អ្នកជំនាញលើកឡើងថា បញ្ហាវិបត្តិទឹក ឬសន្តិសុខទឹកនៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ នឹងក្លាយជាប្រធានបទចម្បងមួយ ដែលនឹងត្រូវប្រទេសពាក់ព័ន្ធលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា សប្តាហ៍ក្រោយ។ ការលើកឡើងនេះ ស្របពេលដែលសហរដ្ឋអាមេរិក ព្រមានថា ទន្លេមេគង្គ មិនមែនជាធនធានផ្ដាច់មុខឲ្យប្រទេសចិនគ្រប់គ្រងតែឯងតាមរយៈទំនប់វារីអគ្គិសនីដ៏សម្បើមរបស់ខ្លួននៅខ្សែទឹកខាងលើនោះទេ។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) បណ្ឌិត ឈាង វណ្ណារិទ្ធ យល់ថា ក្រៅពីបញ្ហាវិបត្តិកូវីដ-១៩ និងការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនេះ បញ្ហាវិបត្តិទឹកនៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ នឹងត្រូវប្រទេសនៅតាមខ្សែទឹកខាងក្រោម ជៀសមិនផុតពី លើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះទេ។ ក៏ប៉ុន្តែ លោកថា ដំណោះស្រាយយ៉ាងណាចំពោះបញ្ហាវិបត្តិទឹកនេះ គឺអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមខ្សែទឹកខាងក្រោម និងប្រទេសខ្សែទឹកខាងលើនៃទន្លេមេគង្គនេះ៖« បញ្ហាដែលកំពុងតែកើតឡើងក្នុងតំបន់ សូម្បីតែបើប្រទេសខ្មែរ មិនលើកក៏ប្រទេសផ្សេងៗ គេលើកដែរ។ ឧទាហរណ៍ បញ្ហាកូវីដ១៩ បញ្ហាទឹកនេះ ជាបញ្ហាចោទខ្លាំង គឺបញ្ហានៅដងទន្លេមេគង្គ ឬទន្លេសាបយើងហ្នុង យើងឃើញថា វាមានបាតុភូតផ្សេងៗដូចជា Climate Change ( ការប្រែប្រួលអាកាសធាតុ ) បូកជាមួយនឹង Hydropower dams ( វារីអគ្គិសនី ) នៅតាមខ្សែទឹកខាងលើហ្នុង វាអាចប៉ះពាល់ទៅដល់បរិមាណទឹកនៅខាងក្រោម។ »
លោកបន្តថា ស្របពេលដែលបច្ចុប្បន្នកម្ពុជាជាប្រធានគណៈកម្មការទន្លេមេគង្គស្រាប់ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ទាំងបរិមាណ និងគុណភាពទឹក ព្រមទាំងការផ្លាស់ប្តូរព័ត៌មានរវាងបណ្តាប្រទេសនៃតំបន់ទន្លេមេគង្គ ជាពិសេសនៅពេលដែលមានកង្វះទឹក ដែលជាកង្វល់រួម របស់ប្រទេសខ្សែទឹកខាងក្រោម។
រីឯ អ្នកជំនាញផ្នែកអភិបាលកិច្ចទឹក លោក ហែម ឧត្តម យល់ថា បញ្ហាសន្តិសុខទឹកនៅតាមប្រទេសខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ គួរតែត្រូវបានប្រទេសសមាជិកទាំងអស់ ពិសេសកម្ពុជា លើកយកទៅជជែកគ្នាជាមួយប្រទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ។ លោកចង់ឃើញប្រទេសពាក់ព័ន្ធ ប្រឹងប្រែងដោះស្រាយបញ្ហាវិបត្តិទឹកនេះប្រកបដោយការទទួលខុសត្រូវ ដោយមិនត្រូវគិតគូរពេកតែពីរឿងអភិវឌ្ឍន៍នោះទេ។ លោកថា ការស្នើរបស់គណៈកម្មការទន្លេមេគង្គឲ្យប្រទេសចិនចែករំលែកទិន្នន័យជាក់លាក់អំពីបរិមាណស្តុកទឹកទុកដោយទំនប់វារីអគ្គិសនីរបស់ខ្លួន និងព័ត៌មានពាក់ព័ន្ធដទៃទៀតដល់ប្រទេសខ្សែទឹកខាងក្រោម គឺជារឿងសំខាន់៖ « ខ្ញុំហាក់ដូចជាយល់ឃើញថា ប្រហែលជាចិនអត់ចង់ទទួលខុសត្រូវថាខ្លួនធ្វើឲ្យប៉ះពាល់នៅផ្នែកខាងក្រោម ដូចជាទន្លេសាបឥឡូវវាកើតឡើង។ នៅពេលដែលវាកើតឡើងដោយយើងអត់ទាន់មានយន្តការ អ៊ីចឹង យើងមិនដឹងថា ឲ្យអ្នកណាទទួលខុសត្រូវ ? ហើយឥឡូវគេបង្កើតយន្តការ ប៉ុន្តែបន្តជជែកអំពីនិរន្តរភាពទៅវិញដោយអត់យករឿងចាស់មកនិយាយគ្នាសិន។ ខ្ញុំបារម្ភត្រង់នេះ ... មានន័យថា ធ្វើរឿងថ្មី ប៉ុន្តែ អត់បានត្រលប់មកមើលអ្វីដែលយើងធ្វើ ឆ្លុះបញ្ចាំងពីអ្វីដែលយើងធ្វើកន្លងមក តើវា ... យ៉ាងហោចណាស់រឿងទំនប់វារីអគ្គិសនី យើងធ្វើហ្នុង វាល្អ ? វាមានផលអវិជ្ជមាន យ៉ាងម៉េច ? យើងគួរជជែកគ្នាសិន។ »
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសាកសួរបន្ថែមអំពីជំហរកម្ពុជាក្នុងរឿងវិបត្តិទឹកនៅតំបន់ខ្សែទឹកខាងក្រោមនៃទន្លេមេគង្គនេះ និងថាតើកម្ពុជាអាចនឹងលើកយកបញ្ហានេះ ទៅនិយាយត្រង់ទៅត្រង់មកជាមួយប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ ដែរឬទេ ដោយសារតែលោកមិនលើកទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៨ សីហា។
គណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសចំនួន ៤ ជាសមាជិក ក្នុងនោះមាន កម្ពុជា ថៃ ឡាវ និង វៀតណាម កាលពីថ្ងៃទី០៧ សីហា បានជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គ ពិចារណាសំណូមពរឲ្យប្រទេសចិន បង្ហូរទឹកបន្ថែមដើម្បីជួយសម្រាលស្ថានភាពក្នុងអាងទន្លេមេគង្គក្រោម ជាពិសេសក្នុងអំឡុងរដូវប្រាំងខាងមុខ។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បណ្ឌិត អាន ពេជ្រហត្ថដា (Dr. An Pich Hatda) ក៏បានអំពាវនាវឲ្យប្រទេសតាមដងទន្លេមេគង្គទាំង ៦ បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់ប្រទេសនីមួយៗ ឲ្យបានរហ័ស និងប្រកបដោយតម្លាភាព ផងដែរ។
ការជំរុញ និងការអំពាវនាវនេះ ធ្វើឡើងនៅក្នុងរបាយការណ៍ស្ថានការណ៍របស់គណៈកម្មការនេះ ដែលពិនិត្យមើលស្ថានភាពទឹកក្នុងអាងទន្លេមេគង្គក្រោម ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០។ របាយការណ៍រកឃើញថា អាងទន្លេមេគង្គក្រោម ប្រឈមនឹងរំហូរទឹកទាបបំផុតក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា បង្កឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះនូវស្ថានភាពរាំងស្ងួតខ្លាំងបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ១៩៩៧មក។ របាយការណ៍បានកំណត់នូវមូលហេតុជាច្រើន ដែលអាចបង្កឲ្យមានបញ្ហានេះ ក្នុងនោះរួមមាន បរិមាណទឹកភ្លៀងធ្លាក់តិចតួចខុសប្រក្រតីបង្កដោយបាតុភូតអាកាសធាតុ អែលនីញ៉ូ (El Nino) ក៏ប៉ុន្តែ មិនបានលើកឡើងឲ្យបានជាក់លាក់ថា បញ្ហានេះក៏បង្កឡើងដោយសារការសាងសង់ទំនប់វារីអគ្គិសនីច្រើនហួសហេតុនៅក្នុងប្រទេសចិន និងប្រទេសនៅតាមខ្សែទឹកខាងលើដទៃទៀតនោះទេ។ យ៉ាងណា របាយការណ៍ផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិក គួរសំណូមពរដល់ប្រតិបត្តិករទំនប់វារីអគ្គិសនី និងប្រតិបត្តិករធារាសាស្ត្រ ឲ្យកែសម្រួលប្រតិបត្តិការរយៈពេលខ្លីរបស់ពួកគេ។ របាយការណ៍ព្រមានថា ស្ថានភាពបែបនេះ អាចនឹងធ្វើឲ្យការបន្តពូជត្រីថយចុះ និងការធ្លាក់ចុះនៃទិន្នផលត្រី ដែលនឹងគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់។ របាយការណ៍គូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងរងឥទ្ធិពលធ្ងន់ធ្ងរដោយសារការបាត់បង់សក្ដានុពលជលផល និងធារាសាស្ត្រ រីឯប្រទេសវៀតណាមក៏ជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវលើតំបន់ដីសណ្ដ ខណៈផលិតផលកសិកម្មក្នុងប្រទេសឡាវ និងថៃ ក៏នឹងរងផលប៉ះពាល់ផងដែរ។
The U.S. supports the Mekong River Commission's call for transparency in dam operations on the Mekong River. The People's Republic of China's massive dams are manipulating flows in a non-transparent manner that harms Mekong countries.
នៅប៉ុន្មានថ្ងៃក្រោយពីការចេញផ្សាយរបាយការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) ប្រកាសថា សហរដ្ឋអាមេរិក គាំទ្រការអំពាវនាវរបស់គណៈកម្មការទន្លេមេគង្គដែលចង់ឃើញឲ្យមាននូវតម្លាភាពក្នុងការប្រតិបត្តិទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ។ ក្នុងសារសរសេរនៅលើទំព័រទ្វីតធ័រ (Twitter) ផ្លូវការរបស់លោកកាលពីថ្ងៃទី១៤ សីហា លោកសង្កត់ធ្ងន់ថា ទំនប់វារីអគ្គិសនីដ៏មហាសាលរបស់ប្រទេសចិនកំពុងតែចាត់ចែងរំហូរទឹកទន្លេតាមរបៀបគ្មានតម្លាភាព ដែលបង្កឲ្យប៉ះពាល់ដល់ប្រទេសនានាក្នុងតំបន់ទន្លេមេគង្គ។
60 million farmers, fishermen, and traders in Southeast Asia rely on the Mekong River's waters for their livelihood. It is not a resource Beijing should be allowed unilaterally to control with their upstream dams, devastating lives downstream.
ដូចគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី ម័រហ្គេន អ័រតេហ្គាស (Morgan Ortagus) បានគូសបញ្ជាក់កាលពីពេលមុនថា ប្រជាកសិករ ប្រជានេសាទ និងអ្នកជំនួញប្រមាណ ៦០លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍ កំពុងពឹងផ្អែកលើទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេ។ អ្នកស្រី សង្កត់ធ្ងន់ថា ទន្លេមេគង្គ មិនមែនជាធនធាន ដែលក្រុងប៉េកាំង (Beijing) ត្រូវបានអនុញ្ញាតជាឲ្យគ្រប់គ្រងតែឯងតាមរយៈវារីអគ្គិសនីនៅខ្សែទឹកខាងលើរបស់ខ្លួន ដែលបង្កផលប៉ះពាល់ដល់ប្រទេសនៅតាមខ្សែទឹកខាងក្រោមនោះទេ។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត ឈាង វណ្ណារិទ្ធ ចង់ឃើញប្រទេសពាក់ព័ន្ធដោះស្រាយបញ្ហាវិបត្តិទឹកនេះ តាមរយៈកិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាជាងយកបញ្ហាវិបត្តិទឹកនេះ ធ្វើជារឿងនយោបាយបង្កអសន្តិសុខក្នុងតំបន់។

កាលពីដើមឆ្នាំ២០១៨ កម្ពុជា ធ្លាប់ដឹកនាំធ្វើជាសហប្រធានកិច្ចប្រជុំកំពូលនេះដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ហើយមានប្រទេសចំនួន៦ ជាសមាជិក រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬភូមា និងប្រទេសចិន។ កាលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ តាមរយៈការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យ ដើម្បីធានាសន្តិភាពក្នុងចំណោមបណ្ដាប្រទេសជាប់អាងទន្លេមេគង្គ។
យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្ដួចផ្ដើមឲ្យមានឡើងដោយប្រទេសចិន កាលពីឆ្នាំ២០១៥ ដើម្បីឆ្លើយតបទៅនឹងយន្តការកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (MRC) ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង៦០ ឆ្នាំ ហើយមានតែ ៤ ប្រទេស គឺកម្ពុជា ឡាវ ថៃ និងវៀតណាម ដោយមិនរួមបញ្ចូលប្រទេសចិន និងមីយ៉ាន់ម៉ា។ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ រងនូវការរិះគន់ថា អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសចិន ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងការដោះស្រាយវិវាទនានានៅលើតំបន់ទន្លេមេគង្គ ដែលកើតចេញពីការសាងសង់ ឬអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់បណ្ដាប្រទេសជាប់ទន្លេមេគង្គ និងការចែករំលែកអត្ថប្រយោជន៍រួមរវាងបណ្ដាប្រទេសខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ គ្រោងនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»ដោយមាននាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) និងនាយករដ្ឋមន្ត្រីនៃប្រទេស៥ទៀតនៅតាមដងទន្លេមេគង្គចូលរួម។ ប្រទេសចិន ដែលជាប្រទេសស្ថិតនៅខ្សែទឹកខាងលើនៃទន្លេមេគង្គ បច្ចុប្បន្នកំពុងដាក់ឲ្យដំណើរការប្រតិបត្តិទំនប់វារីអគ្គិសនីធំបំផុតចំនួន១១ រីឯ ប្រទេសឡាវកំពុងដំណើរការប្រតិបត្តិវារីអគ្គិសនីចំនួនពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។