដើម សុទ្ធតែបានបង្ហាញឆន្ទៈរួចហើយថា ពួកគេនឹងបង្កើតច្បាប់នេះ រៀងៗខ្លួន ប្រសិនបើសហភាពអឺរ៉ុប បរាជ័យ មិនអាចបង្កើតច្បាប់នេះបាន។ ដូចគ្នានេះដែរ និន្នាការនៃការបង្កើតច្បាប់ដ៏ពេញនិយមនេះ ក៏ត្រូវប្រទេសអូស្ត្រាលី (Australia) លើកយកមកពិចារណា។ រីឯ ប្រទេសជប៉ុន (Japan) ឯណោះ ក៏បង្ហាញការចាប់អារម្មណ៍ លើការបង្កើតច្បាប់នេះដែរ។
បើទោះជានិន្នាការនៃការបង្កើតច្បាប់ដាក់ទណ្ឌកម្មសែស្រឡាយអ្នកលួចជាតិនៅទូទាំងពិភពលោកនេះ ទទួលបានការសាទរ និងស្វាគមន៍ពីសំណាក់បណ្ដាពលរដ្ឋក្នុងប្រទេសពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលអន្តរជាតិផ្នែកឃ្លាំមើលសិទ្ធិមនុស្សក៏ដោយ មន្ត្រីផ្នែកច្បាប់ នៅកម្ពុជាមិនយល់ដូច្នោះទេ។ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន យល់ថា និន្នាការនៃការបង្កើតច្បាប់នេះ តាមប្រទេសនានា នឹងធ្វើឲ្យប្រព័ន្ធច្បាប់របស់ពិភពលោកមានភាពអានាធិបតេយ្យទៅវិញទេ៖ « ជាគោលការណ៍ច្បាប់អន្តរជាតិ ការណ៍ដែលប្រទេសមួយ រដ្ឋមួយបង្កើតច្បាប់ ដើម្បីដាក់ទណ្ឌកម្មដល់រដ្ឋមួយផ្សេងទៀត ឬប្រជាពលរដ្ឋនៃរដ្ឋ អធិបតេយ្យមួយផ្សេងទៀត គឺបង្ហាញពីភាពអនាធិបតេយ្យនៃការអនុវត្តច្បាប់អន្តរជាតិ។ ទាំងអស់នេះ គឺធ្វើឡើងក្រោមរូបភាព និងផលប្រយោជន៍នយោបាយ ជាជាងចេតនាក្នុងការការពារការគោរពសិទ្ធិមនុស្សជាអន្តរជាតិ » ។
ផ្ទុយពីការអះអាងរបស់មន្ត្រីរដ្ឋាភិបាលរូបនេះ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ពន្យល់ថា អ្នកទាំងឡាយណាដែលរឹតត្បិតសេរីភាព រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ តែងតែមិនចង់ឲ្យមានច្បាប់ដាក់ទណ្ឌកម្ម ដូចច្បាប់របស់សហរដ្ឋអាមេរិកនេះទេ។ លោកថា នេះជាអ្វីដែលសែស្រឡាយអ្នកលួចជាតិ មិនចង់ឃើញឡើយ ព្រោះដើម្បីរក្សាអំណាច និងបង្កើនភាពមានបានរបស់ពួកគេ ពួកគេត្រូវធ្វើដូច្នេះ តាមរយៈការរឹតត្បិតសេរីភាព ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ជាដើម។ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យ កិច្ចការពិភពលោករូបនេះ ហៅនិន្នាការកាន់តែសកម្មឡើងក្នុងចំណោមក្រុមប្រទេសនិយម ប្រជាធិបតេយ្យនាំគ្នាបង្កើតច្បាប់នេះឡើងថា គឺជារឿងដ៏អស្ចារ្យ។ លោកថា ច្បាប់ដាក់ទណ្ឌកម្ម Global Magnitsky Act គឺជាសុបិនអាក្រក់របស់មេដឹកនាំផ្ដាច់ការ ដែលប្រព្រឹត្តិអំពើទុច្ចរិត។ លោកពន្យល់ថា នៅពេលដែលអរិយប្រទេសរួមដៃគ្នាបង្កើតច្បាប់ដើម្បីប្រឆាំងនឹង អ្នករឹតត្បិតសេរីភាព រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នោះជម្រើសនៃអំណាចរបស់ក្រុមមេដឹកនាំផ្ដាច់ការទាំងនោះនឹងរួមតូច។ លោកថា ប្រទេសជាច្រើននាំគ្នាធ្វើច្បាប់ដាក់ទណ្ឌកម្មនេះកាន់តែច្រើន ជារឿងកាន់តែល្អប្រសើរបំផុតសម្រាប់ពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។