"ការ​លើក​ពេល​ប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក មិន​ប៉ះពាល់​ទំនាក់ទំនង​ទេ តែ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខកចិត្ត"

0:00 / 0:00

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ លើកឡើង​ថា ការ​លើក​ពេល​កិច្ចប្រជុំ​កំពូល អាស៊ាន​- អាមេរិក​គ្រោង​ធ្វើ​នៅ​ក្រុង​ឡាសវេហ្គាស (Las Vegas) នៅ​ថ្ងៃ​​ទី​១៤ មីនា ដោយ​សហរដ្ឋអាមេរិក ក្រោម​ហេតុផល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ (COVID-19) គឺជា​ការ​សម​ហេតុផល។ ពួកគេ​ថា ការ​លើក​ពេលនេះ នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ឡើយ ក៏ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខកចិត្ត។

ការ​លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក គ្មាន​កាលកំណត់ ដោយសារតែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-១៩ ទទួល​បាន​នូវ​ការ​សាទរ​ពី​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ ថា​ជា​រឿង​សម​ហេតុផល​។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Naresuan នៃ​ប្រទេស​ថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) ថា ការ​លើក​ពេល​កិច្ចប្រជុំ​កំពូល​នេះ ជា​រឿង​សម​ហេតុផល ដោយសារតែ​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​-១៩ កំពុង​តែបន្ត​មាន​។ លោក​ពន្យល់​ថា ការ​លើក​ពេល​កិច្ចប្រជុំ​កំពូល​នេះ មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​អាស៊ាន និង​សហរដ្ឋអាមេរិក​នោះ​ទេ ហើយ​ថា​ប្រទេស​ក្នុង​តំបន់​អាស៊ាន យល់​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ គិត​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន កាន់តែ​ប្រសើរ​ឡើង ជាពិសេស​គឺ​ដោយសារតែ​សហរដ្ឋអាមេរិក​ចង់​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ស្រប​ពេល​ដែល​ចិន​កំពុងតែ​បង្កើន​មិត្តភាព​ជាមួយ​អាស៊ាន​ស្រាប់។

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​នេះ ដំបូង​ឡើយ​គ្រោង​ធ្វើ​នៅ​ទីក្រុង​ឡាសវេសហ្គាស នៃ​រដ្ឋ​ណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ខាងមុខនេះ ក្រោយ​ប្រធានាធិបតី​អាមេរិក បាន​ផ្ញើ​លិខិត​អញ្ជើញ​ដល់​មេដឹកនាំ​អាស៊ាន​ទាំងអស់​ឱ្យ​ចូលរួម​។ ក៏ប៉ុន្តែ ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដែល​ត្រូវ​ភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ស្រង់​ប្រសាសន៍ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ បញ្ជាក់​ថា ក្រោយ​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អាស៊ាន​របស់​ខ្លួន សហរដ្ឋអាមេរិក​បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​ពិបាក ដោយ​លើក​ពេល​កិច្ចប្រជុំ​កំពូល​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន ទៅ​ថ្ងៃក្រោយ​វិញ​។ ការ​លើក​ពេលនេះ ត្រូវ​មន្ត្រី​រូប​នោះ​លើក​ហេតុផល​ថា ដោយសារតែ​សហគមន៍​អន្តរជាតិ​កំពុង​ធ្វើ​ការ​ជាមួយគ្នា​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីត-១៩​។ យ៉ាងណាក៏ដោយ មន្ត្រី​រូប​នោះ គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក នៅតែ​ឱ្យ​តម្លៃ​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ ហើយ​ចង់​ឱ្យ​មាន​កិច្ចប្រជុំ​នេះ​នៅ​ថ្ងៃ​អនាគត។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​ទៅ​មន្ត្រី​នាំ​ពាក្យ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក ថា​តើ​សហរដ្ឋអាមេរិក បាន​ជូនដំណឹង​ផ្លូវការ​ដល់​ប្រទេស​អាស៊ាន​ទាំងអស់​ហើយ​ឬ​នៅ និង​ថា​តើ​មានការ​កំណត់​ពេលវេលា​ជាក់លាក់ ថា​កិច្ចប្រជុំ​កំពូល​អាច​នឹង​ត្រូវ​ធ្វើឡើង​វិញ​នៅ​ពេល​ណា ប្រសិនបើ​ជំងឺ​កូ​វីត​-១៩ លែង​ក្លាយ​ជា​ក្តី​បារម្ភ​ទៀត​នោះ​។ ក៏ប៉ុន្តែ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី នៅ​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ​។ រីឯ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ក៏​នៅ​ពុំ​ទាន់​ឆ្លើយតប​នឹង​សំណួរ​អាស៊ីសេរី ជុំវិញ​បញ្ហា​នេះ​ដែរ​។​

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២ មីនា មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ថ្លែង​ថា លោក​ជឿជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ អាច​ជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​អាមេរិក​ពន្យារពេល​កិច្ចប្រជុំ​កំពូល​នេះ​។ លោក ហ៊ុន សែន ពន្យល់​ជំនួស​អាមេរិក​ថា ការ​ពន្យារ​ពេលនេះ មិនមែន​បាន​សេចក្តី​ថា សហរដ្ឋអាមេរិក​មិន​យកចិត្តទុកដាក់​ក្នុង​ទំនាក់ទំនង​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន​នោះ​ទេ៖ «បញ្ហា​នេះ មានតែ​សហរដ្ឋអាមេរិក​មួយ​គត់ ហើយក៏​មានតែ​ប្រធានាធិបតី​អាមេរិក និង​សហការី​របស់​ពួកគាត់​តែប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​នឹង​បញ្ចេញ​ព័ត៌មាន​ថា មកពី​មូលហេតុ​អី​។​ ... ក៏ប៉ុន្តែ ខ្ញុំ​ព្រះករុណា​ខ្ញុំ​នៅតែ​យល់ថា មូលហេតុ​ទីមួយ​ស្តី​អំពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​ - ១៩ គឺជា​មូលហេតុ​ចម្បង ដែល​នាំ​ឆ្ពោះ​ទៅ​រក​ការ​ផ្អាក​នេះ​សិន ព្រោះ​ជួប​គ្នា​នៅ​ពេល​ក្រោយ​ក៏​វា​មិនទាន់​យឺត​ពេល​ដែរ ប្រសិនបើ​ត្រូវ​ការ​ចង់​ជួប ព្រោះ​អាមេរិក​ក៏បាន​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​សារសំខាន់​នៃ​ទំនាក់ទំនង​រវាង​អាមេរិក និង​អាស៊ាន​ដែរ»។

លោក ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា ការ​លើក​ពេលនេះ បាន​បណ្ដាល​ឱ្យ​លោក​ត្រូវ​កែប្រែ​កាល​បរិច្ឆេទ​កម្មវិធី​របស់​លោក ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត បណ្ឌិត អៀ សុផល ថ្លែង​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែបនេះ គឺ​ដោយសារតែ​លោក​ខក​ចិត្តនឹង​ការ​លើក​ពេលនេះ ដែល​ធ្វើ​ឱ្យ​លោក​បាត់បង់​ឱកាស​ឡើង​ថ្លែង​សុន្ទរកថា បង្អួត​ពី​វត្តមាន​របស់​លោក​ជាន់​ដី​សហរដ្ឋអាមេរិក​នា​ពេលនេះ។ បណ្ឌិត អៀ សុផល ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៅ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) មើលឃើញ​ថា លោក ហ៊ុន សែន ចង់​ឱ្យ​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​ទំនាក់ទំនង​ដូច​ប្រក្រតី​ជាមួយ​សហរដ្ឋអាមេរិក បើ​ទោះ​បី​ជា​ប្រទេស​នេះ គ្មាន​ប្រជាធិបតេយ្យ គ្មាន​ការ​គោរព​សិទ្ធិមនុស្ស និង​គ្មាន​សេរីភាព​ពេញលេញ​ក៏ដោយ​។ ម្យ៉ាងវិញទៀត លោក​ពន្យល់​ថា ការ​លើក​ពេលនេះ ធ្វើ​ឱ្យ​លោក ហ៊ុន សែន បាត់បង់​ឱកាស​ឈរ​ទន្ទឹមគ្នា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​លោក ហ៊ុន សែន ចង់បាន​ពាក្យ​សរសើរ​ក្នុង​រឿង​មនុស្សធម៌​របស់​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍ Westerdam ចូល​ចត។

ជា​រួម បណ្ឌិត អៀ សុផល ថា ការ​សម្រេចចិត្ត​របស់​អាមេរិក​នេះ ក៏​ជា​ការ​ទះ​កំភ្លៀង​ទៅ​ក្រុម​មេដឹកនាំ​អាស៊ាន ថា​ពួកគេ​នឹង​មិន​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​មក​ជាន់​ទីក្រុង​ឡាសវេហ្គាស​ឡើយ ព្រោះ​សហរដ្ឋអាមេរិក មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​ទាំងនេះ នាំ​ជំងឺ​កូវីដ-១៩ ចូល​មក​ទីក្រុង​ឡាសវេហ្គាស​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ ក៏​មើល​ឃើញ​ដែរ​ថា ការ​លើក​ពេលនេះ គឺ​ដោយសារតែ​អាមេរិក​ផ្ដល់​តម្លៃ ឬ​អាទិភាព​ខ្ពស់​ដល់​ប្រយោជន៍​ពលរដ្ឋ​ខ្លួនឯង​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​-១៩ និង​ដោយសារ​តែ​មាន​ការ​មិន​ទុកចិត្ត​ចំពោះ​គណៈប្រតិភូ​មកពី​ប្រទេស​អាស៊ាន ជាពិសេស​គណៈប្រតិភូ​របស់​លោក ហ៊ុន សែន ពី​កម្ពុជា​តែម្ដង៖ «មេដឹកនាំ​កម្ពុជា​ដែល​ក្លាហាន​បញ្ច្រាស​ទិស លោក ហ៊ុន សែន គាត់​ទៅ​ឱប​អ្នក​ទេសចរណ៍​ពី​កប៉ាល់​វេស្ទើដាម (Westerdam) ហើយ​ដែល​គេ​សង្ស័យ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា។… ម៉្លោះ​ហើយ​តើ​ឱ្យ​គេ​ទុកចិត្ត​ថា សមាជិក​ប្រតិភូ​ពី​ប្រទេស​កម្ពុជា​ពិតជា​អត់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ទេ​ ? នេះ​មិនមែន​អាមេរិកាំង​គេ​ចោទ​ទេ ហើយក៏​មិនមែន​ខ្ញុំ​ចោទ​ដែរ ប៉ុន្តែ​វិធានការណ៍​សាកល​នៃ​ការ​បង្ការ កាលណា​គេ​មិន​អាច​ទុក​ចិត្ត​បាន តើ​គេ​ហ៊ាន​ប្រតិព័ទ្ធ​ជាមួយ​ទេ​ ? គេ​អត់​ទេ​ ! ម្ល៉ោះហើយ​មានតែ​លុបចោល​កិច្ចប្រជុំ​វា​ល្អ​ជាង​។ យើង​ពិចារណា​មើល​ថា ករណី​គេ​សង្ស័យ​អំពី​គណៈប្រតិភូ​ពី​ប្រទេស​អាស៊ាន​ខ្លះ ដូចជា​ករណី​ក្រុម​លោក ហ៊ុន សែន ថា​អាច​ផ្ទុក​មេរោគ​កូរ៉ូណា ជាដើម គ្រាន់តែ​ពិធីការ​ហ្នឹង​ក៏​ពិបាកធ្វើ​បាត់​ទៅ​ហើយ មិនបាច់​និយាយ​ដល់​ការ​ជួប​ទល់មុខ​រឿង​អី​ផ្សេងៗ​ទៀត​ទេ»។

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក ដំបូង​ឡើយ​ប្រព្រឹត្តិ​ទៅ​កាលពី​ឆ្នាំ​២០០៩ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណាប់អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក​មក​លើ​តំបន់​អាស៊ាន​ទាំងមូល ខណៈ​អាស៊ាន ដែល​មាន​ប្រជាជន​សរុប​ជាង ៦៥០​លាន​នាក់ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី​៥ របស់​សហរដ្ឋអាមេរិក​។ លោក បារ៉ាក់ អូបាម៉ា (Barack Obama) គឺជា​ប្រធាន​ធិបតី​ដំបូង​គេ​បង្អស់​របស់​អាមេរិក ដែល​បាន​បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​ប្រធានាធិបតី​អាមេរិក ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស នៅ​លើ​ទឹកដី​អាមេរិក កាល​ពី​ដើមឆ្នាំ ២០១៦ នៅ Sunnylands នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ ក៏ប៉ុន្តែ ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ប្រធានាធិបតី​អាមេរិក បាន​ខកខាន​មិនបាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំងនេះ ដោយ​បាន​បញ្ជូន​អនុ​ប្រធានាធិបតី ឬ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ឱ្យ​មក​ចូលរួម​ជំនួស​វិញ។

ឆ្លើយតប​ទៅ​នឹង​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​មហា​យក្ស​ចិន ជាពិសេស​តាមរយៈ​យុទ្ធសាស្ត្រ​គម្រោងការ​មហិច្ឆតា​ប្រចាំ​សតវត្ស​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០១៣ នៅ​ឆ្នាំ​២០១៧ សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។ យុទ្ធសាស្ត្រ​របស់​អាមេរិក​នេះ បាន​កំណត់​ចំៗ ថា សាធារណរដ្ឋ​ចិន ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន កំពុង​ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​ប្រព័ន្ធ​អន្តរជាតិ ដែល​ចិន​កំពុង​កេងប្រវ័ញ្ច ហើយ​ទន្ទឹម​គ្នា​នេះ ធ្វើ​ឱ្យ​រេចរឹល​ដល់​គុណ​តម្លៃ និង​គោលការណ៍​នៃ​សណ្ដាប់ធ្នាប់​ផ្អែក​តាម​វិធាន​ច្បាប់​។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​លើ​គោលការណ៍​ជា​សសរ​ស្ដម​សំខាន់ៗ ចំនួន​៤ គឺ​ការ​គោរព​អធិបតេយ្យ និង​ឯករាជ្យភាព​របស់​ប្រជាជាតិ​ទាំងអស់ ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ដោយ​សេរី យុត្តិធម៌ និង​ស្មើភាព​គ្នា​ទៅវិញទៅមក និង​ការ​គោរព​តាម​បទដ្ឋាន និង​វិធាន​អន្តរជាតិ ដែល​រួមមាន​ទាំង​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ហោះហើរ​លើ​ដែនអាកាស​។ តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​សហរដ្ឋអាមេរិក​ដាក់​ចេញ​នេះ គឺ​សំដៅ​ដល់​ក្រុម​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ មេបញ្ជាការ​បញ្ចា​ការដ្ឋាន​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ធ្លាប់​លើកឡើង​ថា ក្រុង​ប៉េកាំង​កំពុង​ប្រើ​ឥទ្ធិពល​នៃ​ឧបករណ៍​សេដ្ឋកិច្ច​របស់​ខ្លួន ធ្វើជា​អំណាច តាមរបៀប​នានា ដែល​អាច​ធ្វើ​ទន់ខ្សោយ​ដល់​ស្វ័យភាព​របស់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ ដូចជា​ការ​ផ្ដល់​នូវ​កម្ចី​គ្មាន​ចិរភាព កង្វះ​តម្លាភាព ការ​រឹតត្បិត​លើ​សេដ្ឋកិច្ច​ទីផ្សារ​សេរី និង​ការ​ធ្វើ​ឱ្យ​បាត់បង់​នូវ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។